ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ងាយ​នឹង​ជាប់​បំណុល ដោយសារ​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព


រូបឯកសារ៖ ​អ្នកស្រុក​នាំ​គ្នា​​ដើរ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា ​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ជិត​៣០ភាគរយ​នៃ​គ្រួសារ​ខ្មែរ​ចំនួន ៥០០០ ​គ្រួសារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ឬ​កម្ចី​ឯកជន ដើម្បី​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព។

ខណៈ​ពេល​ដែល​វិស័យ​សុខាភិបាល​នៅ​កម្ពុជា កំពុង​មាន​ការ​វិវឌ្ឍ​ប្រសើរ​ជាង​មុន ដោយ​គេ​ឃើញ​មាន​ការ​ពង្រីក​ការ​គ្រប​ដណ្តប់​និង​កែ​លម្អ​គុណភាព​សេវា​ថែ​ទាំ​សុខភាព​ និង​ការ​គាំពារ​សុខភាព​សង្គម​ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ ត្រូវ​ជំពាក់​បំណុល​គេ ​ដើម្បី​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព។

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of New South Wales (UNSW) ប្រចាំ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុងទស្សនាវដ្តី​ស្រាវជ្រាវ Oxford ស្តី​អំពី​គម្រោង​និង​គោលនយោបាយ​សុខាភិបាល (Health Policy and Planning) កាលពី​ខែ​តុលា​កន្លងទៅ បាន​ឲ្យ​ដឹង​ថា ជិត​៣០ភាគរយ​នៃ​គ្រួសារ​ខ្មែរ​ចំនួន ៥០០០ ​គ្រួសារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ឬ​កម្ចី​ឯកជន ដើម្បី​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព។ កម្ចី​ទាំង​នោះ​មាន​ទឹកប្រាក់​ជា​មធ្យមក្នុង​ចន្លោះ​ពី​១២៥​ដុល្លារ​ទៅ​២០០​ដុល្លារ ហើយ​៥៥​ភាគរយ​នៃ​ពលរដ្ឋ​ដែល​ត្រូវ​ខ្ចី​លុយ​គេ​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល។ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​មាន​សមាជិក​គ្រួសារ​ច្រើន ងាយ​នឹង​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​ ដើម្បី​មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព​ដែល​គុណភាព​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក Augustine Asante ដែល​ជា​សហ​និពន្ធ​ម្នាក់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​ថ្លែង​នៅ​ក្នុង​សារព័ត៌មាន​ប្រចាំ​សាកល​វិទ្យាល័យ New South Wales ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា៖ «ភាព​ក្រីក្រ​គឺ​ជា​បញ្ហា​ចម្បង​មួយ នៅ​ពេល​យើង​សិក្សា​អំពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​បំណុល​ដោយ​សារ​តែ​សេវា​ថែ​ទាំ​សុខភាព ពីព្រោះ​គ្រួសារ​ក្រីក្រ​ ត្រូវ​ខ្ចី​លុយ​តាម​រយៈ​ការ​បង់​ការ​ប្រាក់‍»។

លោក​សាស្ត្រាចារ្យ​ខាង​ផ្នែក​ឱសថ និង​សុខភាព​សាធារណៈ​រូប​នេះ បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ទាំង​នេះ​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​សម្រាប់​ការ​ស្រាវជ្រាវ​មួយ​នេះ បាន​ទទួល​សេវា​ព្យាបាល​ជំងឺ​ពី​គ្លីនិក​ឯកជន ជាជាង​សេវា​សាធារណៈ​ដែល​ផ្តល់​ឲ្យ​ដោយ​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​រដ្ឋ ​ដែល​ជា​ទូទៅ​មិន​យក​ប្រាក់​កម្រៃ ឬ​មាន​ការ​បង់​ប្រាក់​តិចតួច។ លោក​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​លំបាក នៅ​តែ​បន្ត​ទទួល​សេវា​ព្យាបាល​ជំងឺពី​គ្លីនិក​ឯកជន។

លោក​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​សមិទ្ធផល​ជា​ច្រើន​ ក្នុង​ការ​ធ្វើ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដោយ​ភាគច្រើន​មិន​យក​ប្រាក់​កម្រៃ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ទទួល​សេវា​ឯកជន​ ដែល​តម្រូវ​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ច្រើន។ ជា​លទ្ធផល​នៃ​ការ​ទទួល​សេវា​ឯកជន​នេះ ពួកគេ​ងាយ​ប្រឈម​នឹង​បញ្ហា​បំណុល‍»។

៦០ភាគរយ​នៃ​ការ​ចំណាយ​សរុប​ប្រចាំ​ឆ្នាំ​លើ​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា មាន​ប្រភព​ចេញ​ពី​ប្រាក់​ផ្ទាល់​ខ្លួន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​នេះ​គឺជា​អត្រា​ដ៏​ខ្ពស់​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ UNSW ស៊ីដនី ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Exploring the determinants of distress health financing in Cambodia” ឬ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា «ការ​ស្វែងយល់​ពី​មូលហេតុ​នៃ​បំណុល​សម្រាប់​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា‍‍» ក៏​បាន​ផ្តល់​ការ​ណែនាំ​មួយ​ចំនួន​ដល់​កម្ពុជា។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​សេវា​ថែទាំ​សុខភាព​នេះ រដ្ឋាភិបាល​កម្ពុជា​ «គួរ​តែ​បង្កើត​ឲ្យ​មាន​គម្រោង​គាំពារ​សុខភាព​សង្គម​មួយ​ ដែល​មាន​ប្រសិទ្ធភាព​និង​ស៊ីជម្រៅ​ជាង​នេះ ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ទៅ​កាន់​ប្រជាពលរដ្ឋ​ភាគច្រើន ហើយ​ត្រូវ​ឲ្យ​អាទិភាព​លើ​សេវា​សុខភាព​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​បំណុល ជា​ពិសេស​ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​គ្រួសារ​ច្រើន និង​មាន​ជីវភាព​ក្រីក្រ‍»។

ក្នុង​រយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​បង្កើន​គំនិត​ផ្តួច​ផ្តើម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន ដើម្បីពង្រីក​និង​ពង្រឹង​សេវា​ថែទាំង​សុខភាព​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ក្រុង។

នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​របប​សន្តិសុខ​សង្គម​ ឬ​ហៅ​កាត់​ថា (ប.ស.ស) ដែល​តម្រូវ​ឲ្យ​នយោជក​ផ្តល់​ប្រាក់​សោធន និង​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ហានិភ័យ​ការងារ​ ដូចជា​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ ដើម្បី​ធានា​ថា​កម្មករ​និង​បុគ្គលិក​ក្នុង​ឯកជន​អាច​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​សមរម្យ។

បន្ថែម​លើ​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​បង្កើត​គម្រោង​គាំពារ​សុខភាព​សង្គម តាម​រយៈ​មូលនិធិ​សមធម៌​និង​គម្រោង​ធានា​រ៉ាប់រង​សុខភាព ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ក្នុង​ការ​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ពី​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិន​ត្រូវ​បង់​ប្រាក់​កម្រៃ ដោយ​ចុះ​បញ្ជី​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ទទួល​បាន​ប័ណ្ណ​សមធម៌ ឬ​ដែល​ត្រូវបាន​ស្គាល់​ជា​ទូទៅ​ថា ប័ណ្ណ​ក្រីក្រ។

ក៏​ប៉ុន្តែ​ កត្តា​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​ច្បាប់ទន់ខ្សោយ​ ជាពិសេស​ថ្នាក់​មូលដ្ឋាន នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​ដោះស្រាយ ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ការ​គ្រប​ដណ្តប់​សេវា​សុខភាព​ជា​សកល ឬ Universal Health Coverage។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្តល់​ការ​គ្រប​ដណ្តប់​សេវា​សុខភាព​ជា​សកល​ត្រឹម​ឆ្នាំ ២០២៥។

របាយការណ៍សមិទ្ធផល​សុខាភិបាល​ឆ្នាំ​២០១៨​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​ត្រូវបាន​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​មាន​ការ​ពង្រីក​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នៅ​ទូទាំង​ខេត្ត​ក្រុង និង​ការ​កែ​លម្អ​គុណភាព​សេវា​ថែទាំ​សុខភាព​ឲ្យ​ប្រកប​ដោយ​ក្រម​សីលធម៌ វិស័យ​សុខាភិបាល​នៅ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​«ចន្លោះ​ប្រហោង​ខាង​គុណភាព​សេវា​ពិនិត្យ ព្យាបាល ថែទាំ ដែល​មិន​បាន​ឆ្លើយ​តប​នឹង​ការ​រំពឹង​ទុក​របស់​ប្រជាជន‍» ការ​ខ្វះ​ខាត​ចំនួន​គ្រូពេទ្យ​និង​បុគ្គលិក​តាម​មណ្ឌល​សុខភាព​និង​មន្ទីរ​ពេទ្យ​បង្អែក​ថ្នាក់​ស្រុក និង​សម្ភារៈ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ជាដើម៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG