ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ថ្មី​មួយ​មាន​គោលដៅ​​ជួយ​ផ្ដល់​សេវាកម្ម​សាធារណៈ​នៅ​ក្រុង​ភ្នំពេញ


រូបឯកសារ៖ ​រថយន្ត​ដឹក​កម្មករ​​តាម​ផ្លូវ​មួយ​ដែល​ត្រូវ​លិច​ទឹក​និង​មាន​​​​គំនរ​សំរាម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​​ពី​​ខែ​តុលា ឆ្នាំ​២០១៨។
រូបឯកសារ៖ ​រថយន្ត​ដឹក​កម្មករ​​តាម​ផ្លូវ​មួយ​ដែល​ត្រូវ​លិច​ទឹក​និង​មាន​​​​គំនរ​សំរាម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​​ពី​​ខែ​តុលា ឆ្នាំ​២០១៨។

​តាម​រយៈ​កម្ម​វិធី​ថ្មី​មួយ​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នឹង​អាច​ចូលរួម​​ធ្វើ​ជា​អ្នក​សម្របសម្រួល​រវាង​​អ្នក​នយោបាយ​និង​ម្ចាស់​ឆ្នោត​ តាម​រយៈ​ការ​បង្កើត​ឧបករណ៍​​នានា ដូចជា​កម្មវិធី​ស្មាតហ្វូន​ជាដើម ដើម្បី​ឱ្យ​ប្រជាជន​វាយ​តម្លៃ​ថា​​តើ​​សេវា​សាធារណៈ​បាន។

កម្មវិធី​ថ្មី​មួយដើម្បី​សម្អាត​និង​រៀបចំ​ទីក្រុង​ភ្នំពេញ​កំពុង​ដំណើរការ​ក្នុង​គោលបំណង​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាលអាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ដែល​កើត​ចេញ​ពី​បញ្ហា​ចរាចរណ៍​និង​សំរាម។​

កាល​ពី​មុន​ ភ្នំពេញធ្លាប់ស្ថិត​ក្នុង​ចំណោម​រាជធានី​មួយនៅ​អាស៊ី​អាគ្នេយ៍​ ដែលមាន​ដង​វិថី​នានា​ធំ​ទូលាយ​ ហើយ​ដែល​មិន​សូវមាន​រថយន្ត​និង​សំរាម ប៉ុន្តែ​ស្ថានភាព​ទី​ក្រុងពី​មុននេះ​កំពុង​ផ្លាស់ប្តូរ។

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​កំណើន​ជាង​៦%​ក្នុង​មួយ​ឆ្នាំ។ កំណើន​សេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​កាន់តែ​ច្រើន ហើយ​បញ្ហា​ក៏​កាន់​តែ​ច្រើន​ដែរ​ ដូចជា​ការ​ស្ទះ​ចរាចរណ៍​និង​សំរាម​ជាដើម។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​កក​ស្ទះ​ចរាចរណ៍​និង​ការ​ប្រមូល​សំរាម​គឺ​ជា​បញ្ហា​ចម្បងៗ ដែល​ប្រជាជន​កម្ពុជាបាន​លើក​ឡើង​ នៅ​ពេល​សាលា​រាជធានីភ្នំពេញ​រៀបចំ​វេទិកា​សាធារណៈដើម្បី​ស្តាប់​មតិ​ពលរដ្ឋ​អ្នក​ក្រុង។​

នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​បារាំងមួយ​នេះ​ ជា​ធម្មតា​បញ្ហា​នយោបាយទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ដូចជាការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត​ ឬ​នៅ​ពេល​ដែល​គូ​ប្រជែង​នយោបាយ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។ ​

ប៉ុន្តែ​បញ្ហានយោបាយ​ទាំង​នេះ​មិន​មែន​ជា​អ្វី​ដែល​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ចាប់​អារម្មណ៍​នោះ​ទេ។ ​ពលរដ្ឋ​ខ្លះ​ចង់​ឲ្យអ្នកនយោបាយ​ក្នុង​មូលដ្ឋាន​ដោះ​ស្រាយ​បញ្ហា​នានា ដូច​ជាធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ដាច់​ទឹក និង​មាន​ឡាន​សំរាម​មក​ប្រមូល​សំរាម​ជា​រៀងរាល់​សប្ដាហ៍។

ឥឡូវ​តាម​រយៈ​កម្ម​វិធី​ថ្មី​មួយ​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នឹង​អាច​ចូលរួមធ្វើ​ជា​អ្នក​សម្របសម្រួល​រវាងអ្នក​នយោបាយ​និង​ម្ចាស់​ឆ្នោត​ តាម​រយៈ​ការ​បង្កើត​ឧបករណ៍នានា ដូចជា​កម្មវិធី​ស្មាតហ្វូន​ជាដើម ដើម្បី​ឱ្យ​ប្រជាជន​វាយ​តម្លៃ​ថាតើសេវា​សាធារណៈ​ដែល​ពួកគេត្រូវ​ការ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ដែរ​ឬ​ទេ ហើយតើ​នៅ​ពេល​ណា​នោះ។

អ្នកស្រី Veena Reddy នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ហៅ​ថា USAID បាន​បញ្ជាក់​តាមសារ​អ៊ីមែល​មួយ​ថា «នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​បាន​សហការ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ។ កម្មវិធី​នេះ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ដែល​នឹង​អាច​ឲ្យ​ពលរដ្ឋ​និង​មន្ត្រី​នានា​តាមដាន​និង​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​សាធារណៈ​សំខាន់ៗ​ ដែល​ចាំបាច់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់»។

ទីភ្នាក់ងារ​ USAID ដែល​បាន​ផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ​មិន​ប្រាប់​ឲ្យដឹង​អំពី​ចំនួន​ថវិកា​ដែល​ខ្លួន​បាន​ផ្តល់​សម្រាប់​កម្មវិធី​ ដែល​ជួយ​គាំទ្រ​ដល់​សេវាកម្ម​សាធារណៈ​នេះ​ទេ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​ថវិកា​នេះ រួម​មាន​អង្គការ FHI 360 អង្គការ Institute for Development Impact អង្គការ Triangle Environmental Health Initiative និង​អង្គការ Nikol Global Solutions ដែល​សុទ្ធតែ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ អង្គការ​ទាំង​នេះ​គ្រោង​នឹង​ចាប់​ផ្ដើមគម្រោង​តាម​កាល​បរិច្ឆេទ​ខុសៗ​គ្នា។ ជា​ឧទាហរណ៍​អង្គការ Insitute for Development Impact នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​មករា​នេះ។

ចំណែក​ឯ​អង្គការ FHI 360 នឹង​ប្រើប្រាស់​ថវិកា​ជំនួយ​នេះ​ដើម្បី​បង្កើត​បណ្តុំ​ទិន្នន័យ database មួយ សម្រាប់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ពិនិត្យ​មើល​សេវាកម្ម​ដែល​ផ្ដល់​ដោយ​សាលាក្រុង​របស់​ពួកគេ​បាន។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ការងារ​របស់​ខ្លួន​នឹង​«ធានា​ថា ពលរដ្ឋ​នឹង​ទទួល​ចំណេះដឹង ជំនាញ និង​ឧបករណ៍​ច្នៃប្រឌិត​ថ្មី​ដែល​ចាំបាច់​សម្រាប់​ធ្វើ​ឲ្យ​សេវា​សាធារណៈ​ប្រសើរ​ឡើង​នៅ​តាម​ទីប្រជុំជន ដោយ​ប្រើប្រាស់​ឧបករណ៍​សង្គម​ដែល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ»។

គោលដៅ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដឹង​អំពី​សេវាកម្ម​ដែល​អាជ្ញាធរ​ក្នុង​តំបន់​របស់​ពួកគេ​ត្រូវ​ផ្ដល់​ដល់​ពួកគេ ដូចជា​ការ​អប់រំ​កម្រិត​បឋមសិក្សា ការ​ថែទាំ​សុខភាព ការ​ប្រមូល​សំរាម និង​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ជាដើម។

ជា​ឧទាហរណ៍ អង្គការ​មួយ​អាច​ប្រើប្រាស់​ថវិកា​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​នេះ​ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ ដែល​អាច​បង្ហាញ​ដល់​ពលរដ្ឋ​ថា តើ​ពេល​ណា​ឡាន​សំរាម​មក​ប្រមូល​សំរាម​នៅ​តាម​ដង​ផ្លូវ ក៏​ដូចជាបង្កើត​ប្រអប់​បញ្ចេញ​មតិ​មួយ ដែល​អាច​ឲ្យ​អាជ្ញាធរ​ដឹង​នៅ​ពេល​ណា​ដែល​សេវាកម្ម​ណា​មួយ​មិន​ដំណើរការ។ ​

ជា​ទ្រឹស្តី ពលរដ្ឋ​កម្ពុជា​នឹង​អាច​ប្រើប្រាស់​ឧបករណ៍​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នក​នយោបាយមាន​ការ​ទទួល​ខុសត្រូវ។ ឧបករណ៍​ទាំង​អស់​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​បញ្ចេញ​មតិ​របស់​សាធារណជន​ក្លាយ​ជា​ឌីជីថល​បាន។

នៅ​ក្នុង​ជីវភាពជាក់ស្ដែង ពលរដ្ឋ​កម្ពុជា​បាន​ត្អូញត្អែរ​រួច​ទៅ​ហើយចំពោះ​អ្នក​នយោបាយ​របស់​ពួកគេ នៅ​ពេល​ណា​ដែល​ស្ទះ​ផ្លូវ ឬ​មាន​សំរាម​កកកុញ ដូចជា​នៅ​ក្នុង​វេទិកា​សាធារណៈក្នុង​សប្ដាហ៍​នេះ​អីចឹង។ លោក ប៉ា សុជាតិវង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ និង​ជា​អតីត​អភិបាល​ទី​ក្រុង​នេះ ថ្លែង​ថា ក្រុមប្រឹក្សា​របស់​លោក មិន​អាច​បំពេញ​ការងារ​ទាំង​អស់​នេះ​ដោយ​គ្មាន​មតិ​ពី​សាធារណជន​បាន​ទេ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្ដី​របស់​លោក ប៉ា សុជាតិវង្ស ថា «យើង​នឹង​ព្យាយាម​បង្កើត​ទំនាក់ទំនង​មួយ​ដែល​កាន់​តែ​ខ្លាំងក្លា​ជាង​មុន​ជាមួយ​នឹង​ពលរដ្ឋ ដើម្បី​ឲ្យ​យើង​អាច​ផ្ដល់​សេវាកម្ម​ល្អ​ប្រសើរ​ជាង​នេះ​ដល់​ពួកគេ»។ លោក​បាន​បន្ថែម​ទៀត​ថា «ប្រសិន​បើ​ពលរដ្ឋ​បដិសេធ​មិន​ព្រម​ចូលរួម ហើយ​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ធ្វើ​ការ​តែ​ម្នាក់​ឯង នោះ​ផែនការ​នានា​នឹង​មិន​អាច​សម្រេច​បាន​ទេ»៕​

ប្រែសម្រួល​ដោយ​ ហុង ចិន្ដា

XS
SM
MD
LG