ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៅ​ឥណ្ឌូនេស៊ី​ប្រើ​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ខ្មោច​បន្លាច​មនុស្ស​ឲ្យ​នៅ​ផ្ទះ ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩


រូបឯកសារ៖ អ្នកស្ម័គ្រចិត្តពីរនាក់ស្លៀកពាក់ជាខ្មោចអង្គុយលើកៅអីបង់មួយ ដើម្បី​បន្លាច​មនុស្ស​ឲ្យ​នៅ​ផ្ទះ ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ខេត្ត Central Java ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្ម័គ្រចិត្តពីរនាក់ស្លៀកពាក់ជាខ្មោចអង្គុយលើកៅអីបង់មួយ ដើម្បី​បន្លាច​មនុស្ស​ឲ្យ​នៅ​ផ្ទះ ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ខេត្ត Central Java ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត Central Java ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រើ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ជា «ខ្មោច» ឱ្យ​យាម​ល្បាត​តាមផ្លូវ និង​បន្លាច​មនុស្ស​ឱ្យ​នៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​តាម​បទបញ្ជា​របស់​អាជ្ញាធរ​មូលដ្ឋានក្នុង​គោល​បំណង​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ថ្នាក់​ដឹកនាំ​នៃ​ភូមិ Kepuh នៅ​ជាយ​ក្រុង Sukoharjo និយាយ​ថា អ្នក​ស្រុក​នៅ​ទី​នោះ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​គំរាម​កំហែង​ដោយសារ​វីរុស​កូរ៉ូណា ហើយ​បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​បទ​បញ្ជា​ដែល​តម្រូវ​ឱ្យ​ពួកគេ​ស្នាក់នៅ​ក្នុង​ផ្ទះ។

អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម​ដែល​ធ្វើការ​ដោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​នឹង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​ផ្តើម​គំនិត​តែង​ខ្លួន​ជា “pocong” ដែល​មាន​ន័យ​ថា «ខ្មោច​រុំ​ក្រណាត់» ដែល​មាន​និទាន​នៅ​ក្នុង​រឿង​ព្រេង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។

ពួក​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ​បានរុំ​ខ្លួន​ពួកគេ​ជាមួយ​ក្រណាត់​ពណ៌​ស​ដោយ​ធ្វើ​ឱ្យ​ដូច​សាកសព​ដែល​រុំ​ក្រណាត់​ដើម្បី​យក​ទៅ​បញ្ចុះ​ដូច្នេះ​ដែរ ហើយពួក​គេ​បាន​ដើរ​ត្បាត​នៅ​ក្នុង​ភូមិ​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ៥ ពាន់​នាក់​នោះ ដើម្បី​បន្លាច​អ្នកស្រុក​ឱ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ ឬ​យ៉ាងហោច​ណាស់​ជា​ការ​រំលឹក​អ្នក​ស្រុក​អំពី​បទបញ្ជា​ឱ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ។

នៅ​ពេល​ដែល​ការ​យាម​ល្បាត​នេះ​បានចាប់​ផ្តើម​ធ្វើ​ដំបូង​កាល​ពី​ដើម​ខែមេសា ក្រុម​អ្នក​រៀបចំ​វិធី​នេះ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បាន​លទ្ធផល​ផ្ទុយ​ទៅ​វិញ នៅ​ពេល​ព័ត៌មាន​អំពី​រឿង​នេះ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ចេញ​ពី​ផ្ទះ​ទៅ​មើល​ខ្មោច​ទៅ​វិញ។ ពួក​អ្នក​ស្ម័គ្រចិត្ត​បាន​ប្តូរ​ពេលវេលា​របស់​ពួកគេ​ហើយ​បាន​ចាប់ផ្តើម​ការ​យាម​ល្បាត​ដោយមិន​បាន​ប្រាប់​ឱ្យ​ដឹង​ជា​មុន។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​នេះ​បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធិភាព។

នៅ​ពេលដែល​ភូមិ​មួយ​ចំនួន​ដូចជា​ភូមិ Kepuh នេះ​ជាដើម បាន​ដាក់​កំហិត​បិទ​ការ​ដើរហើរ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ជំទាស់​ទៅ​នឹង​ការ​បិទ​ប្រទេស​ទាំង​ស្រុង។

បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ ខែ​មេសា​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ជំងឺ​កូវីឌ ១៩ ចំនួន ៥.៥១៦ នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ៤៩៦ នាក់។ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដែល​ប្រកាស​ជា​ផ្លូវការ​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ី​ខាង​កើត បន្ទាប់​ពីប្រទេសចិន៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG