ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី និងអង្គការសមធម៌កម្ពុជាដែលកំពុងជួយដោះស្រាយជម្លោះដីធ្លីដ៏យូរឆ្នាំនេះ បានអះអាងថាក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai ឬ HAGL) ដែលទទួលបានដីសម្បទានរាប់ម៉ឺនហិកតាពីរដ្ឋាភិបាលកម្ពុជាបន្តឈូសឆាយដីដ៏ចម្រូងចម្រាស។
ពលរដ្ឋលើកឡើងថាក្រុមហ៊ុនបានសម្រុកដាំដើមចេក និងចុងក្រោយស្វាយកែវរមៀតដែលជាទីផ្សារនាំទៅប្រទេសចិន ខណៈដំណាំកៅស៊ូមិនសូវមានទីផ្សារ។
អង្គការសមធម៌កម្ពុជាបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាដីដែលក្រុមហ៊ុនវៀតណាមឈូសឆាយនោះជាដីដែលមានការឯកភាពពីអាជ្ញាធរថាកាត់ឲ្យប្រជាពលរដ្ឋ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៣ ខែធ្នូ អង្គការសមធម៌កម្ពុជា លើកឡើងថាក្រុមហ៊ុនបាន«បន្តការបំផ្លាញវប្បធម៌ជនជាតិដើមភាគតិច» ដោយរំលោភបំពានការឯកភាពគ្នា កាលពីកន្លងទៅ។ អង្គការឲ្យដឹងទៀតថាក្រុមហ៊ុនបានកាយយកដីពីភ្នំដើម្បីចាក់លុបបំពេញផ្លូវទឹកអូរធម្មជាតិពីរកន្លែងគឺអូរអន្សាង និងអូររ៉ក។
អង្គការសមធម៌កម្ពុជាបញ្ជាក់ថា៖ «សកម្មភាពនៃការបំផ្លាញនេះ គឺរំលោភលើសេចក្តីណែនាំរបស់រដ្ឋបាលខេត្តរតនគិរីដែលបញ្ជាឲ្យប្រគល់ភ្នំប៉ាទូនេះ ត្រឡប់មកជូនសហគមន៍ភូមិមុយវិញ»។
បើតាមអង្គការសមធម៌កម្ពុជាភ្នំនេះជាកន្លែងទីសក្ការៈបូជាដ៏សំខាន់មួយរបស់សហគមន៍ជនជាតិដើមភាគតិច ហើយការបំផ្លាញភ្នំនេះ«បានបង្កការខូចខាតដល់វប្បធម៌របស់សហគមន៍យ៉ាងខ្លាំង»។
កាលពីខែមីនាឆ្នាំ២០១៩ក្រុមហ៊ុនវៀតណាមបានឯកភាពកាត់ដីជាង៦០កន្លែងទុកឲ្យប្រជាពលរដ្ឋ ដែលមានទំហំសរុបជាង៧០០ហិកតា។ ការសម្រេចនោះត្រូវបានរាយការណ៍ថារង់ចាំការឯកភាពពីក្រសួងកសិកម្មជាមុនសិន។ ដីដែលត្រូវកាត់ឲ្យសហគមន៍ជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាសនោះ ជាដីព្រៃអារក្សតំបន់ទឹកអូរធម្មជាតិព្រៃចម្ការវិលជុំ តំបន់ភ្នំនិងដីព្រៃកប់សពជាដើម។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ថ្លែងប្រាប់VOAនៅថ្ងៃសុក្រនេះថាដីដែលក្រុមហ៊ុនបន្តឈូសឆាយនោះ មានការវាស់វែងកំណត់ព្រំ កាលពីកន្លងទៅ ដែលសម្រេចកាត់ឲ្យសហគមន៍ជនជាតិដើមភាគតិច។ លោកបន្តថាកាលពីដើមឆ្នាំ និងចុងឆ្នាំ២០២០នេះ ក្រុមហ៊ុនបន្តឈូសឆាយដែលលោកថាផ្ទុយពីអ្វីដែលបានឯកភាពគ្នា។
លោកមានប្រសាសន៍ថា៖ «យើងគិតថាវាជាការរំលោភហើយ។ ជាការធ្វើសកម្មភាពដែលនាំឲ្យមានការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋផងហើយនិងធ្វើឲ្យខូចទៅនឹងដំណើរការដោះស្រាយវិវាទដែលមានខាងCAO[ការិយាល័យទីប្រឹក្សាដោះស្រាយវិវាទ] ក៏ដូចជាមានខាងខេត្តចូលរួម»។
លោកអៀង វុទ្ធី បន្តថាប្រហែលជាក្រុមហ៊ុនវៀតណាម«ឆ្លៀតឱកាស»ឈូសឆាយដីខណៈអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងព្រួយបារម្ភអំពីជំងឺកូវីដ១៩។
បើតាមលោក អៀង វុទ្ធី ក្រុមហ៊ុនចាប់ផ្តើមដាំដំណាំផ្សេងទៀតក្រៅពីកៅស៊ូ ដូចជាចេកនិងស្វាយដើម្បីបំពេញតម្រូវការទីផ្សារចិនបច្ចុប្បន្ន ខណៈតម្លៃកៅស៊ូធ្លាក់ចុះ។
លោកថ្លែងថា៖ «ចង់និយាយថាយើងមិនអាចដឹងចេតនាជាក់លាក់របស់ក្រុមហ៊ុន ប៉ុន្តែអ្វីដែលយើងឃើញ គឺថាសកម្មភាពនេះ គឺជាសកម្មភាពពង្រីកផ្ទៃដី ដោយសារដីដែលមានវិវាទហើយមិនទាន់មានការអភិវឌ្ឍ គឺដីដែលរក្សាទុកនៅក្នុងការដោះស្រាយហ្នឹង គឺគាត់ចាប់ផ្តើមហ៊ុមព័ទ្ធ»។
លោក រម៉ាម ចើយ អាយុ៣៨ឆ្នាំ ពលរដ្ឋរស់នៅក្នុងភូមិអ៊ីន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលរងគ្រោះជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះថ្លែងប្រាប់VOAនៅថ្ងៃសុក្រនេះថាក្រុមហ៊ុនបានឈូសឆាយដីដែលប្រជាសហគមន៍ជនជាតិដើមភាគតិចបានដឹងថាអាជ្ញាធរផ្តល់ឲ្យពលរដ្ឋ។
លោកបន្តថាសកម្មភាពឈូសឆាយនេះ ធ្វើឲ្យពលរដ្ឋយល់ថាពួកគេមិនទាន់បានទទួលយុត្តិធម៌ពីការសន្យាផ្តល់ដីឲ្យនោះទេ។ លោកថាក្រុមហ៊ុនបានដាំស្វាយកែវរមៀតនិងចេក ហើយក៏មានការកាប់ដើមកៅស៊ូចោលផងដែរ។
លោកមានប្រសាសន៍ថា៖ «ខាងសហគមន៍ គេសួរខាងក្រុមហ៊ុន សួរថាហេតុអីបានក្រុមហ៊ុនឈូស[ដី]ភ្នំអារក្ស និងច្រប[កន្លែងរកបន្លែរបស់ជនជាតិដើមភាគតិច] ក្រុមហ៊ុនដាំស្អី? គេថាដាំស្វាយទាំងអស់។ [យើងឃើញ]ស្វាយគាត់ក្បែរៗហ្នឹង គាត់ដាំឆ្នាំហ្នឹង»។
លោកបន្ថែមថា៖ «ដីក្រុមហ៊ុនប៉ុនណា ឲ្យគាត់តែប៉ុនហ្នឹង។ កុំឲ្យពង្រីកបន្តទៀត…ក្រៅពីហ្នឹងនៅសល់ប៉ុន្មានឲ្យក្រុមហ៊ុនប្រើទៅ តាមគម្រោងចាស់ក្រុមហ៊ុន ដាំស្វាយ ដាំកៅស៊ូក្រុមហ៊ុន។ កុំឲ្យ[តែ]ក្រុមហ៊ុនរំលោភបំពានបន្តទៀត»។
VOAមិនអាចសុំការឆ្លើយតបពីក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយតាមលេខទូរស័ព្ទនៅលើគេហទំព័ររបស់ក្រុមហ៊ុនបាននៅឡើយទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែធ្នូ រដ្ឋបាលខេត្តរតនគិរីបានឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមធម៌កម្ពុជាថា អាជ្ញាធរបានបញ្ជូនមន្រ្តីទៅសិក្សាស្វែងរកបញ្ហាឲ្យបានច្បាស់លាស់ទាក់ទងនឹងការលើកឡើងរបស់ពលរដ្ឋអំពីការឈូសឆាយនេះ ហើយ«ខិតខំដោះស្រាយឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង»។
VOAមិនទាន់អាចសុំការឆ្លើយតបពីអភិបាលខេត្តរតនគិរី លោក ថង សាវុន បាននៅឡើយទេ។ ចំណែកលោក ញ៉ែម សំអឿន អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី មានប្រសាសន៍ថាលោកមិនអាចផ្តល់បទសម្ភាសន៍បានទេ ដោយសាររវល់ប្រជុំពេញមួយថ្ងៃសុក្រនេះ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យទាក់ទងទៅប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មលោក កែវ អូម៉ាលីស្ស ពេលVOAទាក់ទងទៅ។
លោក កែវ អូម៉ាលីស្ស ថ្លែងប្រាប់VOAថាករណីនេះត្រូវបានដោះស្រាយអស់ហើយ ហើយលោកបានប្រាប់ឲ្យទាក់ទងទៅខាងរដ្ឋបាលខេត្តរតនគិរីវិញ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «ក្រុមការងារដឹកនាំដោយឯកឧត្តមអ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មហ្នឹង ចុះពិនិត្យដោះស្រាយជួបប្រជុំជាមួយអភិបាលខេត្តរួចរាល់អស់ហើយ។ អានេះអ្វីដែលខ្ញុំដឹង»។
កាលពីឆ្នាំ២០១០រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន៥ម៉ឺនហិកតាដល់ក្រុមហ៊ុនវៀតណាមឈ្មោះហ័ងអាញ់ យ៉ាឡាយ ដើម្បីវិនិយោគលើការដាំដំណាំកៅស៊ូរយៈពេល៩៩ឆ្នាំ។ ប៉ុន្តែការផ្ដល់ដីសម្បទាននេះបានធ្វើឲ្យជនជាតិដើមភាគតិចបាត់បង់ចំណូលនិងបាត់បង់ដីស្រែចម្ការសម្រាប់បង្កបង្កើនផលកសិកម្ម និងបាត់បង់ព្រៃអារក្សដែលជាព្រៃសក្ការៈពីដូនតារបស់ពួកគេ។
បើតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជាជនជាតិដើមភាគតិចចំនួន១២សហគមន៍ក្នុងស្រុកអណ្ដូងមាសនិងស្រុកអូរជុំសរុបប្រមាណ១៣៧០ខ្នងផ្ទះ បានរងគ្រោះនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាមហ័ង អាញ់ យ៉ាឡាយ។
ចំណែកដីស្រែចម្ការរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន១ម៉ឺន៩ពាន់ហិកតាបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនវៀតណាមនេះ។ អង្គការដដែលគូសបញ្ជាក់ថាការបាត់បង់ដីធ្លីនេះ បានធ្វើឲ្យការរកអាហារនិងអនុផលព្រៃឈើនៃជនជាតិដើមភាគតិចទាំងនេះធ្លាក់ចុះយ៉ាងច្រើនដូចជាបាត់បង់ព្រៃឈើដើម្បីពួកគេអាចរកជ័រចុងការរកត្រី ឃ្មុំ អុសថ្នាំបុរាណ សត្វព្រៃផ្លែឈើព្រៃ បន្លែព្រៃវល្លិ៍ និងផ្ដៅជាដើម៕