ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគីរី​និង​ក្រុមហ៊ុន​វៀតណាម ​HAGL​ មិន​ទាន់​ឯកភាព​គ្នា​លើ​ដី​ប្រមាណ​១៧០​ហិកតា


រូបឯកសារ៖ ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ច្រូត​ស្រូវ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​កាប់​និង​ដុត កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤។ ពួកគេ​ត្រូវ​ព្យាយាម​ជួយ​សង្គ្រោះ​ដីធ្លី​របស់​ខ្លួន ដែល​រង​ការ​ទាមទារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា។
រូបឯកសារ៖ ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ច្រូត​ស្រូវ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​កាប់​និង​ដុត កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤។ ពួកគេ​ត្រូវ​ព្យាយាម​ជួយ​សង្គ្រោះ​ដីធ្លី​របស់​ខ្លួន ដែល​រង​ការ​ទាមទារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា។

បញ្ហា​ចម្រូង​ចម្រាស​រវាង​ក្រុមហ៊ុន​វៀតណាម ​ហ័ងអាញ់ យ៉ាឡាយ ​(HAGL)​ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជានិង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី​ដែល​បាត់​បង់​ដី​ធ្លី​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​ គឺ​ម្ខាង​ចង់​បាន​ភ្នំ​អារក្ស​ទាំង​មូល​ និង​ម្ខាង​ទៀត​ខ្លាច​បាត់​បង់​ដើម​កៅស៊ូ។​

កាល​ពី​ឆ្នាំ​ ២០១០​ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ​៥​ ម៉ឺន​ហិកតា​ ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ ហ័ងអាញ់ យ៉ាឡាយ ​ដើម្បី​វិនិយោគ​លើ​ការ​ដាំ​ដំណាំ​កៅស៊ូ​រយៈ​ពេល​ ៩៩ ​ឆ្នាំ។ ​ ប៉ុន្តែ ​ការ​ផ្ដល់​ដី​សម្បទាន​នេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ បាត់​បង់​ចំណូល​ និង​បាត់​បង់​ដី​ស្រែ​ចម្ការ​សម្រាប់​បង្ក​បង្កើន​ផល​កសិកម្ម​ និង​បាត់​បង់​ព្រៃ​អារក្ស​ ដែល​ជា​ព្រៃ​សក្ការៈ​ពី​ដូនតា​របស់​ពួក​គេ។​

កាល​ពី​ខែ​មីនា​ ឆ្នាំ ​២០១៩ ​ក្រុមហ៊ុន​វៀតណាម​បាន​ឯកភាព​កាត់​ដី​ជាង ​៦០ ​កន្លែង​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ។​ ក្នុង​នោះ​មាន​ដី​ព្រៃ​អារក្ស​ តំបន់​ទឹកអូរ​ធម្មជាតិ ​ព្រៃ​ចម្ការ​វិលជុំ ​តំបន់​ភ្នំ ​និង​ដី​ព្រៃ​កប់​សព​ជាដើម។​ ប៉ុន្តែ​ការ​ឯកភាព​នេះ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​ក្រសួង​កសិកម្ម។​

អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម ​លោក ​ស្រី វុឌ្ឍី ​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ កន្លង​មក​មាន​កិច្ច​សហការ​សម្រប​សម្រួល​ដោះស្រាយ​រវាង​ក្រុមហ៊ុន ​សហគមន៍​អ្នក​តវ៉ា​ទាមទារ​ដី ​ការិយាល័យ​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​ CAO​ និង​អាជ្ញាធរ​មូលដ្ឋាន។​លោក​បន្ត​ថា​ លទ្ធផល​នៃ​ដំណើរការ​សម្រប​សម្រួល​ដោះ​ស្រាយ​នេះ​ ក្រុម​ការងារ​កំណត់​បាន​ទំហំ​ផ្ទៃ​ដី​ដែល​ត្រូវ​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ ៧៤២​ ហិកតា។

លោក ​ស្រី វុឌ្ឍី​ បន្ត​ថា​ ក្រសួង​បាន​ចាត់​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​លើ​ករណី​នេះ ប៉ុន្តែ​ទំហំ​តួលេខ​ផ្ទៃ​ដី​ដែល​ស្នើ​សុំ​កាត់​នោះ ​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ​ ដោយ​សារ​ខេត្ត​ស្នើ​សុំ​កាត់​ចេញ​ពី​ដី​សម្បទាន​ចំនួន​ ៧៤២ ​ហិកតា​ ហើយ​ផ្ទៃ​ដី​ឯកភាព​គ្នា​មាន​ចំនួន​ ៥៧២ ​ហិកតា។ ​ចំណែក​ផ្ទៃ​ដី​មិន​ទាន់​បាន​ឯកភាព​គ្នា​មាន​ប្រមាណ ​១៧០ ​ហិកតា។​

លោក ​ស្រី វុឌ្ឍី​ មាន​ប្រសាសន៍​ថា៖​ «ដោយ​តួលេខ​មិន​ឯកភាព​គ្នា​ អង្គ​ប្រជុំ​បាន​សម្រេច​ស្នើ​ឲ្យ​សហគមន៍​ប្រជា​ពលរដ្ឋ ​ក្រុម​ហ៊ុន ​ក្រុម​ការងារ​ខេត្ត ​ក្រុម​ការងារ ​CAO​ និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​ឡើង​វិញ​ពី​ទំហំ​ផ្ទៃ​ដី ​ដែល​ត្រូវ​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ឯកភាព​គ្នា»។​

លោក​បន្ត​ថា​ ​បន្ទាប់​ពី​ឯកភាព​គ្នា ​ក្រុម​ការងារ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​និង​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​ដល់​ទីតាំង​ដើម្បី​ពិនិត្យ​បន្ថែម។ ​លោក​មាន​ប្រសាសន៍​ថា៖​ «យូរ​ ឬ​ឆាប់​អាស្រ័យ​លើ​ក្រុម​ការងារ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ​អង្គការ​សមធម៌​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នេះ​ជា​បន្ទាន់ ​និង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​តាម​ការ​សន្យា​ ប្រគល់​ដីជូន​សហគមន៍​វិញ។ ​អង្គការ​សមធម៌​កម្ពុជា​ឲ្យ​ដឹង​ថា​ នៅ​ពេល​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម ​ ក្រុមហ៊ុន​វៀតណាម​បាន​ឈូស​ឆាយ​ភ្នំ​អារក្ស​ចំនួន ​២ ​កន្លែង ​ឈូស​ឆាយ​តំបន់​ដី​សើម ​ឈូស​ឆាយ​តំបន់​បាញ់​សត្វ​តាម​បែប​ប្រពៃណី​ និង​ឈូស​ឆាយ​ដី​កប់​សព។​

នាយក​អង្គការ​សមធម៌​កម្ពុជា ​លោក ​អៀង វុទ្ធី ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ដំណោះ​ស្រាយ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ហើយ​ផ្តល់​ភ្នំ​អារក្ស​និង​ទីតាំង​ផ្សេង​ទៀត​ តាម​ការ​ចង់​បាន​របស់​សហគមន៍ ​ដោយ​សារ​ជនជាតិ​ដើម​ភាគ​តិច​យល់​ថា ​បរិវេណ​ជុំវិញ​ភ្នំ​មាន​សារៈ​សំខាន់​សម្រាប់​ជំនឿ​របស់​ពួក​គេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សហគមន៍​គាត់​ថា​ មិន​អាច​ធ្វើ​បែប​ហ្នឹង​បាន​ទេ ​ដោយសារ​ភ្នំ​ដូច​ខ្ញុំ​លើក​ពី​ខាង​ដើម​អ៊ីចឹង ​គាត់​អះអាង​ថា​ ជា​ភ្នំ​អារក្ស​ទាំង​មូល​ មិន​មែន​ថា​ អាច​ពុះ​ចែក​ទេ។​ ហើយ​វា​អាច​មាន​កត្តា​បច្ចេក​ទេស​អី​ផ្សេង​ទៀត ​ដែល​ខាង​មន្រ្តី​ជំនាញ​ក៏​ដូច​ជា​ខាង​ក្រុម​ហ៊ុន ​និង​សហគមន៍​បាន​ធ្វើ​ការ​ជជែក​គ្នា»។​

តំណាង​សហគមន៍​កាក់​ក្នុង​ឃុំ​តាឡាវ ​ស្រុក​អណ្តូង​មាស ​លោក ​សេវ សឿន ​ថ្លែង​ថា​ សហគមន៍​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម​ពន្លឿន​ការ​វាស់វែង​នេះ ​ហើយ​ផ្តល់​ដី​តាម​ការ​ចង់​បាន​របស់​សហគមន៍ ​បើ​ទោះ​ប៉ះពាល់​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម​ក៏​ដោយ។ ​លោក​បន្ត​ថា​ កាល​ក្រុមហ៊ុន​វៀតណាម​ដាំកៅ​ស៊ូ ​ក៏​មិន​បាន​ពិភាក្សា​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នោះ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «រឿង​ខាត​ រឿង​មិន​ខាត​សហគមន៍ គេ​អត់​ដឹង​ទេ»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ ហ័ងអាញ់យ៉ាឡាយ​ បាន​នៅ​ឡើយ​ទេ។​

មន្ត្រី​សាលា​ខេត្ត​រតន​គិរី​ និង​ជា​អ្នក​នាំពាក្យ ​លោក​ នាង សំអាត​ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ ​បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ក្រុម​ការងារ​នឹង​ជួប​ប្រជុំ​ពិភាក្សា​ទៀត។ ​លោក​បន្ត​ថា​ បញ្ហា​ដែល​ចម្រូង​ចម្រាស​គ្នា​ត្រង់​ថា ​សហគមន៍​ត្រូវ​ការ​តំបន់​ភ្នំ​ទាំង​មូល​ ដែល​នឹង​ប៉ះពាល់​កៅស៊ូ​របស់​ក្រុមហ៊ុន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រុម​ហ៊ុន​និយាយ​ថា ​អា​ភ្នំ​មួយ​ចំហៀង​នោះ ​ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ​ ៣ ​ឆ្នាំ​ហើយ​អ៊ីចឹង​គាត់​កាត់​កង​ឲ្យ​វិញ​តែ​តំបន់​ភ្នំ​ណា ​កន្លែង​ណា​ដែល​មិន​ទាន់​បាន​ដាំ​កៅស៊ូ។​ ហើយ​ដល់​សហគមន៍​គាត់​ថា​ គាត់​ត្រូវ​ការ​ភ្នំ​ទាំង​មូល។ ​អាហ្នឹង​គឺ​ជា​ដួង​ព្រលឹង​ ជា​អារក្ស​របស់​គាត់​អ៊ីចេះ​អ៊ីចុះ។​ ប៉ុន្តែ​សុទ្ធ​តែ​ព្រៃ​កៅស៊ូ​ហ្នឹង»។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​ ១២ ​សហគមន៍​ក្នុង​ស្រុក​អណ្ដូងមាស​ និង​ស្រុកអូរ​ជុំ ​សរុប​ប្រមាណ​ ១៣៧០ ​ខ្នង​ បាន​រង​គ្រោះ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ។ ​

ដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១ ​ម៉ឺន ​៩ ​ពាន់​ហិកតា​ បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​វៀតណាម​នេះ។ ​ អង្គការ​ដដែល​គូស​បញ្ជាក់​ថា ​ការ​បាត់​បង់​ដីធ្លី​នេះ​បាន​ធ្វើ​ឲ្យ​ការ​រក​អាហារ​ និង​អនុផល​ព្រៃឈើ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ ដូច​ជា​បាត់​បង់​ព្រៃ​ឈើ​ដើម្បី​ពួក​គេ​អាច​រក​ជ័រ​ចុង ​ការ​រក​ត្រី​ ឃ្មុំ ​អុស​ ថ្នាំ​បុរាណ ​សត្វព្រៃ ​ផ្លែឈើ​ព្រៃ​ បន្លែ​ព្រៃ ​វល្លិ៍​ និង​ផ្ដៅ​ជា​ដើម៕

XS
SM
MD
LG