សហគមន៍ជនជាតិដើមនិងសកម្មជនដីធ្លីទទួលបានជោគជ័យថ្មីមួយ នៅពេលដែលអាជ្ញាធរសម្រេចបានដកហូតភ្នំនិងតំបន់សក្តិសិទ្ធពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម ហើយប្រគល់ជូនសហគមន៍នៅខេត្តរតនគិរីវិញ។ នេះបើតាមការបញ្ជាក់របស់អង្គការសមធម៌កម្ពុជានៅថ្ងៃពុធនេះ។
សកម្មជនសិទ្ធិដីធ្លីបានសរសើររដ្ឋាភិបាលចំពោះការសម្រេចនេះ ប៉ុន្តែពួកគេនៅបន្តទាមទារឱ្យក្រុមហ៊ុន ហ៊ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL)) របស់វៀតណាម ជួសជុលការខូចខាតនិងផ្តល់សំណងដល់សហគមន៍ជាមុនសិន មុននឹងពួកគេបញ្ចប់ការទាមទាររយៈពេលជិតមួយទសវត្សរ៍មកនេះ។
ផ្ទៃដីសរុបដែលត្រូវកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច ហើយប្រគល់មកវិញនោះ មានចំនួន ៧៤២,២៦ ហិកតា ដែលគ្របដណ្តប់លើភ្នំអារក្ស ចំនួន ២០ និងទីសក្ការៈជាច្រើនទៀតរបស់ពលរដ្ឋចំនួន ១២ ភូមិ ក្នុងស្រុកអូជុំ និងស្រុកអណ្តូងមាស។ នេះបើតាមឯកសាររបស់ក្រសួងមហាផ្ទៃដែល VOA ទទួលបាន។ ការប្រកាសពីការប្រគល់នេះបានធ្វើឡើង នៅសាលាខេត្តរតនគិរីកាលពីថ្ងៃអង្គារ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានបញ្ជាក់ប្រាប់ VOA ថា៖
«សហគមន៍មានការត្រេកអរ នៅពេលដែលមានដំណោះស្រាយខាងលើនេះ ប៉ុន្តែខាងសហគមន៍គាត់ចង់ឱ្យបន្តនូវការជជែកគ្នា ផ្តល់ដំណោះស្រាយនូវអ្វីដែលគាត់បាត់បង់។ ជាពិសេសផ្លូវនិងស្ពាន ដែលខូច និងប្រភពទឹក ដោយសារនោះជាចំណែកមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ»។
លោកស្រី ដាំ ចន្ធី នាយិកាប្រតិបត្តិនៃអង្គការខ្មែរលើ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការសម្រេចចិត្តនេះតំណាងឱ្យការទទួលស្គាល់ ដែលមិនធ្លាប់មានពីមុនមកនូវសិទ្ធិជនជាតិដើម ជាជាងការផ្តល់តម្លៃដល់ផលប្រយោជន៍ឈ្មួញ។
លោកស្រីបានបន្ថែមថា៖
«យើងសូមសរសើររដ្ឋាភិបាលចំពោះការធ្វើកិច្ចការត្រឹមត្រូវ និងដម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ»។
បើទោះបីជាសហគមន៍សរសើរការសម្រេចចិត្តរបស់រដ្ឋាភិបាល ប៉ុន្តែពួកគេក៏នៅបន្តប្តឹងទៅស្ថាប័នហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ដែលជាអ្នកផ្តល់ថវិកាវិនិយោគដល់ក្រុមហ៊ុន HAGL ដោយសារតែក្រុមហ៊ុនចំការកៅស៊ូមួយនេះបានដកខ្លួនជាឯកតោភាគីពីការសម្របសម្រួលនានា ដោយមិនព្រមជួសជុលការខូតខាត។ នេះបើតាមការបញ្ជាក់របស់អង្គការសមធម៌កម្ពុជា។
លោក អៀង វុទ្ធី បានបញ្ជាក់បន្ថែមថា៖
«នៅចុងក្រោយនេះ គឺគាត់នៅមិនទាន់អនុវត្តកិច្ចសន្យា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយគាត់សន្យាថា គាត់នឹងធ្វើការស្តារឡើងវិញទៅលើប្រភពទឹក ឬក៏ផ្លូវដែលខូចខាត ជាពិសេសទ្រព្យសម្បត្តិដែលគាត់ធ្វើឱ្យខូចខាតកន្លងមកហើយ ប្រជាពលរដ្ឋសុំឱ្យគាត់ធ្វើការស្តារ និងផ្តល់ជាដំណោះស្រាយទៅលើបញ្ហាទាំងអស់នោះ»។
មានអង្គការចំនួនបី ដែលកំពុងតែជួយតំណាងពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹងនេះ ក្នុងនោះមានអង្គការសមធម៌កម្ពុជា អង្គការខ្មែរលើ និងអង្គការអភិវឌ្ឍន៍ ដែលមានការចូលរួមអន្តរជាតិ។ VOA នៅមិនទាន់អាចទាក់ទងនឹងតំណាង ក្រុមហ៊ុន ហ៊ងអាញ់ យ៉ាឡាយ បាននៅឡើយទេនៅថ្ងៃពុធនេះ។
លោក សេវ សឿន តំណាងសហគមន៍មកពីភូមិកក់ បានបញ្ជាក់ថា លោកសប្បាយរីករាយដែលទទួលបានដីសក្តិសិទ្ធិរបស់ដូនតាមកវិញ ក៏ប៉ុន្តែប្តេជ្ញាថា នឹងបន្តការតស៊ូរហូតទាល់តែក្រុមហ៊ុនជួសជុលការខូចខាតព្រៃ និងប្រភពទឹក និងផ្តល់សំណងដល់សហគមន៍រងគ្រោះ។
ក្រុមហ៊ុនវៀតណាម ហ៊ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) បានចាប់ផ្តើមប្រតិបត្តិការឈូសឆាយលើដីសម្បទាន ៤ម៉ឺន ៧ពាន់ ហិកតា ក្នុងខេត្តរតនគិរី ក្រោយពីទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលនៅឆ្នាំ ២០១០ ដែលក្រុមអង្គការឃ្លាំមើលផ្នែកបរិស្ថាននិងសិទ្ធិលំនៅដ្ឋាន បានអះអាងថា បានធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ និងដោយមិនផ្ទាល់ដល់ពលរដ្ឋយ៉ាងតិច ២ពាន់ គ្រួសារ៕