សម្រាប់ប្រជាពលរដ្ឋវៀតណាម វាជាទម្លាប់ដែលធ្វើម្ដងហើយម្ដងទៀតដូចជាព្រះអាទិត្យរះដូច្នេះដែរ ដែលទម្លាប់នោះគឺ នៅតាមផ្លូវទៅធ្វើការ ពួកគេឈប់ម៉ូតូទិញកាហ្វេទឹកកកពីអ្នកលក់នៅតាមដងផ្លូវ ដែលកាហ្វេនោះដាក់ក្នុងកែវប្លាស្ទិក មានគម្របប្លាស្ទិក បំពង់បឺតប្លាស្ទិក និងស្បោងប្លាស្ទិកដើម្បីព្យួរលើដៃម៉ូតូ នៅពេលពួកគេធ្វើដំណើរ។
កាហ្វេមួយកែវដែលប្រើសុទ្ធតែវត្ថុប្លាស្ទិកដើម្បីវេចខ្ចប់នេះ គឺជាឧទាហរណ៍ដែលបង្ហាញឲ្យឃើញពីរបៀបដែលករណីនេះបានក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ និងបង្ហាញឲ្យឃើញពីការបំផ្លាញខ្ជះខ្ជាយចំពោះបរិស្ថានក្នុងប្រទេសវៀតណាម។ ប៉ុន្តែ ប្រជាពលរដ្ឋវៀតណាមខ្លះមានការព្រួយបារម្ភចំពោះទំនោរនេះ និងបានចាប់ផ្ដើមប្រឆាំងតវ៉ាចំពោះការបំពុលបរិស្ថាន។
ប្រជាពលរដ្ឋវៀតណាមកាន់តែច្រើនជាងពេលណាៗទាំងអស់កំពុងស្វែងរកជម្រើសផ្សេងទៀតជំនួសឲ្យប្លាស្ទិក គឺតាំងពីដបធ្វើពីលោហៈរហូតដល់កន្ត្រកក្រណាត់ជាដើម។ ការធ្វើដូចនេះគឺដូចទៅនឹងសហគមន៍ជាច្រើននៅជុំវិញពិភពលោកផងដែរ ដែលកំពុងចាប់ផ្ដើមជឿថាពួកគេបានពឹងផ្អែកអស់រយៈពេលជាយូរមកហើយលើប្លាស្ទិកដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ី។
ប្រទេសរ្វ៉ាន់ដាគឺជាប្រទេសដែលមានសមត្ថភាពគួរឲ្យភ្ញាក់ផ្អើលនៅក្នុងការហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ចំណែកឯទីក្រុង Durham រដ្ឋ North Carolina សហរដ្ឋអាមេរិកវិញ មានកម្មវិធីស្ម័គ្រចិត្តដើម្បីចែកចាយកន្ត្រកដែលអាចប្រើឡើងវិញបាន។ រីឯនៅក្នុងហាងលក់គ្រឿងទេសមួយកន្លែងនៃទីក្រុង Amsterdam ក្នុងរដ្ឋ New York មានច្រកមួយកន្លែងសម្រាប់លក់តែទំនិញណាដែលគ្មានការវេចខ្ចប់ជាប្លាស្ទិក។
សម្រាប់ការព្រួយបារម្ភរបស់អ្នកបរិស្ថាន អ្វីដែលធ្វើឲ្យប្រទេសវៀតណាមពិសេសខុសប្លែកពីគេគឺថា ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសចំនួន ៥ នៅក្នុងពិភពលោក ដែលបោះចោលកាកសំណល់ប្លាស្ទិកចូលទៅក្នុងមហាសមុទ្រច្រើនជាងគេបំផុត។ នេះបើយោងតាមការបញ្ជាក់របស់អង្គការការពារបរិស្ថានសមុទ្រ Ocean Conservancy។
ការក្លាយជាប្រទេសបំពុលបរិស្ថានកំពូលមួយនៅលើពិភពលោកនេះគឺជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់ប្រទេសវៀតណាម ជាពិសេសនៅពេលដែលមានប្រទេសរាប់សិបដែលមានសេដ្ឋកិច្ចធំជាងវៀតណាមច្រើន ប៉ុន្តែបែរជាមានកាកសំណល់ប្លាស្ទិកតិចជាងវៀតណាមទៅវិញ។
អ្នកស្រី Tran An អ្នកស្ម័គ្រចិត្តម្នាក់នៃអង្គការ Precious Plastic Saigon បាននិយាយថា៖ «មនុស្សម្នាក់ៗ ប្រទេសនីមួយៗមិនថាធំ ឬក៏តូចនោះទេ គួរតែមានការទទួលខុសត្រូវចំពោះរឿងប្លាស្ទិកបំពុលបរិស្ថាននេះ។ នៅក្នុងប្រទេសវៀតណាម យើងគួរតែធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីដោះស្រាយបញ្ហាប្លាស្ទិកនេះ»។
ក្រុមតស៊ូមតិដើម្បីបរិស្ថាននេះ បានអប់រំប្រជាពលរដ្ឋវៀតណាមអំពីវិធីធ្វើបំពង់បឺតពីឫស្សី និងវិធីបែងចែកប្លាស្ទិកផ្សេងៗគ្នាដើម្បីសម្រួលដល់ការកែច្នៃឡើងវិញ។
ប្រជាពលរដ្ឋវៀតណាមចាប់ផ្ដើមមានគំនិតច្នៃប្រឌិតថ្មីជាមួយនឹងវិធីដែលពួកគេកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសម្រាប់ម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគេ។
រាល់សប្ដាហ៍ ភោជនីយដ្ឋាននៅក្នុងប្រទេសវៀតណាមម្ដងមួយៗបានប្ដូរពីការប្រើបំពង់បឺតប្លាស្ទិកទៅជាបំពង់បឺតដែលធ្វើពីក្រដាសវិញ។ ចំណែកឯផ្សារទំនើបនានាបានចាប់ផ្ដើមចែកឡាំងក្រដាសឲ្យអតិថិជនដើម្បីដាក់ទំនិញដែលពួកគេទិញ ដែលនេះស្រដៀងទៅនឹងអ្វីដែលហាងទំនិញ Costco នៅក្នុងសហរដ្ឋអាមេរិកធ្វើដូច្នេះដែរ។
ដបទឹកប្លាស្ទិកគឺជាដបទឹកដែលមនុស្សនិយមទិញនៅក្នុងប្រទេសវៀតណាម។ ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសវៀតណាមបានប្រើដបដែលធ្វើពីលោហៈជំនួសឲ្យដបប្លាស្ទិក នៅឯការប្រជុំនីមួយៗរបស់ខ្លួន។
មន្ទីរពាណិជ្ជកម្មមួយរបស់ប្រទេសវៀតណាមបានលើកទឹកចិត្តបុគ្គលិកឲ្យប្រើអ្វីផ្សេងជំនួសឲ្យប្លាស្ទិកនៅក្នុងការិយាល័យរបស់ខ្លួន ដោយផ្ដល់ម៉ាស៊ីនទឹកត្រជាក់សម្រាប់បុគ្គលិកជាជាងប្រើប្រាស់ដបទឹកប្លាស្ទិក។
ស្ថានកុងស៊ុលបរទេសនានានៅក្នុងទីក្រុងហូជីមិញបានសន្យាក្នុងឆ្នាំនេះថានឹងធ្វើដូចគ្នានេះដែរ។ រីឯសណ្ឋាគារមួយបានបង្កើតកែវកញ្ចក់សម្រាប់ភ្ញៀវដែលចូលរួមក្នុងសន្និសីទនានាដើម្បីអាចចាក់ទឹកពីម៉ាស៊ីនម្ដងហើយម្ដងទៀតបាន។
អ្នកស្រី Tran An បាននិយាយថា៖ «អ្នកដឹងទេ ឧទាហរណ៍មួយដែលខ្ញុំចូលចិត្តគឺ យុវជនក្មេងៗនៅក្នុងប្រទេសវៀតណាមឈ្លក់វង្វេងនឹងតែគុជ។ ហើយអ្វីៗដែលប្រើសម្រាប់ដាក់តែគុជនេះគឺសុទ្ធតែធ្វើពីប្លាស្ទិកទាំងអស់។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកទៅហាងលក់តែគុជទាំងនោះ អ្នកនឹងឃើញថា ហាងទាំងនោះបានចាប់ផ្ដើមប្រើក្រណាត់ ឬក៏អ្វីផ្សេងពីប្លាស្ទិកដើម្បីច្រកកែវតែគុជនោះ»។
ថង់ច្រកទាំងនេះស្រដៀងទៅនឹងថង់ច្រកដែលប្រើដោយអ្នកជិះម៉ូតូសម្រាប់ដាក់កាហ្វេទឹកកករបស់ពួកគេដូច្នេះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្ដូរពីការប្រើបំពង់បឺត និងថង់យួរកែវកាហ្វេ ឬតែគុជទាំងនេះពីប្លាស្ទិកទៅអ្វីផ្សេងនេះ គឺជាការផ្លាស់ប្ដូរតូចតាចតែប៉ុណ្ណោះ បើប្រៀបជាមួយនឹងការផ្លាស់ប្ដូរបែបម៉ាក្រូសេដ្ឋកិច្ចដែលត្រូវការចាំបាច់ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលប្លាស្ទិកទាំងនោះនឹងរាយប៉ាយជាច្រើននៅក្នុងមហាសមុទ្រជាងចំនួនត្រីទៅទៀតនៅត្រឹមឆ្នាំ ២០៥០ ខាងមុខនេះ ប្រសិនបើមិនមានវិធានការណាមួយធ្វើឡើងនោះទេ។ នេះបើតាមការបញ្ជាក់របស់អង្គការ Ellen MacArthur Foundation។
អ្នកស្រី Nina Jensen នាយកប្រតិបត្តិនៃអង្គការបរិស្ថាន REV Ocean បានសរសេរនៅលើប្លុកមួយថា៖ «អាជ្ញាធរត្រូវតែផ្ដោតលើឧស្សាហកម្មណាដែលមានការទទួលខុសត្រូវចំពោះកាកសំណល់ប្លាស្ទិកដ៏ច្រើនទាំងនេះ ដោយមាននូវកិច្ចព្រមព្រៀងឧស្សាហកម្មជាក់លាក់ និងកិច្ចព្រមព្រៀងនៃការទទួលខុសត្រូវរបស់អ្នកផលិត ដោយតម្រូវឲ្យចាត់ចែង ប្រមូល និងប្រើប្រាស់ឡើងវិញនូវកាកសំណល់ និងវត្ថុប្លាស្ទិកបែកបាក់នានា»។
លោក Vu Thinh ដែលធ្វើការនៅឯក្រុមហ៊ុនពាណិជ្ជកម្មមួយកន្លែងនៅក្នុងទីក្រុងហូជីមិញ គិតថា ការកើនឡើងនូវចំណាប់អារម្មណ៍នៅក្នុងការប្រើប្រាស់ដែលផ្ដោតលើបរិស្ថាននេះអាចមានផលប្រយោជន៍សម្រាប់ការធ្វើអាជីវកម្មរបស់លោក។
លោកនិយាយដូច្នេះថា៖ «ថង់ប្លាស្ទិកគឺជាមុខទំនិញពិសេសមួយរបស់ខ្ញុំដែលខ្ញុំចង់ផលិត។ ដូច្នេះខ្ញុំគិតថា ប្រធានបទនេះគឺគួរឲ្យចាប់អារម្មណ៍ ដោយសារតែនៅឆ្នាំក្រោយ យើងនឹងផលិតទំនិញប្រភេទនេះ»។
ថង់របស់លោកនឹងធ្វើឡើងពីម្សៅដំបូងបារាំង និងគ្រឿងផ្សំធម្មជាតិផ្សេងទៀតដែលអាចផុយរលួយនៅក្នុងរយៈពេល ២ ឆ្នាំ គឺមិនដូចនឹងប្លាស្ទិកដែលជាសារធាតុមិនងាយផុយរលួយបាននោះទេ។
ប៉ុន្តែ ថង់ប្រភេទនេះគឺថ្លៃជាងថង់ប្លាស្ទិកដែលប្រើម្ដងហើយបោះចោលទៅទៀត ដែលចំណុចនេះបង្ហាញឲ្យឃើញពីបញ្ហាលំបាកនៃការស្វែងរកគំរូអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកលើប្លាស្ទិក។
លោក Vu Thinh បាននិយាយថា៖ «ជាការពិតណាស់ យើងចង់នាំចេញថង់ទាំងនេះទៅកាន់ទ្វីបអឺរ៉ុប ឬអាមេរិក ដោយសារតែថង់នេះលក់បានតម្លៃថ្លៃ។ នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសវៀតណាម មានក្រុមហ៊ុនមួយចំនួនផលិតថង់ប្រភេទនេះ ប៉ុន្តែគុណភាពមិនល្អនោះទេ ហើយក៏មិនសូវមានទីផ្សារសម្រាប់ទំនិញប្រភេទនេះដែរ និងម្យ៉ាងទៀតតម្លៃក៏ថ្លៃផងដែរ។ យើងនឹងស្រាវជ្រាវទីផ្សារបន្ថែមទៀត»។
ដោយសារតែសំរាមប្លាស្ទិកបានរាយប៉ាយនៅតាមដងផ្លូវនានា និងនៅតាមសមុទ្រ និងដោយសារតែថ្លៃចំណាយសម្រាប់ផលិតវត្ថុដែលធ្វើពីសារធាតុផ្សេងដើម្បីជំនួសប្លាស្ទិកនេះនៅមានតម្លៃថ្លៃ គេឃើញថា បញ្ហាប្លាស្ទិកទំនងនៅតែជាបញ្ហាដ៏ធំបំផុតដដែល។ ប៉ុន្តែ អ្នកស្រី Tran An នៃអង្គការ Precious Plastic Saigon បានបញ្ជាក់ថា អ្នកស្រីមានហេតុផលក្នុងការមានសុទិដ្ឋិនិយមចំពោះរឿងនេះ ដោយសារតែមនុស្សជំនាន់ក្រោយមានគំនិតបត់បែនច្រើនជាងអ្នកជំនាន់មុន។
អ្នកស្រី Tran An បាននិយាយថា ពលរដ្ឋវៀតណាមវ័យចំណាស់ម្នាក់គិតថា «ហេតុអ្វីបានជាយើងត្រូវធ្វើអ្វីមួយផ្សេងពីនេះ នៅពេលដែលវាមិនជះលទ្ធផលអ្វីផ្សេងពីនេះនោះ? ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់យុវជនក្មេងៗ ខ្ញុំគិតថា ពួកគេមានអារម្មណ៍ថា ការធ្វើដូច្នេះគឺអាចផ្ដល់លទ្ធផលផ្សេងពីនេះបាន»៕
ប្រែសម្រួលដោយ ភី សុភាដា