លោកស្រី Peggy Whitson ដែលជាអវកាសយានិកអាមេរិកកាលពីថ្ងៃចន្ទបានបំបែកកំណត់ត្រារបស់អាមេរិកចំពោះការចំណាយពេលវេលាច្រើនបំផុតនៅក្នុងគន្លងផែនដី។
លោកស្រីមេបញ្ជាការ Whitson ដែលកំពុងស្ថិតនៅស្ថានីយ៍លំហអន្តរជាតិ ត្រូវបានសាទរដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានថ្លែងទៅកាន់អវកាសយានិកនៅឯស្ថានីយ៍លំហតាមរយៈវីដេអូ។
លោក ត្រាំ បានមានប្រសាសន៍ពីការិយាល័យប្រធានាធិបតី Oval Office ថា៖ «៥៣៤ថ្ងៃ វាគឺជាកំណត់ត្រាដ៏អស្ចារ្យមួយដែលអាចបំបែកបាន។ តាំងនាមឲ្យប្រទេសរបស់យើង និងតាំងនាមឲ្យពិភពលោកទាំងមូលដោយស្មោះអស់ពីចិត្ត ខ្ញុំសូមអបអរសាទរដល់លោកស្រី»។
លោកស្រី Whitson វ័យ៥៧ឆ្នាំ គឺជាអវកាសយានិកអាមេរិកស្ត្រីដ៏មានបទពិសោធន៍ច្រើនបំផុត។ លោកស្រីគ្រោងនឹងត្រឡប់ទៅកាន់ផែនដីវិញនៅខែកញ្ញាខាងមុខនេះ។ គិតដល់ពេលនោះ លោកស្រីនឹងបានចំណាយពេលវេលា៦៦៦ថ្ងៃនៅក្នុងលំហ នៅក្នុងជើងហោះហើរចំនួន៣។
លោកស្រី Whitson បានថ្លែងទៅកាន់លោក ត្រាំ ថា «វាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដែលអាចបំបែកកំណត់ត្រាយ៉ាងដូច្នេះបាន»៕