លោកឧត្តមនាវីទោ Charles Richard ជឿជាក់ថា ការបង្កើតបទដ្ឋាននិងការប្រតិបត្តិក្រមសីលធម៌នៅអវកាសនឹងជួយឲ្យប្រទេសនានាយល់ដឹងពីសកម្មភាពរវាងគ្នានឹងគ្នាកាន់តែច្បាស់។
លោក Richardបានថ្លែងក្នុងសន្និសីទមួយស្តីពី «សន្តិសុខអវកាស៖បញ្ហានានាចំពោះរដ្ឋបាលសហរដ្ឋអាមេរិកថ្មី» ដែលបានធ្វើឡើងកាលពីខែមីនានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកថ្លែងថា៖ «យើងកំពុងតែកំណត់ថាតើអ្វីខ្លះអាចរាប់ចាត់ទុកថាជាការវាយប្រហារលើទីអវកាស»។
លោកបានចោទសួរថា៖ «តើមានភ័ស្តុតាងសមស្របណាខ្លះដែលអាចឲ្យសហគមន៍អន្តរជាតិរាប់បញ្ចូលថាជាការរំលោភបូរណភាពទីអវកាស? តាមទស្សនៈរបស់យើង តើអ្វីខ្លះដែលអាចរាប់បញ្ចូលថាជាការបង្កហេតុក្នុងទីអវកាស?»
លោក Richard បាននិយាយថា «ការធ្វើសមយុទ្ធយោធាជាមួយប្រទេសដែលជាដៃគូ និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានបង្ហាញថា វាមានការពិបាកក្នុងការឆ្លើយនឹងសំណួរខាងលើទាំងនេះ ពីព្រោះយើងមិនទាន់មានបទបញ្ញត្តិទាក់ទងនឹងអវកាសនៅឡើយទេ»។
ស្របពេលដែលលោកទទួលស្គាល់ថា នៅទីអវកាសគឺ«មានភាពខុសគ្នា» លោក Richard បានថ្លែងថា៖ «សំណួរមួយចំនួនដែលយើងកំពុងតែរកចម្លើយត្រូវបានឆ្លើយរួចហើយនៅក្នុងស្ថាប័នកងទ័ពជើងទឹកនិងជើងអាកាស ដូច្នេះយើងអាចចាប់ផ្តើមពីមូលដ្ឋានដែលមានរួចហើយ»។
ជាច្រើនទសវត្សរ៍មកនេះ គម្រោងផែនការសម្រាប់អវកាសគឺសន្ធិសញ្ញាអវកាសឆ្នាំ១៩៦៧ ដែលចុះហត្ថលេខាដោយប្រទេសរុស្សីនិងសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃសង្រ្គាមត្រជាក់។ បច្ចុប្បន្ននេះ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន១០៥ និងមានប្រទេសចំនួន២៤ទៀតបានចុះហត្ថលេខាដែរ ប៉ុន្តែមិនទាន់បានផ្តល់សច្ចានុមតិនៅឡើយទេ។ សន្ធិសញ្ញានេះហាមឃាត់ការបង្ហោះអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកនៅលើគន្លងភពផែនដី នៅលើភពព្រះចន្ទ ឬនៅកន្លែងណាមួយក្នុងទីអវកាស។ សន្ធិសញ្ញានេះក៏ហាមឃាត់ «ការបង្កើតមូលដ្ឋានយោធា ការបំពាក់សព្វាវុធ ការធ្វើតេស្តសាកល្បងសព្វាវុធគ្រប់ប្រភេទ និងការធ្វើសមយុទ្ធយោធានៅទីអវកាសផងដែរ»។
ក៏ប៉ុន្តែពាក្យពេចន៍ជាច្រើននៅក្នុងសន្ធិសញ្ញានេះនៅមានភាពចន្លោះប្រហោងនៅឡើយ។ សន្ធិសញ្ញានេះមិនបានហាមឃាត់ការប្រើប្រាស់សព្វាវុធធម្មតា ឬហាមឃាត់កងកម្លាំងយោធានៅទីអវកាសទេ ប្រសិនបើពួកគេមិនប្រតិបត្តិសកម្មភាពហិង្សា តួយ៉ាងដូចជាការស្រាវជ្រាវវិទ្យាសាស្រ្តឬការបង្ហោះផ្សាយផ្កាយរណបសម្រាប់កិច្ចការចារកម្ម និងទំនាក់ទំនង។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ មានផ្កាយរណបចំនួន១៤១៩គ្រឿងហោះជុំវិញភពផែនដី ដែលក្នុងនោះមានផ្កាយរណបប្រហែល៣៥០គ្រឿង ត្រូវបានគេប្រើប្រាស់សម្រាប់កិច្ចការយោធា នេះបើយោងតាមសហភាពនៃក្រុមអ្នកវិទ្យាសាស្រ្ត ដែលមានទិន្នន័យនេះ។
ការក្រើនរំឭកនេះត្រូវបានធ្វើឡើងនៅឆ្នាំ២០០៧ នៅពេលដែលប្រទេសចិនបានបាញ់ទម្លាក់ផ្កាយរណបព្យាករណ៍អាកាសធាតុឈ្មោះ Fengyun-1Cដែលមានអាយុកាលជាច្រើនឆ្នាំមកហើយនោះ នៅពេលកំពុងបាញ់សាកល្បងគ្រាប់មីស៊ីលដែលមានបំពាក់ឧបករណ៍ប្រឆាំងនឹងផ្កាយរណប (ASAT)។
ក្នុងឆ្នាំ២០១៥ គណៈកម្មការត្រួតពិនិត្យវាយតម្លៃសេដ្ឋកិច្ចនិងសន្តិសុខសហរដ្ឋអាមេរិក-ចិន បានស្នើសុំឲ្យមានការសិក្សាបន្ថែមលើកម្មវិធីអវកាសរបស់ប្រទេសចិន នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ កាលពីពេលកន្លងទៅនេះ មន្ត្រីម្នាក់នៃបញ្ជាការដ្ឋានយុទ្ធសាស្រ្តអាមេរិកបានថ្លែងប្រាប់ VOA ថា យោធាអាមេរិកនិងចិនបានពិភាក្សាគ្នាលើបញ្ហាសន្តិសុខអវកាស ហើយសង្ឃឹមថា សន្ទនានេះនឹងនៅតែបន្ត។
លោកPeter Hays ដែលជាសាស្ត្រចារ្យជំនាញគោលនយោបាយអវកាសនៃក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក និងនៅវិទ្យាស្ថានគោលនយោបាយអវកាសនៃសាកលវិទ្យាល័យ George Washington បាននិយាយនៅក្នុងសន្និសីទមួយថា សហរដ្ឋអាមេរិកមិនគួរក្លាយជាប្រទេសទី១ដែលបំពាក់សព្វាវុធនៅអវកាសទេ ប៉ុន្តែប្រទេសនេះក៏គួរតែត្រៀមខ្លួនរួចជាស្រេចដែរ។
លោក Richard បាននិយាយថា ខណៈពេលដែលសហរដ្ឋអាមេរិកមិនធ្លាប់ចង់មានសង្គ្រាមដល់ទីអវកាស សំណួរសម្រាប់ពេលនេះ គឺថា៖ «តើយើងអាចទប់ស្កាត់អ្នកដែលប្រឆាំងនឹងយើងនៅអវកាសដូចម្តេច ក្នុងពេលដែលយើងកំពុងរក្សាទីអវកាសឲ្យមានសុវត្ថិភាព ស្ថិរភាព និងសន្តិសុខ? មិនថាអ្នកកំពុងបញ្ជាយានអវកាស យន្តហោះ យន្តហោះគ្មានមនុស្សបើក ឬមីស៊ីលទេ អវកាសគឺជាកន្លែងដែលអាចឲ្យអ្នកផ្សេងទៀតធ្វើបានដូចគ្នា»។
លោកបាននិយាយថា៖ «ប្រសិនបើយើងអាចព្រមព្រៀងគ្នាលើបទដ្ឋាននិងក្រមសីលធម៌ ឥឡូវនេះអ្នកនឹងចាប់ផ្តើមកាត់បន្ថយកម្រិតនៃការយល់ច្រឡំក្នុងទំនាក់ទំនងឲ្យបានទាបបំផុត»។ លោកថ្លែងបន្ថែមថា ការកាត់បន្ថយកម្រិតនៃការបកស្រាយខុស ក៏អាចកាត់បន្ថយការឆ្លើយតបមិនត្រឹមត្រូវ ឬមិនសមទំនងណាមួយដែលអាចកើតមានផងដែរ»៕
ប្រែសម្រួលដោយ កោះ សុគន្ធី