ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​មាន​ប្រធានាធិបតី​ទីមួយ​ពី​សហគមន៍​កុលសម្ព័ន្ធ


លោកស្រី Droupadi Murmu ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោតថ្មី​នៅ​ឥណ្ឌា អញ្ជើញ​ត្រួតពល​បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។
លោកស្រី Droupadi Murmu ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោតថ្មី​នៅ​ឥណ្ឌា អញ្ជើញ​ត្រួតពល​បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។

នៅ​ប្រទេស​ឥណ្ឌា​គ្រូ​បង្រៀន​ម្នាក់​ដែល​ក្លាយ​ជា​អ្នក​នយោបាយ​គឺ​លោកស្រី ​Droupadi Murmu​ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នោះ​គឺ​មនុស្ស​ដំបូង​គេ​មក​ពី​សហគមន៍​កុល​សម្ព័ន្ធ​កាន់​តំណែង​ខ្ពស់​បំផុត​នេះ។​ ថ្វី​ដ្បិត​ប្រធានាធិបតី​គ្រាន់​តែ​ជា​តំណែង​កិត្តិ​យស​មិន​មាន​អំណាច​ច្រើនក៏​ដោយ ​ក៏ប៉ុន្តែ​ការ​ឡើង​កាន់​តំណែង​ជា​ប្រមុខសាធារណ​រដ្ឋ​នេះ​ជា​និមិត្តរូប​ជ័យជម្នះ​យ៉ាង​ធំធេង​សម្រាប់​ក្រុម​ជន​ជាតិ​ភាគ​តិច។ ​ស្ត្រី​អាយុ៦៤ឆ្នាំ​រូប​នេះ​ក៏​ជា​ប្រធានាធិបតី​ស្ត្រី​ទី២​របស់​ប្រទេស​នេះ​ផង​ដែរ។​

បន្ទាប់ពីស្បថ​ចូល​កាន់​តំណែង​ក្នុង​សភា​ក្នុង​រដ្ឋធានី​ញូវដែលី​មក ​លោកស្រី​ Murmu ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ «ការបោះឆ្នោត​របស់​ខ្ញុំ​គឺ​ជា​ភស្តុតាង​ថា ​ជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មិន​មែន​គ្រាន់តែ​សុបិន​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​ការណ៍​ពិត​ផង​ដែរ»។ ​លោក​ស្រី​បាន​និយាយ​ថា នេះ​ជារឿង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ព្រោះ​អ្នក​ដែល​«ត្រូវ​គេ​ដក​ហូត​សិទ្ធិ​ច្រើន​សតវត្ស​មក​ហើយ»​ កំពុង​«មើលឃើញ​សិទ្ធិ​របស់​ពួក​គេ​តាម​រយៈ​ខ្ញុំ»។​

ជា​កូនស្រី​របស់​មេ​ភូមិ ​Baidaposi ​ក្នុង​រដ្ឋ​ Odisha ​នៅ​ភាគ​ខាង​កើត ​លោក​ស្រី Murmu ​ជា​ស្ត្រី​ដំបូង​គេ​ពី​ភូមិ​របស់​លោក​ស្រី​បាន​ចូលរៀន​នៅ​មហា​វិទ្យាល័យ។​ លោក​ស្រី​ជា​មនុស្ស​របស់​សហគមន៍​ Santhal​ ដែល​ជា​ក្រុម​កុល​សម្ព័ន្ធ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌា ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​សហគមន៍។ បន្ទាប់​ពី​លោកស្រី​ឡើង​កាន់​តំណែង ​លោក​នាយក​រដ្ឋមន្ត្រី ​Narendra Modi​ បាន​និយាយ​នៅ​ក្នុង​ធ្វីតធឺ​ថា ​វា​គឺ​ជា​«ចំណុច​របត់​សម្រាប់​ឥណ្ឌា ​ជា​ពិសេស​សម្រាប់​ជន​ក្រីក្រ​ដែល​រង​ការ​គាប​សង្កត់​ក្នុង​សង្គម»។​

ក្រុម​កុលសម្ព័ន្ធ ​ដែល​ជា​ធម្មតា​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នោះ​មាន​ប្រហែល​៨%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ។ ពួកគេទទួល​បាន​ការ​សិក្សា ​និង​ការ​ថែទាំ​សុខភាព​យឺតយ៉ាវ។​ អ្នក​វិភាគ​នយោបាយ​លោកស្រី ​Neerja Chowdhury ​បាន​និយាយ​ថា​ «មាន​អ្នក​នៅ​ជាយ​សង្គម​ប្រទេស​ឥណ្ឌា​បាន​មក​កាន់​រចនា​សម្ព័ន្ធ​អំណាច​ថ្នាក់​កណ្តាល​គឺ​ជា​សារ​បង្ហាញ​សេចក្តី​ប្រាថ្នា​ដ៏​ធំធេង​ប្រាប់​សហគមន៍​កុល​សម្ព័ន្ធ។ ​តែ​គេ​នៅ​មិនទាន់​ច្បាស់​ថា​តើ​ការ​សិក្សា​ ​ស្ថានភាព​សុខភាព ​និង​អាហា​រូបត្ថម្ភ​របស់​របស់​ពួកគេនឹង​បាន​ប្រសើរ​ឬ​យ៉ាងណា​ទេ​ ​ពីព្រោះ​តំណែង​ប្រធានាធិបតី​គ្រាន់​តែ​ជា​ប្រមុខ​រដ្ឋ​មិន​សូវ​មាន​អំណាច។ ​ទោះ​ជា​យ៉ាង​ណាវា​នឹង​ជា​ការ​ជំរុញ​សម្រាប់​សហគមន៍​ទាំង​នេះ»។​

ចាប់តាំង​ពី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ឆ្នាំ​១៩៩៧​មក​ លោកស្រី​ Murmu​ បាន​ធ្វើ​ជា​សមាជិក​សភា​ពីរ​អាណត្តិ​មក​ពី​គណបក្ស​ Bharatiya Janata​ ក្នុង​រដ្ឋ​ Odisha។ថ្មីៗ​នេះ​លោកស្រី​ជា​អភិបាល​រដ្ឋ​ Jharkhand។ ​លោកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​បន្ទាប់​ពី​បាន​យក​ឈ្នះ​លោក​ Yashwant Sinha​ ដែល​គាំទ្រ​ដោយ​គណ​បក្ស​ប្រឆាំង។​

ជ័យ​ជម្នះ​របស់​លោកស្រី​អាច​ធ្វើ​ទៅ​បាន​ដោយ​មាន​ការគាំទ្រ​ពី​គណបក្ស​ BJP​ របស់​លោក​ Modi​ និង​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​នៅ​ក្នុង​សភា។​ គណបក្ស​ជ្រើស​រើស​លោកស្រី​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​ការ​រក​ការ​គាំទ្រ​ពី​សហគមន៍​កុល​សម្ព័ន្ធ​មុន​ការ​បោះឆ្នោត​សកល​ឆ្នាំ២០២៤។ ​

ទោះបី​ប្រធានាធិបតី​មិន​មាន​អំណាច​នីតិប្រតិបត្តិ​ តែ​តំណែង​ប្រមុខ​រដ្ឋ​ដើរ​តួយ៉ាង​សំខាន់​នៅពេល​មាន​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ។ ​ជា​ឧទាហរណ៍ ​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ទូទៅ​មិនសម្រេច​ផ្លែផ្កានោះ​ ​ប្រធានាធិបតី​មាន​អំណាច​សម្រេច​ថា​ តើ​គណបក្ស​ណា​ដែល​ត្រូវ​បង្កើត​រដ្ឋាភិបាល៕

XS
SM
MD
LG