ប្រទេសឥណ្ឌានិងបារាំងកាលពីថ្ងៃពុធម្សិលមិញបានអំពាវនាវឱ្យ«បញ្ឈប់នូវអរិភាពជាបន្ទាន់»នៅក្នុងប្រទេសអ៊ុយក្រែនដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ជាថ្មីម្តងទៀតមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ឥណ្ឌាដែលនាំចូលបរិក្ខារយោធាចូលពីរុស្ស៊ីនោះបានដើរខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូ ដោយបានបដិសេធមិនធ្វើការថ្កោលទោសឬបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីនៅអង្គការសហប្រជាជាតិពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Modi និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់នៅក្នុងសេចក្តីថ្លែង ការណ៍រួមមួយក្រោយពួកអស់លោកបានជួបពិភាក្សាគ្នានិងក្រោយកិច្ចប្រជុំអាហារពេលល្ងាចថា៖ «បារាំងនិងឥណ្ឌាសម្តែងនូវការក្តីបារម្ភជុំវិញវិបត្តិមនុស្សធម៌និងជម្លោះដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា៖ «ប្រទេសទាំងពីរថ្កោលទោសការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនហើយសូមអំពាវនាវឱ្យបញ្ចប់អរិភាពនោះជាបន្ទាន់ដើម្បីឱ្យភាគីជម្លោះទាំងពីរបានជួបគ្នាក្នុងការលើកកម្ពស់ការសន្ទនានិងការទូតក៏ដូចជាការបញ្ចប់នូវការឈឺចាប់ជាបន្ទាន់របស់ប្រជាពលរដ្ឋ»។
បើទោះបីជាយ៉ាងនេះក្តី ក៏បារាំងបានធ្វើការថ្កោលទោសចំៗលើការចូលឈ្លានពានដោយខុសច្បាប់និងគ្មានហេតុផលរបស់កងទ័ពរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ចំណែកឥណ្ឌាមិនបានធ្វើដូច្នេះទេ។
ប្រទេសទាំងពីរបាននិយាយថាខ្លួន«នឹងឆ្លើយតបក្នុងលក្ខណៈពហុភាគីនិងសម្របសម្រួលមួយ» ដើម្បីប្រឈមនឹងជម្លោះដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារជាសាកល។ រុស្ស៊ីនិងអ៊ុយក្រែន ស្ថិតក្នុងចំណោមប្រទេសដ៏សំខាន់នៅលើពិភពលោកដែលផលិតស្រូវសាឡីច្រើនជាងគេ។
វិមាន Elysee របស់បារាំងនិយាយថាលោក Macron មានទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយលោក Modi ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចក្នុងប្រទេសបារាំងចំនួន៣ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៧មក ហើយមេដឹកនាំបារាំងរូបនេះក៏បានទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាម្តងដែរកាលពីឆ្នាំ២០១៨៕