ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​និង​ចិន​កំពុង​ក្លាយជា​ទីផ្សារ​ប្រេង​ដ៏​សំខាន់​របស់​រុស្ស៊ី


រូបឯកសារ៖ បុគ្គលិក​នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ Bharat ចាក់សាំង​ឲ្យ​រថយន្ត​មួយ​គ្រឿង​នៅ​ទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ បុគ្គលិក​នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ Bharat ចាក់សាំង​ឲ្យ​រថយន្ត​មួយ​គ្រឿង​នៅ​ទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

ប្រទេសឥណ្ឌា​និងប្រទេស​អាស៊ីមួយ​ចំនួន​ទៀត​ កំពុង​ក្លាយ​ជាប្រភពនៃ​ប្រាក់​ចំណូល​ដ៏​សំខាន់​នៃ​វិស័យ​ប្រេង​ឥន្ធនៈ​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូស្គូ បើ​ទោះ​បី​ជា​មាន​ការដាក់​សម្ពាធ​ដ៏​តឹង​តែង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ឱ្យ​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​ក្តី ខណៈដែល​សហភាព​អឺរ៉ុប​និងសម្ពន្ធមិត្ត​ដទៃផ្សេងទៀតបានកាត់ផ្តាច់​ការនាំ​ចូល​ប្រេង​ពី​រុស្ស៊ី​ដោយសារតែ​ការដាក់​ទណ្ឌកម្មទៅ​លើសង្គ្រាមដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ការលក់​ប្រេង​ទៅ​ឱ្យប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​បាន​បង្កើនប្រាក់​ចំណូល​នៃ​ការនាំចេញ​របស់​រុស្ស៊ី ខណៈដែលរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​កំពុង​ព្យាយាម​កម្រិត​លំហូរហិរញ្ញ វត្ថុ​ដែល​គាំទ្រ​ការធ្វើ​សង្គ្រាម​របស់រដ្ឋាភិបាលក្រុង​មូស្គូ។

ឥណ្ឌា​ដែល​កំពុង​ត្រូវការ​ប្រេង​ជា​ខ្លាំង​សម្រាប់​ប្រទេស​របស់​ខ្លួន​ដែល​មាន​ប្រជាជន​ចំនួន១ពាន់៤០០​លាននាក់​នោះ​បាន​ប្រើប្រាស់​ប្រេង​រុស្ស៊ី​អស់ជិត៦០០លាន​ធុង​រហូត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ​២០២២​នេះដែល​ប្រៀប​ធៀបក្នុង​ឆ្នាំ២០២១ទាំង​មូល​មាន​ចំនួន​តែ១២លាន​ធុង​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​ទៅ​លើទិន្នន័យ​ប្រើប្រាស់របស់​ក្រុមហ៊ុន Kpler។ ការដឹក​ជញ្ជូន​ប្រេង​របស់​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ផ្សេងៗទៀត​ក្នុង​តំបន់​អាស៊ី​ដែលក្នុង​នោះ​ក៏​រួម​មាន​ប្រទេស​ចិន​ផង​ដែរ​បាន​កើន​ឡើង​ក្នុង​រយៈពេលប៉ុន្មានខែ​ថ្មីៗ​នេះ ក៏ប៉ុន្តែ​នៅតិច​ជាងប្រទេស​ឥណ្ឌានៅឡើយ។

ក្នុង​កិច្ចសម្ភាសន៍មួយ​ជា​មួយ​ទីភ្នាក់ងារ​ព័ត៌មាន AP នាយករដ្ឋមន្ត្រី​ប្រទេស​ស្រីលង្កាបាន​និយាយ​ថា លោកប្រហែល​ជា​អាច​ត្រូវ​បង្ខំចិត្តដើម្បីទិញ​ប្រេងបន្ថែម​ទៀត​ពី​ប្រទេស​រុស្ស៊ី​ ពី​ព្រោះ​លោក​កំពុង​ស្វះស្វែងរក​ប្រេងដើម្បី​ធ្វើ​ឱ្យ​ប្រទេស​លោក​ដំណើរការ​ទៅ​មុខ​ទៀត​ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ជួប​នូវ​វិបត្តិសេដ្ឋកិច្ចដ៏​ខ្លាំង​នោះ។

នាយក​រដ្ឋមន្ត្រី​ស្រីលង្កា​លោក Ranil Wickremesinghe បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា​ លោក​នឹង​សម្លឹង​ទៅ​រក​ប្រភព​ប្រេង​ពី​ប្រទេស​ផ្សេង​ៗ ប៉ុន្តែបើក​ចំហរក្នុង​ការទិញ​ប្រេង​ឆៅ​បន្ថែម​ទៀត​ពី​ប្រទេស​រុស្ស៊ី។ កាល​ពី​ចុងខែ​ឧសភា​កន្លង​ទៅ ប្រទេស​ស្រីលង្កា​បានទិញ​ប្រេង​ឆៅ​ពី​ប្រទេស​រុស្ស៊ី​ចំនួន៩ម៉ឺន ៩ពាន់​តោន។

សហរដ្ឋ​អាមេរិក​ទទូល​ស្គាល់ថា ឥណ្ឌា​ត្រូវការ​ប្រេង​ឥន្ធនៈ​ដែល​មាន​តម្លៃ​សមរម្យ ក៏ប៉ុន្តែ
«យើង​កំពុង​សម្លឹង​ទៅ​រក​សម្ពន្ធមិត្ត​និង​ដៃគូ​ផ្សេងៗ​ទៀត​មិនឱ្យ​បង្កើន​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​នោះ​ឡើយ»។ នេះ​បើតាម​ការគូស​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​លោក Antony Blinken ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេសនិង​ការពារជាតិ​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​កាល​ពី​ខែ​មេសា​កន្លង​ទៅ៕

XS
SM
MD
LG