ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​រវាង​ឥណ្ឌា​និង​ចិន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​បាន​បរាជ័យ


រូបឯកសារ៖ តំណាង​កងទ័ព​ឥណ្ឌាធ្វើ​ដំណើរ​លើ​ដង​វិថី​នៅ​ទីក្រុងSrinagar តំបន់​ Kashmir កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ (AP)

ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ចរចា​កាលពី​ថ្ងៃ​អាទិត្យ​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ភាគី​ទាំង​ពីរ​ដើម្បី​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​សំខាន់ៗ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​នៅ​ក្នុង​ភាព​ទាល់ច្រក​និង​បាន​បរាជ័យ​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​រយៈពេល​១៧ខែ​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ការ​បរាជ័យ​នៃ​ការ​ចរចា​នេះ​មាន​ន័យ​ថា ប្រទេស​ទាំង​ពីរ​នឹង​រក្សា​កងទ័ព​នៅ​ក្នុង​ផ្នែក​ជួរ​មុខ​នៃ​តំបន់ Ladakh នៅ​រដូវ​រងា​ខាង​មុខ​នេះ​ជា​បន្ត​ទៀត ដែល​ជា​ពេល​ដែល​មាន​សីតុណ្ហភាព​ដ៏​ត្រជាក់​បំផុត។

ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ផ្ដល់​នូវ «ការ​ស្នើ​ក្នុង​ន័យ​ស្ថាបនា» ក៏​ប៉ុន្តែ​ភាគី​ចិន​មិន​បាន​យល់ព្រម​តាម។ ចំណែក​ឯ​យោធា​ចិន​វិញ​បាន​បញ្ជាក់​ថា «ឥណ្ឌា​បាន​ទទូច​ទាមទារ​ដោយ «មិន​សមហេតុ​សមផល​និង​គ្មាន​ការ​ពិត​ជាក់ស្តែង»។

មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​អំពី​រឿង​នេះ បន្ទាប់ពី​មិន​បាន​ជួប​ចរចា​គ្នា​អស់​រយៈពេល ២ ខែ នៅ​តំបន់ Moldo នៃ​ផ្នែក​ប្រទេស​ចិន​ក្នុង​តំបន់ Ladakh។

ការ​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មេបញ្ជាការ​កងទ័ព​ឥណ្ឌា​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អ្វី​ដែល​លោក​ហៅថា​ជា​ការ​បង្កើន​ការ​ពង្រាយ​ទ័ព​និង​អាវុធ​ទ្រង់ទ្រាយ​ធំ​របស់​ភាគី​ចិន។

កន្លង​មក ប្រទេស​ទាំង​ពីរ​បាន​ដាក់​ពង្រាយ​ទាហាន​រាប់​ម៉ឺន​នាក់ ដែល​មាន​ទាំង​កាំភ្លើង​ធំ រថក្រោះ និង​យន្តហោះ​ចម្បាំង​ផងដែរ នៅ​តាម​បណ្ដាយ​ព្រំដែន​ដែល​ហៅ​ថា «ខ្សែ​បន្ទាត់​នៃ​ការ​គ្រប់គ្រង​ជាក់ស្ដែង (Line of Actual Control)»។ កាលពី​ឆ្នាំ ១៩៦២ ឥណ្ឌា​និង​ចិន​បាន​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​ដ៏​ប្រល័យ​ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​នេះ៕

XS
SM
MD
LG