ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន​ជា​ការ​វាយប្រហារ​ដល់​ប្រទេស​ឥណ្ឌា


នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Imran Khan ធ្វើ​ទស្សនកិច្ច​នៅ​ការដ្ឋាន​សាងសង់ទំនប់ Diamer Bhasha ​កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ប្រទេស​ប៉ាគីស្ថាន និង​សម្ព័ន្ធ​ជិត​ស្និទ​របស់​ខ្លួន​គឺ​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ការ​សាងសង់​ជា​ផ្លូវ​ការ​នូវ​ទំនប់​ទឹក​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ផ្នែកមួយ​នៃ​តំបន់ Kashmir ដែល​មាន​ជម្លោះ និង​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន ដោយ​មិន​ខ្វាយខ្វល់​ចំពោះ​ការ​ជំទាស់​ទៅ​លើ​គម្រោង​នេះ​ពី​គូប្រជែង​របស់​ខ្លួន​គឺ​ប្រទេស​ឥណ្ឌា។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Imran Khan បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃពុធ ទី១៥ ជាមួយ​នឹង​មេដឹកនាំ​យោធា​កំពូលៗ និង​ឯកអគ្គរដ្ឋទូត​ចិន​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​ចាប់ផ្តើម​ «ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ»។ ​នេះ​ជា​អ្វី​ដែល​ក្រុម​មន្ត្រី​បាន​ហៅ។

ទំនប់​ទឹក​ពហុបំណង Diamer Bhasha ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ២០២៨ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​សរុប​អស់​ជាង​៨ពាន់​លាន​ដុល្លារ។ ទំនប់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផលិត​បាន​នូវ​អគ្គិសនី​ស្អាត និង​មាន​តម្លៃ​ទាប​ចំនួន​៤.៥០០​មេហ្គាវ៉ាត់។

លោ Khan បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «នេះ​នឹង​ក្លាយ​ជា​ទំនប់​ធំ​បំផុត​ទី៣​របស់​ប៉ាគីស្ថាន ខណៈប្រទេស​ចិន​ដែល​ជា​ប្រទេស​ជិត​ខាង​បាន​សាងសង់​ទំនប់​ទឹក​ធំៗ​ជិត​៥.០០០​កន្លែង​ក្នុង​ចំណោម​ទំនប់​ទឹក​ជាង​៨០.០០០​កន្លែង​របស់​ខ្លួន»។

ទំនប់​ទឹក​នេះ​មាន​ទំហំ​ស្តុក​ទឹក​អាច​ប្រើប្រាស់​បាន​ប្រមាណ​ជា​៨គីឡូម៉ែត្រ​គូប​ ហើយ​នឹង​មាន​កម្ពស់​២៧២​ម៉ែត្រ​នៅ​ក្នុង​តំបន់ Gilgit-Baltistan នៅ​ភាគ​ខាង​ជើង ដែល​មាន​ចម្ងាយ​ប្រមាណ​៤០០​គ.ម.​ពី​ព្រំដែន​ផ្លូវ​គោក​តែ​មួយ​គត់​រវាង​ចិន និង​ប៉ាគីស្ថាន។​

ក្រុម​មន្ត្រី​និយាយ​ថា គម្រោង​នេះ​នឹង​ជួយ​គ្រប់គ្រង​ទឹកជំនន់ និង​បន្ថែម​ដី​កសិដ្ឋាន​ចំនួន​ប្រមាណ​៤៨៥.៦២៣​ហិកតា និង​បង្កើត​ការងារ​ចំនួន​១៦.០០០​បន្ថែម​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ឈ្មោះ China Power និង​អង្គការ Frontier Works Organization ដែល​ជា​បុត្រសម្ព័ន្ធ​ពាណិជ្ជកម្ម​របស់​កងព័ទ​ប៉ាគីស្ថាន​កំពុង​សាងសង់​គម្រោង​នេះ​ដោយ​ឈរ​លើ​មាត្រដ្ឋាន​៧០ និង​៣០។

ប្រទេស​ឥណ្ឌា ដែល​គ្រប់គ្រង​តំបន់ Kashmir ភាគច្រើន និង​អះអាង​ទាមទារ​តំបន់​នេះ​ទាំង​មូល​ដូច​ដែល​ប៉ាគីស្ថាន​ដែរ​នោះ​ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​គម្រោង​នេះ​ថា​ជា​ការ​បំពាន​ដល់​អធិបតេយ្យភាព​ដែន​ដី​របស់​ខ្លួន។

រដ្ឋាភិបាល​ប៉ាគីស្ថាន និង​ចិន​បាន​ច្រានចោល​នូវ​ក្តីបារម្ភ​របស់​ឥណ្ឌា​ដោយ​អះអាង​ថា វា​មិន​ត្រឹមត្រូវ​ និង​បាន​ទទូច​ថា កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​មាន​បំណង​ធ្វើ​ឱ្យ​ប្រសើរ​នូវ «សុខមាលភាព​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន»។​

កិច្ច​សហការ​ច្រក​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន

ទោះ​ជា​យ៉ាង​នេះ​ក្តី ទំនប់​នេះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គម្រោង​កិច្ចសហការ​ច្រក​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន​ដែល​បាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ និង​ដែល​ជា​ចំណុច​ស្នូល​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​ចិន (ឬ BRI) ក្នុង​សាកលលោក​របស់​លោក​ប្រធានាធិបតី ស៊ី​ ជីនពីង​នោះ​ទេ។

ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​នៅ​ក្រោម​ក្របខណ្ឌ​កិច្ចសហការ​ច្រក​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន​ដើម្បី​វិនិយោគ​ដោយ​ផ្ទាល់​នូវ​ទឹកប្រាក់​រហូត​ដល់​៤ពាន់លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី​ពីរ​នៅ​ក្នុង​តំបន់ Kashmir ដែល​មាន​កម្លាំង​សរុប​ប្រមាណ​ជា​១.៨០០មេហ្គាវ៉ាត់។

នាយករង​កម្មវិធី​អាស៊ី​នៃ​មជ្ឈមណ្ឌល Wilson​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក Michael Kugelman យល់​ថា ការ​វិនិយោគ​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន​នេះ​គឺ​ជា​ការ​វាយប្រហារ​មួយ​ទៅ​លើ​ប្រទេស​ឥណ្ឌា។

លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ជំហាន​ទាំង​នេះ​នឹង​នាំ​ឱ្យ​មាន​ភាព​តានតឹង​មួយ​ទៀត ចំពោះ​ទំនាក់ទំនង​ឥណ្ឌា និង​ចិន ដែល​ឥឡូវ​នេះ​កំពុង​តែ​មាន​ភាព​រកាំរកូស​ជាង​ប៉ុន្មាន​ទសវត្សរ៍​មុន​រួច​ទៅ​ហើយ»។

លោក Kugelman បាន​និយាយ​សំដៅ​ដល់​ការ​ប៉ះទង្គិច​ព្រំដែន​កាលពី​ខែ​មុន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ភ្នំ Himalayas នៅ​ភាគ​ខាង​លិច ដែល​នៅ​ពេល​នោះ​មាន​ទាហាន​ឥណ្ឌា​២០នាក់​បាន​ស្លាប់។ មន្ត្រី​ចិន និង​ឥណ្ឌា​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ។

លោក Kugelman បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «យើង​ក៏​អាច​និយាយ​បាន​ថា មួយ​ផ្នែក​វា​អាច​ជា​ការ​ឆ្លើយតប​បែប​គឃ្លើន​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ដើម្បី​បង្កើនឱ្យ​មាន​ការ​គំរាមកំហែង​ពី​ភាគី​ឥណ្ឌា នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដើម្បី​ឱ្យ​មាន​ការ​វិវត្ត​ទៅ​លើ​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន»។

នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មេដឹកនាំ​ឥណ្ឌា​បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា យោធា​ភាគី​ប៉ាគីស្ថាន​កំពុង​ត្រៀម​ខ្លួន​លប​ចូល​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា ហើយ​បាន​ព្រមាន​ពី​សកម្មភាព​តបត​របស់​យោធា​នៅ​ព្រំដែន ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ទាំង​សងខាង។

ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​២៩ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន រួម​ទាំង​ការ​វិនិយោគ​ដោយ​ផ្ទាល់ ប្រាក់​កម្ចី​ដែល​មាន​លក្ខខណ្ឌ​ធូរ និង​ប្រាក់​ជំនួយ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ទៅ​លើ​ការ​សាងសង់​រោងចក្រ​ថាមពល ផ្លូវថ្នល់ ផ្លូវ​រថភ្លើង កំពង់ផែ​សមុទ្រ​ជ្រៅ​ថ្មី​មួយ​នៅ​ក្នុង​ក្រុង Gwadar និង​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ខេត្ត Baluchistan៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG