ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ផ្អាក​សកម្មភាព​​របស់​ខ្លួន​នៅ​ឥណ្ឌា​


រូបឯកសារ៖ ស្ត្រីម៉ូស្លីមម្នាក់ស្រែកដាក់កងសន្តិសុខឥណ្ឌាដែលកំពុងល្បាតនៅតាមដងផ្លូវ Shaheen Bagh បន្ទាប់ពីបំបែកក្រុមបាតករដែលបន្តធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីរបស់រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ឬ​ Amnesty International លើក​ឡើង​ថា ​ខ្លួន​បានផ្អាក​សកម្មភាព​ការងារ​របស់​ខ្លួនក្នុង​ប្រទេស​ឥណ្ឌា ​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្កក​គណនីធនាគារ​របស់​ខ្លួន​នោះ។ អង្គការ​នេះ​និយាយ​ថា ​សកម្មភាព​នេះ​ជា​ផ្នែក​មួយ​នៃ​ «ការ​តាម​យាយីឥត​ឈប់​ឈរដល់​ស្ថាប័ន​សិទ្ធិ​មនុស្ស​នានា»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​លើក​ឡើង​ថា ​ខ្លួន​ត្រូវ​បាន​បង្ខំ​ឲ្យ​កាត់​បន្ថយ​បុគ្គលិកក្នុង​ប្រទេស​ឥណ្ឌា​ និង​ផ្អាក​រាល់សកម្មភាពគម្រោង​ និង​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន​ បន្ទាប់​ពី​អង្គការ​នេះ​បាន​ដឹង​ថា ​គណនីធនាគារ​របស់​ខ្លួន​ត្រូវ​បាន​បង្កក ដោយ​សារ​តែ​រង​ការ​ចោទ​ប្រកាន់​ពី​កំហុស​ឆ្គងក្នុងរឿង​ទទួល​បាន​ថវិកា​ប្រើ​ប្រាស់នោះ។​

រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​បក​ស្រាយ​ទេ ជុំវិញ​រឿង​នេះ​ ប៉ុន្តែ​ធ្លាប់​បាន​និយាយ​ក្នុងពេលកន្លង​មក​ថា​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​កំពុង​ទទួល​រង​ការ​ស៊ើប​អង្កេតពី​ការ​រំលោភ​បំពាន​ច្បាប់​ប្រទេស​ឥណ្ឌា​ ទាក់ទង​នឹង​ការ​ទទួល​បាន​ជំនួយ​ថវិកា​ពី​ប្រភព​បរទេស​នោះ។

អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​និយាយ​ថា ​ខ្លួន​កំពុង​ត្រូវ​បាន​គេដាក់​ជា​គោលដៅ​ដោយ​សារ​តែ​ខ្លួន​បាន​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុងបញ្ហា​រំលោភ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ។

របាយការណ៍​ពីរក្នុង​ពេល​ថ្មីៗ​នេះ​របស់​អង្គការ Amnesty បាន​ចោទ​ស្ថាប័ន​ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​ថា​ បាន​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​អំឡុង​ពេល​មាន​កុប្បកម្ម​ដ៏​ប្រល័យ​រវាង​ក្រុមកាន់​សាសនា​ហិណ្ឌូ​និង​អ៊ីស្លាម​នៅ​ទី​នោះ ​កាល​ពី​ខែ​កុម្ភៈ។ អង្គការ​សិទ្ធិមនុស្ស​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ដោះលែង​មេដឹកនាំ​នយោបាយ សកម្មជន​និង​អ្នក​កាសែត​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​រដ្ឋ Kashmir ក្រោយ​ពី​ឋានៈ​ពិសេស​នៃ​តំបន់​នេះ​ ត្រូវ​បាន​លុប​ចោល ​កាល​ពី​ខែ​សីហា។

​ការ​ប្រកាស​របស់​អង្គការ Amnesty International នេះ​កើត​មាន​ឡើង ​ខណៈ​ដែល​អ្នក​រិះគន់បាន​ចោទ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី Narendra Modi ថា ​កាន់​តែលែង​ទទួល​យកសំឡេង​រិះគន់​ប្រឆាំង​នានា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG