ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ពង្រឹង​សន្ដិសុខ​បន្ថែម​ទៀត ខណៈ​មាន​ការ​ខឹង​សម្បា​នឹង​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី


ពលរដ្ឋ​ឥណ្ឌា​កាន់​ទង់ជាតិ​ និង​បដា​នោ​ក្នុង​ការ​តវ៉ា​មួយ​រៀបចំ​ដោយ​អង្គការ​កាន់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​ នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩។
ពលរដ្ឋ​ឥណ្ឌា​កាន់​ទង់ជាតិ​ និង​បដា​នោ​ក្នុង​ការ​តវ៉ា​មួយ​រៀបចំ​ដោយ​អង្គការ​កាន់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​ នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩។

អាជ្ញាធរ​ឥណ្ឌា​បាន​ពង្រឹង​សន្ដិសុខ​បន្ថែម​ទៀត និង​បាន​កាត់ផ្ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​សមាជិក​គណបក្ស​កាន់​អំណាច​មាន​គម្រោង​នឹង​រៀបចំ​ការ​ដើរ​ដង្ហែ​ក្បួន​នានា​ដែល​គាំទ្រ​ដល់​ច្បាប់​ថ្មី​ស្ដី​ពី​ការ​ទទួល​បាន​សញ្ជាតិ។ ប៉ុន្តែការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ​កំពុង​តែ​ខ្លាំងក្លា​ឡើង។

មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​បាន​និយាយ​ថា រដ្ឋាភិបាល​រំពឹង​ថា មន្ត្រី​សន្ដិសុខ​នៅ​ក្នុង​រដ្ឋ​ទាំងអស់​នឹង​ត្រូវ​ធ្វើការ​នៅ​ថ្ងៃ​មុន​បុណ្យ​ណូអែល​និង​ពេញ​មួយ​សប្ដាហ៍​តែ​ម្ដង។

មន្ត្រី​សន្ដិសុខ​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​ទីក្រុង​ញូវដេលី បាន​និយាយ​ថា៖ «យើង​ចង់​ឱ្យ​ប៉ូលិស​ទប់ស្កាត់​ការ​ផ្ទុះ​អំពើ​ហិង្សា ប៉ុន្តែ​យើង​ក៏​ទទួល​ស្គាល់​ថា ស្ថានភាព​នេះ​អាច​អាក្រក់​រហូត​ដល់​ទប់ទល់​លែង​បាន ​ដូច្នេះ​កងកម្លាំង​យោធា​នឹង​ត្រូវ​ដាក់​បញ្ឈរជើង​នៅ​តាម​ទីផ្សារ​និង​ទី​សាធារណៈ​នានា‍»។​

ការ​តវ៉ា​យ៉ាង​ហោចណាស់​ចំនួន​២០​ដែល​គាំទ្រ​ឬ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះគ្រោង​នឹង​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​នានា។ អ្នក​តវ៉ា​មក​ពី​ភាគី​ទាំងសងខាង​បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ដើម្បី​ឲ្យ​មនុស្សម្នា​នាំ​គ្នា​ចេញ​មក​តវ៉ា​នៅ​ថ្ងៃ​បុណ្យ​ណូអែល​និង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី។

ច្បាប់​វិសោធនកម្ម​សញ្ជាតិ​ហៅ​កាត់​ថា CAA មាន​គោលបំណង​ពន្លឿន​ការ​ផ្ដល់​សញ្ជាតិ​ដល់​អ្នក​កាន់​សាសនា​ហិណ្ឌូ សាសនា​ប៉ាស៊ី សាសនា​ឥស្លាម​និកាយ Sikhs សាសនា​ព្រះពុទ្ធ សាសនា​គ្រិស្ត ​និង​សាសនា​ដទៃទៀត ដែល​បាន​មក​ដល់​ប្រទេស​ឥណ្ឌា​មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​ពួកគេ​ទាំងនោះ​មក​ពី​ប្រទេស​សម្បូរ​អ្នក​កាន់​សាសនា​ឥស្លាម គឺ​ប្រទេស​អាហ្វហ្គានីស្ថាន បង់ក្លាដែស និង​ប៉ាគីស្ថាន។ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ និង​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​រដ្ឋ Assam។ អ្នក​តវ៉ា​ភ័យ​ខ្លាច​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​រស់នៅ​ដោយ​ស្របច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស​ក្លាយ​ទៅ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់៕

XS
SM
MD
LG