ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​សង់​បង្គន់​របស់​ឥណ្ឌា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លទ្ធផល​ចម្រុះ​គ្នា


រូបភាព​ឯកសារ៖ បុគ្គលិក​ម្នាក់​បង្ហាញ​បង្គន់​ដល់​អតិថិជន​នៅ​ក្នុង​បន្ទប់​តាំង​បង្ហាញ​មួយ​នៅ​ក្នុង​ក្រុង Amritsar ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

បង្គន់​សរុប​ចំនួន​១១០លាន​បង្គន់​ត្រូវ​បាន​គេ​សាងសង់​​ក្នុង​រយៈពេល​៦០ខែ​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៦០០លាន​នាក់។

ដោយ​បាន​លើក​ឡើង​ពី​តួលេខ​ខាង​លើ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ Narendra Modi បាន​ប្រកាស​កាលពី​ថ្ងៃទី២ ខែតុលា ថា ការ​បន្ទោរបង់​ក្រៅ​បង្គន់​នៅ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​បញ្ចប់​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​ឃើញ​មាន​លទ្ធផល​ចម្រុះ​គ្នា​សម្រាប់​កម្មវិធី​សាងសង់​បង្គន់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ។ រដ្ឋាភិបាល​ឥណ្ឌា​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​នេះ​កាលពី​៥ឆ្នាំ​មុន។​

ខណៈ​ដែល​មាន​ការ​ខិតខំប្រឹងប្រែង​ក្នុង​ការ​ផ្តល់​បង្គន់​នៅ​ក្នុង​ភូមិ​រាប់​ម៉ឺន​កន្លែង​ អ្នក​ជំនាញ​និយាយ​ថា ការ​បន្ទោរបង់​ក្រៅ​បង្គន់​មិន​ទាន់​ត្រូវ​បាន​លុបបំបាត់​នោះ​ទេ​នៅ​ក្នុង​ប្រទេស​ ដែល​ចាត់​ទុក​ការ​បន្ទោរបង់​នៅ​ទីវាល​ជា​រឿង​ធម្មតា ហើយ​ពលរដ្ឋ​មិន​ទាន់​មាន​បង្គន់​គ្រប់​គ្នា​នៅ​ឡើយ។

បទពិសោធន៍​របស់​អ្នកស្រី Komal Godiwal អាយុ​៣៧ឆ្នាំ ដែល​បាន​ធ្វើ​ចំណាកស្រុក​ពី​ភូមិ​កំណើត​នៅ​ក្នុង​រដ្ឋ​ Rajasthan នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​នៅ​ក្នុង​ក្រុង​ញូវដេលី បង្ហាញ​ឲ្យ​ឃើញ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​បេសកកម្ម «ឥណ្ឌា​ស្អាត» របស់​លោក​នាយករដ្ឋមន្ត្រី Modi ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​២០ពាន់​លាន​ដុល្លារ​។

ដូច​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​លាន​នាក់ទៀត​ដែរ កាលពី​២ឆ្នាំ​មុន អ្នកស្រី​ប្រញាប់​ត្រឡប់​ទៅ​ភូមិ​របស់​អ្នកស្រី​វិញ នៅ​ពេល​អ្នកស្រី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​២០០ដុល្លារ​ដើម្បី​សង់​បង្គន់។ ប្អូនស្រី​របស់​អ្នកស្រី​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ។​ ប្អូនស្រី​របស់​អ្នកស្រី​ក៏​ប្រើប្រាស់​បង្គន់​ជាមួយ​នឹង​អ្នកស្រី​ដែរ។ អ្នក​រិះគន់​បាន​រិះគន់​ថា ការ​ឧបត្ថម្ភ​ប្រាក់​ដើម្បី​សាងសង់​បង្គន់​មិន​មាន​ភាព​ស្មើ​គ្នា​នោះ​ទេ។

ទោះ​ជា​អ្នកស្រី​មាន​មោទនភាព​នឹង​ការ​មាន​បង្គន់​ប្រើប្រាស់​យ៉ាង​ណា​ក្តី ក៏​អ្នកស្រី Godiwal នៅ​តែ​មាន​បញ្ហា​អនាម័យ​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​ក្នុង​ទីក្រុង ដែល​ជា​ផ្ទះ​សម្បែង​របស់​អ្នក​ធ្វើ​ចំណាកស្រុក​ក្រីក្រ​រាប់​ពាន់​នាក់ ដូច​ជា​អ្នកស្រី​។ អ្នកស្រី​និង​គ្រួសារ​របស់​អ្នកស្រី​ប្រើ​បន្ទប់ទឹក​រួម​ជាមួយ​នឹង​មនុស្ស​៨គ្រួសារ​ផ្សេង​ទៀត។ អ្នកស្រី​និយាយ​ថា អ្នកស្រី​ត្រូវ​ក្រោក​មុន​ម៉ោង​៥ព្រឹក បើ​មិន​ដូច្នេះ​ទេ បន្ទប់​ទឹក​នឹង​ទៅ​ជា​កខ្វក់​ខ្លាំង ហើយ​មាន​អ្នក​តម្រង់​ជួរ​ចាំ​យ៉ាង​វែង​ទៀត​ផង។

កាលពី​៥ឆ្នាំ​មុន ប្រទេស​ឥណ្ឌា​ជា​ប្រទេស​មាន​មនុស្ស​ចំនួន​៦០០លាន​នាក់​បន្ទោរបង់​ក្រៅ​បង្គន់ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក។ ពួកគេ​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជនបទ ​ដែល​មិន​សូវ​មាន​បង្គន់​ប្រើប្រាស់​នោះ​ទេ​ ដោយសារ​តែ​វប្បធម៌​ប្រពៃណី​រាប់​សតវត្សរ៍មក​ហើយ ហាម​មិន​ឲ្យ​មាន​បង្គន់​នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​នឹង​ផ្ទះ​បាយឬ​បន្ទប់​អធិដ្ឋាន។

ចាប់​តាំង​ពី​ពេល​នោះ​មក ចំនួន​ប្រជាពលរដ្ឋ​ដែល​គ្មាន​បង្គន់​បន្ទោរ​បង់​បាន​ថយ​ចុះ ដោយសារ​តែ​ប្រទេស​ឥណ្ឌា​កំពុង​ប្រឹងប្រែង​សាងសង់​បង្គន់​រាប់​លាន តាមរយៈ​ការ​ប្រើប្រាស់​ការ​រចនាបថ​ធូរ​ថ្លៃ ដែល​រួមមាន​ការ​សង់​បង្គន់​មាន​រណ្តៅ​ភ្លោះ។ កាកសំណល់​ត្រូវ​បាន​គេ​បង្ហូរ​ចេញ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ​ទៀត ហើយ​វា​នឹង​ផុយរលួយ​ក្នុង​រយៈពេល​ណា​មួយ។

រូបភាព​ឯកសារ៖ បង្គន់​ចំហ​មួយ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​វាល​មួយ​ក្នុង​ក្រុង Gorba រដ្ឋ Chhattisgarh ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
រូបភាព​ឯកសារ៖ បង្គន់​ចំហ​មួយ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​វាល​មួយ​ក្នុង​ក្រុង Gorba រដ្ឋ Chhattisgarh ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​រិះគន់​លើកឡើង​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ចង់​សម្រេច​គោលដៅ​នេះ​ខ្លាំង​ពេក​អាច​នឹង​បំប៉ោង​តួលេខ ដោយសារ​តែ​កាលកំណត់​ត្រូវ​បាន​គេ​កំណត់​យក​ដើម្បី​ប្រកាស​ថា ប្រទេស​ឥណ្ឌា មិន​មាន​ការ​បន្ទោរបង់​ក្រៅ​បង្គន់​ទៀត​នោះ​ទេ នៅ​ត្រឹម​ថ្ងៃទី២ ខែតុលា ដែល​កាល​បរិច្ឆេទ​នេះគឺ​ជាខួប​កំណើត​លើក​ទី១៥០ របស់​លោក Mahatma Gandhi ដែល​ជា​មេដឹកនាំ​នៃ​ការ​ទាមទារ​យក​ឯករាជ្យ​របស់​ឥណ្ឌា។​

លោក Nazar Khalid ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​សេដ្ឋកិច្ចនៅ​ទីក្រុង ញូវដេលី ដែល​ជា​វិទ្យាស្ថាន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​និង​ធ្វើ​ការ​លើ​បញ្ហា​អនាម័យ និង​កុមារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ លោក​និយាយ​ថា «ចលនា​នេះ​ទាំង​មូល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បំពេញ​បេសសកម្ម​មួយ។ ពួកគេ​ត្រូវ​សម្រេច​ឲ្យ​បាន​ទៅ​តាម​គោលដៅ​»។ លោក​ចោទប្រកាន់​ថា នៅ​កន្លែង​មួយ​ចំនួន​ មនុស្សម្នា​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចង់​បង្ហាញ​ពី​ភាពរីកចម្រើន​បង្ខំ​ឲ្យ​សង់​បង្គន់។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​នេះ​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​រដ្ឋ​ធំៗ​ចំនួន​៤​របស់​ឥណ្ឌា​រក​ឃើញ​ថា ការ​ទទួល​បាន​បង្គន់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​បាន​កើន​ពី​៣៧%កាល​ពី​ឆ្នាំ២០១៤ ដល់​៧១%​កាល​ពី​ឆ្នាំ​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​ប្រមាណ​ជា​១/៤​ដែល​មាន​បង្គន់​នៅ​តែ​បន្ត​បន្ទោរបង់​ក្រៅ​បង្គន់ ដោយសារ​តែ​ពួកគេ​យល់​ថា វា​ជា​ការ​ល្អ និង​មាន​សុខភាព​ល្អ ហើយ​ក៏​ជា​ឱកាស​មួយ​ក្នុង​ការ​ទទួល​បាន​ខ្យល់​បរិសុទ្ធ ឬ​មើល​វាលស្រែ​របស់​ពួកគេ។

រដ្ឋាភិបាល​បាន​ច្រានចោល​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ ដោយ​និយាយ​ថា គ្រួសារ​ចំនួន​៣២៣៥​ដែល​ចូលរួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នោះ​គឺ​ជា​ចំនួន​តិចតួច​ខ្លាំង មិន​អាច​តំណាង​ឲ្យ​គ្រួសារ​រាប់​លាន​នាក់​ដែល​ជា​គោលដៅ​នៃ​បេសកកម្ម​សង់​បង្គន់​បាន​ទេ។

កិច្ចប្រឹងប្រែង​ជា​សាធារណៈ​របស់​បេសកកម្ម​ ឥណ្ឌា​ស្អាត មាន​បំណង​ផ្លាស់ប្តូរ​ឥរិយាបថ​បន្ទោរបង់​ក្រៅ​បង្គន់ ទៅ​ជាការ​បន្ទោរបង់​ក្នុង​បង្គន់​វិញ។

អ្នក​ស្ម័គ្រចិត្ត​ក្នុង​ភូមិ​ជិត​កន្លះ​លាន​នាក់ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​របៀប​ដែល​ការ​បន្ទោរបង់​ក្រៅ​បង្គន់​ជា​ប្រភព​នៃ​ការ​បង្ក​ជា​ជំងឺ ដូចជា​ជំងឺ​រាគរូស ជំងឺ​គ្រុន​ពោះវៀន និង​ជំងឺ​ដែល​ឆ្លង​តាម​សត្វល្អិត​ជាដើម។ ការ​ផ្សព្វផ្សាយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​សូម្បី​តែ​ភាពយន្ត Bollywood​ ដែល​សម្តែង​ដោយ​តារា​ល្បីៗ​ក៏​បាន​លើក​យក​បញ្ហា​នេះ​និង​សង្កត់ធ្ងន់​ពី​របៀប​ដែល​បង្គន់​នៅ​ក្នុង​ផ្ទះ​បង្កើន​សុវត្ថិភាព​សម្រាប់​ស្ត្រី ជាជាង​បន្ទោរ​នៅ​ទីវាល​នៅ​ពេល​ងងឹត​ផង​ដែរ។

អ្នក​ជំនាញ​អនាម័យ​ជាច្រើន​សង្កត់​ធ្ងន់​ថា ទោះ​ជា​នៅ​តែ​មាន​បញ្ហា​ក្តី ប៉ុន្តែ​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ច្រើន។

លោក V.K. Madhavan ប្រធាន​អង្គការ WaterAid ប្រចាំ​ប្រទេស​ឥណ្ឌា ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញនិង​ធ្វើ​ការ​លើ​បញ្ហា​អនាម័យ​និយាយ​ថា «យើង​ត្រូវ​មើល​បញ្ហា​នេះ​ក្នុង​បរិបទ​ប្រទេស​ឥណ្ឌា​ដែល​មាន​ទំហំ​ធំ»។

លោក Madhavan​ បាន​និយាយ​ថា «ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​ថា ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៅ​មាន​ចន្លោះប្រហោង​និង​ចំណុច​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ភាព​រីកចម្រើន​ដែល​មាន​ និង​អ្វី​ដែល​ត្រូវ​បាន​សម្រេច​នឹង​ផ្លាស់ប្តូរ​សូចនាករស្តីពី​អនាម័យ​សកលលោក»។

អ្នកស្រី Godiwal ដែល​ធំធាត់​ដោយ​ការ​បន្ទោរបង់​នៅ​ទីវាល​ បាន​រៀបរាប់​ពី​ការ​ផ្លាស់ប្តូរ​ដែល​អ្នកស្រី​បាន​ឃើញ​ នៅ​ក្នុង​ពេល​អ្នកស្រី​ទៅ​លេង​ភូមិ​ក្នុង​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នកស្រី​និយាយ​ថា មនុស្ស​វ័យ​ក្មេង​ភាគច្រើន​បាន​ឈប់​បន្ទោរបង់​ក្រៅ​បង្គន់​ហើយ។

អ្នកស្រី​និយាយ​ថា ទោះ​ជា​យ៉ាង​ណា​ក្តី​ មនុស្ស​ចាស់​មាន​ការ​ពិបាក​នឹង​បញ្ឈប់​ទម្លាប់​ដ៏​យូរ​អង្វែង​មួយ​នេះ។ ​

អ្នកស្រី​និយាយ​ដោយ​សើច​ថា៖ «ប្អូន​ប្រុស​របស់​ខ្ញុំ​ស្តី​ឲ្យ​ម្តាយ​របស់​ខ្ញុំ ប្រសិន​បើ​គាត់​បន្ទោរបង់​នៅ​ទីវាល។ ប៉ុន្តែ​ម្តាយ​ខ្ញុំ​ក្រោក​ពី​ព្រលឹម​ ហើយ​ទៅ​បន្ទោរបង់​ដោយ​ស្ងាត់ៗ ដោយសារ​តែ​គាត់​ចូលចិត្ត​ការ​បន្ទោរបង់​នៅ​ទីវាល​ជាង»។ ទន្ទឹម​នឹង​នេះ អ្នកស្រី​មាន​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​បង្គន់​ដែល​អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​នៅ​តំបន់​អាណាធិបតេយ្យ​របស់​អ្នកស្រី។

ការ​ផ្ដល់​បង្គន់​ដល់​អ្នកក្រីក្រ​និង​អ្នក​ដែល​សង្គម​មិន​សូវ​ខ្វាយខ្វល់ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ «ដំណាក់កាល​ចុងក្រោយ» ដោយសារ​តែ​ពួកគេ​ភាគច្រើន​មិន​ត្រូវ​បាន​គេ​បញ្ចូល​នៅ​ក្នុងកម្មវិធី​របៀប​នេះ​ទេ។

លោក Madhavan និយាយ​ថា «បញ្ហា​គឺ​ថា​ នៅ​ក្នុង​ប្រទេស​របស់​យើង មាន​អ្នក​ក្រ​ជាច្រើន ដូច្នេះ​ជីវភាព​របស់​ពួកគេ​មាន​ការ​លំបាក ហើយ​បញ្ហា​អនាម័យ​មិន​មែន​ជា​អាទិភាព​របស់​ពួកគេ​នោះ​ទេ»។

ទន្ទឹម​នឹង​នេះ លោក​មាន​ទំនុកចិត្ត​លើ​កម្មវិធី​នេះ ដោយសារ​និយាយ​ថា នៅ​ពេល​ណា​មួយ​ «វា​នឹង​ក្លាយ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​មាន​បង្គន់»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG