ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​ច្បាប់​សញ្ជាតិ​​នៅ​ឥណ្ឌា​រើសអើង​ប្រឆាំង​មូស្លីម​នៅតែ​រីករាល​ដាល


និស្សិតចូលរួមធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិ​ នៅក្រុង Kochi ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
និស្សិតចូលរួមធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិ​ នៅក្រុង Kochi ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់ថ្មី​ដែល​ផ្តល់​សញ្ជាតិ​ដល់​ជន​មិន​មែន​មូស្លីម​មកពី​ប្រទេស​ជិតខាង​បាន​បន្ត​រីករាល​ដាល​ពាសពេញ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃពុធ ទោះបីជា​មាន​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​បង្ក្រាប​ពួក​គេ​ក៏​ដោយ។​

បន្ទាប់​ពី​តុលាការ​កំពូល​ពន្យារពេល​សវនាការ​ប្តឹង​ប្រឆាំង​នឹង​ច្បាប់​នេះ​ ​សកម្មភាព​បាតុកម្ម​បាន​ផ្ទុះ​ឡើង​នៅ​តំបន់ ​Gahuati, Chennai, រដ្ឋ Tamil Nadu ​ភាគ​ខាង​ត្បូង​និង​នៅ​ទីក្រុង Mumbai ដែល​ជាទី​ក្រុង​ពាណិជ្ជកម្ម។​ការ​តវ៉ាក៏​បាន​រាលដាល​ដល់​តំបន់​ Srinagar ​ដែល​ជាតំបន់​ទេសចរណ៍របស់រដ្ឋ​ Jaipur ​រដ្ឋ Rajasthan ​និង​រាលដាល​ដល់​ទៅ​រដ្ឋ​ Kochi​ ផង​ដែរ។​

បាតុករ​រាប់រយ​នាក់​បានស្រែក​ពាក្យ​ស្លោក​និង​បង្ហាញ​រូបភាព​ប៉ូលិស​ចោទ​ប្រកាន់​និស្សិត​ដែល​គ្មាន​អាវុធ​នៅខាង​ក្រៅ​សាកល​វិទ្យាល័យ ​Jamia Millia Islamia ​ក្នុងទីក្រុង​ញូវដែលី​ដែល​ជា​កន្លែង​មាន​ការ​ប៉ះទង្គិច​គ្នាដ៏ធំមួយ​កាលពី​ថ្ងៃ​អាទិត្យ។​

អាជ្ញាធរ​បាន​ព្យាយាម​រារាំង​ការតវ៉ា​ ដោយ​ពង្រីក​ការ​បិទ​បណ្តាញ​អ៊ីនធឺណិត​ និង​បំរាម​គោចរ​នៅ​រដ្ឋ​ Assam។ ​ប៉ូលិស​ក៏បាន​រឹតត្បិត​ការ​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​សហគមន៍​មូស្លីម​នៅ​ទីក្រុង​ញូវដេលី​ជា​កន្លែង​ដែល​បាតុកម្ម​បាន​ដុត​ប៉ុស្តិ៍​ប៉ូលិស​និង​រថយន្ត​ជាច្រើន​កាល​ពីថ្ងៃ​អង្គារ។​

ច្បាប់​ថ្មីនេះ​នឹង​ពន្លឿន​ការចូល​សញ្ជាតិ​សម្រាប់​ជនជាតិ​ភាគ​តិច​ចំនួន​ប្រាំមួយ​ដែល​មិនមែន​ជា​មូស្លីមដូចជា​អ្នក​កាន់​សាសនា​ Hindus, Sikhs ​និង​គ្រីស្ទ​សាសនា​ដែល​ភៀសខ្លួន​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពីប្រទេស​ចំនួន​៣​គឺ​ប្រទេស​ប៉ាគីស្ថាន ​អាហ្វហ្គានីស្ថាន​និង​បង់ក្លាដែស។​

ទោះជាយ៉ាង​ណា​ វិសោធន​កម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​កាលពី​សប្តាហ៍មុន​នៅក្នុង​សភា​និង​ព្រឹទ្ធ​សភា​ឥណ្ឌា៕

XS
SM
MD
LG