ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ឥណ្ឌា​លុបចោល​ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ


ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ស្តីពីសញ្ជាតិ នៅ​ក្រុង Gauhati ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ស្តីពីសញ្ជាតិ នៅ​ក្រុង Gauhati ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ជំរុញ​ឲ្យ​ប្រទេស​ឥណ្ឌា​លុបចោល​ច្បាប់​ថ្មី​ស្ដី​សញ្ជាតិ​របស់​ខ្លួន។ ការិយាល័យ​សិទ្ធិមនុស្ស​នោះ​បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​រើសអើង​អ្នក​កាន់​សាសនា​ឥស្លាម។

ការ​តវ៉ា​ដ៏​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋ Assam និង​រដ្ឋ Tripura ក្នុង​ប្រទេស​ឥណ្ឌា​ក្រោយ​ពី​មានការ​អនុម័ត​ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​របស់​ឥណ្ឌា​កាលពី​ពេល​ថ្មីៗ​នេះ។ ការ​តវ៉ា​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​បី​នាក់ និង​របួស​ជាច្រើន​នាក់​ទៀត ដោយ​រួម​មាន​ទាំង​មន្ត្រី​ប៉ូលិស​ផង​ដែរ។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បង្ក្រាប​ដ៏​សាហាវ​ឃោរឃៅ ​ទៅ​លើ​អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ ដែល​ការិយាល័យ​នេះ​បាន​ហៅ​ច្បាប់​នេះ ថា​មាន​លក្ខណៈ​រើសអើង​មូលដ្ឋាន។ ច្បាប់​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នេះ​ផ្ដល់​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ដល់​អ្នក​កាន់​សាសនា​ភាគតិច​ចំនួន​៦​សាសនា ​ដែល​រត់​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន បង់ក្លាដែស និង​ប៉ាគីស្ថាន។

ប៉ុន្តែ​លោក Jeremy Laurence អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ច្បាប់​នេះ​មិន​ផ្ដល់​ការ​ការពារ​ដូចគ្នា​នេះ​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម​នោះ​ទេ។

លោក Laurence បាន​ថ្លែង​ថា៖ «ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ខូច​ការ​តាំងចិត្ត​ចំពោះ​ការ​សម្រេច​ឲ្យ​បាន​នូវ​សមភាព ដូច​មាន​ក្នុង​ច្បាប់​នេះ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ឥណ្ឌា និង​កាតព្វកិច្ច​របស់​ឥណ្ឌា ក្រោម​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដី​ពី​សិទ្ធិមនុស្ស​និង​សិទ្ធិ​នយោបាយ និង​អនុសញ្ញា​សម្រាប់​លុបបំបាត់​ការ​រើសអើង​ជាតិសាសន៍ ដែល​ឥណ្ឌា​គឺ​ជា​ប្រទេស​ហត្ថលេខី»។

លោក Laurence និយាយ​ថា ច្បាប់​ស្ដី​ពី​សញ្ជាតិ​របស់​ឥណ្ឌា អាច​បំពាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ទាំង​នេះ ដែល​ហាមឃាត់​ការ​រើសអើង​ជាតិសាសន៍ ជន​ជាតិ ឬ​សាសនា។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ថ្វីត្បិត​តែ​ច្បាប់​ចូល​សញ្ជាតិ​របស់​ឥណ្ឌា​ដែល​ទូលំទូលាយ​ជាង​នេះ​នៅ​តែ​មាន​ក៏​ដោយ ក៏​វិសោធនកម្ម​ច្បាប់​នេះ​នឹង​មាន​លក្ខណៈ​រើសអើង​ទៅ​លើ​ការ​ទទួល​បានសញ្ជាតិ​របស់​ប្រជាពលរដ្ឋ។ ​ មិន​ថា​ស្ថានភាព​អន្តោប្រវេសន៍​របស់​ពួកគេ​យ៉ាងណា​នោះ​ទេ ជនអន្តោប្រវេសន៍​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​ការ​គោរព ការ​ការពារ និង​ការ​បំពេញ​ទៅ​តាម​សិទ្ធិមនុស្ស​របស់​ពួកគេ‍»។

គណបក្ស​នយោបាយ​មូស្លីម​មួយ​រួម​ជាមួយ​នឹង​បណ្ដា​មេធាវី​និង​អង្គការ​សិទ្ធិមនុស្ស​នានា បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ច្បាប់នេះ​ទៅ​កាន់​តុលាការ​កំពូល​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​បាន​អះអាង​ថា ច្បាប់​នេះ​បំពាន​រដ្ឋធម្មនុញ្ញ​ដែល​មិន​រើសអើង​សាសនា​របស់​ប្រទេស​ឥណ្ឌា។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​សង្ឃឹម​ថា ចៅក្រម​នឹង​ពិចារណា​ទៅ​លើ​ថា​តើ​ច្បាប់​នេះ​ស្រប​ជាមួយ​នឹង​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​ឥណ្ឌា​ដែរ​ឬ​យ៉ាង​ណា៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG