ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាស្ត្រាចារ្យ​ច្បាប់៖ ស្ថាប័ន​ព្រះមហាក្សត្រ​​ដែល​មាន​អំណាច​ពិត​ប្រាកដ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ


រូបឯកសារ៖ ព្រះបាទ​នរោត្តម សីហមុន្នី (ស្តាំ) និង​លោក ហេង សំរិន (ឆ្វេង) ប្រធាន​រដ្ឋសភាជាតិ នៅ​ក្នុង​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០០៨។
រូបឯកសារ៖ ព្រះបាទ​នរោត្តម សីហមុន្នី (ស្តាំ) និង​លោក ហេង សំរិន (ឆ្វេង) ប្រធាន​រដ្ឋសភាជាតិ នៅ​ក្នុង​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០០៨។

ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤ ក្នុង​គោល​បំណង​ជួយ​ព្រះមហាក្សត្រ ដើម្បី​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ។

សាស្ត្រាចារ្យ​ច្បាប់​ខ្មែរ​មួយ​រូប​លើកឡើង​ថា ប្រទេស​កម្ពុជា​គួរ​តែ​ផ្ដល់​ព្រះរាជ​តួនាទី​និង​អំណាច​ពិតប្រាកដ​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ ដើម្បី​ធានា​ឯករាជ្យភាព​នៃ​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​នេះ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ស្ថាប័ន​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​និង​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល ​ឬ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុងក្រោយ​នេះ ទោះ​បី​ជា​រដ្ឋ​ធម្មនុញ្ញ​បាន​ធានា​ការ​បែកចែក​អំណាច​ដាច់​ពី​គ្នា​រវាង​នីតិបញ្ញត្តិ​ឬ​សភា នីតិប្រតិបត្តិ​ឬ​រដ្ឋាភិបាល​ និង​អំណាច​តុលាការ​ក៏​ដោយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី«Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ១៣ ខែ​មិថុនា​នេះ​ថា៖

«ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ​អាច​ជា​ជម្រើស​ល្អ ប្រសិន​ជា​អនុញ្ញាត​ឲ្យ​ព្រះ​មហាក្សត្រ ព្រះអង្គ​អាច​សម្ដែង​នូវ​អំណាច​ខ្លះ​ ដើម្បី​បំពេញ​តួនាទី​របស់​ព្រះអង្គ ដើម្បី​ធានា​នូវ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ ពីព្រោះ​បើ​យើង​ពិនិត្យ​ជាក់​ស្ដែង​ទៅ​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ហ្នឹង ព្រះ​អង្គ​គ្មាន​អំណាច​ស្អី​ទេ»។

ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤ ក្នុង​គោល​បំណង​ជួយ​ព្រះមហាក្សត្រ ដើម្បី​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ។

ប៉ុន្តែ ថ្វី​ត្បិត​តែ​ច្បាប់​នេះ​បាន​កំណត់​ដាក់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ឲ្យ​ស្ថិត​នៅ​ក្រោម​ព្រះ​រាជា​ធិប​តី​ភាព​នៃ​ព្រះមហាក្សត្រ​ក៏​ដោយ ក៏​សាស្ត្រាចារ្យ​ច្បាប់​រូប​នេះ​មើល​ឃើញ​ថា ព្រះអង្គ​គ្មាន​អំណាច​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​សំខាន់ៗ​អ្វី​ឡើយ។

«ព្រះអង្គ​មាន​អំណាច​តិច​មែនទែន ហើយ​អ្នក​ដែល​មាន​អំណាច​ពិតប្រាកដ​ហ្នឹង គឺ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ទេ ហើយ​បើ​យើង​ពិនិត្យ​ទៅ​លើ​តួនាទី​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គាត់​ជា​សេនាធិការ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទេ»។

រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​នេះ បាន​កំណត់​ថា ព្រះមហាក្សត្រ​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។

អ្នកវិភាគ​ខ្លះលើក​ឡើង​ថា ការ​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​ព្រះមហាក្សត្រ​គ្រងរាជ្យ​តែ​មិន​កាន់​អំណាច​នេះ គឺ​ដើម្បី​បង្ការ​អ្វី​មួយ​ដែល​គេ​ហៅ​ថា​របប​រាជា​និយម​ផ្ដាច់​ការ​ ដែល​មាន​ព្រះមហាក្សត្រ គ្រងរាជ្យ​និង​មាន​អំណាច​សម្រេច​កិច្ចការ​គ្រប់​បែប​យ៉ាង​នោះ។

លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ចូលរួម​ជា​វាគ្មីន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

ប៉ុន្តែ លោក យឿង សុធារ៉ា យល់​ថា ការ​ផ្ដល់​អំណាច​ខ្លះ​ដល់​ព្រះមហាក្សត្រ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ មិន​អាច​នាំ​ប្រទេស​ឲ្យ​ធ្លាក់​ទៅ​ក្នុង​របប​រាជា​និយម​ផ្ដាច់​ការ​ណា​មួយ​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ លោក​ថា ការ​ធ្វើ​បែប​នេះ អាច​ជួយ​ធានា​ឲ្យ​មាន​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ទៅ​វិញ​ទេ។

«បើ​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​មាន​តួនាទី​ខ្លះ​ធានា​នូវ​ឯករាជ្យ​ភាព ​ហើយ​អនុវត្ត​អំណាច​ខ្លះ​នៅ​ក្នុង​សមាសភាព​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម វា​អត់​មាន​បញ្ហា​អី​ទេ​សម្រាប់​ខ្ញុំ»។

នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​មាន​ការ​បកស្រាយ​ច្បាប់​ណា​មួយ​ផ្សេង​គ្នា​ ឬ​ផ្ទុយ​គ្នា​ពី​សំណាក់​អ្នក​ច្បាប់ ​និង​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្សេង​គ្នា​នោះ គេ​ពិបាក​រក​ស្ថាប័ន​អាជ្ញា​កណ្ដាល​ដែល​អព្យាក្រឹត​ និង​ឥត​លម្អៀង​បាន​ណាស់ ដោយសារ​ស្ថាប័ន​ដែល​មាន​ស្រាប់​ ឬ​ទើប​បង្កើត​ថ្មី ដែល​ត្រូវ​ទទួល​បន្ទុក​ពិនិត្យ​មើល​ការ​បកស្រាយ​ច្បាប់​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​ឬ​មិន​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ ពីព្រោះ​តែថ្នាក់​ដឹកនាំ​ ឬ​សមាជិក​នៃស្ថាប័ន​យុត្តិធម៌​ទាំង​នោះ​គឺ​ជា​សមាជិក​គណបក្ស​នយោបាយ។

«ប្រសិន​បើ​មន្ត្រី​តុលាការ ដូចជា​ចៅក្រម ​គាត់​ជា​សមាជិក​គណបក្ស​នយោបាយ អា​ហ្នឹង​ចង់​មិន​ចង់ ទោះ​បី​ជា​គាត់​ខំ​ព្យាយាម​ស្រែក ព្យាយាម​តាំង​ខ្លួន​ធានា​ថា គាត់​អនុវត្ត​តួនាទី​របស់​គាត់​ឲ្យ​ឯករាជ្យ​ ឲ្យ​ត្រឹមត្រូវ ឲ្យ​យុត្តិធម៌ តែ​បើ​គាត់​ជា​សមាជិក​របស់​គណបក្ស ហើយ​មាន​រឿង​ក្ដី​ជំទាស់​នឹង​គណបក្ស​របស់​គាត់​ អា​ហ្នឹង​ការ​អនុវត្ត​តួនាទី​និង​អំណាច​របស់​គាត់ ចង់​ឬ​មិន​ចង់ ត្រូវ​តែ​មិន​ឯករាជ្យ​ហើយ ទោះ​បី​ជា​ធ្វើ​ឯករាជ្យ​យ៉ាង​ណា ក៏​គេ​មើល​ទៅ​មិន​ឯករាជ្យ​ដែរ »។

ដូច្នេះ លោក​បន្ថែម​ថា ការ​ផ្ដល់​អំណាច​ពិតប្រាកដ​ខ្លះ​ដល់​ព្រះមហាក្សត្រ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ នឹង​អាច​រួម​ចំណែក​ធានា​ឲ្យ​មាន​ឯករាជ្យភាព​នៃ​ស្ថាប័ន​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG