ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អង្គ វង្ស​វឌ្ឍនា​ បដិសេធ​ថា​ ក្រសួង​យុត្តិធម៌​មិន​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​តុលាការ​នោះ​ទេ

លោក​អង្គ​ វង្ស​វឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​​​ដើរ​ចេញ​ពី​សាល​ប្រជុំ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ស្នើរសុំ​ដោយ​គណបក្ស​ប្រឆាំង​ឲ្យមាន​ការ​បកស្រាយ​អំពី ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ (ឡេង ឡែន/VOA)

លោករដ្ឋមន្ត្រី​យុត្តិធម៌​​ថា ​ការងារ​តុលាការ​ជា​ការងារ​ដាច់​ពី​ក្រសួង​ មិន​មែន​ជា​ការ​បង្គាប់​បញ្ជា​របស់​ក្រសួង​យុត្តិធម៌​ទេ។

បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​ឧសភា​ ដោយ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ការ​បកស្រាយ​បំភ្លឺ​អំពី​ចំណាត់ការ​របស់​តុលាការ​លើ​ការ​ឃុំខ្លួន​អ្នក តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង និង​មន្រ្តី​សិទ្ធិ​មនុស្ស​ជាន់ខ្ពស់​បួន​រូប​ទៀត​កន្លង​មក​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ចូលបំភ្លឺ​នៅ​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា​ថា ក្រសួង​យុត្តិធម៌​មិន​មាន​សមត្ថកិច្ច​ជ្រៀតជ្រែក​លើ​ការ​សម្រេច​ចិត្ត​របស់តុលាការ​នោះ​ទេ។​ លោក​ថា ​ចៅក្រម​សាកសួរ​ជា​អ្នក​មាន​សិទ្ធិ​លើ​និតិវិធី​លើ​ជន​ត្រូវ​ចោទ។

លោក គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មានថា​៖​«ក្រសួង​យុត្តិធម៌​មិន​ពាក់​ព័ន្ធ​នឹង​ករណី​លោក​កឹម សុខា​ទេ»​នៅ​វិមាន​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​វិមាន​រដ្ឋសភា​ដែល​មិន​មាន​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ណា​មួយ​មក​ចូលរួម លោក ​គឹម ​សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​មាន​ការ​បកស្រាយ​ដោយ​លោក​ អង្គ វង្សវឌ្ឍនា​ ជូន​កិច្ច​ប្រជុំសភា​ថា ​ក្រសួង​យុត្តិធម៌​មិន​មាន​ការ​គ្រប់គ្រង​លើ​ស្ថាប័ន​តុលាការ​ទេ។ ​លោក​បន្ថែម​ថា​ វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​ការ​ការពារ​សណ្ដាប់​ធ្នាប់​សង្គម។

លោករដ្ឋមន្ត្រី​យុត្តិធម៌​បន្ថែម​ថា ​ការងារ​តុលាការ​ជា​ការងារ​ដាច់​ពី​ក្រសួង​ មិន​មែន​ជា​ការ​បង្គាប់​បញ្ជា​របស់​ក្រសួង​យុត្តិធម៌​ទេ។

​ឆ្លើយ​តប​នឹង​ការ​សាកសួរ​ពី​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្រ្ត​ លោក ​ឈាង វុន​ អ្នក​នាំ​ពាក្យ​នៃ​សំឡេង​មតិ​ភាគច្រើន​នៃ​រដ្ឋសភា​បាន​ប្រាប់​អ្នក​សាព័ត៌មាន​ថា​ តំណាងរាស្រ្ត​ជា​អ្នក​ទទួលខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន​ឯង។

លោក ​ឈាង វុន​ អ្នក​តំណាងរាស្រ្ត ​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​កិច្ច​ប្រជុំពេញអង្គ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​។ ​លោក​ថា៖«​បើអ្នក​តំណាង​រាស្រ្ត​ធ្វើខុស​ ត្រូវ​សុំទោស​មុខ​សាធារណៈ ព្រោះ​អ្នក​តំណាងរាស្រ្ត​ជា​បុគ្គល​សាធារណៈ»។ ​(ឡេង ឡែន/VOA)

លោក​ស្នើ​សុំ​ឲ្យ​លោក​ កឹម សុខា មើល​គំរូ​អ្នក​ដឹកនាំ​ពិភពលោក​ ដូច​ជា​លោក​ Bill Clinton ​លោកDominique Strauss Kahn អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​មន្រ្តី​ជាន់​ខ្ពស់​មួយរូប​នៃ​ប្រទេស​ជប៉ុន​ ដែល​មេដឹក​នាំ​ពិភពលោក​ទាំង​នេះ​ធ្លាប់​មាន​រឿង​អាស្រូវ​ផ្លូវភេទ​ ហើយ​ពួកគេ​បាន​លាលែង​ពី​តំណែង​ និង​បាន​ទទួល​ខុសត្រូវ​មុខ​ច្បាប់​ផ្ទាល់​ខ្លួន។

តែ​លោក​ ជាម​ ច័ន្ទនី អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​ទី​ស្នាក់ការ​កណ្ដាល​នៃ​គណបក្ស​ប្រឆាំង​ថា លោក កឹម សុខា នៅ​តែ​មាន​ជំហរ​មិន​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ខាង​មុខ​នេះ​ទេ​ ពីព្រោះ​វា​ជា​ការ​រំលោភ​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ៕

XS
SM
MD
LG