គណបក្សសង្គ្រោះជាតិ នឹងនៅបន្តប្រមូលស្នាមមេដៃ និងញត្តិគាំទ្រពីអ្នកគាំទ្ររបស់ខ្លួនតទៅទៀតពីតាមខេត្តនានា ដើម្បីថ្វាយជូនព្រះមហាក្សត្រកម្ពុជា បើទោះជាមានការរារាំងពីអាជ្ញាធរមូលដ្ឋានក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សជំទាស់។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សជំទាស់អះអាងនៅថ្ងៃសុក្រនេះថា គណបក្សខ្លួននៅតែបន្តធ្វើតាមគម្រោងរបស់ខ្លួនក្នុងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ មុននឹងការជួបជុំមួយរបស់ខ្លួនដ៏ធំនាសប្តាហ៍ក្រោយក្នុងរាជធានីភ្នំពេញ។
លោក ប៉ុល ហំម តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបានប្រាប់ VOA ថា គណបក្សជំទាស់នឹងធ្វើតាមគម្រោង ដែលខ្លួនបានគ្រោងទុកគឺទទួលញាតិពីតំណាងខ្លួនទំាងអស់គ្រប់ខេត្តក្រុងនាថ្ងៃច័ន្ទខាងមុខ មុនពេលដាក់ជូនព្រះមហាក្សត្រកម្ពុជា។
លោក ប៉ុល ហំម បញ្ជាក់ថា៖ «បាទ! បាទ យើងនៅតែដដែល។ នៅតែដដែលគឺចាប់ពីថ្ងៃច័ន្ទទៅ ចាប់ទទួលនាថ្ងៃច័ន្ទទី១៣»។
យ៉ាងណាក៏ដោយលោក ប៉ុល ហំម មិនទាន់អាចបញ្ជាក់ពីចំនួនស្នាមមេដៃ ដែលគណបក្សខ្លួនទទួលបាននៅឡើយនោះទេ។ លោក ប៉ុល ហំម បន្តថា គណបក្សសង្គ្រោះជាតិក៏នឹងមានគម្រោងជួបជុំដ៏ធំមួយផងដែរ នាថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលជាថ្ងៃកំណត់របស់តុលាការក្រុងភ្នំពេញឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សនេះចូលបំភ្លឺទាក់ទិននឹងរឿង ដែលគេចោទថា លោកអាស្រូវផ្លូវភេទជាមួយនារីកាត់សក់ម្នាក់ឈោ្មះ ខុម ចាន់ដារ៉ាទី។ កន្លងមកគណបក្សសង្គ្រោះជាតិធ្លាប់បានប្រកាសដដែលៗ ថា គណបក្សខ្លួននឹងមិនអនុញ្ញាតិឲ្យតំណាងរាស្ត្ររបស់ក្នុងអភ័យឯកសិទ្ធិចូលបំភ្លឺនាតុលាការនោះទេ។
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិដែល VOA បានទទួលនាដើមខែមិថុនានេះ ឲ្យដឹងថា គណបក្សជំទាស់នឹងចាប់ផ្តើមប្រមូលស្នាមមេដៃ នឹងញត្តិរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក្នុងគោលបំណងសុំឲ្យមានការដោះលែងអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើអង្គការសង្គមស៊ីវិលជាដើម។
ក្រោយការឡើងកម្តៅនយោបាយរវាងគណបក្សធំៗទាំងពីរ គឺគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ មានមន្ត្រីសង្គមស៊ីវិលអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយក្នុងប្រទេសកម្ពុជា យ៉ាងហោចណាស់២១រូប ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់។ ក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក មន្ត្រីរៀបចំការបោះឆ្នោតម្នាក់សកម្មជននយោបាយ មន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងយ៉ាងហោចណាស់១៦រូប។ ក្នុងចំណោមនោះដែរ មានពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់គឺលោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ក៏ត្រូវបានឃុំខ្លួនផងដែរ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា ប៉ុន្មានថ្ងៃចុងក្រោយនេះសមាជិករបស់ខ្លួនតាមខេត្តមួយចំនួនត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីសាកសួរ និងរំខានជាបន្តបន្ទាប់ក្នុងពេលប្រមូលស្នាមមេដៃសុំព្រះមហាក្សត្រខ្មែរ ឲ្យមានការដោះលែងអ្នកទោសនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល។ លោកថា ការណ៍នេះគឺជាការរំលោភលើសិទ្ធិនយោបាយរបស់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរដ៏គួរឲ្យបារម្ភ។
មន្ត្រីគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖
«មិនទាន់មានការឃុំឃាំងទេ គ្រាន់តែមានការសួរនាំអី រួចហើយឲ្យសន្យាថា កុំឲ្យធ្វើបន្តទៀត។ ក៏ប៉ុន្តែដែលធ្វើនេះគឺវាអត់មានផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់អីទេ អញ្ចឹងហើយប្រជាពលរដ្ឋគឺអាចបន្តធ្វើបាន ព្រោះគឺជាការសម្តែងមតិមួយនៅក្នុងសង្គមប្រជាធិបតេយ្យ»។
លោក សុខ ឥសាន្ត អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងការពារចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ដោយលើកឡើងថា ការណ៍នោះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ហើយការប្រមូលស្នាមមេដៃជាលើកទីពីររបស់គណបក្សជំទាស់នេះសោត ក៏ជាចលនាញុះញង់របស់គណបក្សជំទាស់។ អ្នកនាំពាក្យរូបនេះបន្តថា ការប្រមូលស្តាមេដៃបន្ថែមទៀតរបស់គណបក្សជំទាស់ គឺដោយសារតែភ័យខ្លាច ចំពោះការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃទាក់ទិននឹងស្នាមមេដៃក្លែងក្លាយ ក្នុងញត្តិ ដែលគណបក្សនេះថ្វាយជូនព្រះមហាក្សត្រនាចុងខែកន្លងទៅនោះ។
លោក សុខ ឥសាន្ត ថ្លែងប្រាប់ VOA ថា៖
«គណបក្សសង្គ្រោះជាតិហ្នឹងគឺគាត់ទៅចលនាសមាជិកសមាជិការរបស់គាត់ឲ្យផ្តិតមេដៃ។ ដល់ពេលដែលគាត់ខ្លាចទទួលខុសត្រូវក្នុងការទទួលខុសត្រូវរឿងមេដៃ ថាក្លែងក្លាយ គាត់និយាយថាហ្អេ គាត់មិនដឹងអាហ្នឹង ព្រោះរឿងប្រជាជនផុសចេញពីឆន្ទៈរបស់ប្រជាជន។ ឥឡូវបើជាប្រជាជន បើផុសចេញពីឆន្ទៈរបស់ប្រជាជន គេមិនទៅឃាត់ទេ។ ក៏ប៉ុន្តែអានេះប្រជាជនធ្វើទៅតាមការញុះញង់របស់គាត់ ឲ្យផ្តិតមេដៃទៅតាមបញ្ជារបស់គណបក្សសង្គ្រោះជាតិ អញ្ចឹងវាផ្តើមចេញពីគាត់។ អាហ្នឹងបានជាគេឃាត់»។
យ៉ាងណាក៏ដោយ លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង បានប្រាប់ VOA ថា ក្នុងសប្តាហ៍នេះ យ៉ាងហោចណាស់ មានអគ្គលេខា និងសមាជិកគណបក្សសង្គ្រោះជាតិប្រចាំខេត្តកោះកុងបួនរូប ត្រូវបានអាជ្ញាធរខេត្តឃាត់សាកសួរចំពោះការប្រមូលស្នាមមេដៃពលរដ្ឋតាមមូលដ្ឋាន។ លោកថា ការរំខានពីអាជ្ញាធរមូលដ្ឋាននេះ គឺជាការរំលោភសិទ្ធិនយោបាយរបស់ពួកគាត់នឹងប្រជាពលរដ្ឋនាខេត្តកោះកុង។
លោក អ៊ិន គង់ជិត បន្ថែមថា៖
«យើងមានការព្រួយបារម្ភ ចំពោះសកម្មភាពនយោបាយរបស់សកម្មជនរបស់គាត់ពីព្រោះគាត់ធ្វើនេះដោយសន្តិវិធី ដោយការស្ម័គ្រចិត្ត ហើយជាការណ៍មួយជួយដល់សកម្មជនសិទ្ធិមនុស្ស ក៏ដូចជាការជួយទៅដល់សមាជិករបស់គាត់ដែរ។ ហើយយើងមានការសោកស្តាយដែលអភិបាលខេត្តកោះកុង ក៏ដូចជាស្នងការនគបាលខេត្ត គាត់ដាក់បញ្ជាឲ្យធ្វើការរាំងខ្ទប់ធ្វើម៉េចកុំឲ្យមានប្រមូលស្នាមមេដៃបានទេ ដោយគាត់ចាត់ទុកសកម្មភាពទាំងអស់ហ្នឹងថា ជាសកម្មភាពញុះញង់ ជាសកម្មភាពធ្វើឲ្យខូចសន្តាប់ធ្នាប់ជាសកម្មភាពបង្កភាពវឹកវរដល់សង្គម»។
VOA មិនអាចទំនាក់ទំនងអាជ្ញាធរខេត្តកោះកុង ដើម្បីសុំក្តីអធិប្បាយបានទេនាថ្ងៃសុក្រនេះ។
នាថ្ងៃព្រហស្បតិ៍កន្លងទៅ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Ban Ki-moon និងសភានៃសហភាពអឺរ៉ុបក៏បានបង្ហាញពីក្តីបារម្ភរបស់ខ្លួនចំពោះការចាប់ឃុំខ្លួនសមាជិកគណបក្សសង្គ្រោះ មន្ត្រីសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយក្នុងប្រទេសកម្ពុជាជាច្រើនរូបនេះ ហើយក៏បានអំពាវនាវឲ្យគណបក្សធំៗទាំងពីបន្ត«វប្បធម៌សន្ទនា»ឡើងវិញ ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងនយោបាយ មុនពេលការបោះឆ្នោតខាងមុខ។
ដោយឡែកសភាសហគមន៍អឺរ៉ុបក៏បានថ្កោលទោសចំពោះសកម្មភាពហិង្សានានា ការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ ការឃុំឃាំងមនុស្សតាមទំនើងចិត្តហើយក៏ជំរុញគណបក្សកាន់អំណាចកម្ពុជាធ្វើការដោះលែងជនទាំងនោះដោយគ្មានលក្ខខណ្ឌផងដែរ៕