ប្រជាជន Rwanda មួយចំនួនដែលធ្លាប់ធ្វើជាព្រានព្រៃ បានកែប្រែខ្លួនមកធ្វើជាអ្នកអភិរក្សសត្វព្រៃវិញ។ លោកFelicien Kabatsi ច្រៀងចម្រៀងអំពីសារៈសំខាន់នៃការអភិរក្សស្វាឱ។ តាមរយៈបទចម្រៀងនេះ គេមិនដឹងទេថា លោក Kabatsi ធ្លាប់ប្រមាញ់ស្វាឱ និងសត្វព្រៃផ្សេងទៀតនៅក្នុងឧទ្យានជាតិភ្នំភ្លើង។
លោកបានធ្វើជាព្រានព្រៃអស់រយៈពេល ៣០ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគាររយៈពេល ៤ខែដោយសារការប្រមាញ់ខុសច្បាប់។ មានពេលមួយនោះ សត្វក្របីបានសម្លាប់ប្អូនប្រុសរបស់លោក។
លោក Felicien Kabatsi បាននិយាយថា៖ «ខ្ញុំកំពុងប្រមាញ់ក្នុងព្រៃជាមួយគ្នាជាមួយប្អូនប្រុសរបស់ខ្ញុំ ហើយមិត្តភក្តិដទៃទៀតទៅបរបាញ់ផ្លូវផ្សេង ប៉ុន្តែក្របីបានសម្លាប់ប្អូនប្រុសខ្ញុំភ្លាមៗតែម្ដង»។
បន្ទាប់ពីការជជែកជាមួយអ្នកអភិរក្សសត្វព្រៃ លោក Kabatsi កែប្រែចិត្តគំនិត និងចូលរួមជាមួយអ្នកអភិរក្ស។ ឥឡូវនេះលោកប្រកបរបរជាអ្នកប្រគំតន្ត្រីបុរាណសម្រាប់ភ្ញៀវទេសចរណ៍នៅក្នុងភូមិអ្នកការពារស្វាឱ។
រឿងរ៉ាវរបស់លោកក៏ស្រដៀងគ្នាទៅនឹងសមាជិកផ្សេងទៀតនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ដូចជាអ្នកស្រី Mukanoheri Venantie ជាដើម។ អ្នកស្រីក៏ធ្លាប់ចេញទៅប្រមាញ់ជាមួយប្ដីរបស់អ្នកស្រី។
អ្នកស្រី Venantie Mukanoheri បាននិយាយថា៖ «ប្ដីខ្ញុំធ្លាប់កាន់លំពែង ចំណែកខ្ញុំជាចុងភៅដែលកាន់ស្បោងដើម្បីដាក់សាច់សត្វដែលពួកគាត់បានសម្លាប់។ ប៉ុន្តែជាមួយការបណ្ដុះបណ្ដាល និងគម្រោងនេះ យើងបានផ្លាស់ប្ដូរចិត្តគំនិត»។
ឥឡូវនេះ អ្នកស្រីចាត់ទុកការប្រមាញ់ជារឿងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ហើយសព្វថ្ងៃអ្នកស្រីប្រកបរបរធ្វើកន្ត្រកលក់ឲ្យភ្ញៀវទេសចរណ៍នៅក្នុងភូមិ។
អ្នកមកលេងឧទ្យាននេះដូចជា អ្នកទេសចរណ៍មកពីប្រទេសអាហ្វ្រិកខាងត្បូងដូចជា លោក Nelis Wolmarans ឡើងភ្នំដើម្បីមើលស្វាឱ ប៉ុន្តែថវិការបស់ពួកគេគាំទ្រគម្រោងដែលមានគោលដៅពីរគឺផ្ដល់ការងារឲ្យប្រជាជន Rwanda និងគាំទ្រការអភិរក្ស។
លោក Nelis Wolmarans បាននិយាយថា៖ «អ្វីដែលខ្ញុំបានធ្វើនៅទីនេះ អ្វីដែលខ្ញុំបានបង្កើតនៅទីនេះគឺការងារ និងឱកាសសម្រាប់ប្រជាជនជាច្រើនដែលប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើព្រៃឈើ»។
ទិន្នន័យពីរដ្ឋាភិបាលបង្ហាញថាកិច្ចប្រឹងប្រែងអភិរក្សនេះកំពង់បង្កើនចំណូលពីទេសចរណ៍។ លោក Paul Kagame ប្រធានាធិបតីប្រទេស Rwanda បាននិយាយថា៖
«ការគាំទ្រដល់ប្រជាជនក្នុងសហគមន៍ ដែលខ្ញុំមាន ឱកាសថ្លែងអំណរគុណ។ យើងសង្ឃឹមយ៉ាងមុតមាំថា ពួកគេទទួលបានអត្ថប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ»។
នៅក្នុងគោលបំណងបង្កើនការអភិរក្ស និងផ្សាភ្ជាប់ប្រជាជន Rwandan ជាមួយនឹងសត្វព្រៃ ប្រទេសRwanda បានបង្កើតពិធីដាក់ឈ្មោះសត្វស្វាឱចាប់ពីឆ្នាំ ២០១៥ មក។ នៅក្នុងពិធីដាក់ឈ្មោះឆ្នាំនេះ កូនស្វាឱ ២៥ក្បាលត្រូវបានគេដាក់ឈ្មោះឲ្យ ហើយមកដល់ពេលនេះស្វាឱមានចំនួនសរុប ២៨១ ក្បាល៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា