ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបាត់បង់​ដី​ដ៏​ធំ​បាន​គេ​ព្យាករណ៍​ថា​ នឹង​កើត​មាន​ឡើង​នៅ​ប្រទេស​វៀតណាម


រូបឯកសារ៖ ទន្លេមេគង្គដែលបែងចែកប្រទេសឡាវ និងថៃ
រូបឯកសារ៖ ទន្លេមេគង្គដែលបែងចែកប្រទេសឡាវ និងថៃ

ការ​សិក្សា​ថ្មី​មួយ​ព្យាករណ៍​ថា ​សឹងតែ​ផ្ទៃ​ទាំងមូល​នៃ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​ជា​ប្រភព​ជួយ​ទ្រទ្រង់​ជីវិត​ប្រជាពលរដ្ឋ​ប្រហែល​រាប់​សិប ​លាន​នាក់ ​នឹង​លិច​ទឹក​នៅ​ត្រឹម​ឆ្នាំ​ ២១០០ ​ដោយ​កម្រិត​ទឹក​បច្ចុប្បន្ន។

ការសិក្សា​មួយ​បាន​បង្ហាញ​ថា តំបន់​ដី​សណ្ត​នៃ​ទន្លេ​មេគង្គ​នៅ​ប្រទេស​វៀតណាម​នឹង​ត្រូវ​ជនលិចទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ ​២១០០។​ នេះ​គឺ​ជា​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការសាង​សង់​ទំនប់វារី​អគ្គីសនី ​ការ​បូម​ខ្សាច់​ និង​ជា​ពិសេស​ការ​បូមទឹក​ពី​ក្រោម​ដី។​

ការ​សិក្សា​ថ្មី​មួយ​ព្យាករណ៍​ថា ​សឹងតែ​ផ្ទៃ​ទាំងមូល​នៃ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​ជា​ប្រភព​ជួយ​ទ្រទ្រង់​ជីវិត​ប្រជាពលរដ្ឋ​ប្រហែល​រាប់​សិបលាន​នាក់ ​នឹង​លិច​ទឹក​នៅ​ត្រឹម​ឆ្នាំ​ ២១០០ ​ដោយ​កម្រិត​ទឹក​បច្ចុប្បន្ន។

តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ ​ដែល​ជា​ទីជម្រក​សម្រាប់​ប្រជាជន​ជិត ​១៨លាន​នាក់ ​និង​ផលិត​ស្បៀង​អាហារ​ចំនួន​ពាក់​កណ្តាល​នៃ​ស្បៀង​សរុប​របស់​ប្រទេស​វៀតណាម​ កំពុង​ជួប​វិបត្តិ​មនុស្សជាតិ​យ៉ាង​ខ្លាំង​បំផុត​ដែល​មួយ​ផ្នែក​ធំ​ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ​គឺ​ដោយសារ​ការ​ជីក​យក​ទឹក​ក្រោម​ដី​ហួសហេតុ​ដែល​បាន​បង្ក​ឲ្យ​ដី​ផ្នែក​ខាង​លើ​លិច​ទឹក​ ស្រប​ពេល​ដែល​កម្ពស់​ទឹកសមុទ្រ​កំពុង​តែ​ឡើង​ខ្ពស់។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​ឯ​សកល​វិទ្យាល័យ​ Utrecht ​បានបង្កើត​ម៉ូឌែល​ជា​លេខ​នៅ​ទូទាំង​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ​ដើម្បី​តាមដាន​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការ​ទាញ​យក​ផលប្រយោជន៍​ទឹក​នៅ​ក្រោម​ដី​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​មក​នេះ។​ ហើយ​ពួកគេ​នឹង​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​មក​ពី​ការសិក្សា​នេះ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការព្យា ករណ៍​ស្ថានភាព​ដីសណ្ត​នា​ពេលអនាគត។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​នៅ​ពេល​គេ​បន្ថែម​បញ្ហា​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​មួយ​ទៀត​ ទី​រាប​ដ៏​ធំធេង​នៃ​តំបន់​ដី​សណ្ត​នេះ​នឹង​ត្រូវ​លិច​បាត់បង់​ បើ​ទោះបីជា​មាន​ការ​ចាត់​វិធានការ​យ៉ាងណា​ក៏ដោយ​ក្តី។ ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​ទម្លាប់​ឲ្យ​មាន​ការ​ប្រើប្រាស់​ដី​ឲ្យ​បាន​ត្រឹមត្រូវ​អាច​នឹង​ជួយ​ស្រោច ស្រង់​តំបន់​ផ្សេងៗ​ទៀត​បាន។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ចប់​ការសិក្សា​នេះ​ដោយ​និយាយ​ថា ៖

«លទ្ធផល​ពី​ការសិក្សា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ពេល​ការ​ជីក​យក​ទឹក​ក្រោមដី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ជីក​ខ្លាំង​ឡើង​ដូច​ដែល​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជាច្រើន​ទស្សវត្សរ៍​មក​នេះ​ រួម​ទាំង​ការ​បាក់​ស្រុត​ដី​សណ្ត​បណ្តាល​មក​ពី​ការ​ជីក​នោះ ​អាច​នឹង​ធ្វើ​ឲ្យតំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ស្ទើរ​តែ​ទាំងមូល​ទទួល​រង​ការ​លិចលង់»។

លោក ​Philip Minderhoud​ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្ទៃដី​និង​ប្រព័ន្ធ​ទឹក​ក្រោម​ដី​នៅ​ឯ​សកល​វិទ្យាល័យ​ Utrecht ​និង​ជា​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​មានប្រសាសន៍​ថា ​ការ​ជីក​យក​ទឹក​ក្រោម​ដី​គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដ៏​ចំបង​ដែល​ធ្វើ​ឲ្យដី​សណ្ត​ទន្លេ​មេគង្គ​លិច​ទឹក​ជា​មធ្យម​១​សង់ទីម៉ែត្រក្នុង​រយះ​ពេល​១​ឆ្នាំ។

លោក​បាន​និយាយ​ថា៖

«វា​នឹង​មាន​ការ​ប្រែប្រួល​ជាច្រើន​នៅ​តំបន់​ដី​សណ្ត​នៅ​ប៉ុន្មាន​ទស្សវត្សន៍​ខាងមុខ​នេះ»។

កំណើន​ជីក​យក​ទឹក​ក្រោម​ដី​ដោយសារ​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នៅ​ឆ្នាំ​១៩៨៦​នៅ​ក្នុង​ប្រទេស​វៀតណាម ​បាន​បង្កើន​ការ​ប្រើប្រាស់​ទឹក​ជាក់ស្តែង​ពី​ចំនួន​អត់​សោះ​កាលពី​៣០​ឆ្នាំមុន​ ទៅ​ដល់​ការ​ប្រើប្រាស់​ទឹក​ចំនួន​២.៥​ លាន​ម៉ែត្រ​គុប​បច្ចុប្បន្ន​នេះ​ដែល​ត្រូវ​បាន​បូម​ចេញ​ពី​អាង​ទន្លេ​នៃ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ​នេះ​ជា​រៀងរាល់​ថ្ងៃ។

លោក​បាន​ពន្យល់​ថា​ការ​បាត់បង់​ទឹក​នេះ​ដែល​បាន​កាត់​បន្ថយ​សម្ពាធ​នៅ​ភូគម្ភ​សាស្ត្រ​ដ៏​សំខាន់​នេះ​ ដែល​នឹង​បណ្តាល​ឲ្យ​ដី​សណ្ត​ទនេ្ល​មេគង្គ​លិច​ស្រុត​ចុះ។

លោក​បាន​បន្ត​ទៀត​ថា៖

«ពិត​ណាស់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការ​អភិវឌ្ឍន៍​របស់​ពួកគេ​នៅ​លើ​ដីសណ្ត​នា​ពេល​ប៉ុន្មាន​ទស្សវត្សន៍​កន្លង​មក​នេះ​ អាច​បន្ត​ទៅ​បាន​ក៏​ដោយសារ​តែ​ពួកគេ​បាន​ប្រើប្រាស់ប្រភព​ទឹក​ក្រោម​ដី​ជា​ធនធាន​ទឹកសាប​ដោយ​សេរី​សម្រាប់​ការរស់នៅ​ប្រចាំ​ថ្ងៃ។​សកម្មភាព​នេះ​នឹង​ក្លាយ​ទៅ​ជា​ការប្រឈម​ដ៏​ចម្បង​មួយ​ដោយសារ​ពលរដ្ឋ​ត្រូវ​បង្កើន​ល្បឿន​ពន្លិច​ខ្លួន​ឯង​កាន់តែ​លឿនឬ​ក៏​ពួកគេ​នឹង​មិន​មាន​ទឹក​គ្រប់គ្រាន់​ដើម្បីទទួល​ទាន​ឬ​ស្រោចស្រព​ដំណាំ​របស់​ពួកគេ»។

លោក​បាន​បន្ត​ថា​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​កម្រិត​ទឹកសមុទ្រ​នឹង​បន្ត​កើន​ឡើង​នៅ​កម្រិត​ប្រហែល​ជា​ ៣​ទៅ​៤​មីលីម៉ែត្រ​ក្នុង​រយៈ​ពេល​១​ឆ្នាំ។

លោក​និយាយ​ទៀត​ថា​ ផល​ប្រយោជន៍​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដែល​មនុស្ស​កសាង​ក្នុង​ទន្លេ​មេគង្គ​បាន​កាត់បន្ថយ​លំហូរ​ល្បាប់​ខ្សែរទឹក​ផ្នែក​ខាងលើ​នៃ​ទន្លេ​មេគង្គ ​និង​ការបង្ហាប់​ដី​ដោយ​ធម្មជាតិ​ គឺ​ជា​កត្តា​រួមចំណែក​ទៅដល់​ការ​បាត់បង់​ដីសណ្ត។

លោក​មាន​ប្រសាសន៍​ថា ៖

«ប៉ុន្តែ​ ការ​ជីក​យក​ទឹក​ក្រោម​ដី​គឺជា​ មូលហេតុ​តែមួយ​គត់​ ដែល​មនុស្ស​អាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​យ៉ាង​ពិត​ប្រាកដ ​ប្រសិន​បើ​ជា​ពលរដ្ឋ​ចង់​កាត់បន្ថយ​ការ​បាក់​ស្រុត​និង ការ​ជន់លិច»។

លោក​បាន​បន្ថែម​ទៀត​ថា ​ទោះបីជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​តំបន់​ដី​សណ្តបាន​បង្ហាញ​ថា​ ពួកគេ​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការ​លើក​ផ្ទះ​និងផ្លូវ​ឡើង​ឲ្យ​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​បាក់​ទំនប់ដី​និង​ការជនលិច​ក៏ដោយ ​ក៏​ផលប៉ះពាល់​នៃ​បញ្ហា​កសិកម្ម​នឹង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​មិនអាច​ជៀសផុត​បាន​ទេ។

ប្រទេស​វៀតណាម ​គឺជា​ប្រទេស​នាំចេញ​អង្ករ​ធំ​ទី​ពីរ​នៅក្នុង​ពិភពលោក ​ហើយ​៩៥%​នៃ​ផលិតផល​ស្រូវ​អង្ករ​នាំចេញ​នោះ​ផលិត​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ ដែល​ជា​តំបន់​ផ្គត់ផ្គង់​និង​ផលិត​ត្រី​សម្រាប់​នាំ​ចេញ​ដល់​ទៅ​៦០%​របស់​ប្រទេស​ផង​ដែរ។

លោក​ Bui Chi Buu ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​វៀតណាម​ទទួល​បន្ទុក​ការផលិត​ស្រូវ និង​ជា​អគ្គនាយក​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​កសិកម្ម​សម្រាប់​តំបន់​វៀតណាម​ខាងត្បូង បាន​និយាយ​ថា ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការ​បាត់បង់​ដី​នេះ​នៅតែ​មាន​ភាព​មិន​ច្បាស់​លាស់។

លោក​បន្ត​ទៀត​ថា ៖

«ពួក​យើង​មានការ​ព្រួយ​បារម្មណ៍​ពី​ពេល​អនាគត។​ ធនធាន​ទឹកសាប​ធម្មជាតិ​ពី​ទន្លេ​មេគង្គ​នៅ​ក្នុង​រដូវ​ប្រាំង​ពុំ​មាន​ភាព​ត្រឹមត្រូវ​និង​ទៀងទាត់​ទៀត​នោះ​ទេ។

លោក​បាន​និយាយ​ថា ​កាល​ពី​ឆ្នាំ​២០១៦​ វៀតណាម​បាន​បាត់បង់​ថវិកា​ជាង​១.៦រយ​លាន​ដុល្លារ​អាមេរិក​ដោយសារ​តែ​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​បាន​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវនៅ​តំបន់​ដី​សណ្ត​យ៉ាង​ហោច​ណាស់​ចំនួន​៣០០ ​លាន​តោន។

តំបន់​ដី​សណ្ត​ដែល​មាន​ជីវិត​រស់​រវើក​និង​មាន​ជីវជាតិ​យ៉ាង​ច្រើន​មហិមា​នេះ ​គឺ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះថា​ ជា​តំបន់​ដី​សណ្ត​នៃ​នាគ​ប្រាំបួន​ពីព្រោះ​ដៃ​ទន្លេ​ទាំង​ប្រាំបួន​នៃ​ទន្លេ​មេគង្គ​បាន​នាំមក​ដីល្បាប់​ដ៏​មាន​ជីវជាតិ ​ឆ្លងកាត់​តំបន់​ដែល​មាន​ទំហំ​ប្រមាណ​៤ ម៉ឺន​ម៉ែត្រ​ក្រឡា​មុន​ពេល​ដៃ​ទន្លេ​ទាំងនោះ​ហូរ​ចូល​ទៅ​ក្នុង​មហាសមុទ្រ​។

លោក Buu បាន​បន្ត​ទៀត​ថា ដៃ​ទន្លេ​ទាំង​ប្រាំបួន​នោះ​បាន​កាត់បន្ថយ​មក​សល់​តែ​ប្រាំពីរ​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖

«ប៉ុន្តែ ​វា​ប្រហែល​ជា​នៅសល់​តែ​បួន​ ឬប្រាំនោះទេ​នៅ​ថ្ងៃ​អនាគត​ ខ្ញុំ​មិន​ដឹង​ទេ»។

​ការ​បាត់បង់​ដីល្បាប់​ដែលអាច​បំពេញ​ឡើងវិញ​ដោយ​ខ្លួន​ឯង​គឺ​ជា​កត្តា​លំបាក​មួយ​ទៀត​ដែល​នាំ​ឲ្យមាន​ការ​ជនលិច​តំបន់​ដីសណ្ត​ទន្លេ​មេគង្គនេះ។

លោក ​Buu ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ទំនប់​ទឹក​ផ្នែក​ខាងលើ​នៃ​ទន្លេ​មេគង្គ ​ដែល​មាន​ប្រវែង​ ៤០០០ ​គីឡូម៉ែត្រ ​ហូរ​ឆ្លងកាត់ពីតំបន់​ខ្ពង់រាប ​Tibet ​នៅ​ប្រទេស​ចិន ​ទៅ​ប្រទេស ​ឡាវ​និង​កម្ពុជា​ មុន​នឹង​ចែកចាយ​ទៅ​តំបន់​ដីសណ្ត​នោះ ​បាន​នាំ​ឲ្យមាន​ការ បាត់បង់​លំហូរ​ដីល្បាប់​ប្រមាណ​ជា ​៤០%។

ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ ​(MRC) ​កាលពី​ឆ្នាំ​២០១៨ ​បាន​រក​ឃើញ​ថា​ដីល្បាប់​ ៩៧%ដែល​ហូរ​ចាក់​ទៅ​តំបន់​ដី​សណ្ត​ដែល​មាន មហន្តរាយ​នោះ​ នឹង​ត្រូវ​បាត់បង់​នៅត្រឹម​ឆ្នាំ​ ២០៤០​ ប្រសិនបើ​គម្រោង​សាង​សង់​ទំនប់​នៅ​លើ​ដង​និង​ដៃ​ទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​បន្ត។

លោក​ Buu ​និយាយ​ថា​ គោល​នយោបាយ​ទប់ទល់​ទៅ​នឹង​កម្លាំង​ច្រោះ​ដី​សណ្ត​ដ៏​ខ្លាំង​ដែល​រួមមាន​ ទំនប់​ការពារ​ទឹកជំនន់​ និង​ទ្វារ​ទឹក​ដ៏​មាន​សក្តានុពល​កំពុង​តែ​ត្រូវ​គេ​ដំណើរការ​សាង​សង់។

លោក​ Pham Van Hung​ នាយក​រង​ទូទៅ​នៃ​ផ្នែក​រៀបចំ​ផែនការ​និង​ស៊ើបអង្កេត​ធនធាន​ទឹក​នៃ​តំបន់​វៀតណាម​ខាង​ត្បូង ​ហើយ​ដែល​ជាអ្នក​ចូលរួម​ចំណែក​ទៅ​ក្នុង​ការសិក្សា​នេះ​ផង​ដែរ​នោះ ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​វៀតណាម​បាន​ណែនាំ​ឲ្យ​មាន​ការ​រឹតបន្តឹង​មួយ​ចំនួន​ចំពោះ​ការ​ជីក​យក​ទឹក​ពី​ក្រោម​ដី។

លោក ​Marc Goichot​ អ្នក​ឯកទេស​នៅ​ Greater Mekong's Water Lead របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF)​ បាន​និយាយ​ថា ​ខ្សាច់​រាប់​សិប​លាន​តោន​ត្រូវ​បាន​បូម​ចេញ​ពី​ទន្លេ​មេគង្គ ​និង​តំបន់​ដី​សណ្ត​ជា​រៀងរាល់​ឆ្នាំ​ ហើយ​សកម្មភាព​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​បញ្ហា​បាក់​ស្រុត​ដី​សណ្ត​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

កត្តា​ទាំងអស់​នេះ​ក៏​បាន​ធ្វើឲ្យប៉ះពាល់​ដល់​លំនឹង​ដ៏​មាន​សក្តានុពល​ដើម្បី​នឹង​ជួយ​បំពេញ​ដីសណ្ត​មកវិញ​ដោយ​ធម្មជាតិ។

លោក​បាន​បន្ត​ទៀត​ថា៖ ​«អ្វី​ដែល​ច្បាស់​នោះ​គឺថា ​កត្តា​ទាំងអស់​នេះ​រួម​ចំណែក​ទៅ​បញ្ហា​តែ​មួយ។ ​ហើយ​ការ​បាក់​ស្រុត​និង​ជន​លិច​ដី​សណ្ត​ទន្លេ​មេគង្គ​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ»៕

ប្រែសម្រួលដោយ លី វួចនា

XS
SM
MD
LG