ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​សកម្មជន​ដីធ្លី​ដែល​សង្ស័យ​ថា​ត្រូវ​បាន​ចាប់​ខ្លួន


លោក ស៊ុម ម៉ឺន (ឆ្វេង) និងកូនប្រុសរបស់លោកគឺលោក ម៉ឺន មាន ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​យោធា។ រហូតមកដល់ពេលនេះ លោក ស៊ុម ម៉ឺន បាន​បាត់​ខ្លួន​អស់រយៈពេល​ពីរខែហើយ។ (រូបថតដោយ៖ សកម្មជនក្នុងសហគមន៍)
លោក ស៊ុម ម៉ឺន (ឆ្វេង) និងកូនប្រុសរបស់លោកគឺលោក ម៉ឺន មាន ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​យោធា។ រហូតមកដល់ពេលនេះ លោក ស៊ុម ម៉ឺន បាន​បាត់​ខ្លួន​អស់រយៈពេល​ពីរខែហើយ។ (រូបថតដោយ៖ សកម្មជនក្នុងសហគមន៍)

គិត​មកត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ ខែ​មីនានេះ​ គឺ​គម្រប់​ពីរខែ​ហើយ​ ចាប់​តាំង​ពី​តំណាង​សហគមន៍​ដីធ្លី​ខេត្ត​ព្រះវិហារ​ឈ្មោះ​ស៊ុម ម៉ឺន​ បាន់​បាត់​ខ្លួន​ បន្ទាប់​ពី​សាក្សី​ជាច្រើន​បាន​អះអាង​ថា​ ​គាត់​ត្រូវបាន​ក្រុម​ទាហាន​វាយ​ដំ​ និង​ចាប់​ខ្លួន​ខុស​ច្បាប់។​

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ (Human Rights Watch) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​បើក​កិច្ច​ស៊ើប​អង្កេត​ទៅ​លើ​ការ​បាត់​ខ្លួន​សកម្មជន​ដីធ្លី​មួយ​រូប​ឈ្មោះ ​ស៊ុម ម៉ឺន​ នៅឯ​ខេត្ត​ព្រះវិហារ​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​ជម្លោះ​ដីធ្លី​មួយ​កាល​ពី​ខែ​មករា។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្ហាញ​ខ្លួន​ជន​ឈ្មោះ​ ស៊ុម ម៉ឺន​ ដែល​បាត់​ខ្លួន​នោះ​ ក្រោយ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ និង​កូនប្រុស​លោក​ឈ្មោះ​ ម៉ឺន មាន។

លោក​ Brad Adams​ នាយក​អង្គការ​ឃ្លំាមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី​ ត្រូវបាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​មួយ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​បង្ហាញ​ខ្លួន​ ស៊ុម ម៉ឺន នៅ​តុលាការ​ ហើយ​ចោទ​ប្រកាន់​លោក​តាម​ច្បាប់​ឲ្យ​ត្រឹម​ត្រូវ​ ឬ​ក៏​បញ្ជូន​លោក​ទៅ​ក្រុមគ្រួសារ​របស់​លោក​វិញ»។

លោក​បាន​ថ្លែង​បន្ត​ថា៖​

«វាគួរ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​បន្ទាន់​មួយ​ទៅលើ​ករណី​នេះ​ ជាមួយ​ការ​សហការ​ពេញ​លេញ​ពី​កងទ័ព​ ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ កូនប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន»។

សេចក្តី​ប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (Human Rights Watch) ចុះថ្ងៃទី​២០ ខែមីនា​ ឆ្នាំ​ ២០១៩​ បាន​ពណ៌នា​ថា​ កាលពី​ថ្ងៃទី​២០ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ម៉ោង​ប្រមាណ​ជា​ ៥ និង​៣០នាទី​ល្ងាច​ ទាហាន​ជាច្រើន​នាក់​មក​ពី​កងវារៈសេនាតូច​២៦១​ ក្រោម​ទី​បញ្ជា​ការ​កងពល​តូច​អន្តរាគមន៍​មួយ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ បាន​ចាប់​ខ្លួន​លោក​ ស៊ុម ម៉ឺន​ អាយុ​៥៤​ឆ្នាំ​ និង​កូនប្រុស​គាត់​លោក​ ម៉ឺន មាន អាយុ​២៦ឆ្នាំ​ នៅក្នុង​ឃុំ​យាង​ ស្រុក​ជាំក្សាន្ត។

សេចក្តី​ប្រកាស​បាន​រៀបរាប់​ទៀត​ថា​ ទាហាន​ជា​ច្រើន​នាក់​នោះ​បាន​ផ្ទេរ​បុរស​ទាំង​ពីរ​នាក់ទៅ​ស្នាក់​ការ​តំបន់ដែន​ជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព ទី​ដែល​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ពេញ​មួយ​យប់។ ​បន្ទាប់​មក​នៅ​ថ្ងៃទី​២១ ​មាន​តែ​លោក​ ម៉ឺន មាន​ ទេ​ដែល​ត្រូវបាន​យក​មក​ជួប​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត។​ ទីស្នាក់​ការ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ និយាយ​ថា​ លោក​ ស៊ុម ម៉ឺន​ បាន​រត់​គេច​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១​នោះ។

សាច់​ញាតិ​លោក​ ស៊ុម ម៉ឺន​ បាន​និយាយ​ថា​ ពួកគេ​ទទួល​ដំណឹង​ថា​ សង្ស័យ​ទាហាន​បាន​វាយ​ដំ​លោក ស៊ុម ម៉ឺន ​នឹង​ស្វ័យ​កាំភ្លើង​ ហើយ​ទះកំផ្លៀង​លោក ពេល​ដែល​ពួក​ទាហាន​ចាប់​ខ្លួន​លោក។ រូប​ដែល​ថត​បាន​ពេល​លោក​ជាប់​ក្នុងការ​ឃុំខ្លួន​នោះ​ បង្ហាញ​ពី​ស្នាម​របួស​លើ​ផ្ទៃមុខ​លោក​ ស៊ុម ម៉ឺន។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ (Human Rights Watch)​ បាន​ឲ្យដឹង​ទៀត​ថា​ សហភាព​អឺរ៉ុប​នៅ​ពេល​នេះ​ មាន​ប្រតិភូ​របស់​ខ្លួន​នៅ​ក្នុងប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​កម្ពុជា​ កំពុង​ដើរ​ស្រប​តាម​កម្មវិធី​របស់​ខ្លួន​ឈ្មោះ​ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែអាវុធ» ឬ EBA ដែល​ផ្តល់​ការ​លើក​ទឹកចិត្ត​ខាង​ពាណិជ្ជកម្ម​ដល់​ប្រទេស​ទាំង​ឡាយ​ណា​ ដែល​គោរព​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​របស់​កម្មវិធី​នេះ។

លោក​ Brad Adams ​បាន​ថ្លែង​បន្ត​ថា៖ «កម្ពុជា​មិន​ដែល​មាន​ប្រវត្តិ​ថ្មីៗ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នោះ​ទេ​ ប៉ុន្តែ​ការ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​ និង​ការ​កើន​ឡើង​នៃ​ការ​ដណ្តឹម​ដីធ្លី​ បាន​បង្ហាញពី​ស្ថានភាព​គួរឲ្យ​បារម្ភ»។

លោក​បន្ថែម​ថា៖​

«រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្ហាញ​ខ្លួន​ ស៊ុម ម៉ឺន​ ជាបន្ទាន់ ហើយ​បង្ហាញ​ថា​ខ្លួន​តាំងចិត្ត​ដោះ​ស្រាយ​ការ​បារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នានា​របស់​សហភាព​អឺរ៉ុប​ និង​រដ្ឋាភិបាល​ឯទៀត»។

មួយ​ថ្ងៃ​ក្រោយ​ការ​ចេញ​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch)​ អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ​ (Licadho)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា​ បើគិត​ត្រឹមថ្ងៃទី២១​ ខែ​មីនា​នេះ​ គឺ​គម្រប់​រយៈពេល​ពីរ​ខែ​ហើយ​ ចាប់​តាំង​ពី​តំណាង​សហគមន៍​ដីធ្លី​ខេត្ត​ព្រះវិហារ​ឈ្មោះ​ស៊ុម ម៉ឺន​ បាន​បាត់​ខ្លួន។

ការ​បាត់​ខ្លួននេះ​ បាន​កើត​ឡើង​ ស្របពេល​ដែល​មាន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ ជាប់​ទាក់ទង​នឹង​ទំនាស់​ដី​សម្បទាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​មេត្រីភាព​កសិ-ឧស្សាហកម្ម។ ​ក្រុមហ៊ុន​នេះ​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ឧកញ៉ា​ អាន ម៉ាឌី។

VOA ​មិនទាន់​អាច​ទាក់​ទង​ឧកញ៉ា​ អាន ម៉ាឌី​ ដើម្បី​សុំ​ការ​អធិប្បាយបាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូប្រាប់ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ករណី​បាត់​ខ្លួន​នេះ​ គឺជាករណី​ទីពីរ​ហើយ​ គិត​ចាប់​ពីឆ្នាំ​២០១៤​មក​ ដែល​ពេល​នោះ​ យុវជន​ម្នាក់​ត្រូវបាន​គេ​វាយដំ​ឲ្យ​របួស​ រួច​ក៏បាត់​ខ្លួន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។​ លោក​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើការ​ឲ្យ​ហ្មត់​ចត់​ក្នុងការ​ស៊ើប​អង្កេត​លើករណី​នេះ​ ដើម្បី​បញ្ជាក់​ថា​លោក ស៊ុម​ ម៉ឺន​ នៅ​មានជីវិត​ ឬក៏​កំពុង​ស្ថិត​នៅ​ទីណា​ឲ្យ​ប្រាកដ​នោះ។

«ករណី​ទាំង​អស់​នេះ​ វា​គួរ​តែ​មាន​ ការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​ ឲ្យ​បាន​ហ្មត់​ចត់​ ដើម្បី​ជៀសវាង​នូវ​ការ​ចោទប្រកាន់​ទាំងឡាយ​ទៅលើ​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ ហើយ​ដើម្បី​ឲ្យ​មាន​តម្លាភាព​ និង​យុត្តិធម៌​ ហើយ​ដើម្បី​ឲ្យ​ដឹង​ការណ៍​ពិត​ថា​ តើ​លោក ​ស៊ុម ម៉ឺន​ ហ្នឹង​បាត់​ខ្លួន​ហ្នឹង​ គាត់​នៅ​រស់​ ឬក៏​គាត់​បាត់​បង់​ជីវិត​អី​ជាដើម​ អាហ្នឹងយើង​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ អាជ្ញាធរ​ត្រូវតែ​ប្រឹងប្រែង​ ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​មួយ​ឲ្យបាន​ហ្មត់​ចត់​ ពីព្រោះ​បើ​មិន​ចឹង​ទេ​ វា​នៅ​តែ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ទៅលើ​ការ​បាត់​ខ្លួន​របស់​លោក​ ស៊ុម​ ម៉ឺន ​ហ្នឹង»។

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​រូប​នេះ​ អះអាង​ថា​ ភរិយា​លោក​ ស៊ុម ម៉ឺន​ បាន​ដាក់​ញត្តិទៅសាលា​ខេត្ត​និង​ការិយាល័យ​តំណាង​រាស្ត្រ​ព្រះវិហារ​ កាលពី​ថ្ងៃទី​១៨ ខែ​មីនា​ តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ។ ​យ៉ាងណាក្តី​ លោក​ថា​ អាជ្ញាធរ​មួយ​ចំនួន​ បាន​លើកឡើង​កាលពី​ពេល​កន្លង​មក​ថា​ លោក ស៊ុម ម៉ឺន​ កំពុង​ត្រូវបាន​ភាគី​ពាក់ព័ន្ធ​ចាប់​យក​ទៅ​លាក់​ទុក​ ហើយ​ដាក់​ការ​ស្តី​បន្ទោស​មក​លើអាជ្ញាធរ។

VOA​ ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ សួស យ៉ារ៉ា​ តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​មណ្ឌល​ព្រះវិហារ តែ​មិន​ទាន់​អាច​ទាក់​ទង​លោក​បាន​ទេ​ ដោយ​ទូរសព្ទ​របស់​លោក​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។

លោក ​យង់ គឹមហឿង​ នាយករដ្ឋ​បាល​សាលាខេត្ត​ព្រះវិហារ​ ប្រាប់​ VOA ​ថា​សាលាខេត្ត​បាន​ទទួល​ញត្តិ​ពី​ភរិយា​របស់លោក​ ស៊ុម ម៉ឺន ​ហើយ​ថា ​ក្រុម​មន្ត្រី​ថ្នាក់​ខេត្ត​ នឹង​ចុះទៅ​ជួប​ភរិយា​លោក​ ស៊ុម ម៉ឺន ​នៅថ្ងៃ​ចន្ទ​សប្តាហ៍​ខាង​មុខនេះ។ លោក​អះអាង​ទៀត​ថា​ ខាង​ខេត្ត​ក៏​កំពុង​ស្វែង​រក​លោក​ ស៊ុម ម៉ឺន​ ដែល​លោក​អះអាង​ថា​តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ លោក​ ស៊ុម ម៉ឺន​ កំពុង​លាក់​ខ្លួន។

«ខេត្ត​គឺ​តំាង​ពី​បាត់​ខ្លួន​មក​ គឺ​ខេត្ត​ គឺ​បន្តរុករក​ ហើយ​និង​ស្រាវជ្រាវ​រហូត​ ហើយ​ទាក់​ទង​ជាមួយ​គ្រួសារ​គាត់​ជា​ប្រចាំ​ចឹង​ទៅណ៎ា​ គឺ​មាន​ចំណាត់​ការ​តាម​ដាន​រឿង​ហ្នឹង​ដែរ​ អាហ្នឹង​ប៉ុន្តែ​ពាក្យ​បណ្តឹង​ខ្ញុំ​ទើប​បាន​ពី​ថ្ងៃ​១៩​ទេ​ ដែល​បាន​មក​ដល់​ខេត្ត»។

លោក​បញ្ជាក់​ទៀត​ថា​ សាលាខេត្ត​បាន​ធ្វើ​របាយ​ការណ៍​មក​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​បរិស្ថាន​ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​បាត់​ខ្លួន​លោក​ ស៊ុម ម៉ឺន​ ហើយ​ខាង​ខេត្ត​ក៏​កំពុង​ធ្វើ​របាយ​ការណ៍​វឌ្ឍនភាព​នៃ​ការ​បាត់​ខ្លួន​លោក​ ស៊ុម ម៉ឺន​ នេះ​ដែរ។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​នាយឧត្តម​សេនីយ៍ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទេ​ ដោយ​ទូរសព្ទ​របស់​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

​ក៏ប៉ុន្តែ​ លោក ​នេត្រ ភត្រ្តា​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​មាន​ប្រសាសន៍​ថា​ ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​ឡើង​ ដើម្បី​តាម​រក​លោក​ ស៊ុម ម៉ឺន​ ដែល​លោកចាត់​ទុក​ថា​ ជា​ជនលើ្មស​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ លោក និង​ប្រជាជន​ជា​ច្រើន​នាក់​ទៀតបាន​ចូល​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​ក្នុង​តំបន់ដែន​ជម្រក​សត្វ​ព្រៃ​គូលែន-ព្រហ្មទេព។

លោក​ថា​ អាជ្ញាធរ​ក៏​ចង់បាន​ការ​សហការ​ពី​ក្រុម​គ្រួសារ​លោក​ ស៊ុម ម៉ឺន​ ដែរ​ ក្នុងការ​តាម​រក​លោក ស៊ុម ម៉ឺន​ ដែល​កំពុង​រត់​គេចខ្លួន។

«យើង​ក៏ស្នើ​សុំ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ហ្នឹង​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដើម្បី​ផ្តល់​ព័ត៌មាន​ពីព្រោះ​តាម​ការ​ស៊ើប​អង្កេត​កន្លងទៅនេះ​ គឺ​មាន​ការ​ទាក់​ទង​ ក្រោយ​ពី​ការ​រត់​គេច​ខ្លួន​ហ្នឹង​ហើយ​ គឺ​មាន​ការ​ទាក់​ទង​គ្នា​តាម​ទូរសព្ទ​ បញ្ជាក់​ថា​ មាន​វត្តមាន​នៅ​កន្លែង​ណា​ នៅ​កន្លែង​ណា​ បាទ​ ហើយ​ឥឡូវ​នេះ​ យើង​កំពុង​តែ​ប្រមូល​នូវ​ឯកសារ​ភស្តុតាង​ទាំង​អស់​ហ្នឹង​ ហើយ​ធ្វើការ​ស៊ើប​អង្កេត​បន្ត​ទៅទៀត​ ដើម្បី​បញ្ជាក់​ថា​ លោក​ ស៊ុម ម៉ឺន​ កំពុង​តែ​រត់​គេច​ខ្លួន​ ហើយ​គាត់​កំពុង​តែ​ស្ថិត​នៅ​ទីណា​នោះ​បាទ»។

ទោះជាយ៉ាង​ណាក្តី​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ខ្លួន​ចុះថ្ងៃទី​២១ ខែ​មីនា​ ថា​ ចាប់តាំង​ពីថ្ងៃ​ទី២១​ ខែមករា​ អាជ្ញាធ​រមិន​បាន​ផ្តល់​ភស្តុតាង​ដែល​សហគមន៍​អាច​ជឿ​ទុក​ចិត្ត​បាន​ ពី​ទីតាំង​របស់​លោក​ ស៊ុម​ ម៉ឺន នោះ​ទេ ដោយ​បាន​អះអាង​ផ្សេងៗ​គ្នា​ថា​ លោក​បាន​នឹង​កំពុង​លាក់​ខ្លួន​នៅ​ទីតាំង​អាថ៌កំបាំង​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ឬ​កំពុង​ទទួលការ​ព្យាបាល​សុខភាព​នៅ​រាជធានី​ភ្នំពេញ។

អង្គការ​សិទ្ធិម​នុស្ស​ដដែល​នេះ​ បាន​ផ្តល់ការ​កត់​សម្គាល់​ទៀត​ថា​ ក្រោយមានការ​ចាប់ខ្លួន​ប្រជា​ពលរដ្ឋជា​ច្រើន​នាក់​ក្នុង​ខែ​មករា​នោះ មនុស្ស​ចំនួន​១៤នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់​ចំា​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ ក្នុង​នោះ​រួមមាន​កូន​ប្រុស​របស់​លោក​ ស៊ុម​ ម៉ឺន​ ឈ្មោះ​ ម៉ឺន​ មាន​ ផង​ដែរ។

អ្នក​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា៦២​ និងមាត្រា៥៤ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​ (ទាក់​ទង​នឹង​ការ​កាប់​គាស់​រុករាន​ដីព្រៃ) ​ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​១០ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់១៥០ លានរៀល។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ លោក​ ស៊ុម ម៉ឺន​ ​និង​កូនប្រុស​លោក ​ត្រូវបាន​ចាប់​ខ្លួន​ ពេល​កំពុង​បើក​គោយន្ត​ដឹក​សម្ភារៈ​លក់​ដូរ​កាល​ពីថ្ងៃទី​២០ ខែ​មករា​កន្លង​ទៅនេះ៕

XS
SM
MD
LG