ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ជប៉ុន​​​ឈប់​ជួយ​ការ​បោះឆ្នោត​និង​​កុំ​ខ្លាច​ឥទ្ធិពល​ចិន​នៅ​កម្ពុជា


រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

នៅ​ឯ​ទី​ក្រុង​​អូស្លូ ប្រទេស​ន័រវែស អ្នក​ស្រី មូរ សុខហួរ ​អនុ​ប្រធាន​គណ​បក្ស​​សង្គ្រោះ​​ជាតិ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជប៉ុន​ដើរ​តាម​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បោះ​បង់ការផ្ដល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​និង​ទុកសារៈ​សំខាន់​នៃ​ការ​រក្សា​វត្ត​មាន​រឹងមាំ​របស់​ខ្លួន​នៅ​កម្ពុ​ជា​ដើម្បី​តទល់​នឹង​ចិន ​នៅ​មួយ​ឡែក​សិន។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជា​ច្រើន​រយ​នាក់ដែល​ចូល​រួម​វេទិកា​អន្តរជាតិមួយ​ក្នុង​ប្រទេស​ន័រវែស ​អ្នក​ស្រី​មូរ សុខហួរ ​អនុ​ប្រធាន​គណ​បក្សសង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​បាន​រំលាយ​ហើយនោះ​ ​ បាន​អំពាវនាវ​សាជា​ថ្មី ​ឱ្យ​ប្រទេស​ជប៉ុន​បោះ​បង់​ចោល​ការ​គាំទ្រ​ផ្ដល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា​ខាង​មុខ ​និង​កុំ​ខ្លាច​ការ​រីក​ដុះដាល​នៃ​អំណាច​ចិន​នៅ​កម្ពុជា។​

ចំពោះ​អ្នក​ស្រី ​មូរ សុខហួរ ប្រទេស​ជប៉ុន​មិន​គួរបន្ត​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ដែល​អ្នក​ស្រី​ហៅ​ថា​ ខ្វះភាព​សេរី ​និង​យុត្តិធម៌ ​ដោយ​សារតែ​អវត្ត​មាន​គណ​បក្សរបស់​អ្នក​ស្រី​ដែល​ត្រូវ​បាន​រដ្ឋ​អំណាច​ខ្មែរ​រំលាយ​ចោល​កាល​ពីឆ្នាំទៅ​មិញ​ ដោយ​សារតែ​ជប៉ុន​ចង់​បន្ត​វត្ត​មាន​ដ៏​រឹងមាំ​របស់​ខ្លួន​នៅ​កម្ពុជា​តទល់​នឹង​ឥទ្ធិពល​ដែល​ចេះ​តែ​រីក​ឡើង​របស់​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​មួយ​នេះ​ទេ។​

ក្នុង​កម្មវិធី​នា​ប្រទេស​ន័រវែស​ កាលពី​ថ្ងៃ​អង្គារ ​ដែល​មាន​ឈ្មោះ​ថា ​វេទិកា​សេរីភាព​ទីក្រុងអូស្លូ​ឆ្នាំ​២០១៨​នោះ​ អនុ​ប្រធាន​គណ​បក្សសង្គ្រោះជាតិ​រូប​នេះ​បាន​ថ្លែង​ថា ​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា​ខាង​មុខ​ខ្វះភាព​សេរី ​និង​យុត្តិធម៌​ ​ហើយ​ក៏​មាន​ផង​ដែរ​នូវ​មូល​ហេតុ​នៃ​ការ​រឹតត្បិត​លើ​សកម្មភាព​សង្គម​ស៊ី​វិល ​របប​សារ​ព័ត៌មាន​សេរី​ និង​ការ​បញ្ចេញ​មតិ​ជាទូ​ទៅ ​បូក​រួម​នឹង​ការ​ចាប់​លោក​ កឹម សុខា ​ប្រធាន​គណ​បក្សសង្គ្រោះជាតិ​ដាក់​ពន្ធនាគារ។​

អ្នក​ស្រី ​មូរ សុខហួរ ​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​បុគ្គល​ដែល​រង​បម្រាម​នយោបាយ​ប្រាំ​ឆ្នាំ ​បាន​ថ្លែង​ប្រាប់​មហា​ជន​អន្តរជាតិ​ជា​ភាសា​អង់គ្លេស​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖​

«ម្ល៉ោះ​ហើយ ​យើង​កំពុង​តែ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រប្រជា​ធិបតេយ្យ ​និង​ហៅ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ថា​ ជា​គ្រឿង​ក្លែង​បញ្ឆោត ​ជា​ពិសេស​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ​ដែល​ត្រូវ​តែដក​ខ្លួន​ចេញ​ពី​ដំណើរ​បោះ​ឆ្នោត​ក្លែង​មួយ​លើក​នេះ»។​

អ្នក​នយោបាយ​រូប​នេះ​បាន​បន្ត​ថា៖​

«រដ្ឋាភិបាល​បរទេស​ដែល​មាន​ចរឹត​ប្រជា​ធិបតេយ្យ​មួយ​ចំនួន ​នៅ​តែ​បន្ត​ជឿ​ជាក់​ថា ​គេ​រក្សា​វត្ត​មាន​នៅ​កម្ពុជា ​ដោយ​សារតែ​គេ​ត្រូវ​ទប់ទល់​នឹង​ប្រទេស​ចិន។ ​ប៉ុន្តែ​ចិន​មាន​នៅ​គ្រប់​កន្លែង​ហ្នឹង។​ ចិន​មិន​មែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​ឯណា​ គឺ​ចិន​នៅ​គ្រប់​កន្លែង ​មិន​អីចឹង?​ ដូច្នេះ​សូម​គាំទ្រ​ប្រជាធិបតេយ្យ ​ជា​ជាង​គិត​អំពី​ការ​បាត់​បង់​ប្រទេស​កម្ពុជា​ទៅ​ឱ្យ​ប្រទេស​ចិន។ ​សូម​កុំ​គិត​ដូច្នោះ ​សូម​គាំទ្រប្រជា​ធិបតេយ្យ»។​

ភ្លាមៗ​បន្ទាប់​ពី​គណ​បក្សសង្គ្រោះជាតិ​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​តាម​ពាក្យ​បណ្ដឹង​របស់​រដ្ឋាភិបាល​គណ​បក្សប្រជាជន​កម្ពុជា​ កាលពី​ខែ​វិច្ឆិកា ​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន​ចេញ​លែង​ធ្វើ​ជា​ដៃ​គូ​ផ្ដល់​ជំនួយ​ដល់​ការរៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ​គណ​បក្សសង្គ្រោះជាតិ ​ដែល​បាន​ទទួល​លទ្ធផល​ប្រហាក់​ប្រហែល​នឹង​គណ​បក្សប្រជាជន​កម្ពុជា ​ដែល​ស្ថិត​ក្នុង​អំណាច​យូរ​ឆ្នាំ ​កាលពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ក្នុង​ខែ​មិថុនា ​ឆ្នាំ​២០១៧ ​ត្រូវ​បាន​ចោទ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ថា ​ជា​ផ្នែក​នៃ​ការ​អនុវត្ត​ការ​ផ្លាស់​ប្ដូរ​របប​ដែល​មាន​បរទេស​ជា​មេខ្លោង។​

ខណៈ​ដែល​វត្ត​មាន​ប្រទេស​ចិន​ រុស្ស៊ី ​និង​កូរ៉េ​ខាង​ត្បូង ​ក្នុង​ចំណោម​ដៃ​គូផ្ដល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​កម្ពុជា ប្រទេស​ជប៉ុន​ក៏​ស្ថិត​នៅ​បន្ត​ផ្ដល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត ​និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដែរ ​នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​តូក្យូ​បន្ត​ទន្ទេញ​ជាប់​មាត់​អំពី​ការ​ធានា​យ៉ាង​ណា ​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​អាច​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា។​

ជប៉ុន ​និង​ចិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា ​នៅ​ចំ​ពេល​ដែល​ទំនាក់ទំនង​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ ​និង​បណ្ដា​ប្រទេស​បស្ចិម​លោក​ជួប​ភាព​ល្អក់​កករ។ ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ​និង​រដ្ឋាភិបាលទី​ក្រុង​តូក្យូ​បាន​បណ្ដាក់​គ្នា​ផ្ដល់​ជំនួយ​ជា​បន្ត​បន្ទាប់​មក​ដល់​ប្រទេស​កម្ពុជា​ មួយ​រយៈ​ពេលចុង​ក្រោយ​នេះ ដូច​យ៉ាង​ការផ្ដល់​ហិរញ្ញប្ប​ទាន​ដល់​គំរោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តូច​ធំ​នានា ​ការផ្ដល់​ជំនួយ​ដល់​វិស័យ​អប់រំ​សិក្សា​ធិការ ​និង​សុខាភិបាល​ជា​ដើម។​

ប្រទេស​ចិន​ក៏​បាន​ផ្ដល់​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​នូវ​ជំនួយ​សឹក ​និង​ការ​គាំទ្រ​ផ្នែក​នយោបាយ​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ ការ​រក្សា​ការពារ​ស្ថិរភាព ​និង​សន្តិភាព សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស​តាម​រយៈការ​ចាត់​វិធាន​ការ​លើ​អ្នក​រិះគន់ ​និង​ដៃ​គូ​ប្រជែង​នយោបាយ​នៅ​គណ​បក្សសង្គ្រោះជាតិ។​

នៅ​ក្នុង​សារ​អេឡិចត្រូនិក​មួយ​មក​កាន់​ VOA ​នាល្ងាច​ថ្ងៃ​ពុធ ​ លោក ​Suzuki Hironori​ មន្ត្រី​ទី​ប្រឹក្សា​ស្ថានទូត​ជប៉ុន​ប្រចាំ​រាជធានី​ភ្នំពេញ​ មិន​បាន​ឆ្លើយ​តប​ផ្ទាល់​នោះ​ទេ​ទៅ​នឹង​ការ​លើ​ក​ឡើង​របស់​អ្នក​ស្រី មូរ សុខហួរ ​ដែល​សុំ​កុំ​ឱ្យ​យក​ការ​រាំង​ខ្ទប់​ឥទ្ធិពល​ចិន​នៅ​កម្ពុជា ​មក​ធ្វើ​ជា​ហេតុ​ផល​ក្នុង​ការ​បន្ត​គាំទ្រ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ​តែ​លោក​ថា ​ជប៉ុន​នឹង​នៅ​បន្ត​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ជា​មួយ​នឹង​ចំណាប់​អារម្មណ៍ ​និង​ផល​ប្រយោជន៍​ដ៏​ខ្លាំង​បំផុត។​

ដោយ​បាន​លើក​ឡើង​ដូច​សេចក្ដី​ថ្លែង​ការណ៍​លើក​មុនៗ​ដែរ​ ដែល​ថា​ ​រដ្ឋាភិបាល​ទី​ក្រុង​តូក្យូ​ត្រៀម​ជាស្រេច​ក្នុង​ការ​ផ្ដល់​នូវ​ការ​លើ​ក​ទឹក​ចិត្ត​នានា​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​នោះ​ លោក ​Suzuki Hironori ​បាន​ចារ​ក្នុង​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«យើង​បាន​បង្ហើរ​នូវ​សារ​របស់​យើង​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ​ទៅ​កាន់​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ទាំង​ខាង​គណ​បក្សកាន់​អំណាច ​និង​បណ្ដា​គណ​បក្ស​ជំទាស់​នានា​ថា​ វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​នានា​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ ​ធ្វើ​យ៉ាង​ណា​ឱ្យ​ឆ្លុះ​បញ្ចាំង​ពីឆន្ទៈ​របស់​ប្រជា​ជន​កម្ពុជា»។​

ប្រទេស​ជប៉ុន ​កាលពី​ខែ​មេសា​ បាន​លើក​ឡើង​នូវ​សំណើ​ឱ្យ​មាន​ការសន្ទនា​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​គណ​បក្សប្រជាជន​កម្ពុជា ​និង​គណ​បក្សសង្គ្រោះជាតិ ​ដើម្បីស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ តែ​ភ្លាមៗ​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​បដិសេធ​សំណើ​នេះ។

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ទៅ​កាន់​ប្រទេស​ជប៉ុន ​កាលពី​ចុង​ខែ​មេសា​នោះ​ ​សំណើ​របស់​គណ​បក្សសង្គ្រោះជាតិ​ទាមទារ​ឱ្យ​មាន​អន្តរាគមន៍​ពី​សំណាក់​ប្រទេស​ជប៉ុន​ ក៏​មិន​បាន​ទទួល​ការ​បន្លឺ​សម្លេង​ជា​សាធារណៈ​ណា​មួយ​ពី​ទី​ក្រុង​តូក្យូ អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​ខ្លួន​ជួយ​ដឹក​ដៃ​ដៃ​គូបដិបក្ខ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​និយាយ​គ្នា​ឡើង​វិញ​ទៀត​ដែរ។

VOA ​បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​សំណាក់ ​លោក​ឌឹម សុវណ្ណារុំ ​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​តែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយតប​នោះ​ទេ​ ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ប៉ុន្តែ​ថ្លែង​នៅ​ក្រៅ​ពិធី​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណ​បក្សនយោបាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្រសួង​មហា​ផ្ទៃ លោក ​ឌឹម សុវណ្ណារុំ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​ក្រុម​អ្នក​រៀប​ចំការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កំពុងដំណើរ​ការ​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ជោគ​ជ័យ ​ស្រប​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​នានា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត ​ហើយ​ថា​ ​គ.ជ.ប.​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​រៀបចំ ​និង​មិន​មាន​កង្វល់​អំពី​ការ​ទទួល​ស្គាល់ ​ឬ​មិន​ទទួល​ស្គាល់​របស់​បណ្ដា​រដ្ឋ​បរទេស​ណា​មួយ​នោះ​ឡើយ។​

ក្រុម​អ្នក​គាំទ្រ​គណ​បក្សសង្គ្រោះជាតិ ​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ទៅ​បោះ​ឆ្នោត​ គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថាន​តំណាង​អ​ចិន្ត្រៃយ៍​របស់​ជប៉ុន​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​នៅ​ទី​ក្រុងញូវយ៉ក ​នា​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ​ដើម្បី​បន្ត​ទាមទារ​ឱ្យ​ជប៉ុន​ដក​ខ្លួន​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

នៅ​ឯ​ទី​ក្រុង​ភ្នំពេញ​ឯណេះ​វិញ ​ការរៀប​ចំការ​បោះ​ឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​លេខ​រៀង​គណ​បក្សនយោបាយ​លើ​សន្លឹក​ឆ្នោត​កាលពី​ដើម​សប្ដាហ៍​នេះ ​ដែល​មាន​គណ​បក្សចូល​រួម​បោះ​ឆ្នោត​សរុប​ចំនួន​២០​គណ​បក្ស​ ខណៈ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​រៀប​ជើង​ព្រួល​ចាត់​ការ​តប​នឹង​ការ​ធ្វើ​យុទ្ធនាការ​អំពាវនាវ ​ឬ​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត៕

XS
SM
MD
LG