គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតមួយចំនួនគាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា ការហៅគណបក្សផ្សេងៗដែលសម្រេចចូលរួមការបោះឆ្នោត ថាជាគណបក្ស«អំពិលអំពែក»គឺជាការ «មើលស្រាល» គណបក្សនយោបាយទាំងនោះ។
ការលើកឡើងរបស់តំណាងគណបក្សមួយចំនួននោះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញប្រតិកម្មក្នុងពិធីចែកសញ្ញាបត្រមួយកាលពីថ្ងៃអង្គារតបទៅនឹងសម្ដីដែលហៅគណបក្សផ្សេងៗថាជាគណបក្សដែលទទួលបានការជ្រោមជ្រែងពីលោក ហ៊ុន សែន និងជាគណបក្សដូច«អំពិលអំពែក»។ លោក ហ៊ុន សែន ថ្លែងថា សម្តីទាំងនោះជាការមាក់ងាយដល់គណបក្សថ្មីៗជាច្រើនដែលទើបបង្កើតឡើងហើយលោកថា គណបក្សនយោបាយទាំងអស់មានសិទ្ធិស្មើៗគ្នាក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត នាចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោកនាយករដ្ឋមន្រ្តីថ្លែងដោយមិនចំឈ្មោះតែសំដៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា៖
«គណបក្ស២០ចូលរួមការបោះឆ្នោត មិនមែនជាបញ្ហាលេងសើចទេ។ ហើយមានអ្នកខ្លះគឺថា ចាត់ទុកថា គណបក្សនេះសុទ្ធតែគណបក្សហ៊ុន សែន អ្នកបង្កើតហាក់ដូចជាមើលស្រាលបណ្ដាបក្សនយោបាយដទៃទៀត។ ហើយរហូតឈានទៅដល់ហៅគេថា គណបក្សអាប មានតែក្បាល គណបក្សអំពិលអំពែក វាអស់ឆ្ងល់ត្រឹមកន្លែងហ្នឹង។ ឲ្យតែហៅថាបក្សនយោបាយគឺបក្សនយោបាយមិនថាតូច មិនថាធំ គឺមានសិទ្ធិដូចៗគ្នា»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេសបានបង្ហោះវីដេអូមួយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែឧសភាដោយបានហៅគណបក្សនយោបាយដែលមានអ្នកគាំទ្រតិចនិងទើបបង្កើតថ្មីជាហូរហែរថាជាគណបក្ស «អំពិលអំពែក»បង្កើតឡើងជាការលម្អដើម្បីបង្គ្រប់កិច្ចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចបន្តកាន់អំណាចតទៅទៀតប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន២០ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសទទួលស្គាល់ជាផ្លូវការ។
គណបក្សដែលបានចុះបញ្ជីចូលរួមការបោះឆ្នោតបានការពារមូលហេតុនៃការសម្រេចចូលរួមការបោះឆ្នោតរបស់ពួកគេរៀងៗខ្លួន និងកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោត។ គណបក្សមួយចំនួនដែលត្រូវបានចុះឈ្មោះចូលរួមបោះឆ្នោតជាផ្លូវការ ក៏បានបញ្ចេញប្រតិកម្មនឹងការថ្លែងរបស់លោក សម រង្ស៊ីនិងថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ជារឿងត្រឹមត្រូវ។
លោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាដែលបង្កើតឡើងកាលពីឆ្នាំ២០១៦និងជាគណបក្សមួយដែលតែងរិះគន់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងនោះ បានគាំទ្រលើការថ្លែងរបស់លោក ហ៊ុន សែន ដោយថា លោក ហ៊ុន សែន លើកឡើងដោយយោងលើច្បាប់របស់កម្ពុជា។
លោកបញ្ជាក់ថា៖
«សម្តីរបស់លោក សម រង្ស៊ី គឺគាត់ថ្លែងតែលើបបូរមាត់តែប៉ុណ្ណោះ។ ពីព្រោះច្បាប់អត់មានចែងថាទាល់តែគណបក្សណាមួយ ឬក៏គណបក្សខ្លាំងណាមួយចូលរួមទើបហៅថា ការចូលរួមនោះប្រកបដោយសេរី និងយុត្តិធម៌។ គេចែងថាសេរីពហុបក្សអញ្ចឹងនៅពេលយើងអនុវត្តចាប់ពីពីរឡើងទៅ ស្របតាមរដ្ឋធម្មនុញ្ញ អាហ្នឹងគឺត្រឹមត្រូវហើយ»។
ការប្រកាសទទួលស្គាល់គណបក្សដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជាបន្តបន្ទាប់នេះ ធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការកុំទៅចូលរួមការបោះឆ្នោតប្រសិនបើគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី ក៏បានថ្លែងថាគណបក្សនយោបាយផ្សេងៗដែលកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺកំពុងក្បត់នឹងឆន្ទៈប្រជាពលរដ្ឋជិតកន្លះប្រទេស។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាគណបក្សមួយទើបតែសម្រេចចិត្តចូលរួមការបោះឆ្នោតបន្ទាប់ពីស្ទាក់ស្ទើរអស់មួយរយៈ ថ្លែងថា អ្នកនយោបាយដែលតែងប្រមាថនិងបង្អាក់គណបក្សផ្សេងៗដែលកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោត គឺជាគំនិតផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖
«អ្នកនយោបាយជើងចាស់ខ្មែរហ្នឹងគាត់គួរចាប់ផ្តើមរៀនសូត្រផ្លាស់ប្តូរគំនិតរបស់គាត់។ មិនថាខាងណាៗទេ សូមបញ្ឈប់នយោបាយបែបសម្លុត គំរាម បែបជេរប្រមាថ បែបមាក់ងាយ បែបលាបពណ៌គ្នា ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនហ្នឹងគាត់ចូលរួមសកម្មក្នុងវិស័យនយោបាយកុំឲ្យមានការភ័យខ្លាច។ ហើយយើងត្រូវលើកទឹកចិត្តឲ្យយុវជនជាច្រើនហ្នឹង គាត់មានចំណាប់អារម្មណ៍រឿងនយោបាយ ហើយអភិវឌ្ឍន៍ខ្លួនរបស់គាត់ឲ្យក្លាយជាអ្នកដឹកនាំល្អ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវិស័យនយោបាយ»។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤០ភាគរយឬស្មើនឹងជាង៣លាននាក់នៅទូទាំងប្រទេសកាលពីការបោះឆ្នោតឆ្នាំ២០១៧ត្រូវបានតុលាការកំពូលរំលាយនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំកន្លងទៅ គេឃើញរដ្ឋាភិបាលលោក ហ៊ុន សែន បានបែងចែកកៅអីតំណាងរាស្រ្តរដ្ឋសភារបស់គណបក្សនេះ ទៅឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សមិនទទួលបានអាសនៈកាលពីការបោះឆ្នោតឆ្នាំ២០១៧។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ លើកឡើងថា អ្នកនយោបាយមួយចំនួនតែងថ្លែងផ្លែផ្កាឲ្យគ្នាទៅវិញទៅមក រហូតធ្វើឲ្យផុតក្រមសីលធម៌របស់ខ្លួន។ លោកបន្ថែមថា ការលើកឡើងពីចោទប្រកាន់ណាមួយគួរតែមានការបង្ហាញភស្តុតាង ជាជាងគ្រាន់តែនិយាយបែបសន្និដ្ឋាន។
លោកបញ្ជាក់ថា៖
«គណបក្សតូច គណបក្សធំ ជាសិទិ្ធរបស់គេ ប៉ុន្តែមិនអាចសន្និដ្ឋានចោទប្រកាន់ថាអ្នកនេះនៅពីក្រោយអ្នកនោះនៅពីក្រោយទេ បើអញ្ចឹងរកភស្តុតាងបញ្ជាក់ទៅ ទើបបានវាច្បាស់លាស់។ ប៉ុន្តែខ្ញុំគាំទ្រ លើកទឹកចិត្តឲ្យមានគណបក្សចូលរួមច្រើនអញ្ចឹង»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តីមួយចំនួនដែលកំពុងភៀសខ្លួននៅបរទេស តែងប្រកាសពីការមិនសុខចិត្តនឹងការរំលាយគណបក្សរបស់ខ្លួន ហើយប្រគល់កៅអីសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង៥ពាន់ទៅឲ្យគណបក្សផ្សេងដែលមិនទទួលបានការគាំទ្រពីពលរដ្ឋសោះនោះ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា ថ្លែងថា អ្នកនយោបាយចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ គួរតែគិតពីឆន្ទៈប្រជាពលរដ្ឋជាធំ។ លោកបន្ថែមថា គណបក្សផ្សេងៗដែលកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោត កំពុងត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ថា ជាគណបក្សដែលបង្កើតឡើងក្នុងគោលបំណងគាំទ្រគណបក្សកាន់អំណាច ដែលលោកថា គណបក្សទាំងនោះអាចប្រឈមនឹងការមិនពេញចិត្តពីប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖
«អាចប្រឈមដោយសារតែប្រជាពលរដ្ឋលោកអត់ពេញចិត្តទៅលើស្ថានភាពដែលគណបក្សកាន់អំណាចកន្លងមកលុបបំបាត់ឬក៏តុលាការរំលាយគនបក្សប្រឆាំងអញ្ចឹង ហើយគណបក្សទាំងអស់នៅតែបន្តដំណើរការនៃការប្រព្រឹត្តិហ្នឹងដដែល អញ្ចឹងទេឆន្ទៈប្រជាពលរដ្ឋមិនត្រូវបានគេឲ្យតម្លៃ»។
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនមេបក្សនេះគឺលោក កឹម សុខា ដាក់ក្នុងពន្ធនាគារ ការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ព្រមទាំងការបង្រ្កាប ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមិនមែនរដ្ឋាភិបាលមួយចំនួន គេឃើញស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនរិះគន់ និងបង្ហាញការបារម្ភថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងប្រឈមនឹងភាពខ្ទេចខ្ទី ខណៈស្ថាប័នអន្តរជាតិមួយចំនួន បានអំពាវនាវជាបន្តបន្ទាប់ឲ្យគណបក្សសង្រ្គោះជាតិអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៨នេះវិញ ដើម្បីធានាថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ចំណែកអង្គការជាតិធំៗចំនួនពីរដែលតែងសកម្មក្នុងការបោះឆ្នោតនាពេលកន្លងទៅ ក៏បានប្រកាសមិនចូលរួមឃ្លាំមើលការបោះឆ្នោតនេះ ដោយអះអងថា ដោយសាររងសម្ពាធពីរដ្ឋាភិបាលកម្ពុជា។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ បានប្រកាសជាច្រើនដងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍ មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ពីក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕