ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ស ខេង​ បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បង្រ្កាប​រាល់​សកម្ម​ភាព​ដែល​រាំង​ស្ទះ​​ការ​បោះ​ឆ្នោត


រួបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)
រួបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

បន្ទាប់​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធាន​ការលើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិកា​ការ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក ស ខេង​ បាន​​បញ្ជា​ឲ្យ​​សមត្ថកិច្ច​បង្ក្រាប​សកម្មភាព​​ដែល​​រាំងស្ទះ​ដំណើរ​ការ​បោះ​ឆ្នោត។ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា ការ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មិន​មែន​ជាការ​គំរាម​កំហែង​ឬ​ចាប់​បង្ខំ​ដែល​ផ្ទុយ​នឹង​ច្បាប់​នោះ​ទេ។

រដ្ឋ​មន្រ្តីក្រសួង​មហា​ផ្ទៃ​ ​លោក ស ខេង​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ចូល​រួម​បង្ការ​ ​ទប់ស្កាត់​ ​និង​បង្រ្កាប​រាល់​សកម្មភាព​គ្រប់​រូបភាព​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត។​

ការ​បញ្ជា​របស់​លោក​ ស ខេង ​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ការ​ងារ​របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ ខែ​ឧសភា ឆ្នាំ​២០១៨។​ លោក​ថ្លែង​ថា ​គ្រប់​ស្ថាប័ន​ អង្គភាព​ពាក់​ព័ន្ធទាំង​អស់​ត្រូវ​លើក​កម្ពស់​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ ​រួម​សហការ​គ្នាដើម្បីធានា​កិច្ចការ​ការ​ពារ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ ​ប្រកប​ដោយ​សុវត្ថិភាព ​និង​ជោគ​ជ័យ​តាម​គ្រប់​រូបភាព។​

លោក​ ​ស ខេង​ ​បញ្ជា​ក់​ក្នុង​សុន្ទរកថា​របស់​លោក​តាម​ន័យ​ដើម​ថា៖​

«បង្ការ​ ​ទប់ស្កាត់​ ​និង​ប្រយុទ្ធ​ប្រឆាំង​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​ ​ក៏​ដូចជា​រាល់​ឧបាយកល​ពិសពុល ​ប៉ុន​ប៉ង​បំផ្លិច​បំផ្លាញ​ ​ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ​ឲ្យ​បាន​គ្រប់​រូបភាព​ ​សំដៅ​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់​ ​អព្យាក្រឹត្យ​ ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ​ត្រឹម​ត្រូវ​ ​និង​យុត្តិធម៌​ ​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ប្រកប​ដោយ​សុវត្ថិភាព​ ​គ្មាន​ការ​គំរាម​កំហែង​ ​ការ​បំភិត​បំភ័យ​ ​និង​អំពើ​ហិង្សា»។​

លោក ស ខេង ក៏​បានថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​បន្ថែម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នោះ​ថា​ ​ការទៅ​ចូល​រួម​បោះ​ឆ្នោត​ ​ឬ​អត់​ ​គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ ​ប៉ុន្តែ​លោក​ថា​ ​ការ​អំពាវនាវ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត​គឺ​ជា​ការ​រារាំង​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​តាម​រយៈការ​ប្រើ​សម្តី​ ​ដែល​លោក​ថា​ បុគ្គល​ដែល​រារាំង​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។

លោក​បញ្ជា​ក់ថា៖​

«ដែល​ហៅ​ថា ​រារាំង​ហ្នឹង ​រារាំង​របៀប​ម៉េច?​ ​យក​របង​ទៅ​រារាំង​ ឬ​ក៏​យក​ឧបករណ៍​អ្វី​ផ្សេង​ទៀត​ជា​វត្ថុ​រឹង​ទៅ​រារាំង?​ ​ឬ​មួយ​ក៏​ការ​អំពាវនាវ​ជា​សម្តី​នេះ​ ​បើ​គ្រាន់ថា​ ជា​សម្តី​ហ្នឹង​ថា​ វា​អត់​ខុស​ទេ ​គ្រាន់​តែ​ជា​ការ​អំពាវនាវ។​ ​អីចឹង​យក​ច្បាប់​ទៅ​អនុ​វត្ត​យ៉ាង​ម៉េច​ បើ​អ្នក​ហ្នឹង​អត់​យក​របង​ទៅ​រារាំង?​ ដូច្នេះ​ខ្ញុំ​យល់​ថា សម្តី​ហ្នឹង​ហើយ​ដែល​ជា​ការ​រារាំង»។​

ការ​ថ្លែង​របស់​លោក​ ​ស ខេង​ ​ធ្វើ​ឡើងបន្ទាប់​ពី​ ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាគណ​បក្ស​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ​ ​បាន​អំពាវនាវ​ជា​ច្រើន​ដង​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិកា​កុំ​ទៅ​បោះ​ឆ្នោត​ ​បើ​មិន​មាន​ការ​ចូល​រួម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។​ ក្រោយ​ការ​អំពាវនាវ​របស់​លោក​ ​សម រង្ស៊ី​ ​ជា​បន្ត​បន្ទាប់​ ​គេ​ឃើញអ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​នេះ​មួយ​ចំនួន​ ​ នា​ពេល​ថ្មីៗ​ បាន​ធ្វើ​យុទ្ធនាការ​បញ្ជា​ក់​ជំហរ​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ ​តាម​រយៈការ​ថត​រូប​ជា​មួយ​ពាក្យ​ស្លោក​ដែល​សរសេរ​ថា​«ដេក​ផ្ទះ​ឈ្នះ​ឯង» ​និង ​«មិន​ទៅ​បោះ​ឆ្នោត​ទេ​ ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្ញុំ​ស្រឡាញ់»​ជា​ដើម។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ជា​ស្ថាប័ន​ដែល​អះអាង​ថា ​មាន​ភាព​ឯករាជ្យ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ​ក៏​បាន​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ចាត់​វិធាន​ការលើ​អ្នក​ដែល​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិកា​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ផង​ដែរ។​ ​គ.ជ.ប.​បាន​ចាត់​ទុក​ថា​ ​ការ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោតគឺ​ជា​សកម្មភាព​រារាំង​ប្រជា​ពល​រដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ ​និង​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​ដល់​សន្តិសុខ​ជាតិ ​ដូច​មាន​ចែង​ក្នុង​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​

លោក សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បានប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិក​ត្រូនិក​ ​ឬ​អ៊ីមែល​ ​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ពល​រដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​សម្តែង​មតិ​រៀងៗ​ខ្លួន​ ​ហើយថា​ ​ការ​ទៅ​បោះឆ្នោត​ ​ឬ​មិន​ទៅ​បោះឆ្នោត​គឺ​ជា​សិទ្ធិ​របស់​ពល​រដ្ឋម្នាក់ៗ។​ ​លោក​បន្ថែម​ថា​ ​ក្នុង​ការ​បោះ​ឆ្នោត​មុនៗ​ ​មាន​ពល​រដ្ឋ​រាប់​លាន​នាក់​ដែល​មិន​បាន​ទៅ​បោះឆ្នោត​ ​ដោយ​មូល​ហេតុ​ផ្សេងៗ​ ​តែ​មិន​មាន​នរណា​ត្រូវ​បាន​ចាប់ថ្នាក់​ ឬ​ផ្តន្ទាទោស​ដោយ​សារ​មិន​បាន​ទៅ​បោះឆ្នោត​ទាំង​នោះ​ឡើយ។

​លោក​ សម រង្ស៊ី​ ​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

​«ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះមាន​សិទ្ធិ​មិន​ចូល​ប្រឡូក​ប្រឡាក់​ក្នុង​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ខាង​មុខ​ ​ដែល​គេរៀបចំ​ធ្វើ​ឡើង​ដើម្បី​គ្រាន់​តែ​ជួយ​ពង្រឹង​ក្រុម​ពួក​អ្នក​កាន់​អំណាច​សព្វ​ថ្ងៃ​ ​និង​បរិវា​ដែល​កំពុង​តែ​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ​តើ​បើគ្រាន់តែ​សម្តែង​មតិ​បែប​នេះ​ ​មានទោស​អ្វី​ដែរ?​ ​តើ​បើគ្រាន់​តែ​ទុក​មតិ​បែប​នេះ​ក្នុង​ចិត្ត​ ​មាន​ទោស​អ្វី​ដែរ?​ ​តាម​ការណ៍​ពិត​ ​គ្មាន​ទោស​អ្វី​ទេ​ ​បើយើង​គោរព​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ»។​

លោក កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ លោក​គាំទ្រ​រាល់​ចំណាត់​ការ​របស់​សមត្ថកិច្ច​ ​លើ​សកម្មភាព​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ ​និង​ការ​រារាំង​ពលរដ្ឋ​ដែល​ចង់​ទៅ​បោះ​ឆ្នោត ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ជា​ដើម។​ ​ទោះ​យ៉ាង​ណា​លោក​ថា​ ​សម្រាប់​ការ​អំពាវនាវ​ដោយ​ប្រើ​តែ​សម្តី​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ​មិន​គួរ​ចាត់​ទុកជា​សកម្ម​ភាព​ខុស​ច្បាប់​នោះ​ទេ ​ដោយ​លោក​ថា​ រាល់​ការ​សម្រេច​ចិត្ត​គឺ​ស្ថិត​លើ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​ខ្លួន​ឯង។

លោក​បញ្ជា​ក់ថា៖​

«ក្នុង​ច្បាប់​១៤២​ និង​ច្បាប់​ផ្សេង​ទៀត ​យើង​មិន​បាន​មើល​ឃើញ​កន្លែង​ណា​ដែល​ជា​ចំណុច​មួយ​ដែល​ហាម​ឃាត់​ការ​សម្តែង​មតិ​ទេ។ ​លើក​លែង​តែ​ការ​សម្តែង​មតិ​នោះ​វា​ក្លាយ​ជា​ការ​គំរាម​កំហែង​ ជាការ​ភិតភ័យ ​ដែល​មាន​កំណត់​អំពើ​ហ្នឹង​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ ​ហើយ​គាត់​បង្ខំ​ចិត្ត ​អា​ហ្នឹង​មាន​ន័យ​ថា​ វាជា​អំពើ​គំរាម​កំហែង»។​

គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំងប្រទេស​កាលពី​ឆ្នាំ​២០១៧​ ​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ ដោយ​ចោទ​ថា​ ​គណ​បក្ស​នេះ​បាន​ឃុបឃិតជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។​ ​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ជា​ច្រើន​រូប​បាន​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​ ​និង​បាន​ចូល​រួម​បង្កើតចលនា​សង្គ្រោះ​ជាតិ​ជា​មួយ​លោក​ ​សម រង្ស៊ី​ ​ដើម្បីទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ ​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​ទាមទារ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញដើម្បីអាច​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

យ៉ាង​ណា​ក៏​ដោយ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កម្ទេច​រាល់​ចលនា​ណាមួយ​ដែល​ប្រឆាំង​នឹង​ខ្លួន​ មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា​ ​និង​បាន​ប្រកាស​ពីការ​ត្រៀម​កង​កម្លាំង​ជាង​៨​ម៉ឺន​នាក់​ ​ដាក់​ពង្រាយ​តាម​ការិយាល័យ​ ​និង​តាម​តំបន់​ផ្សេងៗ​ ​ដើម្បីការពារ​សន្តិសុខ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ។​ ​កង​កម្លាំង​នេះ​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​មាន​ការ​ចូល​រួម​ពីគណ​បក្ស​សង្រ្គោះ​ជាតិ​ ​កាលពី​ឆ្នាំ​២០១៧​ ​ដែល​ពេល​នោះ​រដ្ឋាភិបាល​ដាក់​ពង្រាយ​កម្លាំង​ត្រឹម​តែ​ជាង​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។

ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​នេះ​គឺ​លោក​ ​កឹម សុខា​ ​ដាក់​ក្នុង​ពន្ធនាគារ​ ​ការព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ចំនួន​១១៨រូប​ ​ព្រម​ទាំង​ការបង្រ្កាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ​គេ​ឃើញ​ស្ថាប័ន​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​រិះគន់​ ​និង​បង្ហាញ​ការ​បារម្ភ​ថា​ ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​ខ្ទេចខ្ទី​ ​ខណៈ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួនបាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​វិញ ​ដើម្បីធានា​ថា​ ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌។​

ចំណែក​អង្គការ​ជាតិ​ធំៗ​ចំនួន​ពីរ​ដែល​តែង​តែ​សកម្ម​ក្នុង​ការ​បោះ​ឆ្នោត​ នា​ពេល​កន្លង​ទៅ​ ​រួម​មាន​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​ ​ក៏​បានប្រកាស​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ​ដែរ​ ​ដោយ​អះអាង​ថា ​ដោយ​សារ​រង​សម្ពាធ​ពីរ​ដ្ឋាភិបាល​កម្ពុជា។​

ទោះជាយ៉ាង​ណា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ​បាន​ប្រកាស​ជា​ច្រើន​ដង​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក ​បើ​ទោះ​បី​មិន​មាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ ​ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG