ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បុរស​ម្នាក់ ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​១០ខែ រឿង​រិះគន់​យុទ្ធនាការ​ទិញ​ផ្លែមៀន​របស់​នាយករដ្ឋមន្រ្តី


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសុន្ទរកថាតាមអនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោក Xi Jinping ប្រធានាធិបតីចិន។(Facebook/Samdech Hun Sen, Cambodian Prime Minister)

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ខែ ក្រោយ​រិះគន់​យុទ្ធនា​ការ​ទិញ​ផ្លែ​មៀន ដែល​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ការ​កាត់​ទោស​នេះ​ត្រូវ​បាន​រិះគន់​ថា​ អាជ្ញាធរ​កម្ពុជា​បន្ត​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

កាល​ពី​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ទិញ​ផ្លែ​មៀន​តាង៉ែន​របស់​ប្រជាពលរដ្ឋ ដែល​មិន​អាច​លក់​ទៅ​ប្រទេស​ថៃ​បាន ដោយ​សារ​មាន​ការ​បិទ​ទីផ្សារ។ លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​ថា​ លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​ទិញ​ផ្លែ​មៀន ហើយ​លោក​«អាច​បញ្ចាំ​ផ្ទះ​» យក​លុយ​ទៅ​ទិញ​ពី​កសិករ​ដែល​កំពុង​ជួប​ការ​លំបាក តែ​មិនអាច​ជួយ​ដល់​ម្ចាស់​ចំការ​ដែល​មានដី​ធំៗនោះ​បានទេ។

កាល​ពី​ថ្ងៃ​អាទិត្យ ទី២២ ខែ​សីហា លោក ងួន លី ហៅ​ផាត ដែល​រស់​នៅ​ក្នុង​ភូមិ​ដី​ក្រហម ឃុំ​តាសែន ស្រុក​កំរៀង ខេត្ត​បាត់​ដំបង បាន​ថត​វីដេអូ​មួយ​ចំនួន រួច​បង្ហោះ​តាម​បណ្តាញ​សង្គម ដែល​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ភ័យ​ខ្លាចគ្មាន​អ្នក​ទិញ​មៀន​តាង៉ែន​របស់​កសិករ​ម្នាក់​ដែល​ជា​អ្នក​ជិត​ខាង​របស់​លោក។ ក្នុង​វីដេអូ​នោះ លោក​ ក៏​បាន​រិះគន់​រដ្ឋាភិបាល​ផង​ដែរ។

បន្ទាប់​ពី​ការ​បង្ហោះ​នោះ លោក ងួន លី ត្រូវ​បាន​ឃាត់​ខ្លួន​សាក​សួរ ហើយ​តុលាការ​បាន​កាត់​ទោស​រូប​លោក​នៅ​សប្តាហ៍​នេះ។

លោក ដួង សារ៉ន អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​បាត់​ដំបង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក លី ត្រូវ​បានផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​១០​ខែ​ពី​បទ«ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

នៅ​ក្នុង​វីដេអូ​ដែល​លោក លី ថត​បង្ហោះ​ជាមួយ​ការ​អធិប្បាយ​របស់​លោក ដែលបាន​រៀប​រាប់​ថា ​ពី​ដំបូង​ឡើយ មាន​អ្នក​ទិញ ឬ​ឈ្មួញ​បាន​ប្រាប់​កសិ​ករ​ឲ្យ​កាច់​ផ្លែ​មៀន ហើយ​ដាក់​ក្នុង​ថង់ ប៉ុន្តែ​ក្រោយ​មក​ឲ្យ​ដាក់​ក្នុង​កេស​វិញ។ លើស​ពី​នេះ​ទៀត ឈ្មួញ​មិន​បាន​ទិញ​ផ្លែ​មៀន​ទេ ហើយ​ថែម​ទាំង​បង្អាប់​ផ្លែ​មៀន​ថា​មិន​ល្អ រហូត​ធ្វើ​ឲ្យ​លោក​ខឹង​ជំនួស​កសិករ​ដែល​ជា​ម្ចាស់​ផ្លែ​មៀន រហូត​ដល់​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក។ វីដេអូ​នេះ ​ត្រូវ​បានចែក​រំលែក​ជា​បន្ត​បន្ទាប់។

ក្នុង​វីដេអូ​មួយ​ លោក លី បាន​លើក​ឡើង​ថា​៖​ «​មៀន​ឲ្យ​ខ្ញុំ​កាច់​៤ ​ទៅ​៥​តោន​បង​ប្អូន ខ្ញុំ​ខាត​លុយ​ចម្ការ​រាប់​ម៉ឺន​ដុល្លារ​ហើយ [ដោយ]​នឹក​ឃើញ​រដ្ឋាភិបាល​គាត់​ចុះ​ទៅ​ជួយទិ​ញ​ហើយ​...ខ្ញុំ​កាច់​លក់​ឲ្យ​គាត់ ហើយ​គាត់​អត់​យក​ទៀត។ គាត់​ថា​មៀន​ខ្ញុំ​អន់។ អន់​អីណា​ទៀត បើ​មៀន​ថៃ​ប៉ុន​នេះ គេ​យក​ទៅ​ខ្ទេច​ហើយ។ ហើយ​ឲ្យខ្ញុំ​កាច់​ទុក​ឡើង​២​ថ្ងៃ​អត់​យក​ទៀត​ ម្តង​ថា​ឲ្យ​យក​ដាក់​ថង់ អស់​ពី​ដាក់​ថយ​ហើយ​ដាក់​កេស។ ឥឡូវ​ដាក់​កេស​ហើយ​អត់​យក​របស់​ខ្ញុំ​ទៀត»។ នៅ​ក្នុង​វីដេអូ​នោះ លោក​ក៏​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​បាន​ទិញ​ផ្លែ​មៀន​នោះ​ទេ គឺ​«បោក​សុទ្ធ»។

លោក លី ទំនង​ជា​មាន​ការ​យល់​ច្រឡំ​ថា​ ឈ្មួញ​ដែល​ប្រាប់​កសិករ​ថាទិញ​ផ្លែ​មៀន​នោះ​ជា​ក្រុម​ការងារ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ីង ប៊ុន​ហៀង មេ​បញ្ជា​ការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន និង​ជា​នាយ​ក​រង​ខុទ្ទកា​ល័យ​នាយក​រដ្ឋ​មន្រ្តី ដែល​ដឹកនាំ​កម្លាំងទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ ក្រោម​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី។​

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ​លោក ងួន​ លី និង​បុរស​ម្នាក់​ទៀត​ដែល​ជា​ម្ចាស់​ចម្ការ​មៀន​ផ្ទាល់ ត្រូវ​បានសមត្ថ​កិច្ច​ខេត្ត​បាត់​ដំបង​ហៅ​មក​សួរ​ចម្លើយ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ឃុំ​ខ្លួន​ម្ចាស់​ចម្ការ​នោះ​ទេ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ លោក ​ងួន លី ​បាន​សុំ​ទោស​រដ្ឋា​ភិបាល​ ជា​ពិសេស​នាយក​រដ្ឋ​មន្រ្តី ​ប៉ុន្តែលោក​បញ្ជាក់​ថា​ លោក​មិន​មាន​ចេតនាញុះ​ញង់​អ្វី​នោះ​ទេ ដោយលោក​គ្រាន់​តែ​បារម្ភ​អំពី​ការ​ខ្លាច​ខាត​បង់​សេដ្ឋ​កិច្ចរបស់​ម្ចាស់​ចម្ការ​ដែល​ជា​អ្នក​ជិត​ខាង​គ្នា។ លោក​បន្ថែម​ថា ​លោក​និយាយ​កាល​នោះ ដោយសារ​លោក​ខឹង​ផង​ដែរ។

វីដេអូ​នៃ​ការ​អត្ថា​ធិប្បាយ​របស់​លោក ងួន លី ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង។ លោក ងួន លី បញ្ជាក់​ថា៖ «ខ្ញុំ​អ្នក​ផុស​នេះ​ គឺ​មិន​មែន​ការ​ញុះញង់​ទេ គឺខ្ញុំ​ផុស​ក្នុង​លក្ខណៈ​ជួយ​ដល់​បង​ជា​ម្ចាស់​ចម្ការ។ ខ្ញុំ​ភ័យខ្លាច​ គឺ​អត់​មាន​ឈ្មួញ​មក​យក​ទាន់​ពេល​វេលា​...ខាត​ថ្លៃ​បេះ ថ្លៃ​កាច់ នៅ​ជំពាក់​ធនាគារ​ផង។ ខ្ញុំ​ជា​កសិករ​ដូច​គ្នា​នេះ គឺ​ខ្ញុំ​យល់​អារម្មណ៍​មួយ​នេះ ពី​ព្រោះខ្ញុំ​ក៏​ជំពាក់​ធនាគារ​ដូច​គ្នា​ដែរ»។ លោក​ក៏​បាន​បញ្ជាក់​ថា ​បើ​លោក​និយាយ​ខុស​«សូម​កុំ​ឲ្យ​ប្រកាន់»​ចំពោះ​ការអធិ​ប្បាយ​របស់​លោក។

ចំណែក​ម្ចាស់​ចម្ការ​ដែល​ឈរ​ក្បែរ​លោក ងួន លី ថ្លែង​ថា ​លោក​មិន​រំពឹង​ថា​ លោក លី បង្ហោះ​វីដេអូ​ទាំង​នោះ​ទេ។

អ្នកស្រី​ ប្រាក់ ផាន មេភូមិ​ដី​ក្រហម​ដែល​លោក លី រស់​នៅ បាន​ប្រាប់​វីអូអេ​ថា​ លោក ងួន លី គ្រាន់​តែ​ជា​អ្នក​ចាំ​ចម្ការ​ឲ្យ​គេ និង​មិន​មែន​ជា​អ្នក​រៀន​បាន​ជ្រៅ​ជ្រះ​នោះ​ទេ។

ក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរចំពោះ​ការដាក់​ទោស​ទណ្ឌ​លើ​ពលរដ្ឋ​ដែល​រិះគន់​នេះ គឺរំលោភ​បំពាន​ និង​បិទ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​រដ្ឋាភិបាល​គួរ​តែ​គិត​គូរ​ពិចារណា​ឡើង​វិញ​អំពី​ការ​ស្តារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នេះ។

លោក ហេង ​សាយ​ហុង មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា​ បើ​គ្រាន់​តែ​ការ​ព្រួយ​បារម្ភ និង​លើក​ឡើង​អំពី​បញ្ហា​របស់​ពលរដ្ឋ ដើម្បី​ចង់​ឲ្យ​អាជ្ញាធរ​បា​ន​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា ហើយ​ដាក់​ទោស​បែប​នេះ វា​ហាក់​បីដូចជា​បង្ហាញ​ការ​រឹត​ត្បិត​សេរី​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។ លោក​បន្ថែម​ថា ​មធ្យោ​បាយ​មាន​ច្រើន​ក្នុង​ការ​អប់​រំ​ប្រជាពលរដ្ឋ ជាជាង​យក​«កំហុស​អចេតនា​»របស់​បុគ្គល​ណា​ម្នាក់ មក​ដាក់​ពន្ធនាគារ។

លោក​ប្រាប់​វីអូអេ​ថា៖ «ពាក្យ​សម្តី​គាត់​ជួន​កាល​និយាយ​ទៅ​អាច​វា​មាន​លក្ខណៈ​មិន​បាន​រៀប​ចំ ពាក្យ​ពេជចន៍​បាន​ត្រឹម​ត្រូវ យើង​គ្រាន់​ជា​ការ​អប់រំ​គ្នា​ទៅ គឺ​វាប្រសើ​រ អាចធ្វើ​ឲ្យ​មនុស្ស​មាន​ការ​កែ​ប្រែ​បាន​ យល់​ច្បាស់​អំពី​សង្គម។ ហើយ​យើង​ចង់​ឲ្យ​មនុស្ស​យើង​ហ្នឹង វា​ទាក់​ទង​ការ​រៀន​សូត្រ​តទៅ​ទៀត។ យើង​មិនថា​ ​ខាង​ពន្ធ​នាគា​រ វា​ជា​កន្លែង​មួយសម្រាប់​ដាក់​ទោស​ ដើម្បីអប់​រំ​ រឿង​ដូច​ថា​បន្តិច​បន្តួច»។

អ្នកស្រី​ ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​អា​ជ្ញា​ធរ​គួរ​តែ​គោរពគោល​ការណ៍​សិទ្ធិ​មនុស្ស​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ ដោយ​មិន​គួរ​ចោទ​ប្រកាន់​ប្រជា​ពល​រដ្ឋណាម្នាក់​ដែល​គ្រាន់​តែ​បញ្ចេញ​យោបល់របស់​ខ្លួន​នោះទេ។ អ្នកស្រី​បញ្ជាក់​ថា ​អាជ្ញាធរ​គួរ​តែ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ។

អ្នកស្រី​ថ្លែង​ថា៖ «ការ​បន្ត​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​[ដូច​]តួរ​យ៉ាង​ដូច[បទ]​ញុះ​ញង់​ជាដើម​ចំពោះ​[ការ​ចោទ​]​ពល​រដ្ឋ​ មិន​មែន​ជា​អ្វី​ដែល​ប្រសើ​រសម្រាប់​សង្គម អ្វីដែល​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជាយើង​ដែល​អះ​អាងថា ​ជា​ប្រទេ​ស​ប្រជា​ធិប​តេយ្យ​នោះ​ទេ។​ ហើយ​ជា​ការ​បង្ហាញនូវ​កង្វះ​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​ផ្តល់​នូវ​បទ​អន្ត​រាគមន៍​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​បញ្ហា​ដែល​បាន​លើកឡើង»។

ចំណែក​ប្រធាន​សមាគម​អាដហុក លោក នី សុខា យល់​ឃើញ​ថា​ សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ គឺកាន់​តែ​រួម​តូចទៅ​ៗ​ក្នុង​រយៈ​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដែល​រដ្ឋាភិបាល​គួរ​តែ​ងាក​មក​លើក​កម្ពស់​ និង​គោរ​ព​សិទ្ធិ​មនុស្ស​ឡើង​វិញ៕

XS
SM
MD
LG