ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់ទោស​បុរស​ដែល​ប្រកាស​យក​ម៉ាស់​ពាក់​ឲ្យមាន់ ជាប់​ពន្ធនាគារ​១៨ខែ នាំ​ឲ្យ​មាន​ការរិះគន់


លោក​ នី ណាក់​ ក្នុង​រូបថត​​ផ្សាយ​តាម​​គណនី​​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​​​ឈ្មោះ​ IMan-KH កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២0។ (បណ្តាញ​​សង្គម)
លោក​ នី ណាក់​ ក្នុង​រូបថត​​ផ្សាយ​តាម​​គណនី​​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​​​ឈ្មោះ​ IMan-KH កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២0។ (បណ្តាញ​​សង្គម)

បុរស​ម្នាក់ដែល​បាន​ប្រកាស​ពីផែន​ការ​ទិញ​ម៉ាស់​មក​ពាក់​ឲ្យសត្វ​មាន់​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ១៩​កាល​ពី​ឆ្នាំ​មុនត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោសឲ្យជាប់​ពន្ធនាគារ​រយៈពេល១៨​ខែ។ការណ៍​នេះ​នាំ​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បង្ហាញ​ការ​សោក​ស្តាយ​និង​ចាត់​ទុកថា​ជា​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

លោក​ នី ណាក់​ ម្ចាស់​គណនីសង្គម​ហ្វេសប៊ុក​ឈ្មោះ​ IMan-KH ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្មត្រូវ​បាន​អ្នកការពារសិទ្ធិ​មនុស្សខ្លះអះអាង​ថា​តែង​តែរិះគន់​ជា​ញឹកញាប់អំពី​ចំណុច​ខ្សោយរបស់​មន្ត្រី​កសិកម្ម។

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​អ៊ី រិន្ទ​បានប្រាប់​វីអូអេថាតុលាការបាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​នី ណាក់​ អាយុ​៤២​ឆ្នាំ​ដាក់​ពន្ធនាគារ១៨ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​ពី​បទ «ជេរប្រមាថ​ជា​សាធារណៈ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ​ឆ្នាំ​២០២០ ​តាម​មាត្រា​៣០៧​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា។​

លោក​ អ៊ី​ រិន្ទ បន្ថែម​ថាសវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​នៃ​សំណុំ​រឿង​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២៧​ខែ​កក្កដា​ ឆ្នាំ​២០២១​និង​ប្រកាស​សាលក្រម​កាល​ពីថ្ងៃទី​១៨​ខែសីហា។

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​និងការពារ​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​លោក​ អំ សំអាត​បាន​បង្ហាញការ​សោក​ស្តាយនឹង​សេចក្តី​សម្រេច​របស់​តុលាការ​ដោយថា​នេះ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​បុគ្គល​ម្នាក់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មានការ​សោកស្តាយ​ដែរ​ពីព្រោះ​ត្រូវ​ទៅ​ពិនិត្យ​មើល​ថា​តើ​ទស្សនៈ​របស់​លោក​ហ្នឹង​ជា​រឿង​បញ្ចេញ​មតិ​ឬក៏​រឿង​បទល្មើស​ដែល​យើង​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ការ​រិះគន់​ទាក់​ទង​ការ​រឹត​ត្បិត​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ឬក៏​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​ដែល​គាត់​ចង់​បញ្ចេញ​មតិ​ហ្នឹង​មាន​ការ​ភិត​ភ័យ»។

កម្មករធ្វើដំណើរតាមម៉ូតូអូសរទេះកាត់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។
កម្មករធ្វើដំណើរតាមម៉ូតូអូសរទេះកាត់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។

លោកបន្ថែមថាលោក ​នី​ ណាក់​ ដែល​មាន​ជំនាញ​កសិកម្ម​ជា​ញឹកញាប់​បាន​ផ្តល់​ចំណេះ​ដឹង​ដល់​សាធារណជនទាក់​ទង​នឹង​វិស័យ​កសិកម្ម។ ក៏ប៉ុន្តែ​លោក​បាន​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់នៅ​ពេល​លោក​លើក​ឡើង​ពី​គម្រោង​ទិញ​ម៉ាស់​មក​ពាក់​ឲ្យ​មាន់ កាល​ពីចុង​ឆ្នាំ​២០២០។

​លោក​ អំ សំអាត​ ​បញ្ជាក់​ថា៖​ «អ្វីដែល​ថ្នាំងថ្នាក់​ចុងក្រោយ​នេះ​គឺ​ដែល​គាត់​និយាយ​នៅ​ក្នុង​ពេល​ដែល​ការ​រីករាល​ដាល​នៃ (ជំងឺកូវីដ១៩)​ហ្នឹង​ហើយ​អញ្ចឹង​ទៅ​គាត់​លើក​ពី​បញ្ហានៃគម្រោង​ទិញម៉ាស់​ពាក់​ឲ្យ​មាន់​ហ្នឹង​»។

កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ​នី ណាក់​ បាន​ប្រកាស​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​លោក​ឈ្មោះ ​IMan-KH ថា៖ «ខ្ញុំ​បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់​ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុង​មាន់​របស់​ខ្ញុំ​ក្នុង​ភាព​អាសន្ន​ព្រោះ​មូល​ហេតុ​មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម​កំពុង​តែរាតត្បាត​ក្នុង​កសិដ្ឋាន។ ខ្ញុំ​មិន​ចង់​គិត​ដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើឲ្យ​ខូចខាត​សេដ្ឋកិច្ច​របស់​កូនមាន់​យ៉ាង​ធ្ងន់ធ្ងរ។ ខ្ញុំ​សង្ឃឹមថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា​ហើយ​ដេក​នៅ​ក្នុង​ទ្រុង​កុំ​ចេញ​ក្រៅឲ្យ​សោះ​បើ​គ្មាន​ការ​ចាំបាច់»។

លោក​ អំ សំអាត ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា​លោក ​នី​ ណាក់​ ក្រៅ​តែ​ពី​បាន​លើក​ឡើង​នៅ​ផែន​ការ​ពាក់​ម៉ាស់​ឲ្យ​មាន់​នេះ លោក​ក៏​ធ្លាប់​និយាយ​រិះគន់​មន្ត្រី​ជំនាញ​ក្នុង​វិស័យ​កសិកម្មរហូត​បាន​ការ​ព្រមាន​ផងដែរ។

លោក​បញ្ជាក់​ថា៖ «កន្លង​មក​ថា ធ្លាប់​មាន​ក្រដាស​ព្រមាន​គាត់​ម្តង​ដែរ​ទៅ​ហើយ​ពីមុនៗ​មក​ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​យើង​ឃើញ​ថា គាត់​នៅ​តែ​មាន​ការ​បញ្ចេញ​មតិ​មាន​ការ​រិះគន់​ជាបន្ត​បន្ទាប់​ដដែល»។​

វីអូអេ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក ស្រី វុឌ្ឍី​ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ដើម្បី​បញ្ជាក់​ថា​តើ​ក្រសួងកសិកម្ម​បានប្តឹង​ប្រឆាំង​លោក​នី ណាក់​ ឬ​យ៉ាងណា។ ប៉ុន្តែ​លោកបញ្ជាក់​តាម​សារ​ឆ្លើយឆ្លង​តេឡាក្រាម​នៅ​ថ្ងៃសុក្រ​នេះ​ថា៖ «សួរ​តុលាការ​ទៅ»។

លោក​ក៏បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយលើ​សំណួរ​ផ្សេង​ទៀត ពាក់​ព័ន្ធនឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់​ទោស​លោក​ នី ណាក់​ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក​ នី សុខា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​សកម្មភាព​របស់​លោក​នី ណាក់ ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​កន្លងមក​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​គួរ​ត្រូវ​បាន​លើក​ទឹកចិត្ត​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ​ការ​បញ្ចេញ​មតិ​រិះគន់ការ​បញ្ចេញ​កង្វល់​ការ​បញ្ចេញ​អីនេះ​វា​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ទេ វា​មិនមែន​ជា​កំហុស​ទេ​ពីព្រោះ​ថា​យើង​នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​គេ​បើក​សេរី​ភាព​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​បញ្ចេញ​មតិ​ហើយ​ការ​បញ្ចេញ​មតិ​ហ្នឹង​មិន​មាន​តែ​ការ​បញ្ចេញ​មតិ​ខាង​ការ​លើក​សរសើរ​ទេ​គឺ​វាមាន​ទាំង​ការ​សរសើរ​មាន​ទាំង​ការ​រិះគន់​ផ្សេងៗ​ហ្នឹង​ឯងបាទ។ ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​ណា​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​គ្រាន់តែ​ធ្វើ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ការ​រិះគន់​ហ្នឹង​ទេ»។

លោក​បន្ថែម​ថា ការ​កាត់​ទោស​របស់​តុលាការ និង​ចំណាត់​ការ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​លើ​លោក​នី ណាក់ អាច​នឹង​ធ្វើឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​លែង​ហ៊ានបញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រភព​ព័ត៌មាន​មួយ​ផ្នែក។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ​ចក់​ សុភាព ​កត់សម្គាល់​ថា​អាជ្ញាធរ​ហាក់ដូច​ជា​លែង​មាន​ការ​អត់​ឱន​ដល់​រាល់​ទម្រង់​នៃ​ការបញ្ចេញ​មតិ ក្នុងនោះ​មានទាំង​វោហារសព្ទ​បែប​កំប្លែង​លេងសើចជា​ដើម។

អ្នកស្រី​បញ្ជាក់​ថា៖ «ពេល​ខ្លះ​ការប្រើ​ប្រាស់​វោហាសព្ទ​បែប​គេ​ហៅ​ថា​ បែប​កំប្លុក​កំប្លែង​អីហ្នឹង​ក៏នឹង​អាច​ប្រឈម​ នូវ​ទោស​ទណ្ឌ​ដែរ។ នេះ​ជា​ទិដ្ឋភាព​មិន​ល្អ​សម្រាប់​លម្ហ​សង្គមស៊ីវិល​នោះ​ទេ»។

បើ​តាម​អ្នកស្រី ចក់​ សុភាព​ ការ​មិន​អត់​ឱន​របស់​អាជ្ញាធរមក​លើមតិ​រិះគន់​របស់​ពលរដ្ឋ ហើយ​ឈាន​ដល់​ការ​ចាប់ឃុំខ្លួន​អ្នករិះគន់​ជា​បន្តបន្ទាប់​នេះ​អាច​ជា​សញ្ញា​មិន​អំណោយផល​ដល់​កម្ពុជា​ក្នុងការ​ទទួលបានការ​គាំទ្រ​ផ្នែក​ពាណិជ្ជកម្មពី​សហរដ្ឋអាមេរិកនិង​សហភាពអឺរ៉ុប។ កាល​ពី​ខែ​សីហា ឆ្នាំ​មុន សហភាព​អឺរ៉ុប​បាន​ដក​ការអនុគ្រោះ​ពន្ធ​ពីកម្ពុជា​ចំនួន​២០% ក្រោយ​រកឃើញ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

ស្របពេល​ជាមួយ​គ្នានេះ​លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​កាត់​ទោស​លោក ​នី ណាក់។ លោក​អធិប្បាយ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោកនៅថ្ងៃទី​២០​ខែ​សីហា​នេះថា៖

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ បញ្ជាក់​ថា៖ «ទណ្ឌកម្ម​ទាំងនេះ​គឺអត់​ត្រូវទេ គឺ​អយុត្តិ​ធម៌​ពេក​ហើយ។ តុលាការ​ជាឧបករណ៍​រដ្ឋាភិបាល​អត់ឯករាជ្យ​អត់ការពារ​សិទ្ធិ​សេរីភាព​អត់​ផ្តល់​យុត្តិធម៌។ ប្រព័ន្ធ​យុត្តិធម៌​អយុត្តិធម៌​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ក៏​អយុត្តិធម៌ ហើយ​សង្គម​ក៏មិនអាច​ជា​សង្គម​យុត្តិ​ធម៌​ទៅ​កើត​ទេ»។

លោក​បន្ថែម​ថា៖ «សង្គម​អយុត្តិធម៌​អត់​អាច​ធានា​សេចក្តី​សុខ​សន្តិភាព​សន្តិសុខ ​របៀបរៀបរយ​និង​សណ្តាប់​ធ្នាប់​បាន​ឡើយ» ។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លងទៅ​អាជ្ញាធរ​កម្ពុជាត្រូវបាន​មើល​ឃើញ​ថា​ប្រើ​ប្រាស់​វិធានការ​ច្បាប់​ប្រឆំាង​នឹង​បុគ្គល​ណាដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទៅ​នឹង​ស្ថានភាព​ជំងឺ​ឆ្លង​កូវីដ១៩​ឬ​បញ្ចេញ​ទស្សនៈ​ពាក់​ព័ន្ធនឹង​ស្ថានភាព​នៃជំងឺ​កូវីដ ដែល​អាជ្ញាធរ​យល់​ថាមាន​ចរិត​ជាការ​ញុះញង់ និងអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សន្តិសុខ​សង្គម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG