សវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រហែលជាបានធ្វើឲ្យមានភាពរង្គោះរង្គើរកាន់តែខ្លាំងរវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ហើយនេះប្រហែលជាមិនមែនជារឿងរីករាយមួយក្នុងការដើម្បីតាមដាននោះទេ ប៉ុន្តែយ៉ាងហោចណាស់មានចំណុចមួយដែលធ្វើឲ្យគេមានការរំពឹងទុកនោះគឺ ដំណើរការនេះបំផុសឲ្យមានជំនឿចិត្តចំពោះបទពិសោធន៍ដែលពលរដ្ឋអាមេរិកាំងបានឆ្លងកាត់។
ស្របពេលដែលពលរដ្ឋអាមេរិកាំងកំពុងតាមដានសវនាការស៊ើបអង្កេតរបស់រដ្ឋសភាដើម្បីចោទប្រកាន់ប្រធានាធិបតីជាសាធារណៈរបស់រដ្ឋសភា ដែលជាជំហានឆ្ពោះទៅកាន់លទ្ធភាពនៃការចោទប្រកាន់ដកហូតលោកប្រធានាធិបតី Trump ចេញពីតំណែងនោះ ក្រុមអ្នកតាមដានបានទទួលការក្រឿនរំឭកអំពីសារៈសំខាន់នៃតួនាទីរបស់ពួកជនអន្តោប្រវេសន៏នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងឱកាសនានាដែលប្រទេសបានផ្តល់ឲ្យពួកគេ។
បុគ្គលសំខាន់បួនរូបនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីគឺជាអ្នកចូលសញ្ជាតិអាមេរិកាំង ដែលពីរនាក់ក្នុងចំណោមពួកគេគឺជាកូនរបស់គ្រួសារជនភៀសខ្លួនដែលធ្វើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងសេតវិមាន។ អ្នកទីបីកំពុងធ្វើការឈានទៅកាន់តំណែងកំពូលផ្នែកការទូតរបស់ប្រទេស។ ចំណែកឯអ្នកទីបួនវិញបានជាប់ឆ្នោតជាសមាជិករដ្ឋសភា និងជាសមាជិកនៃគណកម្មាធិការស៊ើបការសម្ងាត់។
អ្នកស្រីឯកអគ្គរដ្ឋទូត Marie Yovanovitch គឺជា កូនស្រីរបស់ជនអន្តោប្រវេសន៍ដែលភៀសខ្លួនដំបូងមកពីសហភាពសូវៀត ហើយបន្ទាប់មកភៀសខ្លួនចេញពីរបបគ្រប់គ្រងណាហ្ស៊ីនៅអ៊ឺរ៉ុប។ អ្នកស្រីមានកំណើតនៅប្រទេសកាណាដា និងបានធំដឹងក្តីនៅរដ្ឋ Connecticut ហើយបន្ទាប់មកបានទទួលសញ្ជាតិអាមេរិកាំងនៅពេលអ្នកស្រីអាយុ១៨ឆ្នាំ។ អ្នកស្រីបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យការពារជាតិ និងបានចូលបម្រើការងារនៅក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកវរសេនីយ៍ទោ Alexander Vindman មានកំណើតនៅប្រទេសអ៊ុយក្រែន ដែលនៅពេលនោះអ៊ុយក្រែនជាផ្នែកមួយនៃសហភាពសូវៀត។ គ្រួសាររបស់លោកបានភៀសខ្លួនមកសហរដ្ឋអាមេរិកនៅពេលលោកនៅជាកុមារ។ ទាំងលោក Vindman និងបងប្អូនប្រុសរបស់លោកម្នាក់ទៀតចូលបម្រើការនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិក និងបានទទួលប័ត្រសរសើរជាច្រើន រួមទំាំងមេដាយ Purple Heart សម្រាប់របួសនៅក្នុងសមរភូមិនៅប្រទេសអ៊ីរ៉ាក់ផងដែរ។ ឥឡូវនេះលោក Vindman ជានាយកការិយាល័យទទួលបន្ទុកកិច្ចការអ៊ឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។
អ្នកស្រី Fiona Hill ដែលពីមុនបម្រើការងារនៅក្នុងតំណែងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ ដែលមានតួនាទីខ្ពស់ជាងលោក Vindman នោះបានចូលធ្វើកស្សិណសាក្សីនៅចំពោះមុខគណកម្មាធិការស៊ើបការសម្ងាត់នៃរដ្ឋសភា ដោយអ្នកស្រីបានពណ៌នាខ្លួនអ្នកស្រីថាជា«អ្នកចូលសញ្ជាតិអាមេរិកាំង» ដោយស័្មគ្រចិត្ត។ អ្នកស្រីមានកំណើតនៅក្នុងទីក្រុងធ្បូងថ្មដ៏លំបាកមួយនៅភាគខាងជើងប្រទេសអង់គ្លេស។ អ្នកស្រីមកសហរដ្ឋអាមេរិកពេលអ្នកស្រីមានវ័យជំទង់ និងបានចូលរៀននៅសាកលវិទ្យាល័យ Harvard ហើយបន្ទាប់មកបានចូលសញ្ជាតិអាមេរិកាំងនៅឆ្នាំ២០០២។ អ្នកទាំងបីនាក់នេះ ធ្លាប់ត្រូវបានសួរចម្លើយដោយមន្រ្តីអន្តោប្រវេសន៍ដូចគ្នា។
សមាជិករដ្ឋសភាលោក Raja Krishnamoorthi ដែលជាសមាជិកនៃគណកម្មាធិការស៊ើបការសម្ងាត់ខាងគណបក្សប្រជាធិបតេយ្យមានកំណើតនៅទីក្រុង New Delhi ប្រទេសឥណ្ឌា និងបានមកសហរដ្ឋអាមេរិកនៅពេលលោកជាទារក។ លោកបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Harvard ហើយបន្ទាប់មកបានជាប់ឆ្នោតជាសមាជិករដ្ឋសភានៅឆ្នាំ២០១៧។
គ្រួសាររបស់លោកវរសេនីយ៍ទោ Vindman បានមកសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៧៣ ដោយមានការជួយជ្រោមជ្រែងពីអង្គការ HIAS ដែលជាអង្គការសាសនាជួយការពារជនភៀសខ្លួនជ្វីសនៅទូទាំងពិភពលោក។
អ្នកស្រី Melanie Nezer អនុប្រធានកិច្ចការសាធារណៈនៃអង្គការ HIAS បានថ្លែងថា បានឃើញជនអន្តោប្រវេសន៍និងជនភៀសខ្លួនធ្វើការកាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលសហព័ន្ធគឺ «ហាក់ដូចជាការបង្ហាញអ្នកអំពីអត្ថប្រយោជន៍ដែលជនភៀសខ្លួននាំមកជូនប្រទេសនេះ»។
អ្នកស្រីបានថ្លែងថា៖ «វាបង្ហាញពីទេពកោសល្យ ការលះបង់ ការស្នេហាជាតិ ដែលទាំងអស់នេះគឺជាការចូលរួមដែលពួកជនភៀសខ្លួនបានធ្វើ។ ទាំងអស់នេះមិនមែនទើបតែមាននៅជំនាន់នេះទេ ប៉ុន្តែបានកើតឡើងតាំងពីជំនាន់ទីមួយនៅពេលដែលពួកគេមកដល់សហរដ្ឋអាមេរិក។ អ្នកឃើញហើយថាពួកគេដឹងគុណចំពោះឱកាសដែលចាប់ផ្តើមជីវិតថ្មីរបស់ពួកគេនៅក្នុងប្រទេសនេះប៉ុណ្ណា និងការលះបង់របស់ពួកគេជួយដល់ប្រទេសនេះវិញប៉ុណ្ណា»។ ការចូលរួមនៅក្នុងសវនាការសាធារណៈនេះពិតជានាំឲ្យមានការប្រឈមនឹងគ្រោះថ្នាក់ដែរ។
អ្នកស្រី Yovanovitch ត្រូវបានដកចេញពីតំណែងដោយលោកប្រធានាធិបតី Trump ដោយសារអ្នកស្រីបានវាយប្រហារលោកនៅលើបណ្តាញសង្គម Twitter ហើយអ្នកស្រីគឺជាបុគ្គលម្នាក់ដែលក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតីព្យាយាមបង្ខំឲ្យចាកចេញពីតំណែងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ុយក្រែន។ លោក Vindman ដឹងខ្លួនថា ជាគោលដៅនៃការបំពានតាមប្រព័ន្ធអ៊ិនធឺណិតធ្ងន់ធ្ងរ ដែលកងទ័ពពិចារណាឲ្យរូបលោក និងគ្រួសាររបស់លោកទៅប្តូរទៅស្នាក់នៅក្នុងផ្ទះសុវត្ថិភាពនៅបន្ទាយយោធា។
ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរបានបង្ហាញខ្លួនចូលធ្វើកស្សិណសាក្សីនៅចំពោះមុខសមាជិករដ្ឋសភា ដើម្បីបង្ហាញអំពីការលះបង់របស់ពួកគេនិងដឹងគុណចំពោះប្រទេសដែលផ្តល់ជម្រកដល់ក្រុមគ្រួសាររបស់ពួកគេ។
អ្នកស្រី Yovanovitch បានផ្តល់សក្ខីកម្មដូច្នេះថា «ការចូលបំពេញការងាររបស់ខ្ញុំ គឺជាការបង្ហាញការដឹងគុណចំពោះអ្វីៗទាំងអស់ដែលប្រទេសនេះបានផ្តល់ឲ្យខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំគ្មានសំណាងរស់នៅក្នុងយុគសម័យសង្គមសេរីដូចនេះទេ។ ឪពុករបស់ខ្ញុំបានភៀសខ្លួនចេញពីសូវៀតមុននឹងស្វែងរកការស្នាក់ក្នុងសហរដ្ឋអាមេរិក។ »។ គ្រួសារម្តាយរបស់ខ្ញុំគេចចេញពីសហព័ន្ធសហភាពសូវៀតបន្ទាប់ពីបដិវត្តន៍ Bolshevik ហើយគាត់បានធំដឹងក្តីនៅតំបន់គ្មានប្រទេសក្នុងរបបណាហ្ស៊ីអាល្លឺម៉ង់ មុននឹងគាត់មកដល់សហរដ្ឋអាមេរិក។ ប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគេ ប្រវត្តិផ្ទាល់ខ្លួនរបស់ខ្ញុំធ្វើឲ្យខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក និងយល់ពីអ្នកដ៏ទៃ»។
លោក Vindman ស្ថិតក្នុងឯកសណ្ឋានយោធា បានទទួលការកត់សម្គាល់ជាច្រើននៅក្នុងសក្ខីកម្មរបស់លោក។ លោកបានថ្លែងថា«ខែក្រោយនឹងគំរប់ខួប៤០ឆ្នាំ ចាប់តាំងពីគ្រួសាររបស់ខ្ញុំបានមកដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន។ ពេលឪពុករបស់ខ្ញុំអាយុ៤៧ឆ្នាំ គាត់បានចាកចេញពីអ្វីៗគ្រប់យ៉ាងដែលគាត់បានកសាងពេញមួយជីវិតរបស់គាត់ ហើយគាត់មានតែសំបកផ្ទះតែមួយគត់ដើម្បីចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិក ដើម្បីឲ្យកូនៗទាំងបីរបស់គាត់អាចមានជីវិតប្រសើរ និងរស់នៅដោយសុវត្ថិភាព»។
លោក Vindman បាននិយាយទៀតថា« ការសម្រេចចិត្តដ៏ក្លាហានរបស់លោកត្រូវបានជួយជំរុញដោយការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រុសរបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ ហើយនិងកតាព្វកិច្ចរបស់យើង។ យើងទាំងបីនាក់បានបម្រើការងារនិងកំពុងបម្រើការងារជាយោធា។ ភារកិច្ចយោធារបស់យើងគឺជាផ្នែកដ៏ពិសេសមួយនៃប្រវតិ្តគ្រួសាររបស់យើងនៅលើទឹកដីអាមេរិក»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា