ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​អប់រំ​ជំរុញ​ឱ្យ​ក្មេងស្រី​ចូលរួម​ការប្រកួត​សរសេរ​កូដ​បង្កើត​កម្មវិធី​ទូរសព្ទ​ដើម្បី​ដោះស្រាយ​បញ្ហា​សហគមន៍


រូបឯកសារ៖ សិស្ស​ស្រី​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ក្នុង​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។ (ផន បុប្ផា / VOA Khmer)
រូបឯកសារ៖ សិស្ស​ស្រី​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ក្នុង​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។ (ផន បុប្ផា / VOA Khmer)

​ក្រសួង​អប់រំ​ជំរុញឲ្យក្មេងស្រី​និង​យុវនារី​កម្ពុជាចូលរួម​កម្មវិធីតិចណូវេសិន (Technovation) ដើម្បី​បង្ហាញ​គំនិត​ច្នៃ​ប្រតិដ្ឋ​នៅក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​លើ​ជំនាញ​សរសេរកូដបង្កើត​កម្មវិធីទូរសព្ទ​ដៃ ដើម្បី​ចូលរូម​ដោះស្រាយ​បញ្ហា​នៅក្នុង​សហគមន៍ និង​បញ្ហា​សកលលោក។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់ក្រសួង​អប់រំ​ យុវជន និង​កីឡា ចេញនៅ​ថ្ងៃទី ​៣ ខែមករា ឆ្នាំ​ ២០២៥ បញ្ជាក់​ថា កម្មវិធី Technovation Cambodia គឺជា​កម្មវិធី​ប្រកួត​ប្រជែង​ដែល​ផ្តោត​លើ​ការ​លើក​ទឹក​ចិត្ត​ដល់​កុមារីនិង​យុវនារី​កម្ពុជា ​ដែល​មាន​អាយុ​ចាប់ពី​ ៨ ​ឆ្នាំ​ដល់ ​១៨​ ឆ្នាំ ឲ្យ​ចូលរួម​ក្នុង​វិស័យ​ច្ចេកវិទ្យានិង​សហគ្រិនភាព តាមរយៈ​ការបង្ហាញ​គំនិត​ច្នៃ​ប្រតិដ្ឋក្នុង​ការ​ប្រើប្រាស់​បច្ចេលវិទ្យា​ព័ត៌មានលើ​ជំនាញ​សរសេរ​កូដ​បង្កើតកម្មវិធីទូរសព្ទដៃ។

បើតាម​ក្រសួង​អប់រំ​ កម្មវិធី​ប្រកួត​ប្រជែង​នេះប្រព្រឹត្ត​ទៅ​ចាប់​ពីខែធ្នូ ​ឆ្នាំ​ ២០២៤ ដល់ខែសីហា ឆ្នាំ ​២០២៥ ដោយ​នឹង​មាន​ជា​វគ្គបណ្តុះបណ្តាល​អនឡាញ​លើ​ជំនាញ​សរសេរ​កូដ​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ និង​សហគ្រិនភាពរយៈពេល​ ១២ ​សប្តាហ៍ ​ចាប់ពី​ខែមករា ដល់ខែ​មេសា ឆ្នាំ​ ២០២៥។ ក្រោយ​បញ្ចប់​វគ្គបណ្តុះបណ្តាល កុមារ​ត្រូវ​ផ្ញើ​កម្មវិធី​ទូរសព្ទដៃ​ដែល​បាន​អភិវឌ្ឍ​គម្រោង​អាជីវកម្ម និង​វីដេអូ​ខ្លី​ទៅ​ក្នុង​គេហទំព័រ​ Technovation Global ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ។

សម្រាប់​លក្ខខណ្ឌ​ចូលរួម ក្រសួង​បញ្ជាក់​ថា ក្មេង​ស្រី​ត្រូវ​មាន​អាយុ​ចាប់ពី​ ៨ ដល់​១៨ ​ឆ្នាំ ត្រូវ​បង្កើត​ក្រុមមាន​សមាជិក ​៣-៥ នាក់ ជាសិស្សកំពុង​រៀន​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ ឬឯកជន។ ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា និង​ការ​សិក្សា​ស្រាវជ្រាវ។ ត្រូវ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល​ ១២​ សប្តាហ៍ និង​ត្រូវ​មាន​ការ​គាំទ្រ​ពី​គណៈ​គ្រប់គ្រង​សាលារៀន និង​អាណា​ព្យាបាល​។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​បញ្ជាក់​អំពី​ការដា​ក់ពាក្យ​តាម​ន័យ​ដើម​ថា៖ «កុមារី និង​យុវនារី​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ប្រកួត​ប្រជែង​ Technovation កម្ពុជា​ ២០២៥ សូម​ដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​តំណភ្ជាប់ https://my.technovationchallenge.org/signup ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដលើថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ​២០២៥»។

ក្រសួង​អប់រំ​បន្ថែម​ថា កុមារី និងយុវនារី​ដែល​ចូលរួម​នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកវិទ្យា ភាពច្នៃប្រតិដ្ឋ​ ការរចនា សហគ្រិនភាព និង​ជំនាញ​ដើម្បីត្រៀមខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហាជុំវិញ​ការ​អភិវឌ្ឍ​សហគមន៍ បង្ហាញ​អំពី​សក្តានុពល​នៃ​ភាព​ជោគជ័យរបស់​ស្រ្តីវ័យក្មេង​លើ​ផ្នែក​បច្ចេក​វិទ្យានិង​សហគ្រិន និង​ទទួល​បាន​ពាន​រង្វាន់ជ័យ​លាភី​ថ្នាក់ជាតិ​ជាដើម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG