ការបោះឆ្នោតដើម្បីប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុង Atlanta រដ្ឋ Georgia។ នៅទីនោះបេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជួបប្រជុំគ្នាដើម្បីពិភាក្សាដេញដោលគ្នាជាលើកទី៥។
មានបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យចំនួន១០នាក់ដែលឈរជជែកដេញដោលគ្នានៅលើឆាកក្នុងទីក្រុង Atlanta កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ។ ការជជែកដេញដោលនេះបានទទួលការឧបត្ថម្ភពីស្ថានីយ៍ទូរទស្សន៍ MSNBC និងសារព័ត៌មាន The Washington Post។
បេក្ខជនប្រធានាធិបតីទាំងអស់រួមទាំងលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ គាំទ្រការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ត្រាំ ពីតំណែងដែលកំពុងតែដំណើរការនៅក្នុងរដ្ឋសភា។
លោក Joe Biden បានថ្លែងថា៖ «តើនរណាទំនងជានឹងទទួលបានការតែងតាំងពីគណបក្សដើម្បីទៅប្រជែងយកតំណែងប្រធានាធិបតី ហើយតើនរណាទំនងជានឹងអាចបង្កើនចំនួនសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា?»
លោក Biden គឺជាអ្នកនាំមុខគេម្នាក់នៅក្នុងចំណោមបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យ ហើយលោកស្រី Elizabeth Warren ដែលជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Massachusetts ក៏ជាអ្នកនាំមុខគេម្នាក់ដែរ។
លោកស្រី Elizabeth Warren បានមានប្រសាសន៍ថា៖ «យើងត្រូវបង្កើតគោលការណ៍មួយដែលថា គ្មាននរណាដែលអាចបំពានច្បាប់បានទេ។ យើងមានការទទួលខុសត្រូវចំពោះរដ្ឋធម្មនុញ្ញ ហើយយើងត្រូវតែធ្វើវាឲ្យខាងតែបាន»។
លោកស្រី Amy Klobuchar ដែលជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Minnesota គាំទ្រការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងនេះ ប៉ុន្តែលោកស្រីក៏នឹងក្លាយជាគណៈវិនិច្ឆ័យម្នាក់ដែរ ប្រសិនបើមានសវនាការកាត់ទោសប្រធានាធិបតីនៅព្រឹទ្ធសភានោះ។
លោកស្រី Amy Klobuchar បាននិយាយយ៉ាងដូច្នេះថា៖ «នីតិវិធីចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងនេះគឺជាការសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យរបស់យើងកំពុងតែជួបនឹងបញ្ហា»។
លោក Bernie Sanders ដែលជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Vermont បានរំឭកដល់សមាជិកគណបក្សប្រជាធិបតេយ្យមិនឲ្យផ្ដោតខ្លាំងហួសហេតុពេកទៅលើលោក ត្រាំ។
លោក Bernie Sanders បានលើកឡើងថា៖ «លោក ត្រាំ ប្រហែលជាប្រធានាធិបតីដែលពុករលួយបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែយើងមិនអាចផ្ដោតលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ខ្លាំងហួសហេតុពេកនោះទេ ព្រោះថា បើសិនជាយើងផ្ដោតខ្លាំងហួសហេតុពេក យើងនឹងចាញ់នៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីនាពេលខាងមុខនេះ»។
លោក Pete Buttigieg ដែលជាអភិបាលក្រុង South Bend រដ្ឋ Indiana ក៏កំពុងតែនាំមុខគេម្នាក់ដែរ។
ការស្ទង់មតិសាធារណជនក្នុងពេលថ្មីៗនេះបង្ហាញថា ការគាំទ្រចំពោះលោក Pete Buttigieg បានកើនឡើង ដែលធ្វើឲ្យលោកក្លាយជាបេក្ខជននាំមុខគេម្នាក់ផងដែរនៅក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋ Iowa និងរដ្ឋ New Hampshire ខាងមុខនេះ។
លោក Pete Buttigieg បានថ្លែងថា៖ «ប្រាកដណាស់ យើងនឹងតតាំងជាមួយនឹងលោកប្រធានាធិបតីចំពោះការប្រព្រឹត្តខុសឆ្គងរបស់លោក។ ប៉ុន្តែយើងម្នាក់ៗក៏ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ដើម្បីបានក្លាយជាប្រធានាធិបតីដែលនឹងដឹកនាំប្រទេសនេះ បន្ទាប់ពីអាណត្តិរបស់លោកប្រធានាធិបតី ត្រាំ ដល់ទីបញ្ចប់ផងដែរ»។
លោកស្រី Kamala Harris ដែលជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ កាលីហ្វ័រញ៉ា បាននិយាយថា លោកស្រីមើលឃើញពីចំណុចមួយដែលធំជាងនេះនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ត្រាំ ពីតំណែងនេះ។
លោកស្រី Kamala Harris បានថ្លែងថា៖ «ច្បាស់ណាស់ ការអនុវត្តច្បាប់មានស្ដង់ដារពីរសម្រាប់មនុស្សពីរក្រុមផ្សេងគ្នានៅក្នុងសហរដ្ឋអាមេរិកនេះ។ មួយក្រុមគឺជាក្រុមមនុស្សដែលមានអំណាច ដែលមានភាពក្រអឺតក្រទមនិងគិតថា ពួកគេអាចរួចខ្លួនពីស្ថានភាពនេះបាន ហើយមួយក្រុមទៀតគឺជាក្រុមមនុស្សសាមញ្ញធម្មតាទូទៅ»។
សមាជិកគណបក្សប្រជាធិបតេយ្យក៏បានជជែកដេញដោលគ្នាទៅលើសំណើធ្វើកំណែទម្រង់វិស័យថែទាំសុខភាពផងដែរ ដែលបង្ហាញឲ្យឃើញពីទស្សនៈខុសគ្នាយ៉ាងខ្លាំងរវាងអ្នកសេរីនិយមដូចជាលោកស្រី Warren និងលោក Sanders ជាមួយនឹងអ្នកកណ្ដាលនិយមដូចជាលោក Biden លោក Buttigieg និងលោកស្រី Klobuchar ជាដើម។
សមាជិកគណបក្សប្រជាធិបតេយ្យនឹងធ្វើការជជែកដេញដោលគ្នាលើកទី៦នៅខែធ្នូ ក្នុងទីក្រុង Los Angeles៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា