មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការប្រមើលមើលរបស់ខ្លួនអំពីសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយចែងថា មានការលូតលាស់សេដ្ឋកិច្ចប្រកបដោយភាពធន់នាំមុខដោយសហរដ្ឋអាមេរិក និងមានអតិផរណាទាបផងដែរ។
នៅក្នុងការប្រមើលមើលកាលពីពេលថ្មីបំផុតរបស់ខ្លួន ទីភ្នាក់ងារផ្តល់ឥណទាននេះ ដែលមានប្រទេស ១៩០ ជាសមាជិក បាននិយាយកាលពីថ្ងៃអង្គារ ទី ៣០ ខែមករា ថា ពេលនេះខ្លួនរំពឹងថា សេដ្ឋកិច្ចសាកលនឹងលូតលាស់ ៣,១% នៅឆ្នាំនេះ គឺគ្មានការផ្លាស់ប្តូរពីតួលេខឆ្នាំ ២០២៣ ទេ តែចំនួននេះល្អជាងចំនួន ២,៩% ដែលខ្លួនបានទស្សន៍ទាយសម្រាប់ឆ្នាំ ២០២៤ នៅក្នុងការស្ទង់ប្រមាណពីមុនរបស់ខ្លួន កាលពីខែតុលា។
នៅទូទាំងពិភពលោក អង្គការ IMF យល់ថា អតិផរណានឹងចុះថយពី ៦,៨% ក្នុងឆ្នាំ ២០២៣ មកត្រឹម ៥,៨% នៅឆ្នាំ ២០២៤ និងចំនួន ៤,៤% ក្នុងឆ្នាំ ២០២៥។ នៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់បំផុត ទីភ្នាក់ងារនេះរំពឹងថា អតិផរណានឹងចុះថយនៅឆ្នាំនេះត្រឹម ២,៦% និង ២% នៅឆ្នាំក្រោយដែលធនាគារកណ្តាលសហរដ្ឋអាមេរិកនិងធនាគារកណ្ដាលឯទៀតៗបានកំណត់ថាជាគោលដៅ។
ការផ្សំគ្នារវាងការលូតលាស់ជាប់លាប់និងការចុះថយនៃអតិផរណានាំឱ្យមានកំណើនសេចក្តីសង្ឃឹមសម្រាប់អ្វីដែលហៅថា «ការធ្វើឱ្យអតិផរណាធ្លាក់ចុះដោយមិនមានវិបត្តិសេដ្ឋកិច្ច» ឬ soft landing ដែលជាការចុះថយល្បឿនសេដ្ឋកិច្ចគ្រប់គ្រាន់ល្មមដើម្បីទប់ទល់នឹងអតិផរណា ដោយមិនបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច។
លោក Pierre-Olivier Gourinchas ជាប្រធានសេដ្ឋវិទូនៃមូលនិធិ IMF។ លោកបាននិយាយប្រាប់ពួកអ្នកកាសែតនៅមុនការចេញផ្សាយរបាយការណ៍នេះថា៖ «នៅពេលនេះយើងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃសេដ្ឋកិច្ចសាកលមានដំណើរការឆ្ពោះទៅរកសេដ្ឋកិច្ចធ្លាក់ចុះល្អ soft landing»។
ការទស្សន៍ទាយអំពីការលូតលាស់សាកលនៅឆ្នាំនេះ និងឆ្នាំក្រោយគឺ ៣,២% ដែលទាបជាងចំនួនជាមធ្យម ៣,៨% ពីឆ្នាំ ២០០០ ទៅ ឆ្នាំ ២០១៩។ ការណ៍នេះមានឡើងមួយផ្នែកដោយសារធនាគារកណ្តាលសហរដ្ឋអាមេរិក និងធនាគារកណ្តាលឯទៀតៗបានដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធនឹងអតិផរណាខ្ពស់ ដែលនេះនាំឱ្យមានសោហ៊ុយសម្រាប់កម្ចីខ្ពស់ជាងមុន និងបានបន្ថយការចំណាយនានានិងវិនិយោគផងដែរ។
លោក Gourinchas បានថ្លែងថា លោករំពឹងថា មានការខូចខាតសេដ្ឋកិច្ច «មានកម្រិត»ដោយសារការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី (Houthi) មានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន លើនាវាចរណ៍ក្នុងសមុទ្រក្រហម។ ការវាយប្រហារទាំងនេះបានបង្ខំកប៉ាល់ដឹកកុងតឺន័រដែលដឹកជញ្ជូនទំនិញរវាងអាស៊ីនិងអឺរ៉ុបឱ្យចៀសវាងព្រែកជីក Suez ហើយបើកតាមផ្លូវវៀងឆ្ងាយនៅជុំវិញផ្នែកចុងខាងត្បូងនៃទ្វីបអាហ្វ្រិក នាំឱ្យមានការពន្យារពេលនិងការបង្អាក់ការដឹកជញ្ជូនទំនិញ ហើយក៏មានកំណើនសោហ៊ុយដឹកជញ្ជូនផងដែរ។ តែលោក Gourinchas ថា នៅពេលនេះ ការបង្អាក់នាវាចរណ៍ក្នុងសមុទ្រក្រហមហាក់ដូចជាមិនជា«ប្រភពធំមួយនាំឱ្យមានអតិផរណាខាងការផ្គត់ផ្គង់»ទេ ដែលបានកើនឡើងក្រោយការចាល់ទំនិញធ្ងន់ធ្ងរក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២។
សម្រាប់សហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក IMF បានដំឡើងការស្ទង់ប្រមាណនៃការលូតលាស់នៅឆ្នាំនេះ ដល់ ២,១% ពី ១,៥% ដែលខ្លួនបានកំណត់កាលពីបីខែមុន។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរីកចម្រើន ២,៥% ក្នុងឆ្នាំ ២០២៣ នៅក្រោយការលូតលាស់នៅចុងឆ្នាំបណ្តាលមកពីអ្នកប្រើប្រាស់អាមេរិកាំង ចាយវាយច្រើនបើទោះជាមានសោហ៊ុយកម្ចីប្រាក់ខ្ពស់ជាងមុនក៏ដោយ។
IMF ក៏បានលើកកម្រិតការស្ទង់ប្រមាណអំពីសេដ្ឋកិច្ចចិនដែលចុះថយច្រើន។ នៅពេលនេះមូលនិធិនេះរំពឹងថា ចិនដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកនឹងលូតលាស់ ៤,៦% នៅឆ្នាំនេះ ដោយកើនឡើងពី ៤,២% តាមដែលខ្លួនបានទស្សន៍ទាយក្នុងខែតុលា តែចុះថយពីចំនួន ៥,២% ក្នុងឆ្នាំ ២០២៣។ ចំណាយរបស់រដ្ឋាភិបាលចិនបានជួយប៉ះប៉ូវការខូចខាតដោយសារការរលំទីផ្សារអចលនទ្រព្យផ្ទះសម្បែងក្នុងប្រទេសចិន។
លោក Gourinchas បានបញ្ជាក់ថា៖ «មានភាពធន់ច្រើននៅក្នុងប៉ែកជាច្រើននៃពិភពលោក»ដោយលោកថ្លែងសំដៅដល់ប្រទេសប្រេស៊ីល ឥណ្ឌា អាស៊ីអាគ្នេយ៍និងប្រទេសរុស្ស៊ី។សេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងប៉ឹងនៅក្នុងការប្រឈមនឹងទណ្ឌកម្មដាក់កំហិតដោយបណ្តាប្រទេសលោកខាងលិចនៅក្រោយការលុកលុយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
ប៉ុន្តែ IMF បានបន្ថយការស្ទង់ប្រមាណរបស់ខ្លួននៅកន្លែងខ្លះ។ ជាឧទាហរណ៍ អឺរ៉ុបនៅតែមានបញ្ហាដោយសារអ្នកប្រើប្រាស់អស់កម្លាំងចិត្តនិងផលប៉ះពាល់ដោយកំណើនតម្លៃថាមពលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែន។ IMF រំពឹងថាប្រទេសទាំង២០ដែលប្រើប្រាស់ប្រាក់អឺរ៉ូលូតលាស់បន្តិចបន្តួចគឺ ០,៩% នៅឆ្នាំនេះ។ ការណ៍នេះអាចជាកំណើនពីការលូតលាស់ ០,៥% ក្នុងឆ្នាំ ២០២៣ តែចុះថយពីការទស្សន៍ទាយរបស់ខ្លួនកាលពីខែតុលាថា មានការលូតលាស់ ១,២% សម្រាប់តំបន់អឺរ៉ូនៅឆ្នាំនេះ។
IMF ក៏បានបន្ថយទស្សនវិស័យសម្រាប់សេដ្ឋកិច្ចជប៉ុនដែរ មកនៅ ០,៩% ដោយចុះថយពីការលូតលាស់ ១,៩% ក្នុងឆ្នាំ ២០២៣។
ការស្ទង់ប្រមាណអំពីអតិផរណាល្អប្រសើរជាងមុនជាលទ្ធផលនៃអត្រាការប្រាក់ខ្ពស់ជាងមុន ការបញ្ចប់ការចាល់ចង្វាក់ផ្គត់ផ្គង់កាលពីពីរឆ្នាំមុន ការមានកម្មករច្រើនជាងមុនចូលក្នុងផ្សារការងារនិងតម្លៃថាមពលទាបជាងមុននៅក្រោយមានកំណើនតម្លៃបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ IMF រំពឹងថា តម្លៃប្រេងនឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ និង ២០២៥។
សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងការប្រថុយប្រថាន។ ការប្រថុយប្រថានមួយគឺថា
ទីផ្សារហិរញ្ញវត្ថុមានទំនុកចិត្តខ្លាំងពេកថា ធនាគារកណ្តាលអាមេរិកនឹងប្រែក្រឡះវិធានការខ្លួន ហើយចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងការប្រជុំរបស់ខ្លួននៅខែមីនា។ លោក Gourinchas បាននិយាយថា លោកមិនរំពឹងថា នឹងមានការកាត់បន្ថយការប្រាក់ទេរហូតដល់ពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៤។ ក្រុមអ្នកបណ្តាក់ទុនដែលស្រងាកចិត្តអាចបញ្ចុះតម្លៃភាគហ៊ុនប្រសិនបើគ្មានអត្រាការប្រាក់ទាបជាងមុនដូចដែលពួកគេបានសង្ឃឹមទេនោះ។
ការប្រថុយប្រថានមួយទៀត គឺភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជាពិសេសរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន អាចបង្អាក់ពាណិជ្ជកម្មពិភពលោក។ លោក Gourinchas ថ្លែងថា គោលនយោបាយសេដ្ឋកិច្ចខ្លះរបស់លោកប្រធានាធិបតី Joe Biden មានរួមគោលនយោបាយដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមអ្នកផលិតអាមេរិកាំងនៃបន្ទះឈីបកុំព្យូទ័រនិងបច្ចេកវិទ្យាបៃតង អាចជាការរំលោភលើបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។
IMF រំពឹងថា ពាណិជ្ជកម្មពិភពលោកនឹងលូតលាស់តែ ៣,៣% នៅឆ្នាំនេះ និង ៣,៦%ក្ នុងឆ្នាំ ២០២៥ គឺតិចជាងមធ្យមភាគជាប្រវត្តិសាស្ត្រចំនួន ៤,៩%៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ