សេដ្ឋកិច្ចចិនកាលពីឆ្នាំមុនបានកើនក្នុងអត្រាទាបបំផុតមួយនៅក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ ខណៈដែលវារងគ្រោះដោយសារវិបត្តិអចលនទ្រព្យដែលជាប់គាំង ការចំណាយរបស់ពលរដ្ឋធ្លាក់ចុះ និងភាពចលាចលនៅលើពិភពលោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើតួលេខផ្លូវការដែលបានបង្ហាញកាលពីថ្ងៃទី ១៧ ខែមករាកន្លងទៅនេះ។
តួលេខនេះគឺស្របជាមួយការរំពឹងទុកនិងលើសគោលដៅកំណត់របស់រដ្ឋាភិបាលចិន ប៉ុន្តែទំនងជានឹងដាក់សម្ពាធថ្មីដល់មន្ត្រីចិនឱ្យចាត់វិធានការជួយសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីចាប់ផ្ដើមសកម្មភាពអាជីវកម្មនិងធ្វើឱ្យក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសចាប់ផ្ដើមចំណាយលុយឡើងវិញ ដើម្បីទិញផលិតផលនានា។
ការិយាល័យជាតិស្ថិតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,២% រហូតដល់ចំនួន ១៧,៦ លានលានដុល្លារកាលពីឆ្នាំមុន។
តួលេខនេះគឺប្រសើរជាងតួលេខចំនួន ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលគេបានកត់ត្រាកាលពីឆ្នាំ ២០២២ ដែលនៅពេលនោះ វិធានការបង្ការជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិនបានបង្អាក់ដល់សកម្មភាពនានា។ តួលេខចំនួន ៥,២% នេះក៏បង្ហាញឱ្យឃើញផងដែរថា សកម្មភាពសេដ្ឋកិច្ចមានភាពអន់ខ្សោយបំផុតតាំងពីឆ្នាំ ១៩៩០ មក ដោយមិនគិតអំពីពេលដែលមានវិបត្តិជំងឺកូវីដ១៩។
ខណៈដែលកំណើនសេដ្ឋកិច្ចចិន ៥,២% មើលទៅហាក់ដូចជាតួលេខមួយគួរឱ្យច្រណែនពីសំណាក់រដ្ឋាភិបាលផ្សេងទៀតដូចជាសហរដ្ឋអាមេរិកនិងប្រទេសនៅតំបន់អឺរ៉ុប ដែលមានកំណើនសេដ្ឋកិច្ចប្រហែលតែ ២% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២២ កំណើននេះបានធ្លាក់ចុះពីកម្រិតមួយទៀងទាត់ក្នុងរង្វង់ ៦% ឬ ៧% ដែលចិនធ្លាប់មានកាលពីទសវត្សរ៍ ២០១០។
បន្ទាប់ពីបានដកវិធានការបង្ការជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងកាលពីចុងឆ្នាំ ២០២២ មក ចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច «ក្នុងរង្វង់ ៥%» សម្រាប់ឆ្នាំ ២០២៣។
សេដ្ឋកិច្ចចិនបានរើបឡើងវិញនៅដំណាក់កាលដំបូងក្រោយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែវាបានថមថយទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយមក ដោយសារតែកង្វះជំនឿទុកចិត្តក្នុងចំណោមគ្រួសារនិង អាជីវកម្មនានា។
ការនាំចេញរបស់ចិន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ជាប្រវត្តិសាស្ត្រ បានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១៦ មក។ នេះបើយោងតាមតួលេខដែលផ្សព្វផ្សាយដោយទីភ្នាក់ងារគយរបស់ចិនកាលពីថ្ងៃទី ១២ ខែមករាកន្លងទៅនេះ។
ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិកនិងកិច្ចប្រឹងប្រែងរបស់បស្ចិមប្រទេសមួយចំនួនក្នុងការកាត់បន្ថយការពឹងផ្អែកលើចិនឬក៏ក្នុងការធ្វើពិពិធភាពសង្វាក់ផ្គត់ផ្គង់របស់ពួកគេក៏បានធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិនផងដែរ។
ការរើបឡើងវិញ «ដ៏ខកចិត្ត»
តួលេខផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននៅតែជាប្រភពដ៏សំខាន់ក្នុងការស្វែងយល់អំពីកម្រិតរីកចម្រើនទូទៅរបស់ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោក។
មន្ត្រីចិនគ្រោងនឹងផ្សព្វផ្សាយអំពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំ ២០២៤ នៅខែមីនាខាងមុខ។
លោក Kang Yi ប្រធានការិយាល័យជាតិស្ថិតិចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី ១៧ ខែមករាថា ការធ្វើឱ្យសេដ្ឋកិច្ចចិនរើបឡើងវិញគឺជា «កិច្ចការដ៏ពិបាកបំផុត» នៅក្នុងឆ្នាំ ២០២៣ ខណៈដែលទិន្នន័យផ្សេងទៀតបានបង្ហាញអំពីទិដ្ឋភាពដ៏អាប់អួរនៃសេដ្ឋកិច្ចចិននៅមុនដំណាច់ឆ្នាំនោះ។
នៅចន្លោះត្រីមាសទី ៣ និងទី ៤ ឆ្នាំមុន តួលេខនានាបានរំលេចឱ្យឃើញកាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ដោយបង្ហាញថាកំណើនសេដ្ឋកិច្ចនាពេលនោះមានតែ ១% ប៉ុណ្ណោះ។
នៅក្នុងខែធ្នូឆ្នាំមុន តួលេខនៃការលក់រាយ ដែលជាសូចនាករដ៏សំខាន់បង្ហាញអំពីការចំណាយក្នុងកម្រិតគ្រួសារ មានកំណើនយឺតយ៉ាវ បន្ទាប់ពីបានរើបឡើងវិញកាលពីខែវិច្ឆិកា។
អត្រាអត់ការងារធ្វើក៏បានកើនបន្តិចបន្តួចផងដែររហូតដល់ចំនួន ៥,១% ទោះបីជាតួលេខនេះមិនបានបញ្ចូលពលករចំណាកស្រុករាប់លាននាក់ដែលមកពីតំបន់ជនបទក៏ដោយ។
ស្ថិតិផ្លូវការក៏បានបង្ហាញផងដែរថា កម្រិតនៃការធ្លាក់ចុះរបស់ប្រជាជនចិនបានកើនឡើងនៅក្នុងឆ្នាំ ២០២៣ ដែលនេះបង្ហាញពីនិន្នាការធ្លាក់ចុះបន្ទាប់ពីមានកំណើនប្រជាជនជាបន្តបន្ទាប់អស់រយៈពេលជាង ៦ ទសវត្សរ៍កាលពីមុន។ ការធ្លាក់ចុះនេះកើតឡើងស្របពេលដែលប្រទេសចិនកំពុងប្រឈមនឹងបញ្ហាប្រជាសាស្ត្រ។
លោក Shehzad Qazi ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន China Beige Book ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់តាមដានការវិវត្តនៃសេដ្ឋកិច្ចចិន បាននិយាយថា៖ «អ្វីដែលចិនបានឆ្លងកាត់កាលពីឆ្នាំមុនប្រហែលជាការរើបឡើងវិញគួរឱ្យខកចិត្តនៅក្រោយវិបត្តិជំងឺកូវីដ១៩ ដែលគេអាចគិតស្រមៃដល់»។
លោកបានបន្ថែមថា៖ «សេដ្ឋកិច្ចចិនបានរើបឡើងទាំងត្រដាបត្រដួសរហូតដល់ដំណាច់ឆ្នាំ ២០២៣។ កំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនណាមួយនៅឆ្នាំបន្ទាប់ដែលអាចទៅរួច លុះត្រាណាមានកំណើនសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើលនៅលើពិភពលោក ឬមានគោលនយោបាយរបស់រដ្ឋាភិបាលចិនដែលកាន់តែសកម្មជាងមុន»។
ហានិភ័យដ៏ច្រើន
ដំណើរបង្អាក់ដោយសារកង្វះជំនឿទុកចិត្តផ្នែកអាជីវកម្មនិងការប្រើប្រាស់មានកម្រិតតិចតួចបានជំរុញឱ្យចិនព្យាយាមទាក់ទាញវិនិយោគិនអន្តរជាតិឱ្យត្រឡប់មកវិញ។
នៅក្នុងការថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមឥស្សរជននានាមកពីជុំវិញពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានបង្ហាញអំពីទិដ្ឋភាពសេដ្ឋកិច្ចមួយប្រកបដោយសុទិដ្ឋិនិយម។
លោក Li បានបញ្ជាក់ដូច្នេះថា៖ «មិនថាស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រែប្រួលយ៉ាងណាទេ ចិននឹងនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិមូលដ្ឋានរបស់ខ្លួនក្នុងការបើកចំហទៅកាន់ពិភពលោកខាងក្រៅ»។ លោកបានបន្ថែមថា៖ «ទ្វារដែលនឹងបើកចំហនឹងកាន់តែធំទូលំទូលាយជាងមុន»។
លោកបានលើកឡើងទៀតថា៖ «ការជ្រើសរើសយកទីផ្សារចិនមិនមែនជាហានិភ័យនោះទេ ប៉ុន្តែជាឱកាស»។
ប៉ុន្តែ ហានិភ័យនឹងមានកាន់តែច្រើន ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យដែលមិននឹងនររបស់ប្រទេសនេះ។
វិស័យអចលនទ្រព្យនេះរួមចំណែកជាយូរមកហើយប្រហែលមួយភាគបួននៃសេដ្ឋកិច្ចចិន និងធ្លាប់មានកំណើនដ៏ខ្លាំងរយៈពេល ២ ទសវត្សរ៍។
ប៉ុន្តែ ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យធំៗនៅចិនកំពុងជំរុញឱ្យមានការបាត់បង់ជំនឿទុកចិត្តរបស់អ្នកទិញកាន់តែខ្លាំង នៅក្នុងស្ថានការណ៍ដែលគម្រោងអភិវឌ្ឍគេហដ្ឋានជាច្រើនមិនទាន់បញ្ចប់រួចរាល់និងការធ្លាក់ចុះនៃតម្លៃផ្ទះ។
អចលនទ្រព្យត្រូវបានពលរដ្ឋចិនជាច្រើនយល់ឃើញរាប់ច្រើនឆ្នាំមកហើយថាជាអ្វីដែលពួកគេអាចវិនិយោគសន្សំប្រាក់ដោយសុវត្ថិភាព ប៉ុន្តែការធ្លាក់ចុះតម្លៃអចលនទ្រព្យបានប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេយ៉ាងខ្លាំង ហើយវិធានការគាំទ្ររបស់រដ្ឋាភិបាលចិនកន្លងមកលើវិស័យនេះមានឥទ្ធិពលតិចតួចប៉ុណ្ណោះ។
អ្វីដែលបង្អាក់ដល់សេដ្ឋកិច្ចចិនផងដែរនោះគឺកង្វះការងារសម្រាប់យុវជន។
មន្ត្រីចិនបានឱ្យដឹងថា យុវជនយ៉ាងតិចម្នាក់ក្នុងចំណោម ៥ នាក់ អាយុពី ១៦ ទៅ ២៤ ឆ្នាំនៅក្នុងប្រទេសចិនគ្មានការងារធ្វើនៅក្នុងខែឧសភាឆ្នាំមុន។
ចាប់ពីពេលនោះមក រដ្ឋាភិបាលចិនបានផ្អាកការបោះពុម្ពផ្សាយប្រចាំខែនូវតួលេខយុវជនដែលគ្មានការងារធ្វើនេះ៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ