ទិន្នន័យផ្លូវការពីក្រុងប៉េកាំងបង្ហាញកាលពីថ្ងៃសុក្រ ទី១២ ខែមករាថា ពាពិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុន នៅឆ្នាំ ២០២៣ នៅពេលដែលពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានចុះថយជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ ដោយសារមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។
តួលេខគយបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្ស៊ីបានកើនដល់ជាង ២៤០ពាន់លានដុល្លារ ដោយមានលើសពីគោលដៅចំនួន ២០០ពាន់លានដុល្លារ ដែលត្រូវបានកំណត់ក្នុងការប្រជុំទ្វេភាគីកាលពីឆ្នាំទៅ។
តួលេខនេះមានច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់ប្រទេសទាំងពីរដែលមានទំនាក់ទំនងជិតស្និទ្ធជាងមុនខាងនយោបាយនិងខាងសេដ្ឋកិច្ចតាំងពីរដ្ឋាភិបាលក្រុងម៉ូស្គូបានលុកលុយប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២២ មក។
បណ្តាប្រទេសលោកខាងលិចបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងអំពីគោលជំហរចិនស្តីពីសង្គ្រាមអ៊ុយក្រែន ប៉ុន្តែចិនបាននិយាយទទូចថា ខ្លួនអព្យាក្រឹត។
ចិនបានប្រកែកមិនព្រមរិះគន់ការលុកលុយរបស់រដ្ឋាភិបាលក្រុងម៉ូស្គូទេ។
បើតាមទិន្នន័យនេះ តួលេខពាណិជ្ជកម្មទាំងនេះជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំចំនួន ២៦,៣ភាគរយ។ ផ្ទុយពីនេះ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានចុះថយជាលើកដំបូងតាំងពីឆ្នាំ ២០១៩។
ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមានទឹកប្រាក់ ៦៦៤ពាន់លានដុល្លារ កាលពីឆ្នាំទៅ គឺចុះថយ ១១,៦ភាគរយ កាលពីឆ្នាំ ២០២២។
លោក Wang Lingjun អនុរដ្ឋមន្ត្រីរដ្ឋបាលទូទៅខាងគយបាននិយាយប្រាប់សន្និសីទកាសែតថា ពាណិជ្ជកម្មរបស់ប្រទេសប្រឈមនឹងបញ្ហាច្រើនជាងមុននៅឆ្នាំ ២០២៤នេះ។
លោកបានថ្លែងថា៖ «ភាពសាំញ៉ាំ ភាពធ្ងន់ធ្ងរនិងភាពមិនទៀងទាត់នៃបរិដ្ឋានខាងក្រៅមានច្រើនជាងមុន ហើយយើងត្រូវការពុះពារការពិបាកទាំងនេះនិងប្រឹងប្រែងខ្លាំងជាងមុនដើម្បីធ្វើឱ្យមានការលូតលាស់ពាណិជ្ជកម្មក្រៅប្រទេស»។
តួលេខទាំងនេះក៏បង្ហាញថា ការដឹកទំនិញទៅលក់ឯប្រទេសក្រៅរបស់ចិនបានថយចុះ ៤,៦ភាគរយ កាលពីឆ្នាំទៅ ដែលជាការចុះថយលើកទីមួយតាំងពីឆ្នាំ ២០១៦ ចំណែកឯការដឹកទំនិញចូលក្នុងប្រទេសបានចុះថយ ៥,៥ភាគរយ។
កាលពីថ្ងៃសុក្រ គេក៏ឃើញតួលេខសេដ្ឋកិច្ចយ៉ាប់យ៉ឺននៅក្នុងស្រុក ដោយទិន្នន័យការិយាល័យស្ថិតិជាតិបង្ហាញបរិត្តផរណានៅក្នុងប្រទេសចិនបន្តមានបីខែជាប់ខែកាលពីខែធ្នូ។
សន្ទស្សន៍តម្លៃគ្រឿងឧបភោគបរិភោគបានចុះថយ ០,៣ភាគរយ។
ចិនធ្លាក់ក្នុងបរិត្តថរណាក្នុងខែកក្កដាជាលើកដំបូងតាំងពីឆ្នាំ ២០២១ មក ហើយក៏មានការរើបឡើងវិញមួយរយៈពេលខ្លីនៅខែសីហា។ តម្លៃគ្រឿងឧបភោគបរិភោគបានចុះថយតាំងពីខែកញ្ញាមក។
ក្រុមអ្នកវិភាគស្ទង់មតិដោយ Bloomberg រំពឹងថា មានការចុះតម្លៃទំនិញ ០,៤ភាគរយ កាលពីខែមុន ក្រោយមានតម្លៃចុះថយ ០,៤ភាគរយ ក្នុងខែវិច្ឆិកា។
ទោះជាបរិត្តផរណានាំឱ្យទំនិញថោកជាងមុនក៏ដោយ ក៏វាដាក់ឱ្យមានការគំរាមកំហែងដល់សេដ្ឋកិច្ចទាំងមូល ពីព្រោះពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភាគចង់ពន្យារពេលការទិញទំនិញ ដោយសង្ឃឹមថាមានការបញ្ចុះតម្លៃថែមទៀត។
កង្វះតម្រូវការអាចបង្ខំក្រុមហ៊ុននានាឱ្យកាត់បន្ថយផលិតកម្ម បង្កកការជួលបុគ្គលិកឬបញ្ឈប់ការងារបុគ្គលិក។ ក្រុមហ៊ុនទាំងនេះក៏ត្រូវតែលក់ទំនិញស្តុកទុកដោយចុះតម្ល ដែលបណ្តាលឱ្យគ្មានកម្រៃទោះជាសោហ៊ុយនៅតែដដែលក៏ដោយ។
បើប្រៀបធៀបគ្នា អតិផរណានៅអាមេរិកមាន ៣,៤ភាគរយ ក្នុងខែធ្នូ។
អតិផរណានៅប្រទេសចិនក្នុងឆ្នាំ ២០២៣ បានកើនឡើងជាមធ្យមភាគចំនួន ០,២ភាគរយ ដែលផ្ទុយពីពួកប្រទេសមានសេដ្ឋកិច្ចធំៗឯទៀតៗដែលគេឃើញទំនិញឡើងថ្លៃម្តងទៀត។
ការិយាល័យស្ថិតិជាតិក៏បាននិយាយដែរថា តម្លៃផលិតបានថយចុះ ២,៧ភាគរយ ដោយថយចុះក្នុងខែទី ១៥ បន្តបន្ទាប់គ្នា។
សន្ទស្សន៍តម្លៃគ្រឿងឧបភោគបរិភោគដែលវាស់វែងតម្លៃទំនិញចេញពីរោងចក្រនិងផ្តល់ការយល់ជ្រៅជ្រះអំពីស្ថានភាពសេដ្ឋកិច្ចបានចុះថយ ៣ភាគរយ ក្នុងខែវិច្ឆិកា៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ