ឆ្នាំ ២០២៤ នេះ នឹងមានសភាព«លំបាកខ្លាំង»សម្រាប់គោលនយោបាយសាពើពន្ធ ជាពិសេសសម្រាប់បណ្តាប្រទេសដែលនឹងមានការបោះឆ្នោត។ នេះបើយោងតាមសម្តីរបស់ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ មុនពេលអ្នកស្រីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុង Davos ប្រទេសស្វីស។
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ អ្នកស្រី Kristalina Georgieva បានថ្លែងក្នុងបទសម្ភាសន៍មួយ នៅរដ្ឋធានីវ៉ាស៊ីនតោនថា៖ «វានឹងជាឆ្នាំដ៏តឹងតែងមួយ ពីព្រោះគោលនយោបាយសារពើពន្ធត្រូវរៀបចំជាប្រាក់ទំនុកបម្រុងឡើងវិញ និងដោះស្រាយបញ្ហាបំណុលដែលបានកើនឡើងនៅតាមបណ្តាប្រទេសមួយចំនួន»។
អ្នកស្រីបានបន្តថា៖ «ប្រទេសប្រហែល ៨០ នឹងមានការបោះឆ្នោត ហើយយើងដឹងអ្វីនឹងកើតឡើងពាក់ព័ន្ធនឹងសម្ពាធលើការចំណាយ អំឡុងពេលនៃការបោះឆ្នោត»។
មនុស្សរាប់ពាន់លាននាក់នៅតាមប្រទេសមួយចំនួនជុំវិញពិភពលោកនឹងចូលរួមការបោះឆ្នោតនាឆ្នាំនេះ ចាប់ពីប្រទេសឥណ្ឌារហូតដល់សហរដ្ឋអាមេរិក ដោយវាបានដាក់សម្ពាធលើរដ្ឋាភិបាលឱ្យបង្កើនការចំណាយ ឬកាត់បន្ថយពន្ធដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ។
មូលនិធិរូបិយវត្ថុអន្តរជាតិមានកំណត់ពេលចេញផ្សាយរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចថ្មីៗបំផុតនាចុងខែមករានេះ ដែលនឹងបង្ហាញថាសេដ្ឋកិច្ចសាកលលោកគឺ មានលក្ខណៈ«សមស្រប»ជាទូទៅ ជាមួយនឹងការព្យាករណ៍ពីមុនមក។ នេះបើយោងតាមអ្នកស្រី Georgieva។
អ្នកស្រីបានលើកឡើងថា សេដ្ឋកិច្ចសាកលលោកកំពុង«ត្រៀមលក្ខណៈសម្រាប់ការសម្របតាមស្ថានភាពផុយស្រួយ»។ អ្នកស្រីបន្ថែមថា៖ «គោលនយោបាយរូបិយវត្ថុបង្ហាញប្រសិទ្ធភាព អតិផរណាកំពុងថយចុះ ប៉ុន្តែការងារនេះនៅមិនទាន់ចប់ទេ»។
នៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចបានរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំមកនេះ និងត្រៀមបញ្ចុះអត្រាការប្រាក់ចំនួន ៣លើកនាឆ្នាំនេះ ស្របពេលដែលធនាគារកណ្តាលអឺរ៉ុបក៏បានឈប់បង្កើនអត្រាការប្រាក់ដូចគ្នា។
ចំណាត់ការទាំងនេះបានធ្វើឱ្យក្រុមពាណិជ្ជករមានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ច។
អ្នកស្រី Georgieva បាននិយាយថា ការព្រួយបារម្ភរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ គឺថា រដ្ឋាភិបាលនៅជុំវិញពិភពលោកនឹងចំណាយច្រើននាឆ្នាំនេះ ហើយនិងធ្វើឱ្យប៉ះពាល់ការវិវត្តក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងអតិផរណាខ្ពស់។
អ្នកស្រីបានថ្លែងថា៖ «ប្រសិនបើគោលនយោបាយរូបិយវត្ថុត្រូវបានរឹងបន្តឹងហើយគោលនយោបាយសាពើពន្ធត្រូវពង្រីកធំ ដោយប្រឆាំងនឹងគោលដៅនៃការកាត់បន្ថយអតិផរណា យើងអាចប្រឈមនឹងបញ្ហាអូសបន្លាយរយៈពេលយូរ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ