ទីស្នាក់ការអង្គការសហប្រជាជាតិ — នៅក្នុងរបាយការណ៍សេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន អង្គការសហប្រជាជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២,៤% នៅឆ្នាំ ២០២៤ នេះ ដោយធ្លាក់ចុះពីចំនួនប៉ាន់ស្មាន ២,៧% កាលពីក្នុងឆ្នាំ ២០២៣ ដែលចំនួនធ្លាក់ចុះនេះ គឺលើសពីការរំពឹងទុក។ ក៏ប៉ុន្តែ របាយការណ៍បាននិយាយថា តួលេខទាំងពីរនេះនៅតែទាបជាងអត្រាកំណើន ៣% ដែលមាននៅមុនពេលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមនៅឆ្នាំ ២០២០។
ការព្យាកររបស់អង្គការសហប្រជាជាតិគឺទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD កាលពីចុងខែវិច្ឆិកា ឆ្នាំមុន។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា ខ្លួនរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះពីចំនួនដែលបានរំពឹងទុក គឺ ៣% ក្នុងឆ្នាំ ២០២៣ មកនៅត្រឹម ២,៩% ក្នុងឆ្នាំ ២០២៤។ អង្គការ OECD ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលមានប្រទេសអភិវឌ្ឍន៍ចំនួន ៣៨ ជាសមាជិក បានប៉ាន់ប្រមាណថា កំណើនជាអន្តរជាតិក៏នឹងថយចុះផងដែរ ពីចំនួនដែលរំពឹងទុក គឺពី ២,៩% ក្នុងឆ្នាំ ២០២៣ មកនៅត្រឹម ២,៧% ក្នុងឆ្នាំ ២០២៤។
របាយការណ៍របស់អង្គការសហប្រជាជាតិដែលមានចំណងជើងថា «ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ ២០២៤» នេះ បានព្រមានថា ទស្សនវិស័យលក្ខខណ្ឌឥណទានកាន់តែតឹងរ៉ឹងរយៈពេលយូរ និងការចំណាយលើការខ្ចីប្រាក់ សុទ្ធសឹងតែជាបញ្ហាសម្រាប់សេដ្ឋកិច្ចពិភពលោកដែលជាប់ជំពាក់បំណុល ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ក្រីក្រ ហើយនឹងប្រទេសដែលត្រូវការការវិនិយោគដើម្បីស្តារការលូតលាស់ឡើងវិញ។
លោក Shantanu Mukherjee នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ត្រូវបានបញ្ចៀសជាចម្បងដោយសារតែសហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោក បានទប់ស្កាត់អតិផរណាខ្ពស់ដោយមិនធ្វើឱ្យប៉ះពាល់ដល់ល្បឿនសេដ្ឋកិច្ច។ ក៏ប៉ុន្តែ លោកបានថ្លែងនៅឯសន្និសីទសារព័ត៌មាននៅពេលដែលចេញផ្សាយរបាយការណ៍នេះថា៖ «យើងនៅតែមិនទាន់ចេញផុតពីស្ថានភាពគ្រោះថ្នាក់នៅឡើយទេ»។
លោក Mukherjee បាននិយាយថា នោះគឺដោយសារតែស្ថានការណ៍ដែលនៅមិនទាន់ដោះស្រាយបាននៅឡើយនៅក្នុងពិភពលោក អាចជំរុញឱ្យមានអតិផរណាកាន់តែខ្លាំងឡើង។ លោកបាននិយាយថា ជាឧទាហរណ៍ ការបន្ទុចបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលកើតឡើងភ្លាមៗទៀត ឬបញ្ហានៃលទ្ធភាពក្នុងការផ្គត់ផ្គង់ ឬការចែកចាយប្រេងឥន្ធនៈជាដើម អាចជំរុញឱ្យមានការដំឡើងអត្រាការប្រាក់ទៀត ដែលជាហេតុនាំឱ្យមានការលំបាកក្នុងការគ្រប់គ្រងស្ថានការណ៍។
យោងតាមរបាយការណ៍អតិផរណាពិភពលោកដែលមានកម្រិត ៨,១% ក្នុងឆ្នាំ ២០២២ នោះ ត្រូវបានគេប៉ាន់ប្រមាណថាបានធ្លាក់ចុះមកត្រឹម ៥,៧% ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានគេព្យាករថានឹងធ្លាក់ចុះបន្ថែមទៀតដល់កម្រិត ៣,៩% នៅក្នុងឆ្នាំ ២០២៣ ដដែលនោះ។ ក៏ប៉ុន្តែ នៅក្នុងប្រហែលមួយភាគបួននៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ អតិផរណាប្រចាំឆ្នាំត្រូវបានគេព្យាករថានឹងលើសពី ១០% នៅឆ្នាំនេះ។
ខណៈពេលដែលសេដ្ឋកិច្ចអាមេរិកមានដំណើរការ«ល្អគួរឱ្យកត់សម្គាល់» ក្នុងឆ្នាំ ២០២៣ របាយការណ៍នេះបាននិយាយថា កំណើនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពីការប៉ាន់ស្មាន គឺពីចំនួន ២,៥% ក្នុងឆ្នាំ ២០២៣ មកត្រឹម ១,៤% នៅឆ្នាំនេះ។
របាយការណ៍នេះបាននិយាយថា ដោយអតិផរណាកើនឡើង និងអត្រាការប្រាក់ខ្ពស់ អឺរ៉ុបប្រឈមមុខនឹង«ទស្សនវិស័យសេដ្ឋកិច្ចដ៏លំបាក»។
ផលិតផលក្នុងស្រុកសរុបនៅក្នុងសហភាពអឺរ៉ុបត្រូវបានគេព្យាករថានឹងកើនឡើងពី ០,៥% ក្នុងឆ្នាំ ២០២៣ ដល់ ១,២% ក្នុងឆ្នាំ ២០២៤ ដោយការកើនឡើងនេះបណ្តាលមកពី«ការចំណាយរបស់អ្នកប្រើប្រាស់កើនឡើងដោយសារការឡើងថ្លៃនៃទំនិញទូទៅហាក់នៅទ្រឹង ប្រាក់ឈ្នួលកើនឡើង និងទីផ្សារការងារនៅតែមានភាពរឹងមាំ»។
នៅក្នុងប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅក្នុងពិភពលោក អង្គការសហប្រជាជាតិបាននិយាយថា ការងើបឡើងវិញពីការបិទប្រទេសក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ នោះ មានភាពយឺតយ៉ាវជាងការរំពឹងទុក «ចំពេលមានបញ្ហាទាំងនៅក្នុងប្រទេសនិងអន្តរជាតិ»។
របាយការណ៍បាននិយាយថា ដោយកំណើនសេដ្ឋកិច្ចមានត្រឹមតែ ៣,០% ក្នុងឆ្នាំ ២០២២ ប្រទេសចិនបានប្រឹងប្រែងក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ ២០២៣ ដោយធ្វើឱ្យអត្រាកំណើនឈានដល់ ៥,៣%។ ក៏ប៉ុន្តែ របាយការណ៍នេះក៏បាននិយាយដែរថា ដោយទាំងវិស័យអចលនទ្រព្យទន់ខ្សោយ និងការធ្លាក់ចុះនៃតម្រូវការពីក្រៅប្រទេសសម្រាប់ផលិតផលរបស់ចិន នឹងធ្វើឱ្យកំណើនចុះថយបន្តិច មកនៅ ៤,៧% នៅឆ្នាំ ២០២៤ នេះ។
អង្គការសហប្រជាជាតិបាននិយាយថា រីឯនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍វិញ កំណើនសេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិកត្រូវបានគេព្យាករថានឹងនៅតែខ្សោយដោយមានការកើនឡើងបន្តិចពីជាមធ្យម ៣,៣% ក្នុងឆ្នាំ ២០២៣ ដល់ ៣,៥% ក្នុងឆ្នាំ ២០២៤។
អង្គការសហប្រជាជាតិព្យាករពីការឱនថយជាមធ្យមនៃសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងកើតពី ៤,៩% ក្នុងឆ្នាំ ២០២៣ មកនៅ ៤,៦% ក្នុងឆ្នាំ ២០២៤។ នៅអាស៊ីខាងលិច ផលិតផលក្នុងស្រុកសរុបត្រូវបានគេព្យាករថានឹងកើនឡើងដល់ ២,៩% នៅឆ្នាំ ២០២៤ ពីចំនួន ១,៧% ក្នុងឆ្នាំ ២០២៣។
នៅក្នុងតំបន់អាស៊ីខាងត្បូងវិញ ផលិតផលក្នុងស្រុកសរុបត្រូវបានប៉ាន់ប្រមាណថា កើនឡើង ៥,៣% នៅឆ្នាំមុន ហើយត្រូវបានព្យាករថានឹងកើនឡើង ៥,២% ទៀតនៅឆ្នាំ ២០២៤ នេះ។ ការកើនឡើងនេះ«ដោយសារការពង្រីកយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដែលនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចធំលូតលាស់លឿនជាងគេបំផុតនៅក្នុងពិភពលោក»។ កំណើនរបស់ប្រទេសនេះ ត្រូវបានគេព្យាករថានឹងឈានដល់៦,២% នៅឆ្នាំនេះ ស្រដៀងនឹងកំណើន ៦,៣% ដែលត្រូវបានគេព្យាករក្នុងឆ្នាំ ២០២៣៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់