ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ ILO​ និង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ ​រួមគ្នា​ផលិត​សម្ភារៈ​អប់រំ​វិធី​បង្ការ​កូវីដ១៩​សម្រាប់​កម្មករ​រោងចក្រ


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ឬ Better Factories Cambodia ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ និង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​មួយ​ចំនួន​បាន​បើក​យុទ្ធនាការ​ផលិត​សម្ភារៈ​អប់រំ​វិធី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ ដែល​បាន​ចែកដល់​បណ្តាញ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៦​ខែ​មិថុនា​ឆ្នាំ​២០២០​នេះ បាន​រៀបរាប់​ថា ​យុទ្ធនាការ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​កម្មករ​រោងចក្រ​ដែល​ធ្វើ​ដំណើរ​រួម​គ្នា​ជា​ក្រុម​តាម​រថយន្ត​ឈ្នួល​ទៅ​ធ្វើ​ការ​និង​ត្រឡប់​មក​ផ្ទះ​វិញ។​

យុទ្ធនាការ​នេះ​ធ្វើ​ឡើង ខណៈមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​រាតត្បាត​ជាសកល​នេះ​ទៅ​លើ​កម្មករ​រោងចក្រ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​ពួក​គេ​មួយ​ចំនួន​ធំ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​តាម​រថយន្ត​ក្រុង​ ឬ​រថយន្ត​ធំ​ជុំគ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​គម្លាត​ពី​គ្នា​តាម​បទដ្ឋាន​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក។​

អង្គការ​ពលកម្ម​អន្តរជាតិ​ និង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ដូច​ជា​ Primark, Next, Puma​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ សម្ភារៈ​អប់រំ​សុខភាព​ ដែល​រួម​មាន​ស្លាក​ ឬ​បដា​ព័ត៌មាន​ជាដើម​ បង្ហាញ​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ទាំង​ក្នុង​ចំណោម​កម្មករ​រោងចក្រ និង​អ្នក​បើក​ឡាន​ដឹក​កម្មករ​ទាំង​នោះ។

ប៉ុន្តែ​អង្គការ​និង​ក្រុម​ហ៊ុន​ទាំង​នេះមិន​បាន​បញ្ជាក់​លម្អិត​អំពី​យុទ្ធនាការ​នេះ​ ឬ​វិធាន​ការ​បន្ថែម​ក្នុង​ការ​ជួយ​កម្មករ​រោងចក្រ​ក្នុង​ករណី​ដែល​មាន​ការ​ឆ្លង​ជំងឺ​នេះ​ទេ។​

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​១២៨​នាក់ ក្នុង​នេះ​១២៥​នាក់​បាន​ជាសះស្បើយ​ ​ហើយ៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​បើ​ផ្អែក​តាម​ក្រសួង​សុខាភិបាល​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG