ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​សំណើ​របស់​វិស័យ​ឯកជន​សុំ​ពន្យារ​ពេល​ដក ​EBA តែ​ថា​ជំហរ​រដ្ឋាភិបាល​នៅ​ដដែល


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ​ឬ ​Everything But Arms ​(EBA)​ ដែល​កម្ពុជា​ទទួល​បាន​តាំង​ពី​ឆ្នាំ​ ២០០១ ​នេះ​ ធ្វើ​ឲ្យ​កម្មករ​ជាង​១៣​ម៉ឺន​នាក់​ បាត់បង់​ការងារ​ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ខ្ពស់​ថែម​ទៀត។

ក្រោយ​ពី​វិស័យ​ឯកជន​ ដែល​មាន​សមាគម​រោង​ចក្រ​កាត់​ដេរ ​(GMAC) ​សមាគម​ស្បែក​ជើង​កម្ពុជា ​និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ​(Eurocham)​ បាន​ស្នើ​សុំ​ពន្យារ​ពេល​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​(EBA)​ រយៈ​ពេល​មួយឆ្នាំនោះ​ ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា​ រដ្ឋាភិបាល​គាំទ្រ​សំណើ​នេះ​ ​ប៉ុន្តែ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​មិន​ផ្លាស់​ប្តូរ​នោះ​ទេ។

កាល​ពី​ខែ​កុម្ភៈ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ថា ​ នឹង​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ​ឬ ​Everything But Arms ​(EBA)​ ដែល​កម្ពុជា​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០០១។​ ការ​ព្យួរ​នេះ​ នឹង​ប៉ះពាល់​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប។ ​ការ​សម្រេច​ព្យួរ​នេះ​ ក្រោម​ហេតុ​ផល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការ​ព្យួរ​នេះ​ នឹង​ចូល​ជា​ធរមាន ​ចាប់​ពី​ថ្ងៃ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២០។​

ខណៈ​វិស័យ​កាត់​ដេរ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស ​ ដោយសារ​ជំងឺ​កូវីដ១៩ ​ដែល​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ​នោះ​ ​វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​ពន្យារ​ពេលការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​រយៈពេល​មួយ​ឆ្នាំ​ គឺ​រហូត​ដល់​ខែ​សីហា​ ឆ្នាំ​២០២១​វិញ។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន ​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​គាំទ្រ​ការ​ស្នើ​សុំ​នេះ​ដើម្បី​ជា​ប្រយោជន៍​របស់​កម្មករ​រោងចក្រ ​ តែ​លោក​ថា​ ជំហរ​របស់​រដ្ឋាភិបាល ​គឺ​មិន​ផ្លាស់​ប្តូរ​នោះ​ទេ។ ​ មិន​ផ្លាស់​ប្តូរ​នោះ​ លោក​ ផៃ ស៊ីផាន​សំដៅ​ថា​ ករណី​របស់​លោក ​កឹម សុខា​ស្ថិត​ក្នុង​ដៃ​តុលាការ​ ដែល​លោក​ថា​ មិន​អាច​ជ្រៀត​ជ្រែក​បាន។ លោក​បន្ត​ថា​ កម្ពុជា​បាន​គោរព​គោល​ការណ៍​ប្រជា​ធិបតេយ្យ​តាំង​ពី​ដើម​មក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ស្ថានភាព​នេះ​មិន​មែន​ស្ថិត​នៅ​ក្នុង​ដំណោះ​ស្រាយ​នយោបាយ​ទេ។ខ្ញុំ​មិន​ដឹង​ថា​មាន​ន័យ​ដំណោះ​ស្រាយ​យ៉ាង​ម៉េច ​ បើ​នយោបាយ​ចំពោះ​លោក ​កឹម សុខា ​គឺ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​នៅ​ឡើយ​ទេ។ ​ល្គឹក​ណា​ទាល់​តែ​បញ្ចប់​នៃ​ដំណើរ​ការ​តុលាការ​ ទើប​នាយក​រដ្ឋមន្រ្តី​មាន​បុព្វ​សិទ្ធិ​ដោះស្រាយ​តាម​រឿង​នយោបាយ»។​

លោក ​ផៃ ស៊ីផាន ​បន្ថែម​ថា៖ ​«យើង​យក​ចិត្ត​ទុក​ដាក់​ផល​ប្រយោជន៍​កម្មករ​ប៉ុន្តែ​យើង​មិន​រំលាយ​អ្វី​ទៅ​ដែល​ជា​គោល​ការណ៍​តាម​រដ្ឋ​ធម្មនុញ្ញ ​គោល​ការណ៍​នីតិ​បញ្ញត្តិ ​នីតិប្រតិបត្តិ ​និង​តុលាការ។​ យើង​មិន​អាច​រំលាយ​ដើម្បី​ការ​ទិញ​ដូរ​របស់​យើង​ទេ។ ​ អាហ្នឹង​វា​ពិបាក​នឹង​ធ្វើ»។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​មាន​ការ​ពន្យារ​ពេល​វា​ជា​សមានចិត្ត​របស់​សហភាព​អឺរ៉ុប។ ​ប៉ុន្តែ​លោក​ថា​ មិន​អាច​មាន​ការ​ដោះ​ដូរ​ដូច​ទំនិញ​នោះ​ទេ។​

«យើង​មិន​ស្វាគមន៍​អា​បញ្ហា​ដែល​យក​ EBA ​ឬ​មួយ​ក៏​យក​កូវីដ​នេះ ​មក​ធ្វើ​ជា​ចំណាត់​ខ្មាំង​ចំពោះ​យើង​ទេ»។

ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នឹង​ប៉ះពាល់​ផលិត​ផល​ស្បែក​ជើង​និង​សម្លៀក​បំពាក់​មួយ​ចំនួន។​ ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​និង​ស្ករ​ត្រូវ​បាន​សម្រេច​ព្យួរ​ទាំងស្រុង។ ការ​ព្យួរ​បណ្តោះ​អាសន្ន​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​១.១០០​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ស្មើ​ប្រមាណ ​២០​ភាគរយ​នៃ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​សរុប​ពី​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ​៥.៨០០​លាន​ដុល្លារ​អាមេរិក។​

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋម​ន្រ្តី ហ៊ុន សែន​ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ ដោយ​សហគមន៍​អន្តរជាតិ ​បន្ទាប់​ពីការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​ «ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​រំលាយ​ចោល ​និង​ការ​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​១១៨​នាក់ ​មិន​ឲ្យ​ធ្វើ​នយោបាយ។​

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​ថា​ កម្ពុជា​មិន​ដូរ​អធិបតេយ្យ​ភាព​ជាមួយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ហេតុ​អី​មក​គំរាម​យើង​តាម​រយៈ​យក​អា​នេះ​ធ្វើ​តាម​អញ។​ មិន​ធ្វើ​តាម​ ​អញ​ផ្តាច់​អា​នេះ។ ​យក​អា​នេះ ​ ធ្វើ​តាម​អញ។​ មិន​តាម​អញ ​អញ​ផ្តាច់​អានេះ។​ អត់​ទេ​សុំ​ទោស»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃវីរុសកូរ៉ូណា ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃវីរុសកូរ៉ូណា ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា ​ សមាគម​រោង​ចក្រ​កាត់​ដេរ ​សមាគម​ស្បែក​ជើង​កម្ពុជា​និង​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា ​(Eurocham)​ លើក​ឡើង​ថា​ ជំងឺ​កូវីដ​នេះ​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​សាកល​ហើយ​កម្ពុជា​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពាណិជ្ជ​កម្ម​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ ក៏​មិន​ខុស​ពី​ប្រទេស​ផ្សេងៗ​ដែរ។​ ស្ថាប័ន​ឯក​ជន​ទាំង​នោះ​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ រោងចក្រ​ចំនួន​ ២៥០​ បាន​ព្យួរ​ដំណើរ​ការ ដោយសារ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។ ការ​ព្យួរ​នេះ​ ធ្វើ​ឲ្យ​កម្មករ​ជាង​១៣​ម៉ឺន​នាក់​ បាត់បង់​ការងារ​ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ខ្ពស់​ថែម​ទៀត។

ពួកគេ​លើក​ឡើង​ថា​ ការ​ដក ​EBA ​នេះ​នឹង​ប៉ះពាល់​យ៉ាង​សម្បើម​លើ​វិស័យ​ឧស្សាហ​កម្ម​កម្ពុជា​បន្ថែម​ទៀត​ ហើយ​វា​បន្ត​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ជំងឺ​កូវីដ​១៩។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គ​រដ្ឋទូត​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ គឺ​លោកស្រី Spaniard Carmen Moreno​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

លោក​ ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC ​មាន​ប្រសាសន៍​ថា​សមាគម​មិន​បាន​ដាក់​លិខិត ​ហើយ​ក៏​មិន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចរចា​នយោបាយ​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​មិន​ដឹង​ថា ​រឿង​នយោបាយ​ឬ​ក៏​អត់​នយោបាយ​ទេ គ្រាន់​តែ​វិស័យ​ឯកជន​ យើង​ដាក់​សំណូម​ពរ​ក្នុង​នាម​វិស័យ​ឯក​ជន ។​ សំណូម​ពរ​ក្នុង​នាម​វិស័យ​ឯកជន​អត់​មាន​ប៉ះពាល់​ដល់​រាជ​រដ្ឋាភិបាល ​ឬ​ក៏​អត់​មាន​ដាក់ ​Pressure​(គំនាប)​ដល់​រាជ​រដ្ឋាភិបាល​ទៅ​ចរចា​ឡើង​វិញ​ជាមួយ​សហគមន៍​អឺរ៉ុប​...​ អត់​មាន​ទេ»។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី​ យ៉ាង សុភ័ណ្ឌ​មាន​ប្រសាសន៍​ថា​ បញ្ហា ​EBA​ ជា​រឿង​នយោបាយ ​ដូច្នេះ​វា​ត្រូវ​មាន​ការ​ដោះ​ស្រាយ​តាម​បែប​នយោបាយ​ដើម្បី​បាន​ជា​ផល​ប្រយោជន៍​របស់​កម្មករ។​ ដំណោះ​ស្រាយ​នោះ ​ អ្នកស្រី​សំដៅ​ទៅ​លើ​ការ​ចរចា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​ខាង​លើ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«សម្រាប់​កម្ពុជា​យើង​នៅ​តែ​មាន​ឱកាស​នៅ​ក្នុង​ការ​ជជែក​គ្នា​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង។​បើ​សិន​ណា​កម្ពុជា​យល់​ឃើញ​ថា​ រឿង​ហ្នឹង​វា​ជា​រឿង​សំខាន់​ពាក់ព័ន្ធ​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់​ ខ្ញុំ​គិត​ថា​ យើង​គួរ​តែ​មាន​ផែន​ការ​ជាក់​លាក់​ក្នុង​ការ​ជជែក​គ្នា​រឿង​បញ្ហា​អស់​ហ្នឹង។ ​សំខាន់​ទៅ​លើ​ថ្នាក់​ដឹកនាំ​ មិន​មែន​សំខាន់​ទៅ​លើ​ពួក​ខ្ញុំ​ជា​សហជីព​អី​ទេ»។​

អ្នកស្រី​បន្ថែម​ថា៖​ «បើ​សិន​ថ្នាក់​ដឹកនាំ​គាត់​យល់​ឃើញ​ថា​ ការ​ដែល​ចំណុច​ទាំងអស់​ហ្នឹង​វា​ជា​ចំណុច​សំខាន់​ គួរ​តែ​លើក​ពី​បញ្ហា​ហ្នឹង​ដើម្បី​ទៅ​ជជែក​គ្នា ​ ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​របស់​យើង​ទទួល​បាន​ការងារ​ធ្វើ ​ ទទួល​បាន​នូវ​ការ​ទ្រទ្រង់​នូវ​ជីវភាព​សេដ្ឋកិច្ច​របស់​គាត់»។​

អ្នកស្រី ​យ៉ាង​ សុភ័ណ្ឌ ​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​អ្នក​បញ្ជា​ទិញ​មួយ​ចំនួន​ប៉ុន្តែ​គេ​បាន​បញ្ជា​ទិញ​នៅ​ប្រទេស​ផ្សេងៗ​ដោយសារ​វិបត្តិ​នយោយបាយ​នៅ​កម្ពុជា។​ អ្នកស្រី​បន្ត​ថា​ នៅ​ពេល​ខាង​មុខ​នឹង​មាន​ការ​បញ្ជា​ទិញ​បន្ថែម​ទៀត ​ក្រោយ​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG