ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ IEA៖ ដំណើរ​ឆ្ពោះ​ទៅ​ការ​​​​បញ្ចេញ​ឧស្ម័ន​កាបូន​​កម្រិត​សូន្យ​នៅ​ត្រឹម​ឆ្នាំ២០៥០​គឺ​«អាច​ទៅ​រួច ប៉ុន្តែ​មាន​ការ​លំបាក»​


រូប​ឯកសារ៖ រោងចក្រ​​មួយ​ដើរ​ដោយ​ធ្យូង​ថ្ម​​​នៅ​ក្នុង​ទី​ក្រុង Glenrock រដ្ឋ Wyoming សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨។
រូប​ឯកសារ៖ រោងចក្រ​​មួយ​ដើរ​ដោយ​ធ្យូង​ថ្ម​​​នៅ​ក្នុង​ទី​ក្រុង Glenrock រដ្ឋ Wyoming សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា​កន្លង​ទៅ​ថា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​ខ្លាំង​បំផុត​ពី​បម្រែបម្រួល​អាកាសធាតុ ពិភពលោក​អាច​ដើរ​លើ​មាគ៌ា​មួយ «ដែល​មាន​ការ​លំបាក ប៉ុន្តែ​អាច​ទៅ​រួច»។

ដំណើរ​នោះ​រួមបញ្ចូល​ការ​បញ្ឈប់​ភ្លាមៗ​លើ​ការ​វិនិយោគ​ថ្មីៗ​ក្នុង​វិស័យ​ប្រេង ឧស្ម័ន និង​ការ​ផលិត​ធ្យូងថ្ម បញ្ឈប់​ការ​លក់​រថយន្ត​ដែល​ប្រើប្រាស់​សាំង​នៅ​ត្រឹម​ឆ្នាំ២០៣៥ និង​ការ​ដំឡើង​ថាមពល​កកើត​ឡើង​វិញ​ឱ្យ​បាន​លឿន​ជាង​ឆ្នាំ​មុន ៤ ដង។

លោក Fatih Birol បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «កម្រិត​និង​ល្បឿន​នៃ​កិច្ចប្រឹងប្រែង​ដែល​ត្រូវ​ការ​សម្រាប់​គោលដៅ​ដ៏​សំខាន់​និង​ដ៏​លំបាក​នេះធ្វើ​ឱ្យ​កិច្ចប្រឹងប្រែង​នេះ​ប្រហែល​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​បំផុត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​មនុស្សជាតិ»។

របាយការណ៍​នេះ​ថា បើ​គិត​លើ​រឿង​វិជ្ជមាន​វិញ​ការ​វិនិយោគ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥ លានលាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ២០៣០​ផ្តល់​កំណើន​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​សាកលលោក ដោយ​បាន​បង្កើន​ការងារ​បន្ថែម​រាប់​លាន​នៅ​ក្នុង​វិស័យ​ថាមពល​ស្អាត ប្រសិទ្ធភាព​ថាមពល និង​ការ​ផលិត និង​បាន​ផ្តល់​កំណើន​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​សាកលលោក​ចំនួន ០,៤% ក្នុង​មួយ​ឆ្នាំ។​

របាយការណ៍​នៃ​ទីភ្នាក់ងារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នេះ ដែល​មាន​ចំណងជើង​ថា «កាបូន​សូន្យ​នៅ​ត្រឹម​ឆ្នាំ២០៥០៖ ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​វិស័យ​ថាមពល​សាកលលោក» បាន​សរសេរ​ថា ការ​សន្យា​ចំពោះ​បញ្ហា​អាកាសធាតុ​ដែល​ប្រទេស​នានា​បាន​សន្យា​កន្លង​មក «បើ​ទោះ​បី​ជា​ត្រូវ​បាន​សម្រេច​បាន​ពេញលេញ​ក៏​ដោយ ក៏អាច​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ពាក់ព័ន្ធ​នឹង​ថាមពល​សាកលលោក​ស្ថិត​នៅ​កម្រិត​សូន្យ​នៅ​ត្រឹម​ឆ្នាំ២០៥០» និង​ដើម្បី​កម្រិត​កំណើន​សីតុណ្ហភាព​សាកលលោកមិន​ឱ្យ​កើនលើស​១,៥ អង្សា​សេ ដែល​នេះ​ជា​គោលដៅ​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។

របាយការណ៍​នេះ​បន្ថែម​ថា ការ​ផ្លាស់ប្តូរ​ត្រូវការ «ការ​កែប្រែ​ដែល​មិន​ធ្លាប់​មាន​លើ​របៀប​ផលិត​ថាមពល ដឹក​ជញ្ជូន និង​ប្រើប្រាស់​ជា​សាកល» ដែល​រួម​មាន «ចាប់​ពីពេល​នេះ​ត​ទៅ មិន​មាន​ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ និង​មិន​មាន​ការ​សម្រេច​អនុញ្ញាត​ដល់​ការ​វិនិយោគ​បន្ថែម​ទៀត​ចំពោះ​រោងចក្រ​ធ្យូងថ្ម​ថ្មី​ដែល​មិន​មាន​ចំនួន​ធ្លាក់​ចុះ​នោះ​ទេ»។ នេះ​សំដៅ​ដល់​រោងចក្រ​ដែល​មាន​លទ្ធភាព​ស្រូប​យក​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត។

របាយការណ៍​នេះ​សរសេរ​ថា ថាមពល​អគ្គិសនី​អាច​នឹង​មិន​មាន​បញ្ចេញ​ឧស្ម័ន​កាបូន​នៅ​ត្រឹម​ឆ្នាំ​២០៤០ ហើយ​អ្នក​ផលិត​យានយន្ត​គួរ​តែ​បញ្ឈប់​លក់​ម៉ាស៊ីន​ចំហេះ​ខាង​ក្នុង​នៅ​ត្រឹម​ឆ្នាំ២០៣៥។

អ្នកស្រី Rachel Cleetus នាយក​ផ្នែក​គោលនយោបាយ​នៃ​កម្មវិធី​ថាមពល និង​អាកាសធាតុ​នៅ​អង្គការ ​Union of Concerned Scientists បាន​ថ្លែង​ថា៖ «នេះ​គួរ​តែ​ជា​ការ​ប្រាប់​យ៉ាង​ច្បាស់ៗ​ទៅ​ដល់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​ជុំវិញ​ពិភពលោក​ថា ពួកគេ​មិន​អាច​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​បាន​ដូច​ធម្មតា​នោះ​ទេ»។

របាយការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ធ្វើ​ទស្សនកិច្ច​នៅរោងចក្រ​របស់​ក្រុមហ៊ុន Ford Motor Co. ដែល​ផលិត​រថយន្ត ​truck​ដែល​ពេញនិយមរបស់​ខ្លួន​ឱ្យ​ទៅ​ជាប្រភេទ​រថយន្ត​អគ្គិសនី​ថ្មី​មួយ។

ទីភ្នាក់ងារ IEA ថា នៅ​ក្នុង​ពិភពលោក​មួយ​ដែលលែង​មាន​ផ្សែង​ពុល​កាបូនិក​នៅ​ត្រឹម​ឆ្នាំ២០៥០ ថាមពល​ព្រះ​អាទិត្យ​នឹង​ក្លាយ​ជា​ប្រភព​ថាមពល​ធំ​បំផុត​ក្នុង​ពិភពលោក។ ថាមពល​ព្រះ​អាទិត្យ និងថាមពល​ពី​កម្លាំង​ខ្យល់​រួម​គ្នា​ផលិត​បាន​ថាមពល​៧០%​សម្រាប់​ពិភពលោក។

ទីភ្នាក់ងារ​នេះ​បន្ថែម​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី បច្ចេកវិទ្យា​នៅ​ពេល​បច្ចុប្បន្ន​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។

ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ជិត​ពាក់​កណ្តាល​នៅ​ក្នុង​ឆ្នាំ២០៥០​នឹង​កើត​ចេញ​ពី​បច្ចេកវិទ្យា​ដែល​មិន​ទាន់មាន​នៅ​លើ​ទី​ផ្សារ។ ទីភ្នាក់ងារ IEA ថា នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​ត្រូវ​វិនិយោគ​ឱ្យ​បាន​ខ្លាំងក្លា​លើ​ការ​ស្រាវជ្រាវ អភិវឌ្ឍ និង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា អាគុយ​ទំនើបៗ ឥន្ធនៈ​អ៊ីដ្រូហ្ស៊ែន និង​បច្ចេកវិទ្យា​ស្រូប​យក​កាបូន​ឌីអុកស៊ីត​ដោយ​ផ្ទាល់​ពី​ក្នុង​ខ្យល់។​

ហើយ​នេះ​មាន​ន័យ​ថា​វិស័យ​ប្រេង​ឥន្ធនៈ​នឹង​មិន​បាត់​រលត់​ក្នុង​ពេល​ឆាប់ៗ​នេះ​នោះ​ទេ។

លោក Stephen Comstock អនុប្រធាន​ផ្នែក​គោលនយោបាយ​សាជីវកម្ម​នៅ​វិទ្យាស្ថាន​ប្រេង​សាំង​អាមេរិក​បាន​ថ្លែង​ថា៖ «មធ្យោបាយ​មួយ​ណា​ក៏​ដោយ​ដែល​ឆ្ពោះ​ទៅ​កាន់​គោលដៅ​កាបូន​សូន្យ​ត្រូវ​រួម​បញ្ចូល​ការច្នៃ​ប្រឌិតថ្មី​ជា​បន្តបន្ទាប់ និង​ការ​ប្រើប្រាស់​ឧស្ម័ន និង​ប្រេង​ធម្មជាតិ ដែល​នៅ​តែ​មាន​សារៈសំខាន់​ដើម្បី​ជំនួស​ធ្យូងថ្ម​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​អនុញ្ញាត​ឱ្យ​មាន​ថាមពល​កកើត​ឡើង​វិញ​បាន»។

លោក Philip Rossetti អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​ថាមពល​នៅ​វិទ្យាស្ថាន R Street ដែល​ជា​វិទ្យាស្ថាន​វិភាគ​គោលនយោបាយ​បែប​អភិរក្ស​និយម​បាន​ថ្លែង​ថា៖ «ការ​វិភាគ​ទាំង​នេះ​បង្ហាញ​ថា ការ​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អាកាសធាតុ​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​យើង​មាន​សព្វថ្ងៃ​តែ​មួយ​មុខ​គឺ​ជា​ដំណើរ​ដ៏​ពិបាក និង​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន។ យើង​ត្រូវការ​ការច្នៃប្រឌិត​បង្កើតថ្មី​ពិតប្រាកដ និងកន្លែង​ដែលអំណោយផល​ល្អ​បំផុតសម្រាប់​ការ​បង្កើតនេះ គឺ​ទីផ្សារ​សេរី​មួយ​ដែល​ផ្តល់​តម្លៃ​ដល់​លទ្ធផល​ទាំង​នោះ»។​

របាយការណ៍​របស់​ទីភ្នាក់ងារ IEA ថា គេ​ត្រូវ​ការ​ការ​វិនិយោគ​ប្រមាណ ៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ប្រមាណ ១% នៅ​ក្នុង​វិស័យ​ថាមពល​ដើម្បី​ផ្តល់​អគ្គិសនី​ដល់​មនុស្ស​ចំនួន ៧៨៥ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ដែល​មិន​មាន​អគ្គិសនី​ប្រើប្រាស់ និង​ដើម្បី​ផ្តល់​មធ្យោបាយ​ចម្អិន​ម្អូបអាហារ​ជាមួយ​ថាមពល​ស្អាត​ទៅ​ដល់​មនុស្ស​ចំនួន ២.៦០០​លាន​នាក់​ដែល​មិន​មាន​ថាមពល​ស្អាត​ប្រើប្រាស់។ ការ​វិនិយោគ​ទាំង​នេះ​នឹង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​ក្នុង​អគារ និង​បញ្ចៀស​បាន​នូវ​ការ​ស្លាប់​មុន​អាយុ​ចំនួន ២,៥ លាន​ករណី​ក្នុង​មួយ​ឆ្នាំៗ។

អ្នកស្រី Cleetus បាន​បញ្ជាក់​ថា «ការ​ផ្លាស់ប្តូរ​នេះ​គឺ​សម្រាប់ និង​ដើម្បី​ប្រជាពលរដ្ឋ» ដែល​វា «មាន​សារៈសំខាន់​ស្មើ​នឹង​មធ្យោបាយបច្ចេកវិទ្យា​ដែល​មាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នោះ»។

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ផ្តោត​លើ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​សាកលលោក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នៅ​ក្នុង​ក្រុង Glasgow ចក្រភព​អង់គ្លេស​នៅ​ពេល​ដែល​មេដឹកនាំ​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើ​វិធានការ​អាកាសធាតុ។​

ជាមួយ​នឹង​រលក​កម្តៅ គ្រោះ​រាំងស្ងួត និង​ព្យុះ​ដ៏​ខ្លាំងក្លា​កំពុង​កើន​ឡើង​ជាមួយ​នឹង​បម្រែបម្រួល​អាកាសធាតុ អ្នកស្រី Cleetus បាន​បន្ថែម​ថា៖ «វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទទួល​ស្គាល់​ថា ភាព​អសកម្ម​គឺ​ជា​ការ​ខាតបង់​ខ្លាំង​បំផុត​ដែល​យើង​បាន​ធ្វើ​នៅ​ពេល​នេះ»៕

XS
SM
MD
LG