ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងថា ពិភពលោកត្រូវតែ «ជម្នះវិបត្តិ[អាកាសធាតុ]ដែលមាននៅពេលបច្ចុប្បន្ននេះរបស់យើង» នៅពេលលោកប្រកាសគោលដៅថ្មីរបស់សហរដ្ឋអាមេរិក ដោយកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ផ្ទះកញ្ចក់ ពី ៥០ ទៅ ៥២ ភាគរយ នៅត្រឹមឆ្នាំ ២០៣០។
លោក Biden បានថ្លែងដូច្នេះ នៅពេលលោកថ្លែងបើកសន្និសីទកំពូលសកលលោកស្តីពីការប្រែប្រួលអាកាសធាតុដែលធ្វើឡើងតាមអនឡាញ ជាមួយមេដឹកនាំពិភពលោករាប់សិបនាក់។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «នេះជាទសវត្សរ៍ដែលយើងត្រូវតែធ្វើការសម្រេចចិត្ត ដែលនឹងបញ្ចៀសផលវិបាកដ៏អាក្រក់នៃវិបត្តិអាកាសធាតុ»។ លោកប្រធានាធិបតីបានអំពាវនាវដល់ប្រទេសផ្សេងទៀត ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុតនៅក្នុងពិភពលោក ឱ្យ «បង្កើនល្បឿន» កាត់បន្ថយឧស័្មន។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានសរសើរការប្រកាសរបស់លោកBiden ថាជា «កត្តាដែលនាំឱ្យមានការផ្លាស់ប្តូរខ្លាំង»។ លោកបានថ្លែងថា៖ «ការណ៍នេះនឹងមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកលលោក»។
នៅពេលត្រូវសាកសួរ លោក John Kerry បេកសជនអាកាសធាតុរបស់រដ្ឋបាលលោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គោលដៅរបស់លោកប្រធានាធិបតី Biden អាចសម្រេចបាន ប៉ុន្តែលោកថា៖ «តើវាល្មមគ្រប់គ្រាន់ឬទេ ? មិនគ្រប់គ្រាន់ទេ ក៏ប៉ុន្តែ វាជាការល្អបំផុតដែលយើងអាចធ្វើបាននៅពេលនេះ»។
គោលដៅរបស់សហរដ្ឋអាមេរិកនេះប្រហាក់ប្រហែលនឹងគោលដៅនៃការកម្រិតការបញ្ចេញឧស្ម័នកង្វក់កាលពីឆ្នាំ ២០០៥ ដែរ ហើយសេតវិមាន បានបញ្ជាក់ថា កិច្ចប្រឹងប្រែងដើម្បីឈោងទៅដល់គោលដៅនោះ រួមមានការចាត់វិធានការឆ្ពោះទៅកាន់ការប្រើអគ្គីសនីដោយគ្មានឧស្ម័នកខ្វក់កាបោន ការប្រើប្រាស់រថយន្តតូចនិងរថយន្តធំៗដែលស៊ីសាំងតិច គាំទ្រការរក្សាទុកកាបោនមិនឱ្យចេញពីកន្លែងឧស្សាហកម្ម និងការកាត់បន្ថយការប្រើឧស្ម័នមេតាន។
សម្រាប់អ្នករៀបចំសន្និសីទកំពូលនិងអ្នកបរិស្ថាន ការអាក់អន់ចិត្តពីសន្នីសិទនេះគឺនៅត្រង់ថា ប្រទេសដែលមានប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោកគឺ ចិន និង ឥណ្ឌា មិនបានធ្វើការសន្យាថ្មីអ្វីទេ កាលពីថ្ងៃព្រហស្បតិ៍៕