ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ច្បាប់​អន្តរជាតិ ស្វាគមន៍​គោល​នយោបាយ​ថ្មី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទាក់ទងនឹង​ឧក្រិដ្ឋកម្ម​រំលោភ​បំពាន​ដីធ្លី


រូបឯកសារ៖ សកម្មជន​ដីធ្លី​មកពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី។ (រូបថត​ដោយហេង រស្មី នៃ VOA)
រូបឯកសារ៖ សកម្មជន​ដីធ្លី​មកពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី។ (រូបថត​ដោយហេង រស្មី នៃ VOA)

តុលាការ ​ICC ​នេះ ភាគច្រើន​សម្រេច​ក្តី​តែ​លើ​សំណុំរឿង​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុណ្ណោះ ចាប់តាំង​ពី​តុលាការ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១២។

ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ Global Diligence ដែល​មាន​ឯកទេស​ខាង​ច្បាប់​ព្រហ្មទណ្ឌ​និង​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សម្ដែង​ការ​សាទរ​របស់​ខ្លួន​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ឬ​ហៅកាត់​ថា​ICC) ក្រោយ​ពី​តុលាការ​នេះ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ខ្លួន​នឹង​ចាប់​ផ្ដើមផ្ដោត​ទៅលើ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ការ​រំលោភ​បំពាន​ដីធ្លី​ដោយ​ខុសច្បាប់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។

ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​នេះ បាន​លើកឡើង​ថា ការ​ផ្តោត​ទៅលើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថ្មី​នេះ នឹង​ជួយ​បិទ​គម្លាត​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ប្រព្រឹត្តិ​ក្នុង​ពេល​ប្រទេស​មួយ​មាន​សន្តិភាព។

ក្រុម​ហ៊ុន Global Diligence បាន​និយាយ​ថា «ការណ៍​នេះ ក៏​បាន​បើក​ចំហទ្វារ​សម្រាប់​សំណុំ​រឿង​ដែល​បាន​ដាក់​ជូន​តុលាការ​ តំណាង​ឲ្យ​ជនរងគ្រោះ​កម្ពុជា ប្រឆាំង​នឹង​ក្រុម​អភិជន​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ផង​ដែរ»។

កាល​ពី​ឆ្នាំ​២០១៤ មេធាវី​អង់គ្លេស​ម្នាក់​គឺ​លោក Richard Rogers ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ Global Diligence​នេះ បាន​ដាក់​សារណា ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ដោយ​បាន​ស្នើ​ព្រះរាជអាជ្ញា​នៃ​តុលាការ​នេះ ​ឲ្យ​ស៊ើបអង្កេត​ការ​ជម្លៀស​ពលរដ្ឋ និង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​យ៉ាង​ទូលំទូលាយ​ ដែល​បណ្តាល​មក​ពី​ការ​រំលោភបំពាន​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Richard Rogers ​បាន​ថ្លែង​ថា «គោលនយោបាយ​ថ្មី​របស់​អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ បាន​បញ្ជាក់​ពី​តម្រូវ​ការ​ក្នុង​ការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ ដែល​បាន​ប្រព្រឹត្ត ក្រោម​ឈ្មោះ​«ការ​អភិវឌ្ឍ» ដោយសារ​ឧក្រិដ្ឋកម្ម​បែប​នេះ បំផ្លាញ​ជនរងគ្រោះ មិន​តិច​ជាង​ឧក្រិដ្ឋកម្ម​ក្នុង​ពេល​មាន​សង្គ្រាម​នោះ​ទេ»។

តុលាការ ​ICC ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ តុលាការ​នេះ ភាគច្រើន​សម្រេច​ក្តី​តែ​លើ​សំណុំរឿង​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុណ្ណោះ ចាប់តាំង​ពី​តុលាការ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១២។

ប៉ុន្តែ ក្រោយ​ពី​មាន​ការ​តស៊ូ​មតិ​យ៉ាង​ខ្លាំង​ក្លា​ពី​សកម្មជន​ដីធ្លី​នានា​ទូទាំង​ពិភពលោក​មក តុលាការ​នេះ បាន​និយាយ​ថា ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ការ​រំលោភបំពាន​ដី​ធ្លី ក៏​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​បុគ្គល​ ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ផងដែរ។

នៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ​៨៣​ម៉ឺននាក់ បាន​រង​ផលប៉ះពាល់​យ៉ាង​អាក្រក់​ដោយ​សារ​ជម្លោះដីធ្លី ដោយ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញពី​ដីធ្លី​និង​ផ្ទះ​សម្បែង​របស់​ពួកគេ ហើយ​ត្រូវ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ នេះ​បើ​ផ្អែក​តាម​ក្រុម​អ្នក​ច្បាប់ Global Diligence៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG