ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បឹងកក់​


​អ្នកតំណាងសហគមន៍​​បឹងកក់​​បក់តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍​​បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)
​អ្នកតំណាងសហគមន៍​​បឹងកក់​​បក់តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍​​បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)

លោក Brad Adams នាយក​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​អាជ្ញាធរ​គួរ​ទម្លាក់​បទ​ចោទ​និង​ដោះ​លែង​សកម្ម​ជន​ទាំង​ពីរ​នាក់​នេះ ​ជា​បន្ទាន់។

អង្គការ​សិទ្ធិមនុស្ស Human Rights Watch និង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ចំនួន​ ៦០​ បាន​ស្នើ​សុំ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​និង​ដោះលែង​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​តំបន់​បឹងកក់​ចំនួន​ពីរ​រូប​ គឺ​លោក​ស្រី​ ទេព​ វន្នី ​និង​អ្នកស្រី​ បូវ សោភា​ នៅ​ក្នុង​សំណុំ​រឿង​ការ​ធ្វើ«យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ តាម​បែប​អហិង្សា​ហើយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ជា​ចលនា​នៃ​ការ​ធ្វើ​បដិវត្តន៍។

ការ​ទទូច​ក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​នេះ​បាន​កើត​មាន​ឡើង​ នៅ​ក្រោយ​ពី​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​លោក​ស្រី ​ទេព វន្នី​ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​និង​អ្នក​ស្រី​បូវ សោភា ​កាលពី​ថ្ងៃ​ពុធ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​មជ្ឈឹម​ និង​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ សកម្មជន​ទាំងពីរ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ចាប់​ឃុំខ្លួន​ដោយ​សារ​ពួកគេ​បាន​ធ្វើ​ពិធី​ដាក់​បណ្តាសា​លើ​អ្នក​ដែល​រំលោភ​សិទ្ធិមនុស្ស​ និង ​ការ​តវ៉ា​បែប​អហិង្សា​ដោយ​ការ​ស្លៀកសម្លៀក​បំពាក់​ពណ៌ខ្មៅ ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស មន្ត្រី​បោះឆ្នោត​ គជប ​ហើយ​នឹង​ សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពិត​ប្រាកដលើ​ឃាតកម្ម​ លោក កែម ឡី​ ​អ្នកវិភាគ​សង្គម​ដ៏​ល្បីល្បាញ​នោះ។

​លោក Brad Adams នាយក​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​អាជ្ញាធរ​គួរ​ទម្លាក់​បទ​ចោទ​និង​ដោះ​លែង​សកម្ម​ជន​ទាំង​ពីរ​នាក់​នេះ ​ជា​បន្ទាន់។​ លោក​ថ្លែង​បាន​បន្ថែម​ថា៖​

«ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូល​ដ្ឋាន​ប្រឆាំង​នឹង​សកម្ម​ជន​ទាំង​ពីរ​គឺជា​កា​រ​កើន​ឡើង​ចុងក្រោយ ដែល​ថា​រដ្ឋាភិបាល​ធ្វើបាប​អ្នក​រិះគន់​បែប​អហិង្សា​ដោយ​ឥត​កោត​ក្រែង​កាន់តែ​ខ្លាំង​ឡើង»​។​

​នេះ​ជា​រូប​ឯកសារ៖ លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch។
​នេះ​ជា​រូប​ឯកសារ៖ លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch។

លោក​បាន​បន្ថែម​ថា​វិធានការ​នេះ​គឺ​បង្ហាញ​ថា​គ្មាន​អ្នករិះគន់​រដ្ឋាភិបាល​ណា​ត្រូវ​រួច​ពី​ការយាយី​របស់​រដ្ឋាភិបាល​ទេ​បន្ទាប់​ពី​ការរិះគន់។

ស្រដៀង​គ្នា​នេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​ ៦០​ បាន​ថ្លែង​រួមគ្នានៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយចុះ​ថ្ងៃ​ទី​ ១៨​ ខែ​សីហា​ ថា​ តុលាការ​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើ​ខុស​ពី​នីតិវិធី​របស់​តុលាការ​ ក្នុងការ​បង្គាប់​ឲ្យ​បើក​សវនាការ​ជំនុំជម្រះ។ ​ពួកគេ​បាន​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ សកម្មជន​ទាំងពីរ​នាក់​នេះ​ ជាបន្ទាន់​ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹមត្រូវ​លើ​សកម្មជន​ទាំង​ពីរ​ ហើយ​សូម​ធានា​ នូវ​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​អហិង្សា​ ដូច​ជា​អ្នកដែល​គាំទ្រ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ពណ៌ខ្មៅ​ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ នាង ណាលី ពីឡូក ​នាយករង​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​ថា​៖

«សំណុំរឿង​នេះ​បង្ហាញ​សារ​ជា​ថ្មី​ថា​រដ្ឋាភិបាល​មិន​មាន​ចេតនា​ក្នុង​ការ​លើក​ស្ទួយ​ការ​បញ្ចេញមតិ ដោយ​អហិង្សា​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​ទេ។ ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ទាំងនេះ​គឺជា​ការបង្ក្រាប​ជា​បន្ត​បន្ទាប់​ ទៅ​លើ​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​ទទួល​ការ​គំរាម​កំហែង​ហើយ​ប៉ុន្តែ​នៅតែ​ មិន​ទាន់​ព្រម​បញ្ឈប់​សកម្មភាព​ធ្វើយុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ»។

លោក​ សុក​ សំអឿន​ មេធាវី​ការពារ​សិទ្ធិមនុស្ស​ បាន​ប្រាប់​ VOA​ ថា​ លោក​មិនបាន​តាមដាន​ពី​អង្គ​ហេតុ​នៃ​ការ​នាំ​ឲ្យ​មាន​ការ​កាត់ក្តី​ភ្លាម​ៗ​នៅ​តុលាការ​នោះ​ទេ ដែល​ជាហេតុ​នាំឲ្យ​លោក​មិនបាន​សន្និដ្ឋាន​បាន​ថា​ តើ​ជា​ការ​ត្រឹម​ត្រូវ​ ឬ​យ៉ាង​ណា​ចំពោះ​ការ​កាត់ក្តី​មាន​លក្ខណៈ​តក់ក្រហល់​ ដែល​ធ្វើ​ឡើង​ចំពោះ​សកម្មជន​ដីធ្លី​បឹង​កក់​ ដែល​កំពុង​ជាប់​ឃុំ​នោះ​។

ក៏ប៉ុន្តែ​លោក​ពន្យល់​ថា​ តុលាការ​អាច​ធ្វើ​ការ​កាត់​ក្តី​បន្ទាន់​មួយ​បាន​ ប្រសិនបើ​ការ​ប្រព្រឹត្ត​សកម្មភាព​ណាមួយ​ គឺជា​បទល្មើស​ជាក់​ស្តែង​ មាន​ភស្តុតាង​គំាទ្រ​គ្រប់​គ្រាន់។​

«នៅ​ក្នុង​ច្បាប់​ គេ​មាន​នីតិវិធី​កាត់​ភ្លាមៗ​ដែរ​ ប្រសិនបើ​ព្រះរាជអាជ្ញា​ គេ​មាន​ភស្តុតាង​ គ្រប់គ្រាន់​ ហើយ​បើ​សិន​ជា​ ករណី​ហ្នឹង​ជា​បទល្មើស​ជាក់​ស្តែង​ វា​មាន​នីតិ​វិធី​របស់​គេ។​ ទាស់តែ​ត្រង់ថា​ ជន​ជាប់​ចោទ​ គេ​មាន​សិទ្ធិ​ នឹង​ទាម​ទារ​បង្វិល​រឿង​ហ្នឹង​ទៅ​ស៊ើប​អង្កេត​ ទៅឲ្យ​ចៅក្រម​ស៊ើបអង្កេត​ ស៊ើប​វិញ​ បើ​សិន​ជាជន​ជាប់​ចោទ​ ទាម​ទារ។​ បើ​សិន​ជា​ជន​ជាប់​ចោទវាអត់​ទាម​ទារ​ វា​ទៅ​មុខ​ហើយ»។​

លោក​ លី​ សុផាណា​ ព្រះរាជ​អាជ្ញារង​ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​សុក្រ​ បដិសេធ​មិន​ធ្វើ​អធិប្បាយ ព្រោះ​លោក​ជាប់​ប្រជុំ។ VOA មិន​អាច​ទាក់​ទង​ លោក​ចៅក្រម​ ពេជ្រ​ វិជ្ជាធម៌​ បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

ទោះជា​យ៉ាងណាក្តី​អ្នកស្រី​ បូ ឆវី វ័យ​ ៤០​ ឆ្នាំ​ សកម្មជន​សិទ្ធិលំនៅ​ដ្ឋាននៅ​ក្នុង​សហគមន៍​បឹងកក់​ បាន​បញ្ជាក់​ប្រាប់​ VOA​ ក្រុម​សកម្ម​ជន​ក្នុង​សហគមន៍​ នឹង​បន្ត​ការ​តវ៉ា​ដោយ​អហិង្សា​ បន្ត​ទៅ​ ក្នុង​រូបភាព​ជា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ដដែល​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​ស្រី​ ទេព វន្នី​ និង​ អ្នកស្រី បូវ​ សោភា ​រួម​ទាំង​អ្នកទោស​មនសិការ​ផ្សេងទៀត​ ដែល​រួមមាន​ សកម្មជន​ការពារ​សិទ្ធិមនុស្ស​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​លោក​ នី ចរិយា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.​ជ.ប)​។

អ្នកស្រី​និយាយ​ថា​ ការ​ចាប់​ខ្លួន​មិនមែន​ជា​ឧបសគ្គ​នៃ​ការ​តស៊ូ​មតិ​ សម្រាប់​ទាមទារ​យក​សេរីភាព​ និង​ការ​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ។

«និយាយ​ទៅ​អូន​តាំងពី​ខ្ញុំ​ ចាប់​តវ៉ា​ ក្នុង​តំបន់​បឹង​កក់​នេះ​ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ​ គឺ​បង​ដូចជា​ ដូចជា​ប្រជាពលរដ្ឋ​ផ្សេងៗ​ គាត់​បាន​ត្រៀម​អស់​ក្នុង​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​នេះ​ ដូច​ជា​ការ​ប្រើ​អំពើ​ហិង្សា​កន្លង​មក​ គឺ​យើង​បាន​ត្រៀមខ្លួន​រួច​អស់​ហើយ យើង​មិន​ដែល​ខ្លាច​ទេ​នូវ​ទង្វើ​អស់​ហ្នឹង​គឺ​ ពួកខ្ញុំ​ទាំង​អស់​គ្នា​ ខ្លាចបាត់​បង់​ផ្ទះ​សម្បែង​ បាត់​បង់​សិទ្ធិ​លំនៅដ្ឋាន​យើង​ទេ​ ច៎ា​ ដែល​យើង​ត្រូវ​ខ្លាច​នោះ​ណ៎ា»។​ ​

សកម្មជន​ទាំងពីរ​នាក់​លោក​ស្រី​ ទេព វន្នី​ និង​ អ្នកស្រី បូវ​ សោភា ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​មួយ​ពាន់​ដុល្លារ​ (៤.០០០.០០០រៀល)​ បើ​ត្រូវ​រក​ឃើញ​ថា ​មានទោស។​ នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​អ្នកស្រី​ ​ទេព​ វន្នី​ ត្រូវ​បាន​ជាប់​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទីពីរ​ ដោយសារ​ការ​ចូលរួម​សកម្មភាព​អហិង្សា​ ហើយ​ជា​លើក​ទីពីរ​សម្រាប់​អ្នកស្រី​ បូវ សោភា​ ដែរ​ ដែល​បាន​ជាប់​ពន្ធនាគារ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១២មក។ ​

ក្រុម​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ ការណ៍​ដែល​តុលាការ​បង្គាប់​ឲ្យ​មានការ​ជំនុំជម្រះ​ភ្លាមៗ​ គឺ​ជា​ការ​រំលោភ​ទៅ​នឹង​សិទ្ធិ​ក្នុង​ការ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​គ្នា​ ​យោង​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ ដែល​រារាំង​ក្រុម​មេធាវី​មិន​ឲ្យ​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​កូន​ក្តី៕

XS
SM
MD
LG