ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ទំនាស់​ដីធ្លី​នៅ​កោះកុង​ចំនួន​៦ភូមិ​ បាតុកម្ម​ និង​ដាក់​ញត្តិ​នៅ​ភ្នំពេញ


ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ជាតិ ​និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ ជួយ​ដោះ​ស្រាយ​​​រក​​យុត្តិធម៌​ និង​ផ្តល់​សំណង​ជាដី​ដល់​ពួកគេ​ ​សម្រាប់​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ការ​ប្រើប្រាស់ ​និង​អាស្រ័យ​ផល​ដូច​ដើម។​

ប្រជា​ពល​រដ្ឋ​ជាង​៧០​នាក់ ​មកពី​ភូមិ​ចំនួន​៦​ក្នុង​ខេត្ត​កោះកុង ​តំណាង​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​១៤០គ្រួ​សារ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​២​ បាន​ហែ​ក្បួន​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ជាតិ​ និងអន្តរជាតិ​ចំនួន​៤ ​សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​ទំនាស់​រ៉ាំរ៉ៃ​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​នោះ។​

តំណាង​ប្រជា​ពល​រដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន​៤​ឃុំ ​ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល ​និង​ស្រុក​បទុម​សាគរ​ ខេត្តកោះកុង​ គឺ​អ្នក​ស្រី​ ផាវ ញ៉ឺង បាន​ប្រាប់​ VOA ​ថា ​ការ​ហែ​ក្បួននាថ្ងៃ​ព្រហស្បតិ៍​ទី​៤​នេះ​ គឺ​ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា ​សហ​ភាព​អឺរ៉ុប ​ក្រសួង​ដែន​ដី និង​ក្រសួង​កសិកម្ម​សុំ​ឲ្យ​ស្ថានប័នទាំង​នេះ​ជួយ​ធ្វើ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​ទំហំ​ជិត​ ៨០០​ហិកតា ​ប្រគល់​ឲ្យ​ប្រជា​ពល​រដ្ឋ​១៤៧​គ្រួ​សារ​វិញ។ ​អ្នក​ស្រី​បន្ត​ថា ​ក្រុម​ហ៊ុន​ទាំង​ពីរ​ ដែល​អ្នក​ស្រី​អះ​អាង​ថា​ ជា​ក្រុម​ហ៊ុន​របស់​លោក​លី យ៉ុងផាត់​នោះ​ ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​ដំណាំ​អំពៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​២០០៦។​ អ្នក​ស្រី​បន្ត​ថា ​ក្រុម​ហ៊ុន​ បាន​រំលោភយកដី​កសិ​កម្ម​មាន​រយៈ​ពេល​១០​ឆ្នាំ​ទៅ​ហើយ ​ហើយ​អាជ្ញាធរ ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ជាតិ ​មិន​ជួយ​រក​ដំ​ណោះ​ស្រាយ​ជូន​ពល​រដ្ឋ​ទេ។​

«កាល​ណា​ដែល​អត់​មាន​សំណង ​អត់​បាន​ឆ្វៀល​កាត់​ដី​ឲ្យ​ពួក​ខ្ញុំនៅ​ក្នុង​កម្ម​វត្ថុ​ពួក​ខ្ញុំ​ទេ​គឺ​ពួកខ្ញុំ​នៅ​បន្ត​ការ​តវ៉ា​រហូត​ ព្រោះ​កាល​ណា​អត់​តវ៉ា​គឺ​វា​ងាប់ វា​ងាប់​ហ្មង​និយាយ​ឲ្យ​វា​អា​ក្រក់​ស្តាប់។​ ខ្ញុំ​គិត​ថា ​វា​ងាប់​ហើយ​ រាល់​ថ្ងៃ​ជិត​ងាប់​ហើយ​ អត់​ដី​ធ្វើ ​អត់​ស្រែ​អញ្ចឹង​ វា​អត់​មាន​ស្រូវ ​អត់​មាន​ស្រូវ​វា​អត់​មាន​អី​ហូប។ ​គោ​ត្រូវ​លក់​បន្ត​បន្ទាប់​អស់​រលីង ​ដូច​ផ្ទះ​ខ្ញុំ​អី»។​

ពល​រដ្ឋ​ម្នាក់​ទៀត​គឺ​អ្នក​ស្រី ​សៅ សុខុម​ប្រាប់​ថា ​អ្នក​ស្រី​ដាំ​ដំណាំ​ធ្វើ​ចម្ការ​លើ​ដី​ទំហំ២​ហិកតា​តាំង​ពី​ឆ្នាំ​១៩៧៧។​ អ្នក​ស្រី​បន្ថែម​ថា ​ចាប់​តាំងពី​ក្រុម​ហ៊ុន​ទាំង​នោះ​មក​ឈូស​ឆាយ​ដី​នោះ​ ​អ្នកស្រី​ និង​ប្រ​ជា​ពល​រដ្ឋ​រងគ្រោះ​ផ្សេង​ទៀត​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​ ដោយ​មិន​ទទួល​បាន​សំណង​អ្វី​ទាំង​អស់។​

ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ជាតិ ​និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ ជួយ​ដោះ​ស្រាយ​រកយុត្តិធម៌​ និង​ផ្តល់​សំណង​ជាដី​ដល់​ពួកគេ​ ​សម្រាប់​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ការ​ប្រើប្រាស់ ​និង​អាស្រ័យ​ផល​ដូច​ដើម។​

ក្រោយ​ពីបាន​ដាក់​ញត្តិ​ ​លោកស្រី​ផាវ ញ៉ឺង​ ​តំណាង​ប្រជា​ពលរដ្ឋ​ បានប្រាប់ ​VOA ថា​ តំណា​ង​រដ្ឋសភា​បាន​ទទួល​យក​ញត្តិ​ដោយ​មិនមាន​សន្យា​អ្វី​ទាំងអស់។ ​អ្នកស្រី​បន្ត​ថា ​ចំណែក​ក្រសួង​ដែន​ដី ​និង​ក្រសួងកសិកម្ម​បាន​ទទួល​ញត្តិ​ហើយ​ ហើយ​បានប្រាប់អ្នកស្រី​ថា​ គេ​នឹង​យក​ញត្តិ​នេះ​ជូន​ថ្នាក់​ដឹកនាំ​ធ្វើការ​សម្រេច​ និង​មាន​ចំណាត់​ការ​ចុះ​ពិនិត្យ​ភា្លមៗ។​ ពលរដ្ឋ​បន្ថែម​ថា​ សហភាព​អឺរ៉ុប​ក៏​បាន​ទទួល​យក​ញត្តិ​របស់​ពួក​គាត់​ដែរ។​

មន្ត្រី​សម្រប​សម្រួល​បញ្ហា​ដីធ្លី​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​គឺ​លោក​ស៊ិន សត្ថា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​ដែល​ថា ​ក្រុមហ៊ុន​ទាំងពីរនោះ​ពាក់ព័ន្ធ​នឹង​លោក​លី យ៉ុងផាត់ ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ដ៏​ធំនៅ​ខេត្ត​កំពង់​ស្ពឺ។​

«រឿង​អស់​ហ្នឹង​គាត់​បាន​ clear ​ (ទូទាត់) ​ចប់​ហើយ​យូរ​ហើយ​រឿង​ហ្នឹង​ រួច​ហើយ​គេ​ចេះ​តែច្រឡំ​ តាម​ការណ៍​ពិត​ គេ​ចេះ​តែ​ច្រឡំ​។ ​ចំណែក​ខាង​កោះ​កុង​គេ​ចេះ​តែតេ​មក​គាត់ ​ប៉ុន្តែតាម​ការណ៍​ពិត​ខាង​កោះ​កុង​គាត់​អត់​មាន​ទេ»។​

VOA បាន​ព្យាយាម​ទាក់ទង​លេខ​ទូរស័ព្ទ​លើ​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុនកោះកុង​ស៊ូហ្គ័រ​ (http://www.kohkongsugar.com)​ ប៉ុន្តែ​លេខ​ទាំង​ពីរ​ខ្សែ​មិន​ដំណើរការ។​

លោក ប៊ុន លើត អភិបាល​ខេត្ត​កោះកុង​ ​មាន​ប្រសាសន៍​ថា​ លោក​មិន​ដឹង​ពី​បញ្ហា​ដីធ្លី​នេះ​ទេ​ ប៉ុន្តែ​លោក​ថា ​អន្តរ​ក្រសួង​កំពុង​អនុវត្ត​ការងារ​នេះ។​

«កន្លង​មក​ គេ​មាន​គណៈកម្មការ​អន្តរក្រសួង​បាន​ចុះ​មក​ដោះ​ស្រាយ​ជូន​ហើយ។​ គេ​កំពុង​ដោះស្រាយ​បញ្ហា​ហ្នឹង»។​

VOA​ បាន​ព្យាយាមទាក់ទង​សុំ​ការ​បំភ្លឺ​ពីលោក​អន ភារៈ​ អភិបាល​ស្រុក​បទុម​សាគរ​ និង​លោក​ទួន សីលា ​អភិបាល​ស្រុក​ស្រែ​អំបិល​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។ ​ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ដែនដី ​នគររូបនីយ​កម្ម​និង​សំណង់​ និង​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​មិនបានទទួល​ទូរស័ព្ទ​ទេ។​

លោក អ៊ិន គង់ជិត ​មន្ត្រី​សម្រប​សម្រួលរបស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ ​ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​ហែញត្តិ​របស់​ពលរដ្ឋ​ ​មាន​ប្រសាសន៍​ថា​ ​ជម្លោះ​ដីធ្លី​ដែល​អូស​បន្លាយ​ជាយូរ​មក​ហើយ​នេះ​កើត​ឡើង​ដោយ​សារ​ក្រសួង​កសិកម្ម​ផ្តល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។​ លោក​ថ្លែង​ថា ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។​

«ល្មម​ដល់​ពេល​រដ្ឋា​ភិបាល​ ​ជា​ពិសេស​ក្រសួង​កសិកម្ម ​ដែល​តែងតែ​លើក​កម្ពស់​ជីវភាព​កសិករ​ នៅ​ពេល​នេះ​គឺ​គាត់​បាន​បាត់បង់​ដី​ទាំងស្រុង​ ដី​កសិកម្ម​រយៈ​ពេល​១០​ឆ្នាំ ​ពេល​នេះ​គឺគួរ​តែ​ឆ្វៀល​ដី​ហ្នឹង​យក​ដី​ពីក្រុមហ៊ុន​ហ្នឹង​យក​មក​ឲ្យ​ប្រជា​ពលរដ្ឋវិ​ញ​ ​ដើម្បី​ឲ្យ​គាត់​បាន​ប្រកប​មុខ​របរ​ឡើង​វិញ ​ហើយ​ដើម្បី​ឲ្យ​គាត់​បាន​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ផង ​ពីព្រោះ​តាំង​ពី​ពួកគាត់​បាត់បង់​ដី​រយៈ​ពេល​១០​ឆ្នាំ​នេះ​ ធ្វើ​ឲ្យ​ជីវភាព​គាត់​ក្រីក្រ។​ គាត់​ធ្វើ​ចំណាក​ស្រុក​ ​ហើយ​ទី​បំផុត​មាន​អ្នក​ខ្លះ​គាត់​បាន​ធ្វើ​ជា​កម្មករ​របស់​ក្រុមហ៊ុន​ហ្នឹង​វិញ»។​

ពលរដ្ឋ​ដែល​មក​ដាក់​ញត្តិ ​នៅ​ពេលនេះ​កំពុងស្នាក់​ជា​បណ្តោះ​អាសន្ន​នៅ​វត្ត​សាមគ្គី​រង្សី ​ដើម្បី​រង​ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង៕​

XS
SM
MD
LG