ដោយសំដៅទៅលើការបង្ក្រាបផ្នែកនយោបាយនាពេលថ្មីៗ ដែលទទួលបានការរិះគន់ និងថ្កោលទោសជាហូរហែរពីមជ្ឈដ្ឋានប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាម្ចាស់ជំនួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលគណបក្សប្រជាជនរបស់លោក បានវាយផ្ដួល «បដិវត្តន៍ពណ៌» បានដោយជោគជ័យ ក៏ប៉ុន្តែស្នើឱ្យកងកម្លាំងមានសមត្ថកិច្ចបន្ត ផ្តោតការយកចិត្តទុក្ខដាក់លើក្រុមអ្នកនៅពីក្រោយក្រុមបដិវត្តន៍ពណ៌។
ថ្លែងនៅក្នុងពិធីមួយដែលចូលរួមដោយមន្ត្រីចារកម្មយោធាយ៉ាងច្រើនកុះករនៅខណ្ឌព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឯកសណ្ឋានយោធា ជានាយឧត្តមសេនីយ៍ផុតលេខពាក់ផ្កាយមាសប្រាំ បាននិយាយថា «បដិវត្តន៍ពណ៌» មានផលមហន្តរាយជាងអំពើភេរវកម្មទៅទៀត ដែលរដ្ឋាភិបាលលោកចាំបាច់ត្រូវតែបង្ក្រាប ដែលលោកទំនងសំដៅដល់ការរំលាយគណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រីខ្មែរដែលបានកាន់អំណាចជាង៣២ឆ្នាំរូបនេះថ្លែងថា៖
«កម្ពុជាក៏ត្រូវមានការងារមួយដែលត្រូវធ្វើបន្តទៀត នោះគឺការទប់ស្កាត់កុំឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ យើងវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន ... នៃអង្គការបដិវត្តន៍ពណ៌នៅក្នុងប្រទេស រួចស្រេចទៅហើយ»។
លោក ហ៊ុន សែន បានបន្ថែមទៀតថា៖
«ក៏ប៉ុន្តែ ការប៉ុនប៉ងរបស់គេចំពោះយើងនៅតែមាន។ ដូច្នេះទោះដោយតម្លៃណាក៏ដោយ មិនត្រូវឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជាទេ។ នេះប្រហែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្របដិវត្តន៍ពណ៌ដែលពួកគេបានបរាជ័យ នៅក្នុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ និងក្រោយមកទៀត»។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានឈ្នះក្ដីក្ដាំនៅតុលាការកំពូល ដែលមានចៅក្រមមួយចំនួនជាសមាជិកគណបក្សកាន់អំណាច ក្នុងបណ្ដឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ចំពោះបទចូលដៃចូលជើងនឹងបរទេសរៀបចំគម្រោងការផ្លាស់ប្ដូររបបនៅប្រទេសកម្ពុជា ក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដោយប្រឈមបទចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ ចូលដៃនឹងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់របស់បក្សកាន់អំណាចនិងក្រុមអ្នកគាំទ្ររបស់លោក ហ៊ុន សែន ត្រូវបានច្រានចោល ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាគណបក្សជំទាស់សង្គ្រោះជាតិ។
នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីដែលជាប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានចង្អុរបង្ហាញផងដែរ ទៅលើទំហំនៃវិនាសកម្មបណ្ដាលមកពី«បដិវត្តន៍ពណ៌»នៅឯប្រទេសស៊ីរី និងប្រទេសលីបី ក្នុងតំបន់មជ្ឈឹមបូព៌ា ដោយការងើបឡើងបះបោរប្រឆាំងនឹងមេដឹកនាំដឹកនាំយូរឆ្នាំ។ លោក ហ៊ុន សែន បានផ្ដាំប្រាប់មន្ត្រីយោធាផងដែរថា ឱ្យបន្តការតាមដាន និងប្រុងប្រយ័ត្ន ត្បិតអីប្រទេសគាំទ្រ«បដិវត្តន៍ពណ៌»នឹងមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលដំណើរការទាំងស្រុងពីក្រៅប្រទេស បានហៅការនិយាយម្ដងហើយម្ដងទៀតរបស់លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាអំពី «បដិវត្តន៍ពណ៌» ថា គ្រាន់តែជាការ«ស្រមើស្រមៃ»តែប៉ុណ្ណោះ។
អ្នកស្រី មូរ សុខហួរ បានប្រាប់ VOA តាមទូរស័ព្ទថា៖
«យើងមិនអាចចូលរួមនៅក្នុងគំនិតរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលគាត់ស្រមៃឃើញបដិវត្តន៍ពណ៌ទេ។ ការបដិវត្តន៍ពណ៌ ស្រមៃឃើញ ដើម្បីបំណងតែមួយទេ គឺលុបបំបាត់អ្វីដែលជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នៅក្នុងការបញ្ចេញមតិនៅក្នុងការជួបជុំ និងនៅក្នុងការជ្រើសរើសមេដឹកនាំដែលលោកចង់បាន»។
សហរដ្ឋអាមេរិកសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ សុទ្ធតែបានបញ្ចេញប្រតិកម្មរិះគន់បរិហារសកម្មភាពបង្ក្រាបរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញប្រឆាំងនឹងក្រុមអ្នកជំទាស់ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ឈានចូលមកដល់។
ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា កន្លងមក សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ ឆ្លើយតបនឹងរដ្ឋាភិបាលកម្ពុជា រួមមានការឈប់ផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងការដាក់បំរាមទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលមានការពាក់ព័ន្ធនឹងការបង្ក្រាបនយោបាយលើកនេះ។
មន្ត្រីអ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈសារអេឡិចត្រូនិក Telegram នៅថ្ងៃអង្គារនេះថា មានមន្ត្រីកម្ពុជា៥១រូប និងក្រុមគ្រួសាររបស់ពួកគេ ដែលស្ថិតក្នុងចំណោមបុគ្គលដែលត្រូវបានហាម«មិនឱ្យជាន់ទឹកដីអាមេរិក»។
សហរដ្ឋអាមេរិកបានប្រកែកម្ដងហើយម្ដងទៀតថា រាល់ការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលកម្ពុជាថា ខ្លួនស្ថិតនៅពីក្រោយការធ្វើ «បដិវត្តន៍ពណ៌» នៅកម្ពុជានោះ សុទ្ធជារឿង«មិនពិត»។ នៅទឹកដីអាមេរិក កាលពីចុងសប្ដាហ៍មានការធ្វើបាតុកម្មពីសំណាក់សហគមន៍ខ្មែរ ទាមទារឱ្យមានការស្ដារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈដែលមានការជជែកដេញដោលមួយនៅគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ដើម្បីពិភាក្សាអំពីស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាផងដែរនៅថ្ងៃនេះ។
ស្របពេលគ្នានេះដែរ នៅថ្ងៃអង្គារនេះ សហភាពអឺរ៉ុប បានប្រកាសព្យួររាល់ជំនួយរបស់ខ្លួនមកកាន់ គ.ជ.ប.សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ដែលសហភាពអឺរ៉ុបប្រកាសមិនជឿថា នឹងមានលក្ខណៈស្របច្បាប់ ឬគួរឱ្យជឿទុកចិត្តបាននោះទេ ក្រោយពីអវត្តមានគណបក្សសង្គ្រោះជាតិ។
លោក មាស នី អ្នកវិភាគនយោបាយ នៅតែសម្ដែងមន្ទិលដូចការថ្លែងរបស់លោកពីលើកមុនៗប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនានាអំពីវត្តមាននៃការប៉ុនប៉ងប្រើប្រាស់ «បដិវត្តន៍ពណ៌» ដើម្បីផ្លាស់ប្ដូររបបនៅប្រទេសកម្ពុជា។ ប៉ុន្តែលោកបានចង្អុរទៅលើការធ្លាក់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថា នាំឱ្យមានការរឹតត្បិតលើក្រុមជំទាស់ឱ្យណែនចង្អៀតទៅៗ៖
«សម្រាប់ខ្ញុំ ខ្ញុំមើលទៅ ហាក់ដូចជា រដ្ឋាភិបាលហ្នឹងមានការព្រួយបារម្ភ ទៅលើការបាត់បង់ប្រជាប្រិយភាពច្រើនជាង។ អ៊ីចឹងមានតែយកការចោទប្រកាន់មួយ ទាក់ទងនឹងបដិវត្តន៍ពណ៌ទៅដើម្បីយកមកប្រើ ក្នុងយុទ្ធនាការដើម្បីបង្ក្រាបមិនឱ្យមានលំហគ្រប់គ្រាន់សម្រាប់នយោបាយគណបក្សប្រឆាំងបន្តទៅទៀត អានេះជាការយល់ឃើញរបស់ខ្ញុំ»។
អ្នកវិភាគនយោបាយរូបនេះបានលើកឡើងថា ហានិភ័យកំពុងតែបន្តមាន ខណៈដែលមានការប្រឈមមុខផ្ទាល់នឹងបណ្ដាប្រទេសបស្ចិមលោក ដែលចង់មិនចង់មុខជានឹងផ្ដល់ផលប៉ះពាល់តិចឬច្រើន ដល់ការលូតលាស់សេដ្ឋកិច្ច នយោបាយ និងសង្គមរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន៕