បើទោះជាមានភាពល្អក់កករក្នុងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក និងមានការចោទនានាដល់សហរដ្ឋអាមេរិក រដ្ឋាភិបាលនៃប្រទេសមហាអំណាចនេះ នៅតែបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសការពង្រឹងទីផ្សារនិងទាក់ទាញវិនិយោគទុនអាមេរិកមកប្រទេសកម្ពុជា លើវិស័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា ដែលជាវិស័យឈានមុខនៅលើពិភពលោកក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា William Heidt ដែលផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខដល់ VOA កាលពីថ្ងៃពុធ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយVOA និងមានផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធ លោក William Heidt បញ្ជាក់ប្រាប់ VOA ថាការចោទប្រកាន់នានាដែលធ្វើឡើងដោយរដ្ឋាភិបាលលោក ហ៊ុន សែន និងអ្នកគាំទ្ររបស់ខ្លួន រួមទាំងការចោទថា សហរដ្ឋអាមេរិកនៅពីក្រោយបក្សជំទាស់សង្គ្រោះជាតិក្នុងការប៉ុនប៉ងផ្តួលរំលំបក្សកាន់អំណាចគឺជា «រឿងមិនពិត»។ ទោះយ៉ាងណាក៏ដោយ លោកថាការចោទបែបនេះគឺគ្មាននរណា ម្នាក់ជឿនោះទេ ហើយលោកក៏មិនចំណាយពេលច្រើនផងដែរក្នុងការបញ្ជាក់ក្នុងរឿងនេះ។ លោក William Heidt ក៏សង្កត់បន្ថែមថា អ្វីដែលលោកផ្តោតសំខាន់គឺ ការជួយកម្ពុជាឱ្យមានការរីកចម្រើនសេដ្ឋកិច្ច និងផ្សារភ្ជាប់អ្នកវិនិយោគអាមេរិកផ្នែកបច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាដែលសព្វថ្ងៃនេះមានយ៉ាងហោចណាស់ជាង១២០ក្រុមហ៊ុនហើយភាគច្រើនគឺជា សហគ្រិនវ័យក្មេងកម្ពុជា និងខ្មែរអាមេរិកកាំង។
លោក William Heidt ក៏បានឱ្យដឹងថាបេសកកម្មរបស់លោក គឺផ្តោតលើការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរជាពិសេសគឺ លើផ្នែកពាណិជ្ជកម្ម។ លោកថា ក្នុងរយៈពេល២ឆ្នាំដែលលោកបានមកកាន់ស្រុកខ្មែរ លោកបានជួយជំរុញការនាំចូលផលិតផលធ្វើដំណើរដូចជា ការបូបយួរដៃឱ្យមានការនាំចូលទៅសហរដ្ឋអាមេរិកដោយមិនគិតពន្ធ។ លើសពីនេះទៀតលោកបានផ្សារភ្ជាប់ម្ចាស់រោងចក្រអ្នកផលិតនៅកម្ពុជា និងទីផ្សារនៅសហរដ្ឋអាមេរិក។
ថ្លែងដោយមានអ្នកបកប្រែពិសេស លោក William Heidt ថានៅឆ្នាំចុងក្រោយនៃបេសកកម្មការទូតរយៈ៣ឆ្នាំរបស់លោកគឺ៖
«ជាជំហានស្នូលបន្ទាប់ទៅទៀតនោះ គឺ ខ្ញុំព្យាយាមតភ្ជាប់វិស័យបច្ចេកវិទ្យាកម្ពុជា ទៅនឹងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកធំៗ ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងនៅតាមតំបន់នានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជានៅសិង្ហបុរី និងទីក្រុងហូជីមីញ។ ខ្ញុំគិតថា វិស័យបច្ចេកវិទ្យាកម្ពុជាមានការអភិវឌ្ឍខ្លាំង ក៏ប៉ុន្តែមិនទាន់មានការភ្ជាប់គ្នានៅឡើយនោះទេរវាងវិស័យបច្ចេកវិទ្យាកម្ពុជាទៅបណ្តាញបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកធំៗក្នុងតំបន់»។
លោកសង្ឃឹមថា នឹងព្យាយាមធ្វើកិច្ចការនេះនៅដើមឆ្នាំ ២០១៨ខាងមុខ។
កាលពីដើមខែកញ្ញា កន្លងទៅ ភ្លាមៗក្រោយការចាប់ខ្លួន ប្រធានបក្សជំទាស់សង្គ្រោះជាតិ គឺ លោក កឹម សុខា រដ្ឋាភិបាលក្រុងភ្នំពេញ អ្នកគាំទ្របក្សកាន់អំណាច និងសារព័ត៌មានស្និតនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បានបើកយុទ្ធនាការមួយ ដោយចោទសហរដ្ឋអាមេរិកនៅពីក្រោយគណបក្សជំទាស់ក្នុងប៉ុនប៉ងផ្តួលរំលំលោក ហ៊ុន សែន ដោយផ្នែកលើសារវីដេអូខ្លីមួយដែលលោក កឹម សុខាថ្លែងពីយុទ្ធសាស្ត្រនយោបាយរបស់លោក ទៅកាន់ក្រុមអ្នកគាំទ្រខ្លួន តាំងពីចុងឆ្នាំ២០១៣ មកនោះ។ មួយខែក្រោយមក នៅក្នុងខែតុលា រដ្ឋាភិបាលកម្ពុជា បានបង្កើតវីដេអូមួយ ដែលមានរយៈពេលជិត១ម៉ោង ចោទប្រកាន់រដ្ឋាភិបាលអាមេរិក សារព័ត៌មាន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលមានទំនាក់ទំនងជាមួយអាមេរិកថា ជាអ្នកជំរុញឱ្យមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៣ ដើមឆ្នាំ២០១៤។ ភ្លាមៗក្រោយពីមានការចោទប្រកាន់ទំាងនោះស្ថានទូតអាមេរិកបានធ្វើសន្និសីទសារព័ត៌មានបដិសេធការចោទប្រកាន់ទំាងនោះ។
ទោះយ៉ាងណាក៏ដោយ ឆ្លើយទៅនឹងសំនួរ VOA ក្នុងបទសម្ភាសន៍នៅថ្ងៃពុធនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា William Heidt បញ្ជាក់ជាថ្មីថា៖
«សម្រាប់ខ្ញុំ ខ្ញុំមិនបានចំណាយពេលវេលាច្រើនចំពោះរឿងនេះទេ ពីព្រោះថានៅសហរដ្ឋអាមេរិក ទាំងរដ្ឋាភិបាលអាមេរិក ទាំងសង្គមអាមេរិកក្តីមិនជឿចំពោះការចោទប្រកាន់នេះទេ ហើយយើងចាត់ទុកថាវាជារឿងមិនពិត។ ហើយយើងនៅតែចាត់ទុកកម្ពុជាថា ជាដៃគូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍហើយយើងនឹងនៅតែបន្តធ្វើបែបនេះចំពោះការចោទប្រកាន់នេះ គឺ យើងនៅតែមិនជឿទេ ព្រោះវាមិនមែនជាការពិត»។
លោកបន្ថែមថា៖
«បាទ!ហើយអ្វីដែលខ្ញុំ ធ្វើហ្នឹងគឺ ខ្ញុំនិយាយពីចំណុចវិជ្ជមានទំាងអស់នៅក្នុងប្រទេសកម្ពុជារួមទាំង ការងារសេដ្ឋកិច្ចដែលខ្ញុំបាននិយាយខាងដើម»។
ការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ដោយចោទថា បានឃុបឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាល គណបក្សប្រជាកម្ពុជា បាននាំដល់ការរំលាយបក្សនេះ កាលពីពាក់កណ្តាលខែវិច្ឆិកានេះ។ ការរំលាយបក្សជំទាស់ដែលមានអ្នកគាំទ្រជាង ៤០ភាគរយកាលពីពេលបោះឆ្នោតកន្លងទៅ បង្កឱ្យមានប្រតិកម្មធ្ងន់ពីសំណាក់បស្ចិមប្រទេស ប្រឆំាងនឹងការរំលាយនេះ រួមទំាងការព្រមានដាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចដល់កម្ពុជាផងដែរ។
លោក William Heidt បញ្ជាក់ថា ការរំលាយបក្សសង្គ្រោះជាតិ គឺជា រឿង «គួឱ្យសោកស្តាយ» និងជាក្តីបារម្ភដ៏ធំចំពោះការធ្លាក់ចុះនៃរបបប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា ដូចដែលសេតវិមានបានប្រកាសកន្លងមក ហើយរដ្ឋាភិបាលអាមេរិកកំពុងតែពិនិត្យមើលឡើងវិញនយោបាយការបរទេសជាមួយប្រទេសកម្ពុជាផងដែរ។
ឆ្លើយតបទៅនឹងសំនួររបស់ VOA ចំពោះការដកប្រទេសកម្ពុជាចេញពីក្រុមប្រទេស ដែលរួចផុតពន្ធ នាំចូលទៅសហរដ្ឋ អាមេរិក GSP ឬ Generalized System of Preference ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិនិត្យឡើងវិញ ចំពោះក្រុមប្រទេសដែលស្ថិតក្នុងបញ្ជី GSP ទូទាំងពិភពលោករួមទាំងក្រុមប្រទេសនៅអាស៊ី។ លោក Heidt ថា តាមចំណាត់ថ្មីៗរបស់ប្រធានាធិបតី Donald Trump នឹងមានការសើរើ ហើយដាក់ចំណាត់ថ្នាក់ក្រុមប្រទេស ដែលទទួលបាន GSP ឡើងវិញ ដោយផ្នែកទៅលើ ការគោរពសិទ្ធិកម្មករ និងការការពារកម្មសិទ្ធិបញ្ញា។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA នៅថ្ងៃពុធនេះ លោក William Heidt ក៏បានដាក់ការសង្ស័យចំពោះចេតនារបស់រដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទាក់ទងរវាងកម្ពុជាអាមេរិក ក្នុងរយៈពេល២ឆ្នាំនៃបេសកកម្មការទូតរបស់លោក មកប្រទេសកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនបាន«ផ្តល់សញ្ញាណាមួយឱ្យច្បាស់លាស់» ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។
លោក William Heidt បញ្ជាក់ថា៖
«អ្វីដែលយើងក្រឡេកមើលឃើញកន្លងមកចំពោះវិធានការដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើមកលើសហរដ្ឋអាមេរិកនោះ គឺ មានទាំងការកាត់ផ្តាច់នូវការធ្វើសមយុទ្ធយោធារួមគ្នា ហើយនិងស្ថានភាពនយោបាយចុងក្រោយនេះ។ អ៊ីចឹងខ្ញុំហាក់ដូចជា មើលឃើញថា ដូចជាមិនមានចេតនាស្មោះត្រង់ណាមួយ នៅក្នុងការចង់ឱ្យមាននូវទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនោះទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាប្រាប់ VOA ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែនមិនមានគោលបំណងណាមួយយកសហរដ្ឋអាមេរិកធ្វើជាសត្រូវនោះទេ ដោយកម្ពុជាព្យាយាមធ្វើការងារជាមួយអាមេរិក រួមទាំងការប្រយុទ្ធប្រឆាំងនិងភេរវកម្មជាដើម។ ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន ស្នើឱ្យលោកទូត William Heidt គោរពតាមគោលការណ៍របស់លោកប្រធានាធិបតី Donald Trump ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដដែលបានបន្តថា អាមេរិកក៏គួរតែបំបាត់ចំណុចអវិជ្ជមានតូចៗមួយចំនួនដូចជា ការបិទមិនផ្តល់Visa ដល់មន្ត្រីកម្ពុជាពាក់ព័ន្ធ និងការបញ្ជូនជនភៀសខ្លួន ដែលប្រព្រឹត្តខុសមកកម្ពុជាវិញ ការប្រមាថរបស់អ្នកនយោបាយអាមេរិកមកលើលោក ហ៊ុន សែន ការគាំពារក្រុមអង្គការសង្គមស៊ីវិល ដែលបង្កើតចលនាប្រឆំាងនឹងរដ្ឋាភិបាលកម្ពុជា និងការលុបបំបាត់បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកជាដើម។
លោកបន្ថែមថា៖
«ហើយការប៉ះពាល់ចំណុចតូចៗទេ ដែលគួរតែលោកមន្ត្រីទូតហ្នឹង គួរតែរក្សាស្ថានភាពមួយ ឱ្យបានវិជ្ជមានក្នុងការគ្រប់គ្រងនៃការបែកបាក់នេះ។ ហើយខ្ញុំសូមជម្រាបជូន ថាកម្ពុជាអត់មានទិសដៅបែកបាក់ជាមួយសហរដ្ឋអាមេរិក ជាជាងការដែលកម្ពុជាទទួលបានពាក្យសម្តី ស្ថានទូត និងអ្នកនៅជុំវិញស្ថានទូត ដែលចោទប្រកាន់ថា កម្ពុជាមានភាពលម្អៀងទៅកាន់ប្រទេសចិនច្រើនជាង អ៊ីចឹងហ្អា។នេះវាគឺជា ការចោទប្រកាន់មួយដែលយើងមិនអាចទទួលយកបាន»។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងក្នុងថ្ងៃតែមួយ គ្រាដែលគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំជាមួយបក្សកុម្មុយនិស្តចិន រយៈពេល៤ថ្ងៃនៅទីក្រុងប៉េកាំង។
យោងតាមសេចក្តីប្រកាសព័ត៌មានដែល VOA បានទទួលឱ្យដឹងថាលោក ហ៊ុន សែនក៏នឹងគ្រោងណាត់ជួប លោក ហ្ស៊ី ជីនពីង (Xi Jinping) ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន រួមទាំងមន្ត្រីសំខាន់របស់ចិនមួយចំនួនទៀតផងដែរ៕