ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​អាមេរិកាំង​បាតុកម្ម​នៅមុខ​សេតវិមាន​សុំ​អន្តរាគមន៍​សហរដ្ឋ​អាមេរិក


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើ​​មហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើ​​មហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​រួមគ្នា​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​កាណាដា​ ធ្វើ​បាតុកម្ម​នៅមុខ​សេតវិមាន ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ស្នើ​ឱ្យ​មាន​អន្តរាគមន៍​បន្ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក​ឱ្យ​ដោះលែងលោក​ កឹម សុខា​ ប្រធាន​គណបក្ស​ និងទាមទារ​ឱ្យ​មាន​សិទ្ធិសេរីភាព ​យុត្តិធម៌​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​បាតុកម្ម​នោះ​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​រំភើប​មែនទែន​ ដែល​ឃើញ​បងប្អូន​ខ្មែរ​រាប់​ពាន់​នាក់ ​ដែល​មក​ពីតាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក ​ដែល​មក​ជួបជុំ​គ្នា​នៅ​ថ្ងៃនេះ​ ហើយ​ជា​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​លើកទី​៦៩​ទៀត‍»។

បើ​ទោះបី​ជា​អាកាសធាតុ​មាន​ភាព​ត្រជាក់​ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​នៅតែ​មិន​រាថយ​ ហើយ​នៅ​ផ្តោត​លើ​អ្វី​ដែល​ពួកគេ​ទាមទារ​ចង់​បាន។

លោក ​អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖

«បើ​យើង​គិត​ពី​អាកាសធាតុ​ថ្ងៃនេះ​អាកាសធាតុ​ត្រជាក់​ គឺ​ប្រហែល​ជា​ពីរបី​ដឺក្រេ​ ហើយ​បង​ប្អូន​យើងតស៊ូ​នៅ​មុខ​វិមាន​ប្រធានាធិបតី​អាមេរិកាំង​ ហើយ​អ្នកខ្លះ​ជិះ​កប៉ាល់​ហោះ​រាប់ម៉ោង​ ហើយ​ចំណាយ​លុយ​រាប់ពាន់​ដុល្លារ​មក​ស្នាក់​នៅ​មក​ទាមទារ ​ដើម្បី​ឱ្យ​រដ្ឋបាល​លោក​ ហ៊ុន សែន ​ដោះ​លែងលោក​ប្រធាន កឹម សុខា​ ឱ្យ​រដ្ឋាភិបាល​ ហ៊ុន សែន ​លុបចោល​សេចក្តីសម្រេច​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ឱ្យ​រដ្ឋាភិបាល ហ៊ុន សែន​ រៀបចំ​ការ​បោះឆ្នោតឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ឱ្យ​មាន​ភាព​សេរី​យុត្តិធម៌​ហើយ​មាន​វត្តមាន​នៃ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម‍»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើមហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើមហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក ​នួន វាសនា​ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែលរដ្ឋ ​ម៉ាស្សាឈូសិត ដែល​ទើប​តែ​ជាប់​ឆ្នោត​បាន​បញ្ជាក់​បាន​បញ្ជាក់​ប្រាប់​ វីអូអេ​ ថា៖

«នៅ​ទិវា​សិទ្ធិមនុស្ស​នៅថ្ងៃនេះ​ ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ច្រើន​ មក​ចូលរួម​ដើម្បី​យើង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​នូវ​ទង្វើ​របស់​ខ្លួន ​ពីព្រោះ​ទង្វើ​កន្លង​មក​នេះ​ គឺ​បង្ហាញ​នូវ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ យើង​ឃើញ​ស្រាប់​ហើយ​ម្ល៉ោះ​ហើយ ​បាន​ថា ​យើងមក​ទីនេះ​ដើម្បី​ទាមទារ​ផ្តាំផ្ញើ​ទៅ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ ​ជួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ ​ធ្វើ​ម៉េច​គាត់​កែ​ទង្វើ​របស់​ខ្លួន​ផ្លូវដើរ​របស់ខ្លួន​ ទៅរក​ប្រជាធិបតេយ្យ​ ដោះលែង​លោក កឹម សុខា​ ហើយ​នឹង​នាំ​មកនូវ​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចូល​មក​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅស្រុក​ខ្មែរ‍»។​

ក្រុម​អ្នក​តវ៉ា​បាន​លើក​បដា​ដែល​មាន​ខ្លឹមសារ​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ព្រមទាំង​ទាមទារ​ឱ្យ​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​កាលពី​ខែតុលា​ ឆ្នាំ​១៩៩១។

លោកស្រី ណាឡែន ស្មីត ​អ្នក​រៀបចំ​បាតុកម្ម​ដែល​មកពី​រដ្ឋ​ Virginia ​បាន​បញ្ជាក់​ថា ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ និង​សហគមន៍​អន្តរជាតិ ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ ដែល​ធ្លាក់​ចុះ​ជាលំដាប់។

«ស្រុក​នីមួយៗ​ត្រូវ​មាន​សិទ្ធិ​មនុស្ស​ និង​ជាប្រទេស​ប្រជាធិបតេយ្យ ​ដូច្នេះ​យើង​អំពាវនាវ​ឱ្យ​អន្តរជាតិ​ទាំងអស់​មើល​ស្ថានភាព​នៅកម្ពុជា​ហ្នឹង​មែន​ទែន​ពីព្រោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ គឺ​ខ្លាំងក្លា​មែន​ទែន‍»។​

​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​ចាប់ដាក់​ពន្ធ​នាគារ​តាំងពី​ដើម​ខែ​កញ្ញា ​ក្រោមបទចោទប្រកាន់​ថា​ឃុបឃិត​ជាមួយ​នឹង​បរទេស​ ដែល​មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ ​ហើយតុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​នេះ​កាលពី​ខែ​វិច្ឆិកា​ និង​ហាម​ប្រាម​មន្ត្រី​គណបក្ស​ចំនួន​១១៨នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​ចំនួន​៥ឆ្នាំ។ មាន​អ្នក​តំណាង​រាស្រ្ត​ និង​សកម្មជន​គណបក្ស​មួយ​ចំនួន​បាន​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​គេចចេញ​ពី​ការ​រំខាន​យាយី។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្វែរ​ស្ថានការណ៍​មក​ដូចដើម​វិញ​ ដោយ​ដោះលែង​លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើង​វិញ។

បដារបស់​បាតុករ អំឡុងពេល​មហា​បាតុកម្ម​នៅ​ពី​មុខ​សេតវិមាន​ប្រចាំ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
បដារបស់​បាតុករ អំឡុងពេល​មហា​បាតុកម្ម​នៅ​ពី​មុខ​សេតវិមាន​ប្រចាំ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ទន្ទឹម​នឹង​ការ​អំពាវនាវ​នោះ ​សហរដ្ឋ​អាមេរិក​ក៏បាន​បញ្ឈប់​ជំនួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ​និង​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ណា​ ដែល​បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ។

លោកស្រី ចាណែត សេង ​ដែល​មក​ពីរដ្ឋ​ផេនស៊ីលវេនៀ​ និង​ជាប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ​ នៅសហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ថា ក្រៅពី​ទាមទារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំ​ង​ ក៏​មកថ្លែង​អំណរគុណ​ចំពោះ​អន្តរាគមន៍​នានា​ ដែល​សហរដ្ឋ​អាមេរិក​ជួយ​ដល់​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ៖

«យើង​ក៏​មក​អរគុណដល់​រដ្ឋាភិបាល​លោក​ ដូណាល់ ត្រាំ​ ដែល​ក្នុង​ប៉ុន្មានថ្ងៃ​នេះ​ គាត់​បាន​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន‍»។

លោក ហុង ណេត ក្រុមប្រឹក្សា​គោចរណ៍នៃ​ទីក្រុង​លីន រដ្ឋ​ម៉ាស្សាឈូសិត​ ដែល​បាន​ចូលរួម​បាតុកម្ម​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន ដែល​ឃើញ​រដ្ឋាភិបាល​អាមេរិកាំង​បិទ​វីសា​ អ្នក​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យមិន​ឱ្យ​ចូលសហរដ្ឋ​អាមេរិក​ ក៏ប៉ុន្តែ​មិនទាន់​គ្រប់​គ្រាន់​ ខ្ញុំ​ចង់ឃើញ​ចង់​ឃើញ​ដាក់​ទារុណ្ឌ​កម្ម​ថែមទៀត ពិសេស​ខាងផ្នែក​សេដ្ឋកិច្ច។ យើង​មិន​ចង់​រកស៊ី​ជាមួយ​អ្នក​ដែល​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ។ ដូច្នេះ​ចង់​ឃើញ​ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ ហើយ​ម្យ៉ាងទៀត​ទារុណកម្ម​សេដ្ឋកិច្ច។ ខ្ញុំ​ចង់​ឃើញ​មែនទែន‍»។​

លោកស្រី Janet Seng ប្រធានចលនាស្រ្តីគណបក្សសង្រ្គោះជាតិ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ VOA អំឡុងពេល​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូតកម្ពុជា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោកស្រី Janet Seng ប្រធានចលនាស្រ្តីគណបក្សសង្រ្គោះជាតិ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ VOA អំឡុងពេល​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូតកម្ពុជា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

បើទោះបីជា​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដែល​មាន​អ្នកគាំទ្រ​ជាង​៣លាន​នាក់ ​ប៉ុន្តែ​នៅក្នុង​ប្រទេសកម្ពុជា​មិន​មាន​សកម្មភាព​តវ៉ា​នៅតាម​ទីធ្លាសាធារណៈ ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ក្នុង​ពេល​កន្លង​មក​ទេ។

លោក សៀ ភីរម្យ ​នាយក​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅដ្ឋាន​ដែល​បាន​ចូលរួម​មើល​បាតុកម្ម​នៅ​មុខ​សេតវិមាន បញ្ជាក់​ថា ​អ្វីដែល​បាតុករ​កំពុង​ទាមទារ​គឺ​ដូចគ្នា​នឹង​ការ​ចង់បាន​របស់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស ​ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចេញមុខ​តវ៉ា​ប៉ុណ្ណោះ។

លោក ភីរម្យ ​យល់​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ស្វះស្វែង​រក​វិធីដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹងកុំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម។

«រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​រឿងនេះ​ដែរ។ បើ​សិន​ជា​រាជរដ្ឋាភិបាល​នៅតែ​រឹងរូស​មិន​ស្តាប់​អន្តរជាតិ​ទេ​ ខ្ញុំ​គិត​ថា​ រាជរដ្ឋាភិបាល​ជាអ្នក​ទទួល​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ប្រវត្តិសាស្រ្ត ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​១៥លាននាក់​ រងគ្រោះ​ដោយសារតែ​ភាព​រឹងរូស​ ដោយសារតែ​ខ្មែរ​យើង​មិន​ចេះ​ធ្វើការ​ជាមួយ​គ្នា​ រហូត​ដល់​អន្តរជាតិ​គេ​លូកដៃ​ម្តងហើយ​ម្តង​ទៀត។ វា​ជា​ភាព​អាម៉ាស់​នៃ​អ្នក​ដឹកនាំ​សម័យ​នេះ‍»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើមហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​ខ្មែរ​កាណាដា​នៅ​សហរដ្ឋអាមេរិក ធ្វើមហាបាតុកម្ម​នៅ​ពី​មុខ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ក្រុម​បាតុករ​បាន​បន្ត​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូតកម្ពុជា​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ចេញមក​ជួប​ទេ​ គឺ​មាន​មន្ត្រី​ម្នាក់​បាន​ចូល​មក​បន្លំ​ក្នុង​ហ្វូង​បាតុករ​ហើយ​បាន​រត់​គេច​ចេញពី​វិញ​ នៅ​ពេល​ដែល​បាតុករ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​ស្រែក​ស្តីបន្ទោស។

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក ​ជុំ ​ប៊ុនរុង ​ឯកអគ្គរាជទូតខ្មែរ​ ប៉ុន្តែ លោក​មិន​ទាន់​បាន​ឆ្លើយតប​នៅ​ឡើយ​ទេ។ យ៉ាងណា​ក៏ដោយ​ លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា​ បាតុកម្ម​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ៖

«បងប្អូន​នៅ​ខាងក្រៅ​ ទោះបី​បងប្អូនស្រែក​ឬ​មួយក៏​បាតុកម្ម​មហាបាតុកម្ម ​ឬ​បាតុកម្ម​តូច បាតុកម្ម​ធំ​អី​វាគ្មាន​ឥទ្ធិពល​អីទៅ​ក្នុង​បរិវេណ​នៃ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទេ។ ហើយ​គាត់​ចោទ​មួយ​ទៀត​គឺ ឱ្យ​ដោះលែង​លទ្ធិប្រជាធិបតេយ្យ។ រាល់ថ្ងៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​ដំណើរ​ការដោយ​រលូន​តើ​ អត់មាន​បញ្ហា​អី​ផងហ្នឹង​ តែផ្ទុយ​ទៅវិញ​ការ​មាន​វិធានការ​ផ្លូវច្បាប់​លើ​ឯកឧត្តម​ កឹម សុខា​ឬ​មួយ​គណបក្ស​ប្រឆាំង​នេះ​ គ្មាន​នរណា​បង្កើត​បទល្មើស​ឱ្យ​គាត់​ទេ​ គឺគាត់​បង្កើត​បទល្មើស​ដោយ​ខ្លួន​ឯង‍»។​

បើទោះបី​ជា​មាន​ទណ្ឌកម្ម​ និង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ ប៉ុន្តែ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ហាក់​មិន​ព្រមស្តាប់​តាម​ការ​ព្រួយបារម្ភ ​និង​ការ​អំពាវនាវ​របស់​សហគមន៍អន្តរជាតិ​ទេ។ ការណ៍​នេះ​ដោយសារ​ប្រទេស​ចិន​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​នយោបាយ​ និង​ហិរញ្ញវត្ថុ​ព្រម​ទាំង​ការ​វិនិយោគ​កាន់តែ​កើន​ឡើង​ជា​រៀងរាល់ឆ្នាំ។

ប៉ុន្តែ​លោកស្រី​ រានី លូសឹនស្គី​ នៃ​សមាគម​ខ្មែរ​អាមេរិកាំង​ ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា៖

«ប៉ុន្តែ​សម្រាប់ខ្ញុំ​ ខ្ញុំ​មើលឃើញ​ថា ​ផលប្រយោជន៍​ដែល​ខ្មែរ​សហរដ្ឋ​អាមេរិក​ផ្តល់​ឱ្យ​ខ្មែរ​គឺ​មាន​ច្រើន​ជាង​ចិន​ឆ្ងាយណាស់​ ថ្វីត្បិត​តែ​ចិន​ឱ្យ​ជំនួយ​មែន​ ប៉ុន្តែ​ដូចជា​សាងសង់​ទំនប់ ​ឬអ្វី​ផ្សេងគេ​យក​វិស្វករ​មក​ពី​ចិន ​ហើយ​គេ​យក​ប្រាក់​ខែ​ហ្នឹង ​ហើយ​គេ​កាប់ព្រៃ​ឈើ​យើង​អស់​ ហើយ​ដឹកយក​ទៅលក់​ទៀត​ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​មើល​ឃើញ​ថា​ ចិន​គេ​ឱ្យ​ជំនួយ​យើង​មែន ប៉ុន្តែ​គេ​យក​ពីក្រោយ​ខ្នង​យើង​អស់​រលីង ​ហើយ​គេ​ធ្វើ​បាន​ដោយសារ​គេ​ឱ្យ​លុយ​ទ្រនាប់​ដៃ​ទៅ​លើ​អ្នក​ដែល​ធ្វើការ​នៅក្នុង​រដ្ឋាភិបាល​ ហើយ​ជាមួយ​អ្នកណា​ដែល​កាន់​កិច្ចការ​ទទួល​ខុសត្រូវ​ហ្នឹង‍»។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ហើយ​បំណង​របស់​សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ចង់​ឃើញ​គណបក្សសង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​នេះ​ ដោយ​គ្មាន​ការ​យាយី​រំខាន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​នេះ​មាន​លក្ខណៈ​ស្រប​ច្បាប់​ហើយ​ត្រូវ​អន្តរជាតិ​ទទួល​ស្គាល់៕

XS
SM
MD
LG