ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ហ៊ុន សែន​ មិន​បារម្ភ​នឹង​ការ​កាត់​ជំនួយ​របស់​អាមេរិក និង​ស្វាគមន៍​ការ​កាត់​ជំនួយ​ទាំង​អស់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រោយពីតុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ប្រទេស​មួយ​ចំនួន​បាន​ផ្ញើ​សារ​ដែល​ជា​ប្រតិកម្មខ្លាំងៗ​មក​រដ្ឋាភិបាល​កម្ពុជា ​ដោយ​ពួកគេ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ។ ​ក្នុង​នោះ​សហរ​ដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​ពី​ចំណាត់​ការ​ជាបន្ត​បន្ទាប់​ផង​ដែរ​ ក្រោយ​ពី​បាន​ប្រកាស​ផ្តាច់​ជំនួយ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)។​ នៅ​ថ្ងៃ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​បាន​អះអាង​ថា​ លោក​ស្វាគមន៍ការ​កាត់​ជំនួយ​នេះ ​ហើយ​ថាគួរតែកាត់​ជំនួយ​ទាំង​អស់​តែ​ម្តង។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​ប្រកាស​ថា ​លោក​ស្វាគមន៍​ការ​កាត់​ជំនួយ​ទាំង​អស់​របស់​សហ​រដ្ឋ​អាមេរិក​ ដោយ​លោក​ថា ​អាមេរិក​កំពុង​តែ​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​បន្ទាប់ពីផ្តួល​រូប​លោក​មិន​ដួល។​

ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា​ សហ​រដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា ​ខ្លួន​នឹង​មាន​វិធានការ​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា។ ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​នោះ​ ជំហាន​ដំបូង​ដែលអាមេរិក​នឹងធ្វើ​គឺ​បញ្ឈប់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ។

អាមេរិក​បាន​បញ្ជាក់​ថា៖​

«នៅ​ក្នុង​សភាព​បែប​នេះ ​ការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយនឹង​គ្មាន​ភាព​ស្របច្បាប់​ ត្រឹម​ត្រូវ ​គ្មាន​ភាព​សេរី ​ឬយុត្តិធម៌ឡើយ»។​

នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​រាជធានី​ភ្នំពេញ ​នាព្រឹក​ថ្ងៃ​អាទិត្យ ​លោក ហ៊ុន សែន​បាន​ថ្លែង​ថា ​លោក​មិន​ខ្វល់​នឹង​ការ​ព្រមាន​កាត់​ជំនួយ​របស់​អាមេរិក​នោះ​ទេ។​ លោក​ក៏​បាន​ប្រកាស​ស្វាគមន៍​អាមេរិក​ឲ្យ​កាត់​ជំនួយ​ទាំង​អស់​មក​កម្ពុជា​ និង​ថា ​ការ​គំរាម​បិទ​ទីផ្សារ​កម្ពុជា​ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ។​

លោក​ហ៊ុន សែន​បាន​ថ្លែង​ថា៖​

«ឥឡូវ​មាន​អ្នក​ខ្លះ​គំរាម។​ គេ​ថា​ បិទ​ផ្សារ​អី​ចេះអីចុះ។​ អ្នក​ឯង​បិទ​លមើល​ អ្នក​ឯង​បិទ​ក៏​អ្នក​ឯង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​វិស័យ​ឯកជន​របស់​អ្នក​ឯង​ដែល​បាន​ចុះ​កុងត្រា​ទិញ​រួច​ហើយ។​ ​ អ្នក​ឯង​បិទ​ បិទ​ជា​នយោបាយ។​ ក៏​ប៉ុន្តែ​អនុវត្ត ​អនុវត្ត​មិន​បាន​ទេ។ ​ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់​ ស្វាគមន៍​អាមេរិក​កាត់​ជំនួយ ​ទៅ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ខ្ញុំ​ស្វាគមន៍​តែ​ម្តង»។

លោក​ហ៊ុន សែន​បាន​បញ្ជាក់​បន្ថែម​ថា៖​

«បាន​សេចក្តី​ថា ​អ្នក​ឯង​និយាយ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​អ្នក​ឯង​កាត់​ជំនួយ​ពី​គណៈ​កម្មាធិការ​បោះ​ឆ្នោត។ ​ទន្ទឹម​នឹង​ផ្តួ​លខ្ញុំ​មិន​ដួល​ហើយ ​អ្នក​ឯង​បាន​រួម​ចំណែក​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ហើយ​យក​ល្អ​អំពាវនាវ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំង​អស់​តែ​ម្តង ​ព្រោះ​កាត់​ទៅ ​វា​ងាប់​អា​ NGOs ​នៅ​ក្នុង​ស្រុក​ទាំង​អស់!​ ទៅ​សម្លាប់​កូន​របស់​ឯង​តែ​ម្តង​ទៅ! ស្អី​ឡើង​កាត់! ស្អី​ឡើងកាត់! កាត់! កាត់​ទៅ!»​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៧ ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ បានប្រកាស​ផ្ដល់​ថវិកា​១,៨​លាន​ដុល្លារ​អាមេរិក​ ដើម្បី​គាំទ្រ​ដល់គ.ជ.ប.​សម្រាប់រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។

ចាប់​តាំង​ពី​បង្កើត​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ឡើង​វិញ​ក្នុង​ឆ្នាំ១៩៩៤ រដ្ឋាភិបាល​អាមេរិក​មាន​គោលដៅ​សំខាន់​គឺ​ដើម្បី​ស្ដារ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ឡើងវិញ​ តាម​រយៈ​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ វិស័យ​អប់រំ ​សុខភាព​សាធារណៈ ​និង​ជំរុញ​ប្រព័ន្ធ​យុត្តិធម៌ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជាដើម។ ​បើ​តាម​វេបសាយ​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ក្នុង​ឆ្នាំ​២០១៤​ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ជំនួយ​មក​កម្ពុជា​ជាង​៧៧​លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី​មួយ​ចំនួន​ទាក់ទង​នឹង​សុខភាព​ ការ​អប់រំ ​អភិបាល​កិច្ច ​កំណើន​សេដ្ឋកិច្ច ​និង​ការ​បោស​សម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​បាន​លើក​ឡើង​ថា ​កម្ពុជា​មិនមាន​វិបត្តិ​នយោបាយ​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​ទោស​នយោបាយដែរ​ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​ទោស។ ​លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​គឺជា​រឿង​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សូម​ផ្តាំ​ទៅ​អ្នក​ការ​ទូត​មួយ​ចំនួន ​ឲ្យ​មើល​អង្គហេតុ​ និង​អង្គ​ច្បាប់​ពិត​ប្រាកដ។ ​រឿង​នេះ​មិន​មែន​រឿង​នយោបាយ​ទេ ​រឿងច្បាប់​សុទ្ធសាធ»។​

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា ​អាមេរិក​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ពេល​នៅ​ឡើយ​ក្នុង​ការ​បង្វែ​សកម្មភាព​របស់​ខ្លួន​មក​វិញ ​ក្នុង​នោះ​មាន​ការ​ដោះលែងប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា ​ហើយ​អនុញ្ញាតឲ្យគណបក្ស​ប្រឆាំង​នានា ​សង្គមស៊ីវិល ​និងប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​របស់​ពួក​គេ​ត​ទៅ​ទៀត។​

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី ​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជាគណបក្សទើប​ត្រូវ​បាន​រំលាយ​ចោល​ មាន​ប្រសាសន៍​ថា ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ទីផ្សារ​ទំនិញ​របស់​កម្ពុជា​នៅ​អឺរ៉ុប ​និង​ប្រទេស​ផ្សេងៗ​ នា​ពេល​ខាង​មុខ ​ដោយ​សារ​តែ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ​អ្នកស្រី​បន្ត​ថា​ កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​ ដោយ​សារ​ប្រទេស​ផ្សេងៗ​បាន​ផ្ញើ​សារ​ខ្លាំងៗ​រួច​ទៅ​ហើយ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«សេចក្តី​ថ្លែង​ការណ៍​គេ​ថ្មីៗ​នេះ ​ទុកពេល​វេលា​ជូន​ទៅដល់​សម្តេច​នាយក​រដ្ឋមន្រ្តី​ដើម្បី​ឲ្យ​លោក​គិត​ពិចារណា​ ឲ្យ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នេះ ​ដែល​បង្ក​ឡើង​ដោយ​សារ​អំណាច​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី។​ អាហ្នឹង​ច្បាស់​ណាស់។​ អីចឹង​លោក​ហ៊ុន​ សែន ​គាត់​ត្រូវ​ពិចារណា​ទៅ​មុខ​ទៀត​ថា​ តើ​ភាពស្របច្បាប់​នេះ​ ប្រទេស​ចិន​អាច​ផ្តល់​ជូន​គាត់​បាន​ទេ?​ ប្រទេស​រុស្ស៊ី​ជូន​គាត់​បានទេ?​ ប្រទេស​វៀតណាម​ជូនគាត់​បាន​ទេ​ ភាពស្រប​ច្បាប់​ហ្នឹង!»

ទំនាក់ទំនង​កម្ពុជា​អាមេរិក​មាន​ភាព​មិន​ល្អ​នឹង​គ្នា ​ខណៈ​លោក​ហ៊ុន សែន​បាន​ប្រតិកម្ម​នឹង​អាមេរិក​ពី​រឿង​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា​កាល​ពី​អតីតកាល ​និង​ការ​ចោទ​ថា​ អាមេរិក​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ​ចុងក្រោយ​នេះ ​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​នៅ​ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​តាម​ទម្រង់​បដិវត្តន៍​ពណ៌។​

លោក​ហ៊ុន សែន​ក៏​បាន​ប្រកាសនៅ​ថ្ងៃ​អាទិត្យ​ដែរថា​ ក្រោយ​រដ្ឋាភិបាល​អាមេរិក​បាន​លើក​ឡើង​ពី​ការផ្តាច់​ជំនួយ​លើការ​ដោះ​មីន​នៅ​កម្ពុជា​ ប្រទេស​ចិន​ក៏​បាន​ប្រកាស​ថា ​នឹង​ជួយ​លើ​បញ្ហា​នេះ ​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រទេស​មហា​អំ​ណាច​មួយ​ចំនួន​ក៏​បាន​ចាប់​ផ្តើម​ព្រមាន​កម្ពុជា ​ក្នុង​នោះរួម​ទាំង​ការ​ដក​ចេញ​នូវ​ការ​អនុ​គ្រោះ​ពន្ធ​ដល់​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ ហើយ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អស់​អាច​នឹង​ត្រូវ​បាន​ហាម​ប្រាមការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុម​ហ៊ុន​នានា​របស់​អាមេរិក។​

រូបឯកសារ៖ លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch។
រូបឯកសារ៖ លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch។

នៅ​ក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ក្រោយ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​ លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​មាន​ប្រសាសន៍​ថា ការ​រំលាយ​បក្ស​ប្រឆាំង​គឺ​ជា​គម្រោង​សម្ងាត់​របស់​លោក​ ​ហ៊ុន សែន ​ដើម្បី​ធានា​ជោគជ័យ​របស់​លោក​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ។ លោក​បញ្ជាក់​ថា ​ការ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌គឺ​ជា​រឿង​និទាន ​ដែល​សរសេរ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​មាន​លក្ខណៈ​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«នេះ​ជា​ការ​ស្លាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ហើយ​វា​ជា​នយោបាយ​សម្លាប់​គោល​ការណ៍​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ថា​ កម្ពុជា​គួរ​តែ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​មាន​ប្រជា​ធិបតេយ្យ​ពហុបក្ស»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG