ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយសារ​ការ​រំលាយ​បក្ស​ប្រឆាំង


រូបភាព​ឯកសារ​៖ លោក George Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ​៖ លោក George Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ក្រោយ​មាន​គំនាប​ជា​បន្ត​បន្ទាប់​ទៅ​លើ​គណបក្ស​សង្រ្គោះជាតិ សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​អង្គារ​នេះ បានសម្រេច​ព្យួរ​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ក្រោម​ហេតុផល​ថា តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដែល​ VOA​ ទទួល​បាននៅ​ថ្ងៃ​អង្គារ​នេះ សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រើប្រាស់​ចំណាត់ការ​មួយ​ចំនួន​ប្រឆាំង​នឹង​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​នោះ​មាន​ការ​រំលាយ​គណបក្ស និង​ការ​បែងចែក​អាសនៈ​ដែល​គណបក្ស​មួយ​នេះ​ទទួល​បាន​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ និង​២០១៧។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖

«ការ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​ការ​បែង​ចែក​អាសនៈ​សភា​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង​ទៅ​ឲ្យ​គណបក្ស​ផ្សេង គឺ​ជា​ការ​បដិសេធ​នូវជម្រើស​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត ​កាល​ពីឆ្នាំ​២០១៣ និង​២០១៧»។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា៖

«ការ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ក៏​មាន​ន័យ​ថា គណបក្ស​នេះ​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ២០១៨​បាន​ទេ។ ដំណើរការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំងដ៏​ធំ​ត្រូវ​បាន​ដក​ចេញតាម​អំពើ​ចិត្ត មិន​អាច​ត្រូវ​គេ​មើល​ឃើញ​ថា ​ស្រប​ច្បាប់​នោះ​ទេ»។

កន្លង​ទៅ សហភាព​អឺរ៉ុបបាន​ប្រកាស​ផ្តល់​ជំនួយ​៦,៧​លាន​អឺរ៉ូ ស្មើ​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​នោះ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កំព្យូទ័រ ជំនួយ​លើ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី ​ខែ​មិថុនា​ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ​បើ​តាម​មន្រ្តី​គ.ជ.ប រហូត​មក​ដល់​ពេល​នេះ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ជាង​៥​លាន​ដុល្លារ​អាមេរិក​រួច​ហើយ​ទៅ​ដល់​គ.ជ.ប។

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិលើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិលើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​រីករាយ​ដែល​បាន​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ជា​ពិសេស​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​កន្លង​ទៅ ដោយ​លើក​ឡើង​ថា ការ​បោះឆ្នោត​នេះ​មាន​ការ​ទទួល​ស្គាល់​ធំធេង ដំណើរការ​ដោយ​វិជ្ជាជីវៈ និង​ឈាន​ដល់​ស្តង់ដា​ខ្ពស់​នៃ​តម្លាភាព និង​ភាព​ទុកចិត្ត​បាន។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ការណ៍​ដែល​ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​ច្រើន គឺ​ជា​សញ្ញា​នៃ​ភាព​ទុក​ចិត្ត​នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​មើល​ឃើញ​ថា បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត។

ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាសបញ្ឈប់​ជំនួយ​ដែល​ខ្លួន​បាន​ប្រកាស​កាល​ពី​ខែ​មេសា ថា​នឹង​ជួយ​ថវិកា​ប្រមាណ​១,៨​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។

លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គ.ជ.ប បាន​ថ្លែង​ប្រាប់​ VOA ​ថា សហភាព​អឺរ៉ុប​គួរ​តែ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​និង​ការ​ផ្តល់​ជំនួយ​មក​គ.ជ.ប។

លោក​មាន​ប្រសាសន៍​ថា៖

«សម្រាប់​ពូ​យល់​ឃើញ​ថា រដ្ឋាភិបាល​គឺ​ជា​រឿង​រដ្ឋាភិបាល គ.ជ.ប.​ជា​រឿង​គ.ជ.ប.។ អញ្ចឹង​ស្ថាប័ន​ពីរ​នេះ គឺ​ស្ថាប័ន​ឯករាជ្យ​ពី​គ្នា អញ្ចឹង​ការ​កាត់​ជំនួយ​មក​គ.ជ.ប.​ហ្នឹង មិន​គួរ​ភ្ជាប់​ទៅ​នឹង​ស្ថានការណ៍នយោបាយ​នៅ​កម្ពុជា​បាទ»។

លោក​បន្ត​ថា គ.ជ.ប បាន​ត្រៀម​ថវិកា​ជាង​២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ក្នុង​ខែ​កុម្ភៈ​ និង​ថវិកា​ប្រមាណ​៥២​លានដុល្លារ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។ លោក​បញ្ជាក់​ថា ថវិកា​ទាំង​នេះ​នឹង​ផ្តល់​ដោយ​រដ្ឋាភិបាល។

លោក​បាន​បញ្ជាក់​ថា៖

«គ.ជ.ប​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ អញ្ចឹង​ជា​ថវិកា​សម្រាប់​គ.ជ.ប.​ គឺ​ពុំ​មាន​បញ្ហា​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​សោកស្តាយ​នោះ គឺ​សោកស្តាយ​ទៅ​នឹង​ដៃគូ​របស់​យើង ដែល​គាំទ្រ​នូវ​ការ​បោះឆ្នោត ហើយ​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​ទទួល​កន្លង​ទៅ ទទួល​បាន​ជោគជ័យ​ល្អ។ ហើយ​យើង​គិត​ថា ការ​ចូល​រួម​របស់​ភាគី​ពាក់ព័ន្ធ​កាន់តែ​ច្រើន បង្ហាញ​នូវ​តម្លាភាព​របស់​គ.ជ.ប​កាន់តែ​ខ្លាំង​នូវ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត»។

រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

បើ​តាម​លោក សោម សូរីដា ក្រៅ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ប្រទេស​មួយ​ចំនួន​ទៀត​បាន​ផ្តល់​ជំនួយមក​គ.ជ.ប ក្នុង​នោះ​មាន​ប្រទេស​ចិន ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​រុស្ស៊ី​ជា​ដើម។ លោក​បញ្ជាក់​ថា ប្រទេស​ជប៉ុន គ្រោង​នឹង​ផ្តល់​ជំនួយ​ជាង​៧​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ លោក​សង្ឃឹម​ថា ជប៉ុន​នឹង​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ទេ។

លោក Hironori Suzuki ទីប្រឹក្សា​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ប្រាប់ ​VOA ​តាម​រយៈ​អ៊ីមែល ឬ​សារ​អេឡិចត្រូនិក​ថា៖

«វា​មាន​សារៈសំខាន់​ណាស់​ដែល​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ប្រទេស​ជប៉ុន​នឹង​បន្ត​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា តាម​ដាន​ការ​វិវត្ត​ស្ថានភាព​នយោបាយ​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​និង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត»។

អ្នក​នាំ​ពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ចិន​បាន​ផ្តល់​ជំនួយ​ដល់​គ.ជ.ប ច្រើន​ជាង​ប្រទេស​ដទៃ គឺ​រហូត​ទៅ​ដល់​ជាង​១២​លាន​ដុល្លារ​អាមេរិក។ លោក​បញ្ជាក់​ថា ជំនួយ​បរទេស គឺ​គ្រាន់​តែ​កាត់​បន្ទុក​ចំណាយ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​រួច​ជា​សម្រេច​ហើយ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ស្វាគមន៍​ជំនួយ​ពី​បណ្តា​ប្រទេស​ទាំង​អស់​ មិន​ថា​ឡើយ​តែ​ប្រទេស​ចិន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ លោក ផៃ ស៊ីផាន យល់​ថា ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​និង​វាយ​ប្រហារ​ទៅ​លើ​គ.ជ.ប។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«ខ្ញុំ​ជឿ​ជាក់​ថា ជា​គោលបំណង​ជ្រៀតជ្រែក​នូវ​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ជា​ការ​ជ្រៀតជ្រែក​វាយ​ប្រហារ​មក​លើ​ស្ថាប័ន​ឯករាជ្យ​ក្នុង​ទិសដៅ​ពង្រឹង​សិទ្ធិ​ស្វ័យ​សម្រេច​របស់ប្រជាពលរដ្ឋ​កម្ពុជា»។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ប្រកាស​ថា ​លោក​ស្វាគមន៍​ការ​កាត់​ជំនួយ​ទាំង​អស់​របស់​សហ​រដ្ឋ​អាមេរិក​ ដោយ​លោក​ថា ​អាមេរិក​កំពុង​តែ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​បន្ទាប់​ពី​ផ្តួល​រូប​លោក​មិន​ដួល។​ លោក​ក៏​បាន​ប្រកាស​ស្វាគមន៍​អាមេរិក​ឲ្យ​កាត់​ជំនួយ​ទាំង​អស់​មក​កម្ពុជា​ និង​ថា ​ការ​គំរាម​បិទ​ទីផ្សារ​កម្ពុជា​ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​ពេល​នោះថា៖​

«ឥឡូវ​មាន​អ្នក​ខ្លះ​គំរាម។​ គេ​ថា​ បិទ​ផ្សារ​អី​ចេះ​អីចុះ។​ អ្នក​ឯង​បិទ​ល​មើល​ អ្នក​ឯង​បិទ​ក៏​អ្នក​ឯង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​វិស័យ​ឯកជន​របស់​អ្នក​ឯង​ដែល​បាន​ចុះ​កុងត្រា​ទិញ​រួច​ហើយ។​ ​ អ្នក​ឯង​បិទ​ បិទ​ជា​នយោបាយ។​ ក៏​ប៉ុន្តែ​អនុវត្ត ​អនុវត្ត​មិន​បាន​ទេ។ ​ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់​ ស្វាគមន៍​អាមេរិក​កាត់​ជំនួយ ​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ខ្ញុំ​ស្វាគមន៍​តែ​ម្តង»។

រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ នៅទីក្រុង​សៀមរាប​ នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ​២០១៧។
រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ នៅទីក្រុង​សៀមរាប​ នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ​២០១៧។

លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ដែរ​ថា ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា មិន​ចាំបាច់​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះ​ទេ សំខាន់​គឺ​ទទួល​ស្គាល់់​ដោយ​ប្រជាជន​កម្ពុជា​បាន​ហើយ។

ទំនុក​ចិត្ត​ទៅ​លើ​ស្ថាប័ន​គ.ជ.ប ក៏​ត្រូវ​បាន​ចោទ​ជា​សំណួរ​ផង​ដែរ ក្រោយ​សមាជិក​គ.ជ.ប​៣​រូប ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​គណបក្ស​សង្រ្គោះជាតិ​ តាម​កិច្ច​ព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច បាន​លា​លែង​ពី​តំណែង ដោយ​សារ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ សហគមន៍​អន្តរជាតិ​បាន​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ជំនួយ​មក​កម្ពុជា ហើយ​បាន​ព្រមាន​ថា នឹង​មាន​ចំណាត់​ការ​ជា​បន្តបន្ទាប់។

​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​កាល​ពី​សប្តាហ៍មុន ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ​George ​Edgar​ បាន​ហៅ​រាល់​ចំណាត់​ការ​របស់រដ្ឋាភិបាល​ខ្មែរ​លើ​ក្រុម​ជំទាស់ថា​ជា​«ការ​បោះ​ជំហាន​គួរ​ឲ្យកត់​សម្គាល់​ប្រាស​ចាក​ពី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»​ ដែល​នាំ​ឲ្យ​មាន​ការ​ពិនិត្យ​សើរើ​ឡើង​វិញ​ពី​សំណាក់​គណៈកម្មការសហភាព​អឺរ៉ុប​នៅ​ទី​ក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក ទៅ​លើ​រាល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG